នាយក​ FBI​ ព្រមាន​ពី​ព័ត៌មាន​ក្លែង​ក្លាយ​របស់​រុស្ស៊ី​ធ្វើ​ឲ្យ​ប្រធានាធិបតី​ ត្រាំ ​ខឹង​សម្បា

លោក Christopher Wray នាយក​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​ FBI ​​ផ្ដល់​សក្ខីកម្ម​នៅ​មុខ​​គណៈកម្មាធិការ​សន្តិសុខ​មាតុភូមិ​របស់​សភា​តំណាង​រាស្ត្រ​ កាល​ពី​ថ្ងៃ​ទី​១៧ កញ្ញា ២០២០។

នាយក​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​ FBI ​លោក Christopher Wray ​បាន​ព្រមានសមាជិក​សភា​អាមេរិក​កាល​ពីថ្ងៃ​ព្រហស្សតិ៍​ថា​ រុស្ស៊ី​នឹង​មិន​កាត់​បន្ថយ​ការខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ដល់​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ខែវិច្ឆិកា​ខាង​មុខ​ ដោយ​ការ​ព្យាយាម​ធ្វើ​ឲ្យ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden រង​ការ​ខូចខាត។

ការ​ផ្តល់​សក្ខីកម្ម​បែប​នេះទំនង​មិន​បាន​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ សប្បាយ​ចិត្ត​ទេ​នោះ​ទេ។

លោក Wray ដែល​ផ្តល់​សក្ខីកម្ម​នៅមុខ​គណៈកម្មាធិការ​សន្តិសុខ​មាតុភូមិ​របស់​សភា​តំណាង​រាស្ត្រ​ បាន​ពណ៌នា​កិច្ចប្រតិបត្តិការ​ដ៏មាន​ឥទ្ធិពល​របស់​វិមាន​ក្រឹមឡាំង​ថា មាន​សកម្មភាព​ខ្លាំង​បំផុត​លើ​បណ្តាញ​ព័ត៌មាន​សង្គម​ បណ្តាញ​ព័ត៌មាន​រដ្ឋ ​និង​តាមរយៈបណ្តាញ​ព័ត៌មាន​ផ្សេងៗ​ដែល​គាំ​ទ្រ​រដ្ឋាភិបាល។

លោក​បាន​បន្តទៀត​ថា​ គោល​បំណង​នៃ​កិច្ច​ប្រតិបត្តិការ​ទាំង​នោះ​ គឺ​ដើម្បី​បង្ខូច​ឈ្មោះ​លោក ​Biden និង​អ្វី​ដែល​រុស្ស៊ី​មើល​ឃើញ​ថា​ជា​សកម្មភាព​ប្រឆាំង​នឹង​រុស្ស៊ី ។

លោក​ប្រធានាធិបតី ត្រាំ​ ដែល​ធ្លាប់​រិះគន់​ក្រុម​មន្ត្រី​ស៊ើបការណ៍​សម្ងាត់ ​និង​មន្ត្រី​អនុវត្ត​ច្បាប់​តាម​បណ្តាញ​ព័ត៌មាន​សង្គម​កន្លង​មក​នោះ ​បាន​ឆ្លើយតប​វិញ​កាលពី​យប់​ថ្ងៃ​ព្រហស្សតិ៍​ថា៖ «ប៉ុន្តែ Chris អ្នក​ឯង​មិន​ឃើញ​សកម្មភាព​ណា​មួយ​ពី​ប្រទេស​ចិន​ទេ​ទោះ​ជា​ចិន​ជា​ការ​គំរាម​កំហែង​មួយ​ដែល​ធំ​ជាង​រុស្ស៊ី​ ឆ្ងាយ​ណាស់​ក៏ដោយ»។ លោក ត្រាំ​ បន្ថែម​ទៀត​ថា ​ចិន​និង​រុស្ស៊ី ​និង​ប្រទេស​ឯទៀត ​នឹង​មាន​លទ្ធិភាព​លូក​លាន់​ចូល​ការ​បោះឆ្នោត​ឆ្នាំ​២០២០​ របស់​យើង ជាមួយ​នឹង​ការ​លួច​បន្លំ​សន្លឹកឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍​ដែល​អ្នក​បោះឆ្នោត​មិន​បាន​សុំ​នោះ។

ប្រធាន ​FBI បាន​ថ្លែង​ប្រាប់​សមាជិក​សភា​មុន​សវនាការ​នោះ​ថា គ្មាន​ភស្តុតាង​អ្វី​ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​នេះ​ទេ៕