លោក លន លី កសិករធ្វើស្រែក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងកំពុងបិតទូករបស់លោកដោយសារវាបែក ដើម្បីអាចចេញទៅនេសាទគ្រាន់បានត្រីខ្លះសម្រាប់ហូប និងទុកលក់។ លោករៀបរាប់ថា លោកប្រហែលត្រូវពឹងទាំងស្រុងលើការនេសាទនេះ ក្រោយដីស្រែរបស់លោកពីរហិកតាក្នុងតំបន់អភិរក្សបឹងទន្លេសាប ត្រូវបានអាជ្ញាធររឹបអូស និងហាមឃាត់មិនឲ្យធ្វើស្រែបន្តទៀត។
លោកប្រាប់វីអូអេក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗថា៖ «ចេះតែខំរកៗទៅ! យើងមានអីធ្វើទៀត? បើមិនរក មានតែអត់! បានដីហ្នឹង យើងធ្វើស្រែតិចតួចបានសល់លក់ខ្លះ បានសល់ទុកហូបខ្លះ»។
ចំណាត់ការភ្លាមៗដែលជាបញ្ជាផ្ទាល់មាត់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ លើការរឹបអូសដីអភិរក្សបឹងទន្លេសាបមកវិញ នាំឲ្យកសិករក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងជាប់បឹងទន្លេសាប ចាប់ផ្តើមបារម្ភអំពីជីវភាពរបស់ពួកគេ ជាពិសេសបញ្ហាបំណុលដែលពួកគេបានខ្ចីពីស្ថាប័នហិរញ្ញវត្ថុមកធ្វើស្រែប្រាំងនៅពេលទឹកទន្លេសាបស្រកចុះ។

លោក លន លី អាយុ២៥ឆ្នាំ ដែលជាកសិករធ្វើស្រែម្នាក់ក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជួសជុលទូករបស់លោក ដោយសារវាបែក កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)
កំពុងខាត់ចំណុចដែលទូកបែកធ្លាយ លោក លី អាយុ២៥ឆ្នាំ និងមានកូនម្នាក់អាយុ៣ឆ្នាំ អះអាងថា លោកបានធ្វើស្រែលើដី២ហិកតាក្នុងភូមិកង្កែប ឃុំច្រណូកនេះប្រមាណ១០ឆ្នាំមកហើយ។ លោកបន្តថា ដីដែលហាមឃាត់នោះ ជាដីដែលម្តាយរបស់លោកចែកឲ្យ ហើយម្តាយបានគ្រប់គ្រងជាង៣០ឆ្នាំមកហើយ។ លោកបន្ថែមថា នៅពេលមានចំណាត់ការរឹបអូសភ្លាមៗកាលពីចុងខែវិច្ឆិកា លោកបានខាតបង់ប្រាក់ប្រមាណ៣លានរៀល ដោយសារលោក បានទិញពូជស្រូវ និងជីត្រៀមសម្រាប់ធ្វើស្រែរួចទៅហើយ។
ដូចការអំពាវនាវរបស់កសិករផ្សេងទៀត កសិកររូបនោះ ស្នើឲ្យអាជ្ញាធរបើកឲ្យកសិករ អាចធ្វើស្រែបានឡើងវិញដើម្បីពួកគេអាចមានអង្ករទុកសម្រាប់ហូប និងដោះស្រាយបំណុលដែលលោកជំពាក់ឯកជនជាងមួយលានរៀលផងដែរ។
លោកប្រាប់វីអូអេថា៖ «អ្នកណាដែលត្រឹម២ហិកតាអី យើងទុកឲ្យគ្នាធ្វើទៅ! អ្នកណាដីច្រើនអីដកទុកខ្លះអីទៅ! បើលេងដកយកទាំងអស់អ៊ីចឹងឯង…អ្នកណាគ្នាអត់នៅតែអត់!»
ចំណែកកសិករម្នាក់ទៀតក្នុងស្រុកកំពង់លែងដែរ គឺលោក ឡន វណ្ណី អាយុ២៦ឆ្នាំអះអាងថា ម្តាយរបស់លោកបានចែកដីឲ្យលោកប្រមាណ៤ហិកតាក្នុងភូមិពោធិ៍ ឃុំពោធិ៍ដែលគ្រួសាររបស់លោកបានធ្វើស្រែជាច្រើនឆ្នាំមកហើយ។ លោកស្នើឲ្យរដ្ឋាភិបាលចាត់វិធានការលើអ្នកគ្រប់គ្រងដីច្រើននៅតំបន់នោះ មិនមែនប្រជាពលរដ្ឋដែលគ្រប់គ្រងដីពីរបីហិកតាឡើយ។
លោកប្រាប់វីអូអេកាលពីពេលថ្មីៗថា៖ «ចង់សំណូមពរកុំឲ្យគាត់ដក។ ដកតែអ្នកណាធ្វើខុស…ដាក់តែអ្នកហ្នឹងទៅ! លេងដាក់ទាំងប្រជាជនទៀត…ចប់ហើយ! មានអី?សូមតែស្រែចម្ការធ្វើវិញ»។
លោកបន្ថែមថា៖ «បើដកទាំងអស់ ប្រជាជនបានអីស៊ី? មានតែទៅចំណាកស្រុកប្រទេសគេ ប្រទេសអីពេញតែវាល ពេញតែកាលហ្នឹងឯង»។
បើតាមលោក វណ្ណី ម្តាយរបស់លោក បានខ្ចីបំណុលពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលលោកមិនស្គាល់ឈ្មោះជាង១ម៉ឺនដុល្លារអាមេរិកដើម្បីយកមកធ្វើស្រែ។
លោកនិយាយថា៖ «ម៉ែអត់បាយប៉ុន្មានថ្ងៃហើយ ឮតែគេថាដកដីហ្នឹង! គាត់ភ័យគាត់! បើជំពាក់គេ ពឹងដីហ្នឹងធ្វើស្រែសងគេ។ បើយើងខ្ចីលុយអង្គការយកទៅឈូសដីហ្នឹងយកទៅសម្រួលប្រឡាយសម្រួលប្រព័ន្ធទឹកហ្នឹង»។
ដីស្រែក្នុងឃុំច្រណូក ខេត្តកំពង់ឆ្នាំង ដែលត្រូវបានអាជ្ញាធរហាមឃាត់មិនឲ្យធ្វើស្រែបន្តទៀត កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១។(ស៊ុន ណារិន/វីអូអេ)
ជាធម្មតាប្រជាពលរដ្ឋរស់នៅជាប់បឹងទន្លេសាប ចាប់ផ្តើមធ្វើស្រែពីចុងខែធ្នូ ឬពីដើមខែមករា រហូតដល់ខែមេសាជារៀងរាល់ឆ្នាំ នៅពេលទឹកបឹងទន្លេសាបស្រកទៅវិញ។
កសិករម្នាក់ទៀតអ្នកស្រី បឿន ស៊ីន អាយុ៣៨ឆ្នាំមានដីជាង២ហិកតាក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង នៅក្នុងតំបន់៣ដែលប្រឈមនឹងការរឹបអូសពីអាជ្ញាធរ។ អ្នកស្រីបញ្ជាក់ថា អ្នកស្រី បានកាប់ឆ្ការព្រៃនៅលើដីនោះនឹងកាំបិត ហើយគ្រប់គ្រងដីជាច្រើនឆ្នាំមកហើយ។
អ្នកស្រី បឿន ស៊ីន អាយុ៣៨ឆ្នាំ កសិករម្នាក់ក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង បាត់បង់ដីជាង២ហិកតា ក្នុងតំបន់អភិរក្ស ថតនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១។(ស៊ុន ណារិន/វីអូអេ)
អ្នកស្រីដែលមានកូន៣នាក់ក្នុងបន្ទុក ប្រាប់វីអូអេថា៖ «នៅពេលរដ្ឋមកតម្រូវដកអញ្ចេះ គេមានដកយកតែដីអ្នកធំទេ យកទាំងរបស់ប្រជាជនដែលគ្នាអត់ទៀត។ អ្នកធំ ទោះបីយើងដកប៉ុននេះ ក៏គេអត់ក្រ។ អ្នក ក្រលំបាក ប្រជាជនយើងទេ»។
អ្នកស្រីបន្ថែមថា៖ «បើគេដកគ្រប់តែគ្នាក៏មិនហ៊ានប្រឆាំងដែរ…ឲ្យទៅគេទៅ។ ប៉ុន្តែបើគេថា ប្រគល់ឲ្យប្រជាជនធ្វើវិញ ចេះតែធ្វើទៅ ព្រោះយើងទៅប្រឆាំង ក៏ប្រឆាំងអត់ឈ្នះគេ…ខ្លាចមានទោសមានអី»។
ចំណែកអ្នកស្រី ទ្រី ពៅ អាយុ៣៨ឆ្នាំដែលគ្រប់គ្រងដីស្រែមួយហិកតាក្នុងតំបន់ហាមឃាត់ ឬហៅថា តំបន់៣ បានត្អូញត្អែរពីការបាត់បង់របរធ្វើស្រែរបស់ខ្លួនក្រោយអាជ្ញាធររឹបអូសដី។ អ្នកស្រីបន្តថា ដីនោះ ជាដីកេររបស់ឪពុកក្មេករបស់អ្នកស្រីដែលបានកាន់កាប់យូរមកហើយ។
អ្នកស្រីដែលជាអ្នកលក់បាយម្ហូបនៅក្នុងឃុំច្រណូក ក៏បានត្អូញត្អែរពីចំណូលលក់បាយធ្លាក់ចុះ ដែលពិបាកក្នុងការបង់សងធនាគារ Vision Fund ដែលអ្នកស្រីខ្ចីចំនួន៦ពាន់ដុល្លារអាមេរិក ហើយត្រូវបង់ត្រឡប់ទៅវិញជិត២០០ដុល្លារអាមេរិកក្នុងមួយខែ និងត្រូវបង់រយៈពេល៤ឆ្នាំទៀត។
អ្នកស្រី ទ្រី ពៅ អាយុ៣៨ឆ្នាំ បាត់បង់ដីស្រែមួយហិកតាក្នុងតំបន់ហាមឃាត់ ឬហៅថាតំបន់៣ ក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ថតនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)
អ្នកស្រីប្រាប់វីអូអេថា៖ «និយាយរួមទៅព្រួយខ្លាំងមែនទែន! ណាមួយខ្លាចរដ្ឋរឹបអូសដីភូមិដីផ្ទះអ៊ីចឹងទៅ។ យើងអត់មានដីស្រែអត់មានចំណូលអីអ៊ីចឹង.. ហើយណាមួយយើងលក់តក់ៗ....គ្មានសង្ឃឹមថា យើងដោះរដ្ឋរួចដែរ»។
ចំណែកប្រជាពលរដ្ឋ៥នាក់ផ្សេងទៀតក៏បានប្រាប់វីអូអេស្រដៀងគ្នាថា ពួកគេចង់បានដីមកធ្វើស្រែវិញក្នុងពេលនេះ ហើយពួកគេសន្យាថា មិនលក់នោះទេដោយគ្រាន់តែទុកធ្វើស្រែរដូវប្រាំងតែប៉ុណ្ណោះ។
លោក ឌី អឿន មេឃុំស្វាយរំពារក្នុងស្រុកកំពង់លែងដែលជាតំបន់រងគ្រោះដែរថ្លែងថា ប្រជាពលរដ្ឋប្រមាណ៧០% គ្រប់គ្រងដីក្នុងតំបន់៣ដែលជាតំបន់ការពារ និងត្រូវរឹបអូសយកមកវិញ។ លោកបន្ថែមថា ប្រជាពលរដ្ឋខ្លះ បានគ្រប់គ្រងដីនោះជាង៣០ឆ្នាំមកហើយ ហើយអ្នកខ្លះក៏មិនបានដឹងថា តំបន់នោះ ជាដីបឹងទន្លេសាបអភិរក្សឡើយ។
មេឃុំរូបនោះ បញ្ជាក់ថា ប្រជាពលរដ្ឋ បានខ្ចីលុយពីស្ថាប័នហិរញ្ញវត្ថុមួយចំនួនមកធ្វើស្រែ ដូច្នេះប្រសិនបើពួកគេមិនអាចធ្វើស្រែបន្តទៀត ពួកគេនឹងប្រឈមនឹងវិបត្តិមិនមានប្រាក់សងបំណុល ហើយឈានដល់ការចំណាកស្រុក។
លោកប្រាប់វីអូអេថា៖ «ភាគច្រើនប្រជាពលរដ្ឋ ចង់បានដីរបស់គាត់បានអាស្រ័យផលធ្វើវិញ ពីព្រោះគាត់បានជាប់បំណុលធនាគារ។ គាត់អត់ដឹងខ្លួន គាត់បានទៅចងការប្រាក់ពីធនាគារហិរញ្ញវត្ថុមកទិញពូជទិញជី ទិញថ្នាំសត្វល្អិតហ្នឹងត្រៀមបម្រុង»។
ផ្ទះរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ។ (ស៊ុន ណារិន/វីអូអេ)
វីអូអេ មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការចុះរឹបអូសដីបឹងទន្លេសាបបាននៅឡើយទេ។
អភិបាលរងខេត្តកំពង់ឆ្នាំងលោក ស្រ៊ន សំឫទ្ធី ប្រាប់វីអូអេថា អាជ្ញាធរកំពុងតែធ្វើកិច្ចការនេះបន្តទៀត ហើយថា ប្រជាពលរដ្ឋ អាចធ្វើស្រែ និងប្រមូលផលបានតែនៅឆ្នាំ២០២១ នេះប៉ុណ្ណោះ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋដែលធ្វើស្រែនៅតំបន់៣ដែលជាតំបន់អភិរក្ស បានប្រគល់ដីមកឲ្យរដ្ឋវិញដែលមានជាង៥ពាន់ក្បាលដី គឺប្រមាណជាង២ម៉ឺនហិកតា។
ក្រោយការបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កម្លាំងសមត្ថកិច្ចមួយចំនួនត្រូវបានដាក់បញ្ឈរជើងនៅទីនោះ ដើម្បីហាមឃាត់កសិករមិនឲ្យបន្តធ្វើស្រែទៀត។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងចំណាត់ការលើការរឹបអូសដីនៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង អង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា អង្គភាពនេះ បានឃាត់ខ្លួនជនសង្ស័យពីរនាក់ ម្នាក់ឈ្មោះ កែវ ណារុន ជាប្រធានការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងលោក ស៊ុំ សុជាតិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ទាក់ទងនឹងការកាន់កាប់ព្រៃលិចទឹកនេះ៕