គ្រួសារ​ខ្មែរ​អាមេរិកាំង​តស៊ូ​ផ្លូវច្បាប់​ទល់​នឹង​ការបញ្ជូន​ចេញ

Your browser doesn’t support HTML5

គ្រួសារ​ខ្មែរ​អាមេរិកាំង​តស៊ូ​ផ្លូវ​តុលាការ​ទល់​នឹង​ការបណ្តេញ​ចេញ

ប្រទេស​កម្ពុជា​បាន​​គ្រោង​ទទួល​យក​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ប្រព្រឹត្ត​ខុសច្បាប់​សហរដ្ឋ​អាមេរិក​​ចំនួន​​៧០​នាក់​កាលពី​ខែ​ធ្នូ។

បទបញ្ជា​បណ្តោះ​អាសន្ន​របស់​តុលាការ​ក្នុងរដ្ឋ​កាលីហ្វញ៉ា​កាលពី​ចុង​ឆ្នាំ​២០១៧​បាន​ជួយ​ពន្យា​ការ​បញ្ជូន​លោក​កុសល ឈឹម ​ចេញ​ពី​សហរដ្ឋ​អាមេរិក​ហើយ​ពេលនេះ​គ្រួសារ​របស់​លោក​កំពុង​តែ​ប្តឹងទាម​ទារឱ្យ​បើក​សំណុំរឿងឡើងវិញ​ដើម្បី​សុំ​សិទ្ធិ​បន្ត​រស់​នៅ។

អ្នកស្រី​ សាងហៀ ប្រាក់​ ភរិយា​របស់​លោក​កុសល ឈឹម​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​គណៈ​គ្រប់គ្រងបណ្តឹង​ឧទ្ធរណ៍​របស់​ជន​អន្តោប្រវេសន៍ (​The Board of Immigration Appeals)​ និងប្រមូល​សំឡេងគាំទ្រ។

អ្នកស្រី​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«នេះ​គឺជា​អ្វី​ដែល​មេធាវី​របស់​យើង​បាន​ដាក់ប្តឹង​ទៅ​គណៈ​គ្រប់គ្រង​បណ្តឹង​ឧទ្ធរណ៍​ឱ្យ​បើក​សំណុំរឿង​របស់​គាត់​ឡើង​វិញ។ យើង​កំពុង​រង់ចាំ​ការសម្រេច‍»។​

លោក​កុសល ឈឹម ​បាន​ជាប់​ពន្ធនាគារ​ប្រាំឆ្នាំ​កាលពីឆ្នាំ​២០០១​ដោយសារតែការប្រើហិង្សា​លើ​អតីតសង្សារ។

ពេលនេះ​កំហុស​ដែល​លោក​បាន​ប្រព្រឹត្ត​កាលពី​១៦ឆ្នាំ​មុន​ បាន​តាម​មក​រក​លោក​វិញ។ លោកត្រូវ​ប៉ូលិស​អន្តោប្រវេសន៍ចាប់ខ្លួនកាលពី​ថ្ងៃទី​២ខែ​តុលាឆ្នាំ​២០១៧​ពេល​កំពុង​រៀបចំ​ចាកចេញ​ពីផ្ទះទៅ​ធ្វើការ​នៅ​ពេល​ព្រឹក​ព្រលឹម​ហើយគ្រោង​បញ្ជូន​ចេញ​ទៅ​កម្ពុជា​នៅថ្ងៃទី​១៨ខែ​ធ្នូ​ឆ្នាំ​មុន។ ប៉ុន្តែ​ត្រូវ​អាក់​ខាន​វិញ​បន្ទាប់ពី​មាន​បទបញ្ជា​របស់​តុលាការ​រដ្ឋ​កាលីហ្វញ៉ាឱ្យ​ផ្អាកសិន​តាម​បណ្តឹង​របស់​ក្រុម​ការពារ​សិទ្ធិ​ពលរដ្ឋ​ដែល​ចោទ​ថា​ការចាប់​ខ្លួន​មួយ​ចំនួន​ធ្វើឡើង​ដោយ​មិន​ស្រប​តាម​នីតិវិធី។ ​

ក្រុមគ្រួសារ​លោក​កុសល ឈឹម​បាន​មក​ដល់​សហរដ្ឋ​អាមេរិក​នៅឆ្នាំ​១៩៨៣​ពេល​ដែល​កុសល​មាន​អាយុ​៨ឆ្នាំ​ប៉ុន្តែ​មិន​ដែល​បាន​ចូល​សញ្ជាតិ​អាមេរិកាំង​ទេ។

កុសល​បាន​ទិញ​ផ្ទះ​មួយ​នៅទីក្រុង​Stafford ​រដ្ឋVirginia​កាលពី​ពីរ​ឆ្នាំ​មុន​ដើម្បី​សម្រេច​ក្តី​សុបិន​អាមេរិកាំង​របស់​គាត់​ហើយ​បានប្រមូល​បងប្អូន​និង​ម្តាយ​មក​នៅជុំ​គ្នា។ ក្រុមគ្រួសារ​រំពឹង​ថា​បន្ទុក​ដែល​កុសល​ត្រូវ​រ៉ាប់​រង​ដោយ​រួមទាំង​បញ្ហា​សុខភាព​របស់​ម្តាយ​នឹង​អាច​ធ្វើ​ឱ្យ​គណៈ​គ្រប់គ្រងបណ្តឹង​ឧទ្ធរណ៍​របស់​ជន​អន្តោប្រវេសន៍​សម្រេច​ឱ្យ​បើក​សំណុំរឿង​របស់​គាត់​ឡើងវិញ។

អ្នកស្រី​មួយ គ្រួច ​ជាម្តាយ​បាន​បញ្ជាក់​ថា​ការបញ្ជូន​កុសល ​ចេញ​នឹង​បង្ក​ការលំបាក​ដល់​ក្រុម​គ្រួសារ។​

«ពេល​បញ្ជូន​វា​ខ្ញុំ​មាន​ការលំបាក​ណាស់។ ខ្ញុំ​មាន​កូន​មួយ​កូន​បង​ហ្នឹង​បាន​ជួយ​ថែរក្សា។ ប្តី​ស្លាប់​ទៅ​នៅ​សល់​កូន។ ឥឡូវកូន​ត្រូវ​គេ​បញ្ជូន​ទៅទៀត‍»។​

អ្នកស្រី​មួយ គ្រួច ​មាន​ជំងឺ​ទន់ស្វិត​សាច់ដុំហៅថា(Myasthenia Gravis)ដែល​មាន​សុខភាព​ធ្លាក់​ចុះ​ជា​លំដាប់៖

«ខ្ញុំ​សព្វថ្ងៃ​និយាយ​មិន​ច្បាស់​ទេ។ អណ្តាតរឹង​។ អណ្តាត​រឹង​លេបអី​អត់​បាន​ទេ។ ដល់​យូរ​អត់​មាន​ម្អូបចូល​ពោះ​គេ​ចោះ​ពោះ​ខ្ញុំ​ដាក់​ទុយោ​ច្របាច់​ម្អូប​ចូល​ក្នុង​ពោះ‍»។​

ប្រទេស​កម្ពុជា​បានគ្រោង​ទទួល​យក​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ប្រព្រឹត្ត​ខុសច្បាប់​សហរដ្ឋ​អាមេរិកចំនួន៧០​នាក់​កាលពី​ខែ​ធ្នូ។ នៅពេលនេះ​កុសល​កំពុង​តែ​ត្រូវឃុំ​ខ្លួន​នៅ​មន្ទីរ​ឃុំឃាំង​Farmville Detention Center ក្នុង​រដ្ឋ​Virginia ​ហើយ​ក្រុម​គ្រួសារ​អាចទៅ​ជួបបាន​មួយ​ម៉ោង​នៅរាល់​ចុង​សប្តាហ៍។

មុនពេល​ចាប់​ខ្លួន​កុសល​គឺជា​អ្នកបច្ចេកទេស​ខាង​ម៉ាស៊ីន​ត្រជាក់​និង​ជា​ប្រភព​ចំណូល​ចិញ្ចឹម​ក្រុមគ្រួសារ។​នៅពេល​នេះ​ផលវិបាក​បាន​ប៉ះពាល់​គ្រួសារ​ដោយ​អ្នកស្រី​សាងហៀ ​ប្រាក់​ត្រូវ​ធ្វើ​ការ​ទ្វេដង​ដោយ​ត្រូវ​បែងចែក​ពេលវេលា​រវាង​ការងារ​នៅ​មន្ទីរពេទ្យ​នា​ពេលយប់និងជាគ្រូ​បង្រៀន​នៅ​ពេល​ថ្ងៃ​ហើយ​ត្រូវ​មើលថែ​កូន​តូច​និង​ម្តាយ​ក្មេក​ដែល​មាន​ជំងឺ។ ​បន្ថែម​ពីនេះ​គឺត្រូវ​រត់​ការក្រដាស​ស្នាម​តុលាការ​និង​តម្លៃ​ជួល​មេធាវី​ដ៏ថ្លៃ។

នាង គីម ស័រ ​ដែលត្រូវ​ជាប្អូនថ្លៃ​បញ្ជាក់​ថា៖

«អត់​គាត់​គឺ​ពិត​ជា​ពិបាក​ណាស់។ ជីវភាព​ពួកយើង​នឹង​ពិបាក​ខ្លាំង។ ខ្ញុំ​មិនដឹង​ថា​យើង​នឹង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទៀត​ទេ។ យើង​អាច​ខំប្រឹង​ប៉ុន្តែ​យើង​ត្រូវការ​គាត់​ឱ្យ​នៅ​ជាមួយ​យើង​ជាពិសេស​កូន​របស់​គាត់​និង​ការមើល​ថែ​ផ្ទះ​នេះ‍»។

កុសល​មាន​កូនស្រី​មួយ​អាយុ​ទើបតែពីរ​ឆ្នាំ​ជាមួយ​នឹង​អ្នកស្រី​សាងហៀ ប្រាក់​និង​កូនប្រុស​ស្រី​ពីរនាក់​ទៀត​ជាមួយ​នឹង​ប្រពន្ធ​មុន។

អ្នក​ស្រី​សាងហៀ ប្រាក់​ បញ្ជាក់​ថា​បន្ទាប់ពី​ចេញពី​ពន្ធនាគារ​ក្នុង​ឆ្នាំ​២០០៧ ​រហូត​មកកុសល ឈឹម​មិន​ដែល​មាន​ប្រព្រឹត្តខុស​អ្វី​ទៀត​ទេ។

«គាត់​មិន​ដែល​ធ្វើ​បាប​ខ្ញុំ​ផង។ ពេល​ខ្ញុំ​រៀន​នៅ​បូស្តុន​គាត់​ជួយខ្ញុំ​។ គាត់ធ្វើ​ការ។ ពួកយើង​អត់នៅ​ជាមួយ​គ្នា​ទេ។ ខ្ញុំ​រៀន​នៅ​បូស្តុន​ហើយ​គាត់​នៅVirginia ។ គាត់​ជួយ​ប្រាក់​កាក់។ គាត់​មិន​ដែល​ធ្វើ​បាបខ្ញុំ​ទេ។ ពួកយើង​នៅ​ជាមួយ​គ្នា។ ខ្ញុំ​នៅ​បូស្តុន​បីបួន​ឆ្នាំ​ទាល់តែ​ខ្ញុំ​រៀនចប់​បាន​ពួក​យើង​នៅ​ជួបជុំ​នៅ​ជាមួយ​គ្នា។ គាត់​មិនមែន​មនុស្ស​អាក្រក់​ទេ‍»។​

អ្នកជិត​ខាង​ក៏ចូលរួមជួយ​គាំទ្រ​ដែរ​ដោយ​បាន​សរសេរ​លិខិត​ទៅ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ។

អ្នកស្រី អេលលី ខនលី (Ellie Conley) ដែល​ជា​អ្នក​ជិតខាង​បាន​បញ្ជាក់​ថា៖

«គាត់​បង្ហាញ​នូវ​ក្តី​មេត្តាករុណា​និង​មិត្តភាព​ដល់​យើង​គ្រប់គ្នា​និង​អ្នកជិតខាង។ គាត់​ទ្រទ្រង់​គ្រួសារ​។ គាត់​ស្រឡាញ់​ប្រពន្ធ​កូន​និង​ក្រុមគ្រួសារ។ យើង​នឹង​ខកចិត្ត​បើ​គាត់​មិន​អាច​មក​ផ្ទះ​វិញ​បាន‍»។​

អ្នកស្រី​ជេរី ស្តេហ្វឹន (Jeri Stephens)​ដែល​នៅ​ផ្ទះ​ទល់​មុខ​បាន​បន្ថែម​ថា៖

«ខ្ញុំ​គិត​ថា​យើង​នឹង​បាត់​ពលរដ្ឋ​ល្អម្នាក់។ គាត់​ចូលមកនៅ​ហើយ​គោរព​តាម​ស្តង់ដា​សហគមន៍​របស់​យើង​និង​រដ្ឋ​ធម្មនុញ្ញ​ប្រទេស។ វាជា​ការ​បាត់​បង់​សម្រាប់​ពួកយើង។ ហើយ​សម្រាប់​គ្រួសារ​របស់​គាត់​ថា​តើ​ត្រូវ​ដោះស្រាយ​រឿងនេះ​យ៉ាង​ណា? អ្វីដែល​ពួកគេ​ជួបប្រទះ​គឺពិតជា​ពិបាក​ណាស់​តើ​ពួកគេ​អាច​រស់​នៅ​បាន​ដូចម្តេច​ទៅ?‍»

អ្នកស្រី​មែរី ស្តែនហ្វដ​(Meri Stanford) ​ដែល​ជា​អ្នក​ជិតខាង​ម្នាក់​ទៀត​បាន​បញ្ជាក់​ថា៖

«ខ្ញុំ​ខូចចិត្តណាស់។ ខ្ញុំ​មាន​អារម្មណ៍​ក្តុកក្តួល​ដោយសារ​គាត់​ជា​មនុស្ស​ល្អ​។ ខ្ញុំ​បន់ស្រន់​ដល់​គាត់​រាល់ពេល​ព្រឹកព្រលឹម​សូមឱ្យ​ព្រះជាម្ចាស់​ជួយ​ឱ្យ​គាត់​បាន​ស្នាក់នៅ​ជាមួយ​នឹង​ក្រុម​គ្រួសារ។ ខ្ញុំ​នឹង​ខ្លោចផ្សារ​ក្នុងចិត្ត​បើសិន​ជា​គេ​បញ្ជូនគាត់​ទៅស្រុក​ខ្មែរ។ តើ​គាត់​អាច​ធ្វើ​អ្វី​បាន? តើ​គាត់​ត្រូវ​ទៅ​ទីណា? គ្រួសារ​គាត់​នៅ​ទីនេះ​ទាំងអស់។ គាត់​មាន​ប្រពន្ធ​កូន ម្តាយ​និង​បងប្អូន។ ពួកគេ​នៅ​ទីនេះ​ទាំងអស់​ដូច្នេះ​គាត់​ត្រូវ​តែ​នៅ​ទីនេះ‍»។​

ក្រុមគ្រួសារ​នៅតែ​រក្សា​ក្តី​សង្ឃឹម​ថា​អាច​នឹង​ឈ្នះ​ក្តី​នេះ​ឡើងវិញ​ព្រោះ​ការបណ្តេញចេញនេះ​មិនយុត្តិធម៌​ទេ​ហើយ​កុសល​បាន​ចូលរួម​ធ្វើ​សកម្មភាព​សង្គម​យ៉ាង​សកម្ម។

អ្នកស្រី​សាងហៀ ប្រាក់​បាន​បន្ថែម​ថា៖

«ខ្ញុំ​មាន​អារម្មណ៍​ថា​វា​ជា​ទោស​ប្រហារ​ជីវិត​ដល់​ជនណា​ម្នាក់​ដែល​មាន​ស្ថានភាព​ដូច​គាត់​អីចឹង​ដោយសារ​តែ​គាត់​មក​ដល់​ទីនេះ​តាំងតែ​ពីតូច។ គាត់​ស្គាល់តែ​សហរដ្ឋ​អាមេរិក។ នៅ​ពេល​ណា​អ្នក​យក​អ្នកណា​ម្នាក់​ទៅដាក់​ប្រទេស​ដែល​គេ​មិន​ស្គាល់​សោះ​ហើយ​មិន​ចេះ​អាន​និង​សរសេរ​គឺ​ពិត​ជា​លំបាក​ណាស់‍»។​

បើសិនជា​បរាជ័យ​ក្នុង​ការទាមទារ​តាម​ផ្លូវ​តុលាការ​គឺ​អ្នកស្រី​នឹង​ត្រូវ​រើ​ទៅ​នៅប្រទេស​កម្ពុជា​វិញ​ដែរ៖

«មាន​ន័យ​ថា​បើ​គេ​បញ្ជូន​គាត់​ទៅ​ស្រុក​ខ្មែរ​គឺ​ខ្ញុំ​និង​កូនត្រូវ​ទៅ​តាម​ដែរ​ហើយ​ពួកយើង​អត់​ចង់​បែក​បាក់គ្រួសារ​ទេ‍»។

ប៉ុន្តែ​សម្រាប់​អ្នកស្រី​ មួយ គ្រួច ​ជាម្តាយ​គឺ​មិន​អាច​ផ្លាស់​ទៅ​កម្ពុជា​វិញទេ​ដោយសារតែ​ស្ថានភាព​សុខភាព។​

អ្នកស្រី​បន្ថែម​ថា៖​

«ជំងឺ​ខ្ញុំ​គ្រាន់តែ​ទៅមើល​កូន​គឺ​ទៅ​បាន​តែ​ជំងឺខ្ញុំ​ទៅទីនោះ​ខ្ញុំ​មាន​លុយ​ឯណា​មើល​ខ្លួន? ជំងឺ​ខ្ញុំ​មួយថ្ងៃ​កាត់​មួយ​ថ្ងៃកោ។ ជំងឺ​ខ្ញុំ​សព្វថ្ងៃ​រស់តែ​នឹង​ថ្នាំ​ហ្នឹង។ ខ្ញុំ​អត់លេប​ថ្នាំ​ខ្ញុំ​អត់​លេប​អី​រួច​ទេ»។

ក្រុមគ្រួសារ​កំពុងតែ​ធ្វើ​យុទ្ធនាការ​តាម​អ៊ីនធឺណិត​ដើម្បី​រៃអង្គាស​ប្រាក់​សម្រាប់​បង់​សេវា​មេធាវី​ការពារ​ក្តី។ https://www.gofundme.com/not1morefamily-please-save-my-dad

នៅ​ទូទាំង​សហរដ្ឋអាមេរិក​មាន​ពលរដ្ឋ​ខ្មែរ​ដែល​ប្រឈម​នឹង​ការចាប់​បញ្ជូន​ចេញជិត២០០០​នាក់។ ចាប់​តាំង​ពី​ប្រទេស​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​កាលពី​ឆ្នាំ​២០០២​ជាមួយ​សហរដ្ឋ​អាមេរិក​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន​ទៅ​វិញគឺបានទទួល​ចំនួន​ជាង​៥០០នាក់​ហើយ។ នេះ​បើតាមការបញ្ជាក់​របស់​ក្រុមសកម្មជន​សិទ្ធិ​ពលរដ្ឋ៕