នាយក​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI មាន​បំណង​លាលែង​ពី​តំណែង​នៅ​ចុង​អាណត្តិ​របស់​លោក Biden ក្នុង​ខែ​មករា

រូបឯកសារ៖ លោកប្រធានាធិបតី Donald Trump អង្គុយជាមួយនាយក FBI លោក Christopher Wray ក្នុងពិធីបញ្ចប់ការសិក្សារបស់ FBI National Academy ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុង Quantico រដ្ឋ Virginia។

នាយក​ទីភ្នាក់ងារ​ FBI លោក​ Christopher Wray ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា លោក​គ្រោង​នឹង​លាលែង​ពី​តំណែង​នៅ​ចុង​អាណត្តិ​លោក​ប្រធានាធិបតី​ Joe Biden នៅ​ខែ​មករា​ខាងមុខ។ សេចក្តី​ប្រកាស​នេះ​ធ្វើឡើង​មួយ​សប្តាហ៍​កន្លះ​បន្ទាប់​ពី​លោកប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump បាន​ប្រកាស​ពី​ចេតនា​របស់​លោកក្នុង​ការតែង​តាំង​លោក Kash Patel ដែល​ជា​អ្នក​ស្មោះស្ម័គ្រ​ជាមួយ​លោក​ឱ្យ​កាន់​មុខ​តំណែង​នេះ។

នៅ​ឯ​កិច្ចប្រជុំ​មួយ​ លោក​ Wray បាន​ថ្លែង​ថា លោក​នឹង​ចុះចេញ​ពី​តំណែង«បន្ទាប់​ពី​លោក​បាន​ពិចារណា​យ៉ាង​ប្រយ័ត្ន​ប្រយែង​អស់​រយៈ​ពេល​ជាច្រើន​សប្តាហ៍»។

ចេតនា​លាលែង​ពី​តំណែង​របស់​លោក Wray មិន​មែន​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះទេ ដោយ​សារ​លោក Trump បាន​ជ្រើសរើស​លោក Patel ឱ្យ​កាន់​តួនាទី​នេះ​ក្នុង​រដ្ឋបាល​ថ្មី​របស់​លោក។

លោក Wray ត្រូវបាន​តែងតាំងក្នុង​ឆ្នាំ២០១៧​ដោយ​លោក Trump ហើយ​បាន​ចាប់ ផ្តើម​កាន់តួនាទី​ដែល​មាន​អាណត្តិ​១០ឆ្នាំ​នេះ ដែល​ជារយៈ​មួយ​ដើម្បី​ការពារ​ទីភ្នាក់ងារ​នេះ​ពី​ឥទ្ធិពល​នយោបាយ​នៃ​ការ​ផ្លាស់ប្តូរ​រដ្ឋបាល បន្ទាប់​ពី​លោក Trump បាន​បណ្តេញ​លោក James Comeyចេញពី​តំណែង​ដែល​ពេលនោះ​ជា​នាយក​ទីភ្នាក់ងារ FBI នេះ។

លោក Trump បាន​បង្ហាញ​ការខឹងសម្បារ​របស់​លោក​ជាច្រើន​លើក រួមទាំង​ក្រោយ​ពេល​លោក​ធ្វើ​សក្ខីកម្ម​ដល់​សភា​កាលពី​ខែកញ្ញា។ ប៉ុន្តែ​លោក​នាយក​ដែល​មាន​សម្តី​ទន់ភ្លន់​នេះ​កម្រ​ចេញ​មក​ប្រឈមដាក់​សេតវិមាន​ជាសាធារណៈ​ណាស់៕