លោក James Comey ប្រធានទីភ្នាក់ងារ FBI របស់សហរដ្ឋអាមេរិក បានស្នើឲ្យក្រសួងយុត្តិធម៌តតាំងជាមួយនឹងការចោទប្រកាន់របស់លោកប្រធានាធិបតី Donald Trump ដែលថា លោកអតីតប្រធានាធិបតី Barack Obama បានបញ្ជាឲ្យមានការលួចថតសំឡេងតាមទូរស័ព្ទនៅឯអាគារ Trump Tower នៅក្នុងបុរីញូវយ៉ក កាលពីឆ្នាំមុន។
មន្ត្រីរដ្ឋាភិបាលអាមេរិក ដែលបាននិយាយទៅកាន់ទីភ្នាក់ងារព័ត៌មាន Associated Press ភ្នាក់ងារ Washington Post និង New York Times បានបញ្ជាក់ថា ការស្នើរបស់លោក Comey ធ្វើឡើង បន្ទាប់ពីការចោទប្រកាន់របស់លោក Trump នៅលើប្រព័ន្ធ Twitter កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន មានរួមបញ្ចូលទាំងការប្រៀបធៀបជាមួយនឹងលោកអតីតប្រធានាធិបតី Riachard Nixon ដែលបានលាលែងពីតំណែងនៅក្នុងឆ្នាំ ១៩៧៤ ដោយសាររឿងអាស្រូវ។ លោក Trump មិនបានផ្ដល់ភស្តុតាងណាមួយដើម្បីគាំទ្រចំពោះការអះអាងរបស់លោកនោះទេ។
អ្វីដែលមិនច្បាស់នោះគឺថា ហេតុអ្វីលោក Comey មិនព្រមតតាំងចំពោះការអះអាងរបស់លោក Trump នេះដោយខ្លួនលោក? លោកគឺជាប្រធាន FBI នៅក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី Obama ហើយទីភ្នាក់ងារ FBI របស់លោក បានដឹកមុខគេនៅក្នុងការស៊ើបអង្កេតកំពុងបន្តលើករណីឥទ្ធិពលរបស់ប្រទេសរុស្ស៊ីលើការបោះឆ្នោតរើសប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។
នៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក ប្រធានាធិបតីមិនអាចបញ្ជាឲ្យមានការលួចថតសំឡេងតាមទូរស័ព្ទរបស់នរណាម្នាក់នោះទេ។ ប៉ុន្តែ វាអាចទៅរួចប្រសិនបើមានការយល់ព្រមពីចៅក្រមសហព័ន្ធ និងផ្អែកលើហេតុផលសមរម្យ៕