ក្រុម​គ្រួសារ​លោក កែម ឡី អំពាវនាវ​ឲ្យ​មាន​ការស៊ើបអង្កេត​ឡើងវិញ ខណៈ​ពួកគេ​រិះគន់​រដ្ឋាភិបាល​លើ​កាមេរ៉ា​សុវត្ថិភាព

រូបឯកសារ៖ ក្មេងស្រី​ម្នាក់ទ្រហ៊ោ​យំ​នៅ​ខាង​ក្រៅ​ម៉ាត ​Caltex កន្លែង​ដែលសាកសពលោក កែម ឡី ​​ដេក​ដួល​នៅខាងក្នុង។​ លោក កែម ឡី អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ថ្ងៃអាទិត្យ​ ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ស្ថានីយ​ចាក់សាំង​មួយ​នៅ រាជធានី​ភ្នំពេញ។ ​(ឡេង ឡែន/VOA)

ក្រុម​គ្រួសារ​របស់​អ្នកវិភាគ​បញ្ហា​សង្គម លោក​បណ្ឌិត កែម ឡី បាន​អះអាង​ថា ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ដែល​ត្រូវ​បាន​បញ្ចេញ​ជា​សាធារណៈ មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ និង​បាន​រិះគន់​ថា​វីដេអូ​នេះ​មិន​បាន​បង្ហាញ​ឃាតក​បាញ់​សម្លាប់​លោក កែម ឡី​ ពិត​ប្រាកដ ដោយ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ច្បាស់លាស់​មួយ។

ខណៈ​តុលាការ​គ្រោង​នឹង​ប្រកាស​សាលក្រម​ក្នុង​ករណី​បាញ់​សម្លាប់​អ្នកវិភាគ​សង្គម លោក កែម ឡី នៅ​ថ្ងៃ​ទី​២៣ ខែ​មីនាខាង​មុខ​នេះ ក្រុម​គ្រួសារ​របស់​លោក កែម ឡី បង្ហាញ​ការ​មិន​ពេញ​ចិត្ត​នឹង​ការ​បញ្ចេញ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​នោះ​ទេ ដោយ​ពួកគេ​អះអាង​ថា​ វីដេអូ​នេះ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ។ ក្រុម​គ្រួសារ​របស់​លោក កែម ឡី​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ច្បាស់លាស់​មួយ។

ក្រុម​គ្រួសារ​របស់​អ្នកវិភាគ​បញ្ហា​សង្គម លោក​បណ្ឌិត កែម ឡី បាន​អះអាង​ថា ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ដែល​ត្រូវ​បាន​បញ្ចេញ​ជា​សាធារណៈ មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ និង​បាន​រិះគន់​ថា​វីដេអូ​នេះ​មិន​បាន​បង្ហាញ​ឃាតក​បាញ់​សម្លាប់​លោក កែម ឡី​ ពិត​ប្រាកដ ដោយ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ច្បាស់លាស់​មួយ។

លោក​ កែម ឡី ត្រូវ​បាន​បាញ់​សម្លាប់​នៅ​វេលា​ម៉ោង​ប្រមាណ​៩ព្រឹក ថ្ងៃ​ទី​១០ ខែ​កក្កដា កាល​ពី​ឆ្នាំ​មុន នៅ​ក្នុង​ម៉ាត​របស់​ស្ថានីយ​ចាក់សាំង​កាល់តិច​ ក្បែរ​ភ្លើងស្តុប​បូក​គោ។

ភ្លាមៗ​បន្ទាប់​ពី​ការ​បាញ់​សម្លាប់​នោះ ​សមត្ថកិច្ច​បាន​ចាប់​បុរស​ម្នាក់​ដែល​អះអាង​ថា​ខ្លួន​មាន​ឈ្មោះ​ជួប សំលាប់។​

ប្រជាពលរដ្ឋ ​និង​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ មាន​មន្ទិល​សង្ស័យ​ពី​ឈ្មោះ​របស់ ​ជួប​ សំលាប់ ​ដែល​បាន​អះអាង​ថា​ខ្លួន​ជា​អ្នក​បាញ់​លោក​ កែម ​ឡី​ នោះ។ ក្រោយ​មក​ ជន​នោះ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ឈ្មោះ អឿត អាង អាយុ៤៣​ឆ្នាំ រស់​នៅ​ក្នុង​ខេត្ត​សៀមរាប។

កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា នៅ​ក្នុង​សវនាការ​ជំនុំ​ជម្រះរយៈពេល​ប្រមាណ​៤ម៉ោង តុលាការ​បាន​បង្ហាញ​វីដេអូ​ចំនួន​ពីរ​នៃ​ការ​បាញ់​សម្លាប់​នេះ។ តែ​វីដេអូ​នេះ​ត្រូវ​បាន​រិះគន់​ដោយ​ក្រុម​គ្រួសារ​របស់​លោក កែម ឡី ​និង​សាធារណជន​ដែល​តែង​តែ​ទាមទារ​ឲ្យ​បញ្ចេញ​កាមេរ៉ា​សុវត្ថិភាព។

ប្អូនប្រុស​របស់​លោក កែម ឡី គឺលោក កែម រិទ្ធិសិត អាយុ៤៦ឆ្នាំ រស់នៅ​ក្នុង​ខេត្ត​តាកែវ ជាមួយ​ម្តាយ​របស់​លោក កែម ឡី​។

ប្អូន​ប្រុស​របស់​លោក​ កែម ​ឡី គឺ ​លោក ​កែម​ រិទ្ធិសិត ​ អាយុ​៤៦​ឆ្នាំ ប្រាប់​ VOA ​ថា​វីដេអូ​នេះ​មាន​ការ​សង្ស័យ​ច្រើន​ ដោយលោក​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ។ លោក​ចាត់​ទុក​ថា​វីដេអូ​នេះ​មិន​គ្រប់គ្រាន់​ហើយ​ហាក់​ជា​ការ​សម្ដែង​មួយ។

លោក​បាន​ថ្លែង​ប្រាប់​ VOAថា៖

«វា​ជា​រឿង​សម្ដែង​ទេ វា​មិន​មែន​ជា​រឿង​ពិត វា​ជា​ការ​រៀប​ចំ​ហើយ ខ្ញុំ​ចង់​តែ​ឲ្យ​គេ​ស៊ើប​អង្កេត​បន្ត​ទៀត​ហើយ ស៊ើប​អង្កេត​ឲ្យ​ច្បាស់លាស់។ បើ​គេ​បាញ់​សម្លាប់​ហើយ គេ​មិន​មែន​ មិន​រត់​តាម​ថ្នល់ រត់​ដូច​ហាត់​ប្រាណ​ គេ​រត់​លឿន​ហើយ»។

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖ «រឿង​វីដេអូ​នេះ​គឺ​យើង​ទទួល​យក​អត់​បាន​ទេ។ ឧទាហរណ៍​ថា​ចេះ ​បើ​យើង​ថត​សម្ដែង គួរ​តែ​សម្ដែង ឈុត​ឆាក​ហ្នឹងឲ្យ​វា​ដូច​ខ្លះ​ទៅ មើល​ទៅ​ឲ្យ​វា​ពិតៗ​ទៅ។ យើង​កុំ​សម្ដែង​អត់​ពិត យើង​ខ្មាស​គេ។ យើង​ខ្មាស​ឆាក​អន្តរជាតិ គេ​មើល​ដែរ »។

ក្រោយ​តុលាការ​បង្ហាញ​វីដេអូ​នេះ​នៅ​ក្នុង​សវនាការ សារព័ត៌មាន​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​ Fresh News បាន​ផ្សព្វផ្សាយ​វីដេអូ​ទាំង​ពីរ​នោះ។ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​មើល​ និង​ចែក​រំលែក​វីដេអូ​នេះ​ភ្ជាប់​ជាមួយ​ការ​រិះគន់​ជា​បន្តបន្ទាប់។

​លោក លឹម ជាវុត្ថា ស្ថាបនិក​របស់​សារព័ត៌មាន​ Fresh News ​ដែល​បាន​ផ្សព្វផ្សាយ​វីដេអូ​បាញ់​សម្លាប់​លោក កែម ឡី​ ដំបូង បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ថា ​តើ​ស្ថាប័ន​នេះ​បាន​វីដេអូ​ពី​ប្រភព​ខាង​ណា ដោយ​គ្រាន់តែ​បញ្ជាក់​ថា​បាន​មក​ពី​ប្រភព​មួយ​ច្បាស់លាស់​បំផុត ហើយ​វីដេអូ​នេះ​ជា​វីដេអូ​តែ​មួយ​ដែល​តុលាការ​បង្ហាញ​នៅ​ពេល​សវនាការ​ជំនុំ​ជម្រះ។

លោក​បញ្ជាក់​ថា៖ «អត់​អាច​ប្រាប់​នរណា​ផ្ញើ​មក​ឲ្យ​ខ្ញុំ​ទេ។ ខ្ញុំ​បាន​ពី​ប្រភព​មួយ​ដ៏​ច្បាស់​លាស់​បំផុត ហើយ​វីដេអូ​ហ្នឹង​ជា​វីដេអូ​តែមួយ(ពុំ​មាន​កែ​សម្រួល)​ដែល​ភ្នាក់ងារ​របស់​ខ្ញុំ​បាន​មើល​នៅ​តុលាការ»។ លោក​បញ្ជាក់​បន្ថែម​ថា ​ក្រោយ​ពី​ការ​ផ្សាយ​វីដេអូ​នោះ មិន​មាន​ប្រតិកម្ម​ពី​តុលាការ​នោះ​ទេ។

វីដេអូ​ឃ្លីប​ទី១​មិន​បាន​បង្ហាញ​ពី​រូបភាព​ទាំង​ស្រុង​នៅ​ក្នុង​ម៉ាត​ដែល​លោក កែម ឡី ត្រូវ​បាន​បាញ់​សម្លាប់​នោះ​ទេ។​ វីដេអូ​នេះ​បង្ហាញ​រូប​បុរស​ម្នាក់​ពាក់អាវ​ពណ៌​ទឹក​ប៊ិច​ចាស់​ និង​ពាក់​មួក​ពណ៌​ក្រហម​ ដើរ​ចន្លោះ​ធ្នើរ​ដាក់​ទំនិញ​នៃ​ផ្នែក​មួយ​ក្នុង​ម៉ាត ​និង​បាន​ទាញ​កាំភ្លើង​បាញ់​សំដៅ​លើ​ទីតាំង​ដែល​មាន​មនុស្ស​កំពុង​អង្គុយ​ពិសា​កាហ្វេ។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ វីដេអូ​នេះ​ជា​វីដេអូ​ស្កុបៗ​ និង​មិន​មាន​ពេលវេលា​ និង​កាល​បរិច្ឆេទ​ ដែល​នាំ​ឲ្យ​មាន​ការ​សង្ស័យ​មួយ។​

ចំណែក​វីដេអូ​ឃ្លីប​ទី២​ បាន​បង្ហាញ​រូបភាព​ពី​ចម្ងាយ​ដោយ​មាន​បុរស​ម្នាក់​កំពុង​រត់​ពី​ម៉ាត​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង ​ឆ្ពោះ​ទៅ​កាន់​ស្តុប​ចំការមន។ ​រូបភាព​នោះ​ឆ្ងាយ​ពេក​ ដែល​គេ​មិន​អាច​បញ្ជាក់​ថា ​អ្នក​រត់​នោះ​គឺ​ជា​អ្នក​ណា​ឲ្យ​ប្រាកដ។ វីដេអូ​មួយ​នេះ​មាន​ពេលវេលា​និង​កាលបរិច្ឆេទ​បញ្ជាក់។

អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ក៏​បាន​ចែក​រំលែក​ពី​ការ​សង្ស័យ​មួយ​ចំនួន​ទៀត​ ដែល​ក្នុង​នោះ​មាន​ការ​ប្រៀប​ធៀប​រូបរាង​បុរស​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ និង​ជនជាប់ចោទ​ ជួប សំលាប់។ អ្នក​ខ្លះ​បាន​លើក​ឡើង​ថា​ ស្បែក​ជើង ខោ និង​អាវ​របស់​បុរស​ក្នុង​កាមេរ៉ា​សុវត្ថិភាព ខុស​គ្នា​ពី​ខោ​អាវ​និង​ស្បែក​ជើង​ប៉ាត់តា​របស់​លោក ជួប សំលាប់ បើ​ប្រៀប​ធៀប​ទៅ​នឹង​រូប​ថត​ ពេល​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ទុក។

រូបឯកសារ៖ ជួប សំលាប់ ឃាតករ​សម្លាប់​លោក​កែម ឡី​ ត្រូវ​បាន​នាំ​មក​បង្ហាញ​ដល់​អ្នកសារព័ត៌មាន បន្ទាប់​ពី​បុរសរូប​នេះ​បាន​បាញ់​ប្រហារ​លោក​កែម ឡី​ ជាមួយ​នឹង​អាវុធ​ម៉ាក Glock កាល​ពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)

ប្អូន​ប្រុស​របស់​លោក​ កែម ​ឡី គឺ ​លោក ​កែម​ រិទ្ធិសិត ​ ក៏​បាន​សង្កេត​ឃើញ​ចំណុច​សង្ស័យ​នេះ​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​Save(រក្សា)​ទុក​នៅ​ក្នុង​ទូរស័ព្ទ ខ្ញុំ​ពិនិត្យ​មួយៗ​នៅ​ក្នុង​ស្តាម៉ាត​ដែល​ធ្វើ​សកម្មភាព​ហ្នឹង ឃើញ​ថា​ ខោ​វា​រៀង​ស​បន្តិច ស្បែក​ជើង​វា​ក៏​ស​ដែរ ស្បែក​ជើង​ប៉ាត់តា បាត​ហើយ​និង​វ័ណ្ឌ​ហ្នឹង​ស។ ពេល​ចាប់​បាន​ជួប សំលាប់​ហ្នឹង​ស្បែក​ជើង​ខ្មៅ ខោ​ហ្នឹង​ក៏​ខ្មៅ​ដែរ»។

ប្អូន​ប្រុស​របស់​លោក កែម ឡី ចង់​ឲ្យ​មាន​ការ​បង្ហាញ​កាមេរ៉ា​ពី​ដំណើរ​តាំង​ពី​ដំបូង​ដែល​អ្នក​បាញ់​ប្រហារ​លោក កែម ឡី ដើរ​ចូល​ទៅ​ក្នុង​ម៉ាត​ និង​ស្ថានភាព​លោក កែម ឡី ក្រោយ​ពេល​បាញ់​សម្លាប់។

លោក​មាន​ប្រសាសន៍​ថា៖ «ចុះបើ​គ្រាន់តែ​ប៉ុណ្ណឹង​ ​ម៉េចក៏មិន​បញ្ចេញ​ថ្ងៃ​ទី​១ ទី​២ ទី៣​មក។ ចាំបាច់​ទុក​អី​ដល់​មួយ​ឆ្នាំ​ធ្វើ​អី? បើ​សិន​ជា​មាន​រឿង​ប៉ុណ្ណឹង។ ដូចជា​យើង​កំប្លែង​លេង​ថា​អានេះ​ប្រជាជន​គេ​ទាមទារ​កាមេរ៉ា​សុវត្ថិភាព ហើយ​ក្នុង​នាម​ដែល​យើង​ជា​ប្រព័ន្ធ​តុលាការ​បញ្ចេញ​មក ដើម្បី​ឲ្យ​ថា​អា​ហ្នឹង​បញ្ចេញ​ហើយ ទោះ​បី​អា​បញ្ចេញ​ហ្នឹង​ មើល​ឃើញ​គោ​ថា​ជា​ក្របី ក៏​ថា​ទៅ។ អានេះ​វា​ជា​លេស​អញ្ចេះ​ទេ»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «យើង​សង្ឃឹម​ទៅ​លើ​ប្រព័ន្ធ​រដ្ឋាភិបាល តុលាការ​ហ្នឹង គឺ​យើង​អត់​មាន​អី​លើស​ហ្នឹង​ទេ ហើយ​យើង​ទៅ​រក​ភស្តុតាង រក​សាក្សី រក​ឃាតក​ខ្លួន​ឯង​ហ្នឹង ក៏​យើង​អត់​មាន​លទ្ធភាព​អី​ទៅ​រក​ទេ»។

បុគ្គលិក​ចាក់​សាំង​នៅ​កន្លែង​ដែល​លោក​ កែម ឡី ត្រូវ​បាន​បាញ់​សម្លាប់​បាន​និយាយ​ថា ​កាមេរ៉ា​សុវត្ថិភាព​មាន​ច្រើន​ ដូច្នេះ​មិន​គួរ​បញ្ចេញ​តែ​មួយ​ផ្នែក​ទេ។ បុគ្គលិក​ចាក់​សាំង​ម្នាក់​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា៖​ «កាមេរ៉ា​មាន​ទាំង​អស់ សំខាន់​គេ​មិន​ចង់​ឲ្យ​យើង​ឃើញ»។

បុគ្គលិក​ម្នាក់​ទៀត​បាន​និយាយ​ថា៖ «កាមេរ៉ា​ប៉ូលិស​យក​ទៅ​អស់​ហើយ​ពិបាក​ដែរ គេ​ឲ្យ​ឃើញ​តែ​ប៉ុណ្ណឹង»។

បុគ្គលិក​ម្នាក់​ដែល​ជា​អ្នក​គិត​លុយ​ និង​នៅ​កន្លែង​កើតហេតុ​ដែរ​បាន​និយាយ​ថា ​កញ្ញា​បាន​ឃើញ​វីដេអូ​បង្ហោះ​តាម​ហ្វេសប៊ុក​ តែ​មិន​បាន​មើល​វីដេអូ​ដែល​កាមេរ៉ា​ថត​បានក្នុង​ម៉ាត​ទាំង​អស់​នោះ​ទេ។ បុគ្គលិក​រូប​នោះ​បញ្ជាក់​ថា​ នៅ​ពេល​គេ​បាញ់​លោក កែម ឡី នាង​ស្មាន​តែ​ផ្ទុះ​ម៉ាស៊ីន​កិន​កាហ្វេ។

ក្នុង​សវនាការ​កន្លង​ទៅ ជួប សំលាប់ ​បាន​សារភាព​ជាច្រើន​ដង​ថា​ ខ្លួន​ជា​អ្នក​បាញ់​សម្លាប់​លោក​បណ្ឌិត ​កែម ឡី​ ដោយសារ​ខឹង​លោក ​កែម ឡី​ ជំពាក់​ប្រាក់​ចំនួន​៣.០០០​ដុល្លារ​មិន​សង។ ជួប សំលាប់ បាន​បញ្ជាក់​ថា ​ខ្លួន​បាន​ខ្ចី​លុយ​ពី​ថៅកែ​ដែល​ខ្លួន​ធ្វើការ​ឲ្យ​នៅ​ប្រទេស​ថៃ ​ដើម្បី​ទិញ​កាំភ្លើង​មួយ​ដើម​តម្លៃ​ ៤៥.០០០ ​បាត​ ឬ​ប្រហែល​ជា​ជាង​១,០០០​ដុល្លារ​ពី​បុរស​ម្នាក់​ឈ្មោះ​ ចក់ ​ជា​ជនជាតិ​ថៃ។ ជួប សំលាប់ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​ខ្លួន​ជា​បុរស​នៅ​ក្នុង​ឃ្លីប​វីដេអូ​ទាំងពីរ​ ដែល​បាន​បង្ហាញ​ដោយ​តុលាការ។

ប្អូន​ប្រុស​របស់​លោក កែម ឡី យល់​ថាចម្លើយ​របស់​ជួប សំលាប់ នៅ​ក្នុង​តុលាការ​មាន​ភាព​មិន​ប្រក្រតី​ច្រើន ដោយ​លោក​មាន​ជីវភាព​ក្រីក្រ ថា​តើ​មាន​លុយ​ពី​ណា​ទៅ​ឲ្យ​លោក កែម ឡី ​ខ្ចី និង​ទិញ​កាំភ្លើង។

លោក​ អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ មាន​ប្រសាសន៍​ថា ​វីដេអូ​នេះគ្រាន់​តែ​វីដេអូ​មួយ​ជ្រុង​តែប៉ុណ្ណោះ។លោក​បន្ត​ថា ​ប្រសិន​បើ​មាន​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ផ្សេង​ទៀត គួរ​តែ​មាន​ការ​បញ្ចេញ​ទាំងអស់។

លោក​មាន​ប្រសាសន៍​ថា៖ «បើ​សិន​ជា​តុលាការ​មាន​ឬ​ក៏​អី យើង​អាច​ដាក់​ទាំង​អស់​ទៅ គ្រប់​ជ្រុង​ទៅ ជាពិសេស​អា​កន្លែង​សកម្មភាព​នៃ​អា​ការ​បាញ់​ទៅលើ​លោក​បណ្ឌិត​ កែម ឡី»។

លោក​បន្ត​ថា ​នៅ​ក្នុង​សវនាការ ​ជួប សំលាប់ ​ហាក់​ដូច​ជា​ខិត​ខំ​បិទ​បាំង​អំពី​អត្តសញ្ញាណ​របស់​ខ្លួន ខណៈ​មាន​ការ​ស្រាវជ្រាវ​រក​ឃើញ​ពី​ឈ្មោះ​របស់​ផ្លូវការ​របស់​លោក​ និង​ក្រុម​គ្រួសារ​រស់នៅ​ខេត្ត​សៀមរាប។

លោក អំ សំអាត មាន​ប្រសាសន៍​ថា៖ «អា​នេះ​ដែល​យើង​ឆ្ងល់​ថា​តើ​មាន​អ្វី​នៅ​ពី​ក្រោយ​ខ្នង​នៃ​លោក ជួប សំលាប់​ ហ្នឹង​ បាន​ជា​លោក​មិន​ទទួល​ស្គាល់​នូវ​ការ​ពិត​នៃ​សាវតា​ជាតិ​ ក៏​ដូច​ជា​ក្រុម​គ្រួសារ​របស់​លោក​នោះ»។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន ​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​លើ​បញ្ហា​បញ្ចេញ​កាមេរ៉ា​សុវត្ថិភាព​នេះ ដោយ​ស្នើ​ឲ្យ​សួរ​ទៅ​ខាង​តុលាការ​វិញ។

លោក​មានប្រសាសន៍ថា៖

«ខ្ញុំ​អត់​មាន​តួនាទី​មក​ឆ្លើយ​នូវ​រឿង​បញ្ហា​វីដេអូ​សុវត្ថិភាព​របស់​តុលាការ​ អូន​សួរ​ខាង​តុលាការ ហេតុ​ដូចម្ដេច​បាន​មាន​ប៉ុណ្ណឹង​ប្រាប់​ប៉ុណ្ណឹង​ប្រាប់​ប្រជាពលរដ្ឋ? ឬ​មាន​ប៉ុណ្ណឹង​ឬ​មាន​ច្រើន​ជាង​ហ្នឹង»។

លោក​បន្ថែម​ថា ​ការ​រិះគន់​ណា​មួយ​ជា​សាធារណៈ​ប្រឆាំង​នឹង​ចំណាត់​ការ​របស់​តុលាការ​អាច​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់។

លោក​មាន​ប្រសាសន៍​ថា៖ «បើ​និយាយ​ក្នុង​សាធារណៈ​ យើង​អាច​ជាប់​ពិរុទ្ធ​ពី​ច្បាប់​ព្រហ្មទណ្ឌ។ ក្នុង​ការ​លើក​ឡើង អ្នក​ឯង​ជឿ​ឬ​មិន​ជឿ អា​ហ្នឹង​ជា​រឿង​ផ្ទាល់​ខ្លួន។ ក៏​ប៉ុន្តែ​បើ​និយាយ​នៅ​ក្នុង​សាធារណៈ យើង​អាច​ជាប់​ពិរុទ្ធ​ពី​ច្បាប់​ព្រហ្មទណ្ឌ ដែល​យើង​បង្ក​នៅ​ក្នុង​ការ​តតាំង​ជាមួយ​តុលាការ។ ហើយ​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​នៅ​ក្នុង​ការ​នាំ​ឲ្យ​មតិ​សាធារណជន​ដែល​មាន​ចលនា ក្នុង​ការ​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ គឺ​ជា​ទោស​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ»។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បដិសេធ​មិន​អត្ថាធិប្បាយ​លើ​ករណី​នេះ​ដែរ ដោយ​ថា​រឿង​នេះ​ស្ថិត​ក្នុង​ដៃ​របស់​តុលាការ។

រូបឯកសារ៖ ប្រជាពលរដ្ឋ​មក​ចោមរោម​សព​លោក​កែម ឡី​ នៅ​ស្ថានីយ៍​ Caltex ​នៅ​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​លោក​ត្រូវ​បានខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅថ្ងៃ​អាទិត្យ​ ទី​១០ ខែ​កក្កដា​ ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)

លោក​ Brad Adams ​នាយក​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី​ មាន​ប្រសាសន៍​ថា​វីដេអូ​នេះ​មិន​បង្ហាញ​ឲ្យ​ច្បាស់​ពី​ការ​សម្លាប់​នោះ​ទេ​ ដូច្នេះ​វា​មិន​មែន​ជា​ភស្តុតាង​បញ្ជាក់​១០០​ភាគរយ។

លោក​មានប្រសាសន៍ថា៖ ប្រជាជន​មិន​ជឿ​តុលាការ​កម្ពុជា​នោះ​ទេ ព្រោះ​តុលាការ​មិន​ដែល​ផ្ដល់​ហេតុ​ផល​ណាមួយ​ គួរ​ឲ្យ​ជឿ​ជាក់​បាន។ តុលាការ​មាន​ទំនោរ​នយោបាយ​ទៅ​រក​រដ្ឋាភិបាល»។

លោក​ Brad Adams បាន​ជំរុញ​ឲ្យ​តុលាការ​ និង​អាជ្ញាធរ​វែកមុខ​អ្នក​នៅ​ពី​ក្រោយ​ការ​សម្លាប់​នេះ។

«ការ​បាញ់​សម្លាប់​នេះ​ចម្លែក​ណាស់។ ហេតុ​អ្វី​អ្នក​បាញ់​សម្លាប់​គ្រាន់​តែ​ដើរ​ចេញ​ពី​កន្លែង​បាញ់​សម្លាប់​ហើយ​ឲ្យ​គេ​ចាប់​ ដោយ​មិន​មាន​គម្រោង​រត់​គេច។ នេះ​ហាក់​ដូច​ជា​ការ​ភ្ញាក់​ផ្អើល​មួយ​សម្រាប់​ខ្ញុំ។​ ខ្ញុំ​នៅ​តែ​អត់​យល់»។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​ប្រព័ន្ធ​តេលេក្រាម​ថា៖ «សវនាការ​បាន​បង្ហាញ​អោយ​ឃើញ​រួច​ហើយ​នូវ​សកម្មភាព​របស់​ជនជាប់ចោទ​ដែល​ត្រូវ​បាន​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព​របស់​ស្ថានីយ​ប្រេង​កាល់​តិច។ ភស្តុតាង​នេះ​បាន​ចាប់​យក​ពី​កន្លែង​កើត​ហេតុ​ផ្ទាល់​និង​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ពិត។ ម្យ៉ាង​ទៀត ការ​វិភាគ​និង​វាយ​តម្លៃ​លើ​ភស្តុតាង ​ត្រូវ​ធ្វើ​ឡើង​តាម​បែប​បច្ចេកទេស​វិទ្យាសាស្ត្រ»។

ការ​បាញ់​សម្លាប់​ លោក កែម ឡី ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ករណី​បាញ់​សម្លាប់​ក្នុង​មូលហេតុ​នយោបាយ។ លោក​ត្រូវ​បាន​គេ​បាញ់​សម្លាប់​តែ​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​លោក​ធ្វើ​ការ​អត្ថាធិប្បាយ​លើ​របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ Global​ Witness​ ដែល​មាន​ទីតាំង​នៅ​ក្នុង​ទី​ក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស។

របាយការណ៍​របស់​អង្គការ​នេះ បាន​លាត​ត្រដាង​ពី​ចំនួន​ទឹកប្រាក់​ក្នុង​អាជីវកម្ម​យ៉ាងតិច​២០០​លាន​ដុល្លារ​ របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន។

ការ​ស៊ើប​អង្កេត​មួយរបស់​ទូរទស្សន៍ Al Jazeera ដែល​ជា​ស្ថាប័ន​ព័ត៌មាន​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា​ ការ​រៀបចំ​គម្រោង​សម្លាប់លោក​ កែម ឡី ចាប់​ផ្ដើម​មុន​ពេល​ផ្សាយ​របាយការណ៍​នេះ ដោយ​មនុស្ស​ដែល​ស្គាល់​ជួប សំលាប់​ បាន​និយាយ​ថា​លោក ជួប សំលាប់ ​បាន​ជួប​ជាមួយ​មន្ត្រី​យោធា​ប៉ុន្មាន​សប្ដាហ៍​មុន​ការ​បាញ់​សម្លាប់​នេះ។

ក្នុង​ករណី​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្ដឹង​អ្នកវិភាគ​លោក គឹម សុខ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង លោកស្រី ថាក់​ ឡានី ករណី​ចោទ​ប្រកាន់​ថា​គណបក្ស​កាន់អំណាច​នៅ​ពី​ក្រោយ​ការ​សម្លាប់​នេះ។ លោក ហ៊ុន សែន បាន​ច្រានចោល​ការ​ចោទ​ប្រកាន់។

ចំណែក​ម្ដាយ​របស់​លោក​បណ្ឌិត​ កែម​ ឡី ដែល​រស់​នៅ​ក្នុង​ខេត្ត​តាកែវ ​គឺ​លោក​ស្រី ភោគ សេ អាយុ៧៧ឆ្នាំ នៅ​តែ​មាន​ចម្ងល់​ជាប់​ក្នុង​ចិត្ត​ជានិច្ច​ថា ​តើ​ហេតុ​អ្វី​បាន​ជា​កូន​ប្រុស​របស់​លោកស្រី ​ត្រូវ​បាន​គេ​បាញ់​សម្លាប់។

លោក​ស្រី​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិន​ជឿ​ទេ! កូន​ខ្ញុំ​មិន​ដែល​ខ្ចី​លុយ​អាណា​ទេ។ ជំពាក់​លុយ​ គេ​ទារ​លុយ គេ​មិន​យក​ទៅ​សម្លាប់​អញ្ចឹង​ទេ»។ លោកស្រី​សង្ឃឹម​ថា ​តុលាការ​នឹង​ស្វែង​រក​យុត្តិធម៌​ជូន​កូនប្រុស​របស់​លោក​ស្រី៕