ពិធី​បុណ្យ​សព​របស់​លោក John Lewis ធ្វើ​ឡើង​នៅ​រដ្ឋ Alabama រដ្ឋ Georgia និង​រដ្ឋធានី​វ៉ាស៊ីនតោន

រូបឯកសារ៖ លោក John Lewis សមាជិក​រដ្ឋសភា​តំណាង​រដ្ឋ Georgia ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ឈរ​ថតរូប​នៅ​មុខ​សម្រង់​សម្ដី​របស់​លោក​ដែល​និយាយ​ថា៖ «បើ​យើង​មិន​ធ្វើ​វា តើ​នរណា​នឹង​ធ្វើ​វា? បើ​មិន​ធ្វើ​វា​ពេល​នេះ តើ​ចាំ​ដល់​ពេល​ណា?»។

ពិធី​បុណ្យ​សព​លោក John Lewis ដែល​ជា​សមាជិក​រដ្ឋសភា និង​ជា​និមិត្តរូប​សិទ្ធិ​ស៊ីវិល ត្រូវ​បាន​ធ្វើ​ឡើង​ពីរ​កន្លែង​នៅ​ក្នុង​រដ្ឋ Alabama កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ការ​គោរព​ដឹង​គុណ​ដល់​សព​របស់​លោក​រយៈពេល ៦ ថ្ងៃ។

នៅ​ឯ​ពិធី​បុណ្យ​សព​របស់​លោក​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នៅ​សាកលវិទ្យាល័យ Troy ក្នុង​រដ្ឋ Alabama បង​ប្អូន ៥ នាក់ និង​ចៅ​ប្រុស​ម្នាក់​របស់​លោក បាន​ថ្លែង​អំពី​លោក​ថា​ ជា​បុរស​ម្នាក់​ដែល​ផ្ដល់​ការ​ស្រលាញ់ និង​មាន​ភាព​អង់អាច​ក្លាហាន​សម្រាប់​គ្រួសារ។

បង​ប្អូន​របស់​លោក Lewis បាន​រំឭក​អ្នក​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​របស់​លោក​អំពី​ដំបូន្មាន​ដ៏​ល្បីល្បាញ​របស់​លោក​នៅ​ក្នុង​ការ​បង្កើត «បញ្ហា​ល្អ» ដែល​នោះ​គឺ​ការ​ធ្វើ​ទង្វើនានាសម្រាប់​គោល​បំណង​ល្អ។

នៅ​ឯ​ពិធី​បុណ្យ​សព​របស់​លោក​នៅ​សាកលវិទ្យាល័យ Troy សព​របស់​លោក​ត្រូវ​បាន​តម្កល់​ជា​សាធារណៈ ដើម្បី​ឲ្យ​ភ្ញៀវ​ចូល​គោរព។

នៅ​ថ្ងៃ​អាទិត្យ​នេះ សព​របស់​លោក​នឹង​ត្រូវ​បញ្ជូន​កាត់​តាម​ស្ពាន Edmund Pettus ក្នុង​ទីក្រុង Selma រដ្ឋ Alabama ដែល​ជា​កន្លែង​ដែល​លោក និង​ក្រុម​អ្នក​ទាមទារ​សិទ្ធិ​បោះ​ឆ្នោត​ផ្សេង​ទៀត​ត្រូវ​បាន​អាជ្ញាធរ​វាយ​ដំ​កាល​ពី​ឆ្នាំ ១៩៦៥ នៅ​ថ្ងៃ​ដែល​គេ​ស្គាល់​ថា​ជា «ថ្ងៃ​អាទិត្យ​បង្ហូរ​ឈាម»។

សព​របស់​លោក​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​ទីក្រុង Montgomery ដែល​ជា​រដ្ឋធានី​របស់​រដ្ឋ Alabama។ អភិបាល​រដ្ឋ Alabama អ្នកស្រី Kay Ivey បាន​បញ្ជា​ឲ្យ​បង្ហូត​ទង់ជាតិ​ពាក់​កណ្ដាល​ដង​កាល​ពី​ថ្ងៃ​សៅរ៍ និង​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ផ្ដល់​ការ​គោរព​ដល់​សព​លោក Lewis។

នៅ​ក្នុង​ពិធី​បុណ្យ​សព​របស់​លោក​រយៈពេល ៦ ថ្ងៃ​នេះ សព​របស់​លោក​នឹង​ត្រូវ​តម្កល់​ជា​សាធារណៈ​នៅ​ក្នុង​អាគារ​សភា​របស់​រដ្ឋ Alabama ក្នុង​ទីក្រុង Montgomery អាគារ​សភា​របស់​រដ្ឋ Georgia ក្នុង​ទីក្រុង Atlanta និង​អាគារ​សភា​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន៕