កូនប្រពន្ធរបស់ក្រុមសកម្មជននយោបាយគណបក្សប្រឆាំងចំនួន ១៥នាក់ ដែលកំពុងជាប់ពន្ធនាគារបានធ្វើការតវ៉ាជាថ្មីទៀត នៅថ្ងៃសុក្រនេះ ដោយពួកគេយកញត្តិទៅដាក់នៅស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បន្ទាប់ពីពួកគេបានប្រមូលផ្តុំនៅមុខសាលាដំបូងរាជធានីភ្នំពេញ។
ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិទាំង ១៥នាក់ ត្រូវបានចាប់ឃុំខ្លួន ដោយសារការអត្ថាធិប្បាយនិងចែករំលែកព័ត៌មាននានា ពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ចប្រទេសនិងវិបត្តិជំងឺឆ្លងកូវីដ១៩ និងករណីគម្រោងរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិវិលត្រឡប់ចូលប្រទេសវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
បើតាមញត្តិដែលបានដាក់ជូនស្ថានទូតសហភាពអឺរ៉ុប ក្រុមអ្នកតវ៉ាបានលើកឡើងថា ការចាប់ខ្លួនស្វាមីនិងឪពុករបស់ពួកគេ បានធ្វើឲ្យគ្រួសាររបស់ពួកគាត់រងការលំបាកយ៉ាងខ្លាំង ពាក់ព័ន្ធទៅនឹងបញ្ហាដោះស្រាយជីវភាព ការបាត់បង់មុខរបរ ការប៉ះទង្គិចផ្លូវចិត្តសុខភាពចុះខ្សោយ និងជាងនេះទៅទៀតនោះ គឺកូនៗខ្លះរបស់សកម្មជនទាំងនេះ បានធ្លាក់ខ្លួនឈឺ ឬបោះបង់ការសិក្សា។
អ្នកស្រី សេង ចាន់ថន អាយុ៤៨ឆ្នាំ ជាភរិយាលោក ស៊ុន ធន់ អតីតក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ បានប្រាប់វីអូអេ នៅមុខស្ថានទូតសហភាពអឺរ៉ុបថា សហភាពអឺរ៉ុបជាសហគមន៍មួយដែលផ្តល់តម្លៃដល់ការគោរពសិទ្ធិមនុស្ស ហើយក៏ជាអ្នកឃ្លាំមើលស្ថានការណ៍នៅប្រទេសកម្ពុជាផងដែរ។ ហេតុដូច្នេះអ្នកស្រីជឿថា សហភាពអឺរ៉ុបអាចផ្តល់ជំនួយផ្នែកសិទ្ធិមនុស្ស ដើម្បីជំរុញឲ្យមានការដោះលែងស្វាមីរបស់អ្នកស្រី។
«គាត់ក៏ជាអ្នកឃ្លាំមើលនៅស្រុកខ្មែរយើងដែរ អ៊ីចឹងគាត់គឺៗជាអ្នកយុត្តិធម៌ម្នាក់សម្រាប់សង្គមខ្មែរខ្ញុំណា៎។ អីចឹងខ្ញុំមានតែពឹងពួកគាត់ទេ ដែលរករកយុត្តិធម៌ឲ្យពួកខ្ញុំដែលរក្សាសិទ្ធិឲ្យពួកខ្ញុំ»។
ស្ថានទូតសហភាពអឺរ៉ុបស្ថិតនៅក្បែរគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រុមកងសន្តិសុខជាង ២០នាក់ ដែលខ្លះស្លៀកពាក់ស៊ីវិលក៏បានមកឃ្លាំមើលការដាក់ញត្តិរបស់សមាជិកគ្រួសារនៃសកម្មជននយោបាយគណបក្សប្រឆាំងនេះដែរ។
ក្រុមអ្នកដាក់ញត្តិមានគ្នាប្រមាណប្រាំនាក់មិនត្រូវបានក្រុមសន្តិសុខអនុញ្ញាតឲ្យអង្គុយនៅក្រោមដើមឈើ ឬឈរផ្តុំគ្នាទល់មុខរបងស្ថានទូតសហភាពអឺរ៉ុបទេ ខណៈអ្នកដាក់ញត្តិពីរនាក់ត្រូវបានអនុញ្ញាតឲ្យចូលក្នុងស្ថានទូត ដែលស្ថិតក្រោមការយាមកាមយ៉ាងតឹងរ៉ឹងពីមន្ត្រីនគរបាល។ ក្រុមអ្នកដាក់ញត្តិក៏ត្រូវបានកងសន្តិសុខរឹតត្បិតមិនឲ្យលើកបដាជាច្រើននាទីផងដែរ។
អ្នកស្រី អ៊ុក ចាន់ធី អាយុ៤៩ឆ្នាំ ភរិយារបស់លោក យឹម សារ៉េត អាយុ៥២ឆ្នាំ អតីតជំទប់ទីមួយនៅឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង និយាយថា វត្តមានរបស់កងសន្តិសុខជាការគំរាមកំហែង។
«គាត់មកហ្នឹងគាត់ធ្វើឲ្យយើងហ្នឹងភ័យខ្លាចបង្កចលាចលអ៊ីចឹង។ តែខ្ញុំមក ពួកខ្ញុំមកតែប៉ុន្មាននាក់ហ្នឹង!មកតាមភាពត្រឹមត្រូវ គ្មានបង្កភាពចលាចលអីទេចា៎»។
នៅមុនការយកញត្តិទៅស្ថានទូតសហភាពអឺររ៉ុបនោះ ក្រុមអ្នកដាក់ញត្តិទាំងអស់បាននាំគ្នាទៅតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ។
ក្រុមសន្តិសុខជាង ២០នាក់ ដែលខ្លះស្លៀកពាក់ស៊ីវិល ក៏បានឃ្លាំមើលក្រុមអ្នកតវ៉ាដែរ។ សមាជិកកងសន្តិសុខមួយចំនួនបានព្យាយាមរារាំងមិនឲ្យអ្នកតវ៉ាលើកបដា និងដណ្តើមបដាពីក្រុមអ្នកតវ៉ា។ បដាទាំងនោះមានការសរសេរទាមទារសុំឲ្យដោះលែងអតីតមន្ត្រីគណបក្សប្រឆាំង ដែលកំពុងជាប់ឃុំទាំងនោះ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញមានប្រសាសន៍ថា ក្រុមកងសន្តិសុខគ្មានចេតនាបិទសិទ្ធិការជួបជុំរបស់ក្រុមអ្នកតវ៉ានោះទេ តែខាងភាគីសន្តិសុខគ្រាន់តែចង់រក្សាឲ្យបានល្អនូវសណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះ។
«ខ្ញុំបានសួរនាំទៅអ៊ីចេះគ្រាន់តែមានការរៀបចំសណ្តាប់ធ្នាប់ ហើយចរាចរណ៍អីហ្នឹងហើយនិងណែនាំមិនឲ្យប្រជាពលរដ្ឋរបស់យើងនេះហ្នឹង ដែលគាត់លើកបដាលើកអីហ្នឹង កុំឲ្យធ្វើសកម្មភាពអ៊ីចឹង ហើយវានាំរំខានទៅដល់ការងាររបស់ស្ថាប័នតុលាការ ដែលយើងត្រូវរក្សាសន្តិសុខរក្សាអីជូន»។
ទោះជាយ៉ាងណា លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេនៅមុខតុលាការក្រុងភ្នំពេញថា សកម្មភាពរបស់កងសន្តិសុខជាទង្វើបំបិទសេរីភាពក្នុងការជួបជុំសម្តែងមតិ។
«គាត់ចង់លើកបដាក្នុងការទាមទារឲ្យមានការដោះលែង ហើយបែរជាមានការរារាំងចាប់យកបដាអ៊ីចឹង យើងគិតថា វាជាការបិទនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពួកគាត់»។
អ្នកស្រី សុខ បូលីម៉ា អាយុ៥០ឆ្នាំ ជាភរិយាលោក ឃឹម ភាណា អាយុ៥៤ឆ្នាំ អតីតចៅសង្កាត់ផ្សារដេប៉ូ៣ ក្នុងខណ្ឌទួលគោក មានប្រសាសន៍នៅមុខតុលាការក្រុងភ្នំពេញថា អ្នកស្រីកំពុងប្រឈមផលវិបាកខាងហិរញ្ញវត្ថុ។ អ្នកស្រីបន្ថែមថា អ្នកស្រីបានបាត់បង់ការងារដែលអ្នកស្រីអាចរកបានប្រមាណ ២០០ដុល្លារ ក្នុងមួយខែ ពីការងារជាអ្នកសម្អាតអនាម័យ នៅក្រោយពេលស្វាមីអ្នកស្រីត្រូវបានគេចាប់ឃុំខ្លួន។
«វាជួបការលំបាកខ្លាំងហ្មងសេដ្ឋកិច្ច។ ក្រុមគ្រួសារអត់ការងារធ្វើ។ បើខ្ញុំមានការងារធ្វើទៅប្រាក់ខែ២១០[ដុល្លារ] ហ្នឹងយើងឆ្លៀតទៅមើលប្តីទីណា៎ហ្នឹងហើយ ២០ម៉ឺនអីអ៊ីចឹងទៅ! កន្លះខែអីអ៊ីចឹងទៅ ២០ម៉ឺនទៅ។ បើគាត់អត់លុយគាត់តេ (ទូរស័ព្ទ) មកគាត់អត់លុយ អ៊ីចឹងទៅខ្ចីគេយកទៅឲ្យគាត់ចឹងទៅ»។
នេះជាលើកទីបីហើយដែលក្រុមគ្រួសាររបស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិបានចេញមកតវ៉ា។ ក្នុងការតវ៉ាពីរលើកកន្លងមក ពួកគេបានយកញត្តិទៅដាក់នៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ចាត់ទុកថា ការតវ៉ារបស់ក្រុមអ្នកតវ៉ានេះមានចរិតនយោបាយផងដែរ ដោយលោកថា ក្រុមអ្នកតវ៉ាដឹងថា ខ្លួនមិនអាចធ្វើអ្វីបានជាមួយស្ថាប័នតុលាការទើបបានជាពួកគេសម្រេចចិត្តស្វះស្វែងរកការគាំទ្រខាងនយោបាយពីសហគមន៍អន្តរជាតិនានា។
«គាត់ដឹងថា ផ្លូវច្បាប់គឺគាត់ទៅមិនរួចអ៊ីចឹង បានជាគាត់ប្រើរូបភាពនយោបាយវិញ ដើម្បីជាការដាក់សម្ពាធ ក៏ប៉ុន្តែទោះជាយ៉ាងណា ជាគោលការណ៍ច្បាប់ វិធានការទាំងអស់នេះ គឺមិនមានឥទ្ធិពលទៅនឹងការសម្រេចរបស់តុលាការទេ»។
ស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាមិនទាន់ឆ្លើយតបសំណួរ ដែលបានផ្ញើតាមសារអេឡិចត្រូនិកអ៊ីម៉េលទេ រហូតមកដល់ល្ងាចថ្ងៃសុក្រនេះ។
ក៏ប៉ុន្តែអ្នកស្រី សុខ បូលីម៉ា ដែលបានយកញត្តិជាមួយអ្នកតវ៉ាម្នាក់ទៀតទៅជូនឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ប្រាប់អ្នកសារព័ត៌មានថា ស្ថានទូតសហភាពអឺរ៉ុបនឹងឆ្លើយតបមកក្រុមអ្នកតវ៉ាក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីទទួលបានញត្តិ៕