ការចាប់ខ្លួនមន្រ្តីបក្សប្រឆាំងថ្នាក់ក្រោមនៅតែបន្តកើតឡើង ក្នុងនោះមានលោក ស៊ុន ធន់ អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំរបស់គណបក្សសង្រ្គោះជាតិ ដែលត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃច័ន្ទ។
ភរិយារបស់លោក ស៊ុន ធន់ គឺអ្នកស្រី សេង ចាន់ថនបានថ្លែងប្រាប់VOAថា ការចាប់ខ្លួនស្វាមីរបស់អ្នកស្រីជារឿងអយុត្តិធម៌ ដោយសារលោក ស៊ុន ធន់ ជាមនុស្សសកម្ម និងនៅតែបន្តហ៊ានបញ្ចេញមតិរបស់លោក។
អ្នកស្រីមានប្រសាសន៍ថា៖ «ការចាប់ខ្លួនគាត់នេះ ខ្ញុំយល់ឃើញថាជាអំពើអយុត្តិធម៌គឺជាការគំរាមកំហែងបំបិទសិទ្ធិសេរីភាពក្នុងការនិយាយស្តី បំបិទសិទ្ធិប្រជាពលរដ្ឋឲ្យខ្លបខ្លាច មិនហ៊ាននិយាយ ហ៊ានថា ហ៊ានតស៊ូជាពិសេសគណបក្សប្រឆាំងទាំងមូលតែម្តង។ គំរាមមិនឲ្យ ហ៊ាននិយាយ ហ៊ានថាហ៊ានធ្វើអ្វីទាំងអស់»។
ពីដំបូងឡើយ ក្រុមគ្រួសាររបស់លោក ស៊ុន ធន់មិនដឹងថា លោកត្រូវបញ្ជូនទៅទីណានោះទេហើយពួកគេក៏មិនដឹងថា លោកត្រូវចោទប្រកាន់ពីបទល្មើសអ្វីដែរ។
អ្នកស្រីសេង ចាន់ថនមានប្រសាសន៍ថា អ្នកស្រីបានព្យាយាមសួរនគរបាលក្នុងស្រុកតាំងគោក ខេត្តកំពង់ធំទើបពួកគេប្រាប់ថា លោក ស៊ុន ធន់ ត្រូវបានចោទប្រកាន់ពីបទញុះញង់និងត្រូវបញ្ជូនមកឃុំខ្លួននៅភ្នំពេញ។ អ្នកស្រីបញ្ជាក់ថា ក្រុមគ្រួសារមិនត្រូវបានប្រគល់នូវដីកាចាប់ខ្លួន ដែលមានការចោទប្រកាន់នោះទេ។
អ្នកស្រីបន្តថា៖ «ប៉ុន្តែមុននឹងមើលគេហាមយើង អត់ឲ្យថតចម្លង។ គេអត់ឲ្យហែករបស់គេទេ។ នៅក្នុងហ្នឹងគេចោទពីបទថា គាត់ហ្នឹងញុះញង់ប្រជាពលរដ្ឋតាមភូមិហើយមួយទៀតគេថាគាត់ហ្នឹងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ដោយប្រើយោធិន។ ញុះញង់យោធិនដើម្បីផ្តួលរំលំរដ្ឋាភិបាល»។
បើតាមអ្នកស្រីសេង ចាន់ថន ស្វាមីរបស់អ្នកស្រីគឺលោក ស៊ុន ធន់ ត្រូវបានចាប់ខ្លួននៅផ្ទះ ក្នុងភូមិថ្មី ឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ។
លោកគ្រី សារិទ្ធ មេបុស្តិ៍រដ្ឋបាលឃុំទ្រាល មានប្រសាសន៍ថា សមត្ថកិច្ចបានអនុវត្តដីកាចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ។ លោកបញ្ជាក់ថា លោក ស៊ុន ធន់ត្រូវបញ្ជូនមកភ្នំពេញ។ លោកបង្វែរសំណួរនេះមកតុលាការភ្នំពេញវិញ ដោយបដិសេធមិនអត្ថាធិប្បាយបន្ថែមលើបញ្ហានេះ។
លោកមានប្រសាសន៍ថា៖ «អាហ្នឹងខ្ញុំអនុវត្តតាមដីកាតុលាការដំបូងភ្នំពេញ។ បញ្ជូនទៅភ្នំពេញហើយ ម៉េចម៉ាទៅសួរខាងតុលាការទៅ»។
អ្នកនាំពាក្យរបស់សាលាដំបូងរាជធានីភ្នំពេញលោកគុជ គឹមឡុងមានប្រសាសន៍ថា លោកមិនទាន់មានព័ត៌មានអំពីការចាប់ខ្លួននេះនៅឡើយទេ។
លោកបញ្ជាក់ថា៖ «អត់ទាន់បានព័ត៌មានពេញលេញទេ។ ចាំបានខ្ញុំជម្រាបជូន»។
លោក ស៊ុន ធន់ ក៏មានប្អូនប្រុសបង្កើតម្នាក់ឈ្មោះ ស៊ុន ប៊ុនថុន ដែលជាអតីតក្រុមប្រឹក្សាឃុំបារាយណ៍ ខេត្តកំពង់ធំ ដែលបាត់បង់តំណែង ក្រោយតុលាការកំពូលរំលាយគណបក្សសង្រ្គោះជាតិ។ លោក ស៊ុន ប៊ុនថុន ធ្លាប់ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារប៉ុន្តែត្រូវបានដោះលែងវិញកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ដោយដាក់ឲ្យស្ថិតនៅក្រោមការតាមដានរបស់តុលាការ។ លោក ស៊ុន ធន់ ក៏មានបងថ្លៃគឺអ្នកស្រី សេង ចាន់ថូ ក៏ជាអតីតមេឃុំទ្រាល ដែលបាត់បង់តំណែងផងដែរ ក្រោយតុលាការកំពូលរំលាយគណបក្សសង្រ្គោះជាតិ។
ភរិយារបស់លោក ស៊ុន ធន់ គឺអ្នកស្រី សេង ចាន់ថន មានប្រសាសន៍ថា ក្រុមគ្រួសាររបស់អ្នកស្រីដែលជាអ្នកនយោបាយថ្នាក់ក្រោមត្រូវបានតាមដានជាបន្តបន្ទាប់ដោយកម្លាំងសមត្ថកិច្ច ហើយស្វាមីរបស់អ្នកស្រីក៏ធ្លាប់រងការវាយប្រហារដោយជនមិនស្គាល់មុខផងដែរកាលពីឆ្នាំមុន។
អ្នកស្រីមានប្រសាសន៍ថា៖ «អូ !គេធ្វើទុក្ខបុកម្នេញ សូម្បីតែយើងដើរទៅណាមួយជំហានក៏គេតាមដានយើង។សូម្បីតែយើងនិយាយស្តីអីក៏គេលបចាំស្តាប់យើង។ ហើយសូម្បីតែយើងរស់នៅក្នុងផ្ទះក៏មានអ្នកតាមដានមក ជួនកាលនគរបាល។ និយាយទៅគេតាមដាន គេចេញចូលកាត់មុខផ្ទះយើងអីអ៊ីចឹងទៅ»។
ព័ត៌មានទាក់ទង៖ អាជ្ញាធរចាប់ខ្លួនសកម្មជនបក្សប្រឆាំងនៅខេត្តកំពង់ធំរួចបញ្ជូនមកភ្នំពេញមន្រ្តីគណបក្សសង្រ្គោះជាតិឲ្យដឹងថា កាលពីសប្តាហ៍មុនអាជ្ញាធរខេត្តសៀមរាបក៏បានចាប់ខ្លួនអតីតមន្រ្តីគណបក្សនេះម្នាក់ទៀតគឺលោក ពៀត ម៉ាប់ ជាអតីតសមាជិកក្រុមប្រឹក្សាខេត្តសៀមរាបផងដែរ។ លោកត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៧ខែឧសភា ក្នុងឃុំដំដែកស្រុកសូទ្រនិគម ហើយបច្ចុប្បន្នត្រូវឃុំខ្លួននៅពន្ធនាគារព្រៃស។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា ក្នុងការចាប់ខ្លួនសកម្មជនបក្សប្រឆាំងនេះ អាជ្ញាធរគួរតែផ្តល់ព័ត៌មានដល់ក្រុមគ្រួសារឲ្យបានត្រឹមត្រូវថា តើពួកគេបានប្រព្រឹត្តបទល្មើសអ្វី។
លោកមានប្រសាសន៍ថា៖ «កន្លងមកហ្នឹង ចាប់ខ្លួន គឺហាក់ដូចមានការលាក់បាំងជាមួយក្រុមគ្រួសារ។ហើយធ្វើឲ្យគាត់មានការលំបាក តាមរកពីកន្លែងមួយទៅកន្លែងមួយ ហើយសូម្បីពេលចាប់ខ្លួនគាត់សុំពេលស្លៀកពាក់ខោអាវឲ្យសមរម្យក៏មិនបានផង»។
លោកចាត់ទុកករណីចាប់ខ្លួនមន្រ្តីបក្សប្រឆាំងនេះគឺជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់ ដោយសារពួកគេសកម្មក្នុងរឿងនយោបាយ។
លោកមានប្រសាសន៍ថា៖ «ក្នុងរឿងនេះ យើងយល់ថា វាជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយច្រើនជាង ដូចជាកន្លងមក មានការប្រើរូបភាពវាយដំបែបហិង្សា គឺអ្នកដែលរងគ្រោះទាំងអស់ជាសកម្មជនបក្សប្រឆាំង ចំនួនទៅដល់១៦ករណីទៅហើយ»។
បើតាមលោកស៊ឹង សែនករុណា គិតពីដើមឆ្នាំ២០២០រហូតមកដល់ដើមខែមិថុនានេះ សកម្មជនបក្សប្រឆាំងយ៉ាងតិច១៣នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទញុះញង់។
លោក សំ សុគង់ មេធាវីការពារក្តីឲ្យមន្រ្តីគណបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់អះអាងថា ចាប់តាំងពីការរំលាយគណបក្សសង្រ្គោះជាតិ លោកបានការពារក្តីឲ្យមន្រ្តីគណបក្សនេះប្រមាណ១០០នាក់ ដែលក្នុងនោះមានការចាប់ខ្លួនដោយមានដីកាខ្លះនិងមិនមានដីកាខ្លះ។ពួកគេត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ក្នុងយុទ្ធនាការមួយចំនួន ដូចជាយុទ្ធនាការម្រាមដៃស្អាតមិនចូលរួមបោះឆ្នោត ហូបនំបញ្ចុក ជួបជុំគ្នានិងការត្រៀមទទួលលោកសម រង្ស៊ីចូលប្រទេសវិញជាដើម។
បើតាមលោក សំ សុគង់ បច្ចុប្បន្ននេះលោកកំពុងការពារក្តីឲ្យសកម្មជនគណបក្សសង្រ្គោះជាតិចំនួន១៦នាក់ទៀតដែលកំពុងជាប់ពន្ធនាគារហើយពួកគេត្រូវបានចោទប្រកាន់ថា រួមគំនិតក្បត់ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍និងញុះញង់មិនឲ្យយោធាស្តាប់បង្គាប់។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch)មានប្រសាសន៍ថាការចាប់ខ្លួន ការបំភិតបំភ័យ ការយាយីការចោទប្រកាន់ ដាក់ពន្ធនាគារ«គឺជាផ្នែកមួយនៃការប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីបំផ្លាញការគាំទ្រគណបក្សសង្រ្គោះជាតិតាមរយៈវិធានការគាបសង្កត់»។
លោកមានប្រសាសន៍ក្នុងអ៊ីម៉ែលមកVOAថា៖ «យុទ្ធនាការរបស់រដ្ឋាភិបាលក្នុងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយលក្ខណៈជាប្រព័ន្ធទៅលើអតីតមន្រ្តីឃុំសង្កាត់គណបក្សសង្រ្គោះជាតិ ត្រូវតែបញ្ឈប់ឥឡូវនេះ ហើយសហគមន៍អន្តរជាតិគួរដាក់គំនាបទៅលើរដ្ឋាភិបាលកម្ពុជាឲ្យឈប់ចាប់ខ្លួន បញ្ចប់ការបំភិតបំភ័យដោយប៉ូលិសមូលដ្ឋាននិងអនុញ្ញាតឲ្យក្រុមប្រឹក្សារបស់គណបក្សសង្រ្គោះជាតិបញ្ចេញមតិនិងធ្វើសកម្មភាពនយោបាយ ដោយពុំមានការយាយី»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចនិងជាសមាជិកព្រឹទ្ធសភា មានប្រសាសន៍ថា រាល់ចំណាត់ការផ្លូវច្បាប់លើគណបក្សសង្រ្គោះជាតិ និងការចាប់ខ្លួនមន្រ្តីបក្សប្រឆាំងគឺជាការអនុវត្តច្បាប់តែប៉ុណ្ណោះ។ លោកបញ្ជាក់ថា ការធ្វើសកម្មភាពគាំទ្រគណបក្សសង្រ្គោះជាតិគឺខុសច្បាប់ តែបើការគាំទ្រជាស្មារតីមិនមានបញ្ហាអ្វីនោះទេ។
លោកមានប្រសាសន៍ថា៖ «គណបក្សរលាយហើយ អ្នកណាគាំទ្រគណបក្សរលាយហ្នឹងក៏វាខុសច្បាប់ដែរ។ អ៊ីចឹងអ្នកណាកាន់ជើងអ្នកដែលរលាយ អ្នកហ្នឹងវាខុស។គ្រាន់តែកាន់ជើងជាស្មារតីជារឿងរបស់អ្នកឯង។ ប៉ុន្តែបើអ្នកឯងធ្វើសកម្មភាពដើម្បីគាំទ្រអតីតបក្សប្រឆាំងដែលស្លាប់ទៅហើយដោយដីកាតុលាការកំពូលហើយ អ្នកឯងខុសច្បាប់ហើយ»។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មានប្រសាសន៍ថា ប្រសិនបើថ្នាក់ដឹកនាំគណបក្សនយោបាយនៅតែបន្តជម្លោះពាក្យសម្តីជាមួយគ្នានោះអ្នករងគ្រោះពិតប្រាកដជាសកម្មជននៅថ្នាក់ក្រោម និងប្រជាពលរដ្ឋ។
លោកមានប្រសាសន៍ថា៖ «ប្រសិនបើថ្នាក់ដឹកនាំទាំងអស់នៅតែមានឥរិយាបថបែបហ្នឹង វាជារឿងមួយដែលរងគ្រោះអ្នកដែលនៅក្រោមបង្គាប់ហ្នឹង ជាពិសេសជាសកម្មជនក្តីជាអ្នកគាំទ្រក្តី ត្រូវរងគ្រោះដោយនយោបាយរបស់ថ្នាក់ដឹកនាំហ្នឹងឯង»។
លោកចាត់ទុកថា សកម្មជនថ្នាក់ក្រោមគ្រាន់តែបញ្ចេញមតិរបស់ពួកគេតែប៉ុណ្ណោះ ដូច្នេះមិនគួរមានការចាប់ខ្លួនដាក់ពន្ធនាគារនោះទេ៕