កូវីដ​បន្ត​រាតត្បាត​ ខណៈ​គ្រួសារ​អ្នក​ស្លាប់​ចាំ​ដំណឹង​អំពី​សព​និង​អដ្ឋិធាតុ

រូបឯកសារ៖ រថយន្ត​សង្រ្គោះ​បន្ទាន់​ដឹក​អ្នក​ជំងឺ​កូវីដ១៩​ឆ្ពោះទៅ​មជ្ឈមណ្ឌល The Premier Center ដែល​ពី​មុន​ជា​អគារ​សម្រាប់​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ តែ​ឥឡូវ​ប្រែក្លាយ​ជា​កន្លែង​ដាក់​អ្នក​ជំងឺ​កូវីដ១៩ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

ក្រុម​គ្រួសាររបស់​អ្នកជំងឺ​កូវីដ១៩​ដែល​បាន​ស្លាប់​ម្នាក់​ កំពុង​បន្ត​ស្វែងរក​សព ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​យឺតយ៉ាវ​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​អ្នក​ជំងឺ និង​មិន​ទាន់​ទទួល​បាន​ដំណឹង​ច្បាស់លាស់​ពី​ទី​តាំង​តម្កល់​សព ឬ​អដ្ឋិធាតុ។

ករណីនេះ​ត្រូវ​បាន​បង្ហាញ​ខណៈ​ដែល​ស្ថានភាព​ឆ្លង​ជំងឺកូវីដ១៩​កំពុង​រន្ថើន​មក​វិញ ​ហើយ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​បាន​កើន​ឡើង​ដល់​១៨៣​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ ​ហើយ​ក្រសួង​សុខាភិបាល​តាំង​ពី​ចុង​ខែ​មេសា​មក ​ក៏​លែង​ធ្វើ​សេចក្ដី​ប្រកាស​លម្អិត​ដាច់​ដោយ​ឡែក​អំពី​ករណី​ស្លាប់​របស់​អ្នកជំងឺ​កូវីដ​១៩​ផង​ដែរ។​

លោក ភិន ទិត្យ ​អាយុ​៤៦​ឆ្នាំ​ ជា​ឪពុក​របស់​យុវតី​ម្នាក់​ឈ្មោះ​ ភិន សុដាលីន អាយុ​១៧​ឆ្នាំ ដែល​បាន​ស្លាប់​អំឡុង​ពេល​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​១៩ នៅ​មណ្ឌល​ព្យាបាល​ដឺព្រីមៀរ​សែនសុខ ក្នុង​ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។

លោក​បាន​ថ្លែង​ប្រាប់​ វីអូអេ ​ថា លោក​និង​ភរិយា​បាន​យក​កូនស្រី​ ដែល​មាន​ជំងឺ​តម្រង​នោម និង​ជំងឺ​ទឹក​នោម​ផ្អែម​ ពី​ខេត្ត​រតនគិរី​ មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា​ ក្នុង​រាជធានីភ្នំពេញ​កាល​ពីថ្ងៃ​ទី​២៦ ខែ​មីនា និង​បាន​សម្រាក​ព្យាបាល​រហូត​ដល់ថ្ងៃ​ទី​២៦ ខែ​មេសា។

បន្ទាប់​មក​ នៅ​ថ្ងៃ​ទី ២៦ ខែ​មេសា កូនស្រី​របស់​លោក​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​វិជ្ជមានជំងឺ​កូវីដ១៩ ដោយសារ​ឆ្លង​ពី​អ្នក​ជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ និង​ត្រូវ​បាន​បញ្ជូន​ទៅព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ដឺព្រីមៀរ​សែនសុខ ហើយ​ត្រូវ​សម្រាក​ព្យាបាល​តែ​ម្នាក់​ឯង​ និង​មិន​មាន​សាច់​ញាតិ​នៅ​ក្បែរ។

លោក​ ភិន ទិត្យ ដែល​មាន​មុខរបរ​ជា​កសិករ​ នៅ​ស្រុក​អូយ៉ាដាវ ខេត្ត​រតនគិរី បាន​បន្ត​ថា នៅ​ពេល​បញ្ជូន​កូនស្រី​របស់​លោក​ចេញ​ពី​មន្ទីរពេទ្យ​ព្រះកេតុមាលា​ ក្រុម​វេជ្ជបណ្ឌិត​មិន​បាន​ផ្តល់​ឯកសារ​បញ្ជាក់​ណា​មួយ​ជូន​រូប​លោក​នោះ​ទេ និងរូប​លោក​បាន​ត្រឹម​ផ្តល់​ជា​លេខ​ទូរសព្ទ​ចំនួន​ពីរ​ខ្សែ​សម្រាប់​ឲ្យ​ខាង​ក្រុម​វេជ្ជ​បណ្ឌិត​ទាក់ទង។

ចំពោះ​រូប​លោក​ និង​ភរិយា​មិន​អាច​នៅ​មើល​កូនស្រី​បាន​នោះ​ទេ ព្រោះ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​ចត្តាឡីស័ក​ក្នុង​ខណ្ឌ​ព្រែកព្នៅ ហើយ​ត្រូវ​ស្នាក់​នៅ​រយៈពេល​១៤​ថ្ងៃ​ ដោយសារ​បាន​ប៉ះពាល់​កូនស្រី​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩។ នៅ​អំឡុង​ពេល​សម្រាក​ធ្វើ​ចត្តាឡីស័ក​ លោក​មិន​ទទួល​បាន​ការ​ផ្តល់​ដំណឹង​ណា​មួយ​ពី​កូនស្រី​របស់​លោក​នោះ​ទេ។

លោក​បាន​ឲ្យ​ដឹង​បន្ត​ថា ក្រោយ​ពី​ការ​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា លោក​និង​ភរិយា​បាន​មករក​កូនស្រី​នៅ​មណ្ឌល​ព្យាបាលដឺព្រីមៀរ​សែនសុខ។ ប៉ុន្តែ​ក្រុម​វេជ្ជបណ្ឌិត​នៅ​មណ្ឌល​ព្យាបាល​នោះ​បាន​ប្រាប់​លោក​ថា មិន​មាន​ឈ្មោះ​កូន​របស់​លោក​នៅ​ក្នុង​បញ្ជី​អ្នក​ជំងឺ​នោះ​ទេ។

អាស្រ័យ​ហេតុនេះ លោក​និង​ក្រុម​គ្រួសារ​បាន​ស្វែងរក​កូនស្រី​ រហូតដល់​សម្រេច​ចិត្តបង្ហោះ​សារស្វែងរក​កូនស្រី​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា។ នៅ​ក្នុង​ការ​បង្ហោះ​នោះ​ មាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖ «បច្ចុប្បន្ន​ ក្រុម​គ្រួសារ​ កំពុង​ព្យាយាម​ស្វែងរក​ តាមរយៈ​ទីតាំង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ នៅ​រាជធានី​ភ្នំពេញ តែ​ពុំ​ទាន់​ទទួល​បាន​ដំណឹង​ទាល់តែ​សោះ មិន​ដឹង​ថា ឥឡូវ​ស្លាប់ ឬ​រស់? នាង​ឈ្មោះ​ ភិន សុដាលិន​ ភេទស្រី​ អាយុ ១៧​ឆ្នាំ»។

ក្រោយ​ពី​មាន​ការ​បង្ហោះ​សារ​ដូចនេះ វេជ្ជបណ្ឌិត​ម្នាក់​ពី​មណ្ឌល​ព្យាបាល​ដឺព្រីមៀរសែនសុខ​ បាន​ទាក់ទង​តាម​ទូរស័ព្ទ​មក​លោក​ថា កូនស្រី​របស់​លោក​បាន​ស្លាប់​កាល​ពី​ថ្ងៃ​២៦ ខែ​មេសា​មក​ម៉្លេះ។

លោក ភិន ទិត្យ​ បាន​ថ្លែង​ប្រាប់​ វីអូអេ ដោយ​បង្ហាញ​មន្ទិល​ជុំវិញ​ការ​ផ្តល់​ព័ត៌មាន​ពី​ការ​ស្លាប់​របស់​កូនស្រី​របស់​លោក​ឲ្យ​ទាន់​វេលា។

លោក​បាន​បញ្ជាក់​ថា៖ «បាទ​ ព្រោះ​រឿង​ហ្នឹង​ អត់​ទាន់​ដឹង​ច្បាស់​ថា ទៅ​ណា​ទៅ​ណី​អញ្ចឹង។ ហើយ​ខ្ញុំ​នៅ​តែ​មិន​អស់​ចិត្ត​ថា ហេតុអី​ថ្ងៃ​ស្លាប់​ហ្នឹង​ក៏​គាត់​មិន​ទាក់ទង​មក​ខ្ញុំ ហើយ​តើ​យក​សព​ហ្នឹង​ទៅ​ឯណា បូជា​ឯណា។ ហើយ​ឥឡូវ​កំពុង​តែ​ស្វែងរក​សព​ហ្នឹង​ តើ​គាត់​យក​ទៅ​បូជា​នៅ​ឯណា។ ហើយ​ទុក​ធាតុ​នៅ​ឯណា​អីហ្នឹង។ សុំ​ចង់​បាន ទាក់ទង​សុំ​ធាតុ​ហ្នឹង​មក​ធ្វើ​បុណ្យ​ធ្វើ​អី​តាម​ប្រពៃណី​អញ្ចឹង​ទៅ​ណា»។ ​

វីអូអេ​មិន​អាច​ទាក់ទង​សុំ​បទ​សម្ភាស​ពី​លោក​ ហុក គឹមចេង អគ្គ​នាយក​បច្ចេកទេស​ក្រសួង​សុខាភិបាល បាន​នៅ​ឡើយ​គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ​នេះ។​

វេជ្ជ​បណ្ឌិត គុយ ណូ ដែល​បម្រើ​ការងារ​នៅ​មណ្ឌល​សម្រាក​ព្យាបាល​ដឺព្រីមៀរ​សែនសុខ ​និង​ដែល​បាន​ដឹង​ករណី​ខាងលើ ត្រូវ​បាន​វិទ្យុ​អាស៊ីសេរី​ផ្នែក​ខេមរ​ភាសា ដកស្រង់​សម្ដី​ថា ឈ្មោះ ភិន សុដាលីន បាន​ស្លាប់​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ហើយ​អត្តសញ្ញាណ​រក​មិន​ឃើញ​ដោយ​សារ​បាត់​ឯកសារ។ ​

លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល និង​ការពារ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ​ យល់​ថា បញ្ហា​ខាង​លើ​នេះ​អាច​បណ្តាល​មក​ពី​កំហុស​ផ្នែក​បច្ចេកទេស ឬ​កង្វះ​ខាត​ការ​ទទួល​ខុសត្រូវ​របស់​អ្នក​ទទួល​បន្ទុក​ផ្នែក​គ្រប់គ្រង​អ្នក​ជំងឺ​កូវីដ​១៩ តាមរយៈ​ការ​ធ្វេស​ប្រហែស ឬ​ការ​មិន​បាន​ផ្តល់​ព័ត៌មាន​ដល់​សាច់​ញាតិ​អ្នក​ជំងឺ។

​«ពី​ព្រោះ​កន្លង​មក​យើង​ឃើញ​ថា ភាគច្រើន​គឺ ​ក្រសួង​សុខាភិបាល ឬ​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល តែងតែ​ប្រកាស​អំពី​អ្នក​ដែល​ត្រូវ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​ហ្នឹង។ ហើយ​ក៏​មាន​ការ​ជូន​ដំណឹង​ដល់​ក្រុម​គ្រួសារ ឬ​ក៏​ការ​រៀបចំ​សម្រួល​ក្រុម​គ្រួសារ​ក្នុង​ការ​ទទួល​នូវ​ធាតុ ឬ​ក៏​ឆ្អឹង​ហ្នឹង​សម្រាប់​ធ្វើ​បុណ្យ តាម​ប្រពៃណី»។

លោក​បាន​បន្ត​ថា៖ «ប៉ុន្តែ​ដោយឡែក​ ក្មេងស្រី​ អាយុ​១៧​ឆ្នាំ​នេះ យើង​ឃើញ​ថា មាន​ការ​ប្លែក​ ដោយសារ​តែ​គ្រួសារ​របស់​គាត់​មិន​បាន​ទទួល​ដំណឹង​សោះ។ រហូត​ដល់​ពេល​ចប់​ចត្តាឡីស័ក​មក​ គាត់​មិន​ដឹង​ទៅ​រក​ឯណា ហើយ​សួរ​មិន​មាន​ព័ត៌មាន​ ទើប​គាត់​ប្រកាស​ជា​សាធារណៈ​អញ្ចឹង​ទៅ។ អាហ្នឹង​ក៏​វា​ធ្វើ​ឲ្យ​ពួកគាត់​ហ្នឹង​អស់​សង្ឃឹម​ហ្អា»។

លោក​ អំ សំអាត​ ក៏​បាន​ឲ្យ​ដឹង​ទៀត​ផង​ដែរ​ថា ការ​ការពារ​សិទ្ធិ​ឯកជន​ជុំវិញ​អត្តសញ្ញាណ​ ឬ​អាស័យដ្ឋាន​បុគ្គល​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ ជា​រឿង​ប្រសើរ​មួយ។ យ៉ាងណាក្តី លោក​លើកឡើង​ថា ត្រូវ​តែ​មាន​ការ​ផ្តល់​ព័ត៌មាន​ពេញលេញ​ពាក់ព័ន្ធ​ស្ថានភាព​របស់​អ្នក​ជំងឺ​កូវីដ​១៩ ចំពោះ​ក្រុម​គ្រួសារ​របស់​ពួកគេ៕