នៅក្នុងប្រទេសស៊ីមបាវ៉េ (Zimbabwe) អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ កំពុងធ្វើការដោះស្រាយបញ្ហាចម្បងអំពីកង្វះអាហារូបត្ថម្ភកុមារ។ កិច្ចខិតខំប្រឹងប្រឹងនេះកើតឡើងបន្ទាប់ពីមានការស្ទាបស្ទង់មតិមួយរបស់រដ្ឋាភិបាលដែលបានបង្ហាញឲ្យដឹងថា ពលរដ្ឋចំនួនមួយភាគបីមិនមានការលូតលាស់ ឬក្រិន ដោយសារតែភាពក្រីក្រ និងកង្វះអាហារូបត្ថម្ភ។
នៅក្នុងស្រុក Mutare ភាគខាងលិច ដែលមានចម្ងាយប្រហែល៤០០គីឡូម៉ែត្រ ទិសអាគ្នេយ៍នៃក្រុងហារ៉ារ៉េ (Harare) កុមារៗកំពុងលេង និងរង់ចាំទទួលអាហារដែលចម្អិនដោយស្រ្តីមួយក្រុម។ ស្រ្តីទាំងនេះ គឺជាផ្នែកមួយនៃគម្រោងកម្មវិធីសន្តិសុខស្បៀងអាហារ និងការរស់នៅរបស់អង្គការ FAO ដែលមានជំនួយថវិកាពីចក្រភពអង់គ្លេស និងមានគោលដៅធ្វើឲ្យប្រសើរឡើងនូវអាហារូបត្ថម្ភ និងសន្តិសុខប្រាក់ចំណូលសម្រាប់អ្នកធ្វើកសិកម្មខ្នាតតូច នៅក្នុងស្រុកចំនួនប្រាំបី។
របាយការណ៍ស្ទាបស្ទង់មតិ ដែលរដ្ឋាភិបាលស៊ីមបាវ៉េ (Zimbabwe) បានធ្វើឡើងនាពេលថ្មីៗនេះបានរកឃើញថា នៅក្នុងស្រុក Mutare ភាគខាងលិច មានកុមារប្រមាណជា៤៧ភាគរយកំពុងទទួលរងនូវការមិនលូតលាស់ (ក្រិន)។
Memory Gavheta ជាភ្នាក់ងារអាហារូបត្ថម្ភប្រចាំស្រុកបានធ្វើការឲ្យអង្គការមួយក្នុងចំណោមអង្គការដែលត្រូវបានបង្កើតឡើងនៅក្រោមគម្រោងរបស់អង្គការ FAO បានឲ្យថា៖
«ការមិនលូតលាស់ (បញ្ហាក្រិន) នៅទីនេះ អាចនិយាយបានថា មកពីការផ្តល់របបអាហារដែលមាននៅក្នុងសង្គមនេះ ក៏ដូចជាបញ្ហាសុខភាព និងអនាម័យ។ ហើយក៏មានបញ្ហារបបអាហាររបស់កូនក្មេងផងដែរ។ នោះគឺជារឿងដែលយើងកំពុងព្យាយាមផ្តោតគោលដៅដោះស្រាយ។ យើងកំពុងបង្រៀនពួកគេអំពីការផ្តល់របបអាហារដែលត្រឹមត្រូវល្អឲ្យកូនៗរបស់ពួកគេ ក៏ដូចជាការអនុវត្តអនាម័យផងដែរ»។
ជាទូទៅ បញ្ហាមិនលូតលាស់ (ក្រិន) ចំពោះកុមារបណ្តាលមកពីខ្វះអាហារមានជីវជាតិ។ ហើយបញ្ហានេះមិនមែនជារឿងល្អសម្រាប់កុមារនៃប្រទេសស៊ីមបាវ៉េឡើយ ព្រោះវាជាកន្លែងដែលរបត់អាកាសធាតុ El Nino អាចបណ្តាលឲ្យមានទឹកជំនន់ ឬហួតហែងដែលនាំឲ្យមានការខ្វះខាតអាហារ។
អង្គការស្បៀងអាហារ និងកសិកម្មបានឲ្យដឹងថា ពលរដ្ឋស៊ីមបាវ៉េជាង១លាន៣សែននាក់នឹងត្រូវការជំនួយស្បៀងអាហារពីពេលនេះដល់ខែមិនា គឺនៅពេលរដូវប្រមូលផលចាប់ផ្តើម។
ប៉ុន្តែ នោះមិនមែនជារឿងកើតឡើងចំពោះ នាង Emily Maganyati ដែលកូនៗរបស់នាងកំពុងទទួលបានផលប្រយោជន៍ពីជំនួយរបស់កម្មវិធីអង្គការ FAO។ នាងបាននិយាយថា កាលពីមុនក្មេងៗនៅក្នុងតំបន់នេះធ្លាប់មានជំងី kwashiorkorដែលជាប្រភេទជំងឺខ្វះប្រូតេអ៊ីនធ្ងន់ធ្ងរ។
«ពួកយើងមិនបានដឹងអំពីសារៈសំខាន់នៃអាហារដែលល្អចំពោះសុខភាពឡើយ រហូតទាល់តែដល់ពេលយើងបានទទួលការបណ្តុះបណ្តាល។ ពេលនេះ យើងដឹងថា អាហារដែលមានជីវជាតិគ្រប់គ្រាន់មានសារៈសំខាន់សម្រាប់កូនៗរបស់យើង។ ពួកយើងរៀនអំពីវិធីដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ ដែលធ្លាប់បង្កទៅជាជំងឺខ្វះប្រូតេអ៊ីនធ្ងន់ធ្ងរ kwashiorkor ហើយឥឡូវទៅជាជំងឺក្រិន។ បច្ចុប្បន្ន សហគមន៍ទាំងមូលបានយល់ដឹងអំពីរបបទទួលទានអាហារដែលល្អចំពោះសុខភាពហើយ»។
នៅពាក់កណ្តាលខែធ្នូ លោកប្រធានាធិបតី Robert Mugabe បានថ្លែងប្រាប់គណបក្ស ZANU-PF របស់លោកថា ប្រទេសស៊ីមបាវ៉េមានពោតគ្រប់គ្រាន់នឹងប្រើបាន១០ខែទៀត។ ពោតជាអាហារចម្បងរបស់ប្រទេសមួយនេះ។ លោកបាននិយាយថា លោក Patrick Chinamasa រដ្ឋមន្រ្តីហិរញ្ញវត្ថុ នឹងនាំចូលពោតបន្ថែម ដើម្បីឲ្យប្រទេសស៊ីមបាវ៉េមានអាហារគ្រប់គ្រាន់ដល់ឆ្នាំ២០១៧៕
ប្រែសម្រួលដោយ៖ សើ សាយ្យាណា