ការងាររបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានរកឃើញថា ការចូលរួមរបស់បុរសក្នុងការមើលថែកូន និងជួយកិច្ចការក្នុងផ្ទះ និងប្រកបរបរចិញ្ចឹមជីវភាពដោយសមភាពជាមួយនឹងស្ត្រីបានជួយកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាមកលើស្ត្រី។
អំពើហិង្សាក្នុងគ្រួសារ ជាពិសេសអំពើហិង្សាលើស្ត្រីបានក្លាយជាបញ្ហាដ៏ចម្បងមួយក្នុងសកលលោក។ របាយការណ៍របស់អង្គការសហប្រជាជាតិដើម្បីស្ត្រី (UN Women) រកឃើញថា ស្ត្រីម្នាក់ក្នុងចំណោមបីនាក់ធ្លាប់ទទួលរងអំពើហិង្សាលើរូបរាងកាយ និងអំពើហិង្សាផ្លូវភេទ។
យ៉ាងណាមិញ មានកិច្ចខំប្រឹងប្រែងជាបន្តបន្ទាប់ទាំងពីរដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រីនេះ ដោយបង្កើតជាកម្មវិធីតាមសហគមន៍ដោយមានការចូលរួមពីបុរស។
លោក Gary Barker ស្ថាបនិកនៃអង្គការ Promundo ដែលធ្វើការជាមួយនឹងបុរស និងក្មេងប្រុសដើម្បីសមភាពយេនឌ័រ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយនឹង VOA ថា តាមរយៈកម្មវិធីអប់រំតាមសហគមន៍ និងការពិភាក្សាជាក្រុម បុរសដែលធ្លាប់ និងមិនធ្លាប់ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ ប្រាថ្នាឲ្យកូនៗរបស់ពួកគេគោរព និងស្រឡាញ់ពួកគេដែលជាឪពុក។ ទំនាក់ទំនងល្អរវាងឪពុកនិងកូននេះជួយឲ្យបុរសជាឪពុកផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគេ ឲ្យមានក្តីមេត្តាធម៌ មិនប្រព្រឹត្តអំពើហិង្សា។
«យើងប្រើប្រាស់ទស្សនៈនៃក្តីមេត្តាធម៌ជាស្ពាននៃការឆ្លើយតបជាកាយវិការរបស់យើងក្នុងនាមជាបុគ្គល ហើយយើងធ្វើយ៉ាងណាឲ្យបុរសអនុវត្តក្តីមេត្តាធម៌នេះ។ ភាពខុសគ្នានៃអំពើហិង្សា មិនមែនត្រឹមតែធ្វើឲ្យខ្លួនយើងមិនមានហិង្សាប៉ុណ្ណោះទេ តែលើសពីនេះ យើងត្រូវតែធ្វើសកម្មភាពពោរពេញដោយក្តីមេត្តាធម៌ផងដែរ»។
លោក Garyបានបន្ថែមថា សកម្មភាពក្នុងសហគមន៍ដែលអនុញ្ញាតឲ្យបុរសជាឪពុកចំណាយពេលលេងជាមួយកូន និងថែទាំងកូន អាចបង្កើតក្តីស្រឡាញ់ និងក្តីមេត្តាធម៌របស់បុរសមកលើកូន ហើយជាលទ្ធផលពង្រឹងទំនាក់ទំនងរវាងឪពុក និងកូន ដែលជាកត្តាមួយបង្អាក់មិនឲ្យបុរសប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ។
«ទាំងផ្លូវកាយ និងសតិអារម្មណ៍ កាលណាបុរសកាន់តែចូលរួមខ្លាំងក្នុងការមើលថែទាំកូន នោះកូនៗរបស់ពួកគេកាន់តែជួយឲ្យបុរសផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួន មិនឲ្យងាកទៅរកអំពើហិង្សា»។
ជាក់ស្តែង លោក ឯម ធី អាយុ៥៣ឆ្នាំ មានកូនបីនាក់ និងជាអ្នកបើករថយន្តទេសចរឲ្យក្រុមហ៊ុនជប៉ុន បានប្រាប់ VOA ថា លោកមិនប្រកាន់ការងារថែទាំកូន និងកិច្ចការក្នុងផ្ទះទេ ពីព្រោះការនេះជាទម្លាប់ក្នុងគ្រួសាររបស់លោក។ មួយផ្នែក ការជួយគ្នាទៅវិញទៅមកនេះជួយមិនឲ្យអំពើហិង្សាក្នុងគ្រួសារកើតមានចំពោះគ្រួសាររបស់លោកឡើយ។
«តាមពិតទៅ ការងារជួយគ្នា ខ្ញុំមកពីធ្វើការ ពេលខ្ញុំទំនេរ ខ្ញុំទៅជួយទៅ។ ពេលខ្ញុំទៅដល់ផ្ទះ ខ្ញុំទិញបន្លែរ ទិញម្ហូបអី ជួយធ្វើគ្នាទៅ ពីព្រោះគ្រួសារខ្ញុំគាត់លក់ឥវ៉ាន់តិចតួចនៅមុខផ្ទះ។ ដល់អញ្ចឹង អត់មានបញ្ហាអីកើតឡើងទេ ព្រោះយើងជួយគ្នាទៅវិញទៅមក»។
លោក ឯម ធី បានសង្កត់ធ្ងន់ថា ការប្រព្រឹត្តអំពើហិង្សានេះប៉ះពាល់ខ្លាំងដល់អនាគតរបស់កូន ហើយថា វាជារឿងមិនត្រឹមត្រូវទេ ដែលបុរសប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ និងលើស្ត្រី។
«ខ្ញុំមិនចូលចិត្តទេ អ្នកប្រើអំពើហិង្សាក្នុងគ្រួសារ។ ខ្ញុំឃើញ ដូចស្អប់តែម្តង។ ខ្ញុំមិនប្រកាន់ទេ តួនាទីនៅផ្ទះ បោកខោអាវ ជូតផ្ទះអី ធ្វើម៉ាចប់ ដាំស្លរអី»។
នៅប្រទេសកម្ពុជា កត្តាប្រឈមនៃការលុបបំបាត់អំពើហិង្សាលើស្ត្រី និងក្នុងគ្រួសារគឺការផ្លាស់ប្តូរផ្នត់គំនិត និងរបត់សង្គម។ នេះបើយោងតាមលោកស្រី ប៉ុក បញ្ញាវិចិត្រ នាយិកានៃអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបិត្ត។
«របត់សង្គមនៅមានឥទ្ធិពលខ្លាំងណាស់។ ពេលខ្លះបុរសដែលចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រីហ្នឹង បែរជាទទួលបានការរិះគន់ថា៖ អាមួយហ្នឹងមានចរិកស្ត្រី អញ្ចឹងបានវាចូលទៅធ្វើការងារហ្នឹង។ បុរសពិតមិនដែលមកធ្វើការងារកំប៉ិកកំប៉ុក ការងារផ្ទះសម្បែងទេ។
លោកស្រី បានពន្យល់ថា ហេតុនេះហើយបានជាអង្គការរបស់លោកស្រី និងអង្គការជាច្រើនទៀតត្រូវធ្វើយ៉ាងណា ផ្លាស់ប្តូរនូវរបត់គំនិតសង្គមបែបនេះ ដែលអាចជាចំណែកមួយដ៏ធំក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រី»។
យ៉ាងណាមិញ អង្គការសង្គមស៊ីវិលជាច្រើនបានធ្វើការសហការគ្នា ដើម្បីពង្រឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមរបស់ស្ត្រី ដែលមួយផ្នែកអាចជាដំណោះស្រាយនៃការបញ្ឈប់អំពើហិង្សាក្នុងគ្រួសារ និងស្ត្រីនេះ។
លោកស្រី រស់ សុភាព នាយិកានៃអង្គការយេនឌ័រ និងអភិវឌ្ឍដើម្បីកម្ពុជា ហៅកាត់ថា (GADC) បានប្រាប់ VOA ថា គម្រោងដែលផ្តោតឲ្យមានការចូលរួមដោយសមភាពរវាងបុរស និងស្ត្រីក្នុងការពង្រឹងស្ថានភាពសេដ្ឋកិច្ចគ្រួសាររបស់ពួកគេ បានជួយឲ្យមានការកាត់បន្ថយអំពើហិង្សាលើស្ត្រី និងក្នុងគ្រួសារ។
«តាមរយៈការចូលរួមរបស់ស្ត្រី យើងឃើញថា ស្ត្រីគាត់ចេះនិយាយ គាត់បង្ហាញថា ជីវភាពរបស់គាត់តាំងពីគាត់ចូលមកហ្នឹងវាយ៉ាងម៉េច។ ហើយគាត់ថាបញ្ហាគ្រួសារត្រូវបានបញ្ចប់។ គ្រួសារខ្លះគាត់ថានៅដែរ ប៉ុន្តែកាត់បន្ថយខ្លាំង។ ហើយបុរសហ្នឹង គាត់បានបង្ហាញថា បើសិនគាត់មិនបានដឹង ហើយមិនបានចូលរួមក្នុងកម្មវិធីហ្នឹង គាត់មិនដឹងទេ ហើយគាត់នៅតែវាយកូន នៅតែវាយប្រពន្ធអញ្ចឹង»។
គម្រាងស្តីពី«ការលើកកម្ពស់ និងការការពារសិទ្ធិស្ត្រី និងការពង្រឹងសេដ្ឋកិច្ចសង្គមរបស់ស្ត្រី» ត្រូវបានយកទៅអនុវត្តដោយអង្គការយេនឌ័រ និងអភិវឌ្ឍដើម្បីកម្ពុជា ជាមួយនឹងអង្គការ Heifer អន្តរជាតិប្រចាំនៅកម្ពុជា (HIC) នៅក្នុងខេត្តចំនួនបីគឺ ខេត្តព្រៃវែង កំពង់ឆ្នាំង និងពោធិ៍សាត់ ដោយបង្កើតជាកម្មវិធីអប់រំតាមសហគមន៍ និងកម្មវិធីពង្រឹងសមត្ថភាពសេដ្ឋកិច្ចសង្គមរបស់គ្រួសារមួយចំនួននៅក្នុងសហគមន៍ទាំងនេះ។
លោកស្រី រស់ សុភាព ក៏បានបញ្ជាក់ថា គម្រោងនេះបានធ្វើឲ្យមានឥទ្ធិពលជាវិជ្ជមានលើការផ្លាស់ប្តូរផ្នត់គំនិតរបស់បុរស ដែលជាក់ស្តែងបានកើតមានឡើងលើគ្រួសារអតីតទាហានម្នាក់ ដែលរស់នៅខេត្តកំពង់ឆ្នាំង។ បុរសជាប្តីបានផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន ដោយឈប់ផឹកស្រា ហើយចំណាយពេលខិតខំធ្វើការងារចិញ្ចឹមជីវិត។
«មូលហេតុអីបានជាគាត់ផ្លាស់ប្តូរ គាត់ថា ដំបូងបំផុតគឺគិតពីជីវភាពគាត់ និងអនាគតរបស់កូន។ ហើយគាត់ថា បើគាត់នៅតែអញ្ចឹង នោះកូនគាត់គ្មានអនាគតទេ។ រាល់ថ្ងៃហ្នឹង គឺគាត់បន្ថយផឹក ហើយយកពេលវេលាទាំងអស់ជួយប្រពន្ធគាត់ ហើយនឹងជួយការងារដែលជាការទទួលខុសត្រូវរបស់សមាជិកគ្រួសារដ៏សំខាន់។ គាត់ក៏យកពេលវេលាទៅធ្វើការងារផ្ទះ ការងារអីហ្នឹង។ ហើយមួយទៀតគាត់ទៅនិយាយជាមួយមិត្តភក្តិដែលផឹកជាមួយគ្នាហ្នឹង ដើម្បីឲ្យគេធ្វើការកែប្រែ»។
លទ្ធផលនៃការអនុវត្តគម្រោងនេះទទួលបានភាពវិជ្ជមានច្រើនទាំងការកាត់បន្ថយអំពើហិង្សាលើស្ត្រី និងការពង្រឹងស្ថានភាពសេដ្ឋកិច្ចរបស់គ្រួសារតាមតំបន់ជនបទ។ ក៏ប៉ុន្តែ លោកស្រី រស់ សុភាព យល់ថា ទាំងអង្គការសង្គមស៊ីវិល និងស្ថានប័នរបស់រដ្ឋាភិបាល ដូចជាក្រសួងកសិកម្ម និងក្រសួងកិច្ចការនារីត្រូវផ្សារភ្ជាប់គោលការណ៍យេនឌ័រ សេដ្ឋកិច្ច និងគោលការណ៍សមាគមកសិកម្ម ដើម្បីឲ្យមានភាពល្អប្រសើរកាន់តែខ្លាំងឡើង។
«ខ្ញុំក៏មើលឃើញថា តួនាទីរបស់ក្រសួងកិច្ចការនារីក៏សំខាន់ដោយសារតែក្រសួងកិច្ចការនារី លោកមាននាយកដ្ឋានមួយហៅថា នាយកដ្ឋានសេដ្ឋកិច្ច។ អញ្ចឹងនាយកដ្ឋានសេដ្ឋកិច្ចអាចផ្សារភ្ជាប់ទៅនឹងគោលនយោបាយរបស់ក្រសួងកសិកម្មផ្នែកបញ្ជ្រាបយេនឌ័រហ្នឹង ហើយនឹងច្បាប់សមាគមកសិករហ្នឹង ហើយផ្សារភ្ជាប់ទៅគោលនយោបាយនារីរតនៈ ហើយផ្សារភ្ជាប់ទៅនឹងការអនុវត្តពីថ្នាក់ក្រោមជាតិមក ខ្ញុំយល់ថា វានឹងធ្វើឲ្យមានការរីកចំរើនទៅមុខបាន»។
សកម្មជនដើម្បីសមភាពយេនឌ័រ យល់ថា លទ្ធផលជាវិជ្ជមានពីការចូលរួមរបស់បុរសក្នុងការលុបបំបាត់អំពើហិង្សាលើស្ត្រី និងក្នុងគ្រួសារនេះ នឹងលើកទឹកចិត្តបុរសជាច្រើននាក់ចូលរួមជាបន្តទៀត៕