ភរិយារបស់សកម្មជនគណបក្សភ្លើងទៀន ដែលត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃពុធ អះអាងថា ស្វាមីរបស់ពួកគេមិនបាន«ក្លែងបន្លំឯកសារ» និង «ប្រើប្រាស់ឯកសារក្លែង» ដូចការចោទប្រកាន់ឡើយ។ ពួកគេទាមទារឱ្យដោះលែងស្វាមីរបស់ពួកគេឱ្យមានសេរីភាព ដោយចាត់ទុកការចាប់ខ្លួននេះអយុត្តិធម៌ និងជារូបភាពគំរាមកំហែងដល់ស្វាមីដែលជាអ្នកនយោបាយមកពីគណបក្សជំទាស់។
បើតាមគណបក្សភ្លើងទៀន ចាប់តាំងឆ្នាំ២០២៣ ដល់ដើមឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សភ្លើងទៀនចំនួន១២នាក់កំពុងស្ថិតក្នុងពន្ធនាគារ ដោយក្នុងនោះ សកម្មជន២នាក់ទើបត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួននៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដែលរួមមានលោក ម៉ា ចិន្តា អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌដូនពេញ និងលោក ហាក់ កុសល លេខាធិការប្រតិបត្តិគណបក្សភ្លើងទៀនខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ដូច្នេះក្នុងខែមករានេះ សកម្មជនគណបក្សភ្លើងទៀនក្នុងរាជធានីភ្នំពេញចំនួន៤នាក់ត្រូវបានចាប់ខ្លួន តាមដីការបស់តុលាការពាក់ព័ន្ធនឹង«ការក្លែងបន្លំឯកសារ» និង«ប្រើប្រាស់លិខិតក្លែង»។
អ្នកស្រី ផុន ម៉ាឡា អាយុ៥០ឆ្នាំ ភរិយារបស់លោក ម៉ា ចិន្តា អះអាងថា ស្វាមីរបស់អ្នកស្រីមិនបានក្លែងបន្លំឯកសារអ្វីនោះទេ។ អ្នកស្រីទាមទារឱ្យតុលាការដោះលែងស្វាមីអ្នកស្រីឱ្យមានសេរីភាព។
អ្នកស្រីប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា៖ «ខ្ញុំជឿជាក់លើប្តីខ្ញុំ អត់ធ្វើអ៊ីចឹងទេ ព្រោះគាត់ស្រឡាញ់ប្រពន្ធកូនណាស់»។
អ្នកស្រីបន្តថា៖ «ឱ្យគាត់ដោះលែងគ្រួសាររបស់ខ្ញុំមកវិញមក ព្រោះពេលនេះមានតែខ្ញុំមា្នក់ឯង ហើយព្រោះគាត់ជាជំហរគ្រួសារខ្ញុំ»។
ចំណែកអ្នកស្រី មាស ស្រីម៉ៅ ភរិយារបស់លោក ហាក់ កុសល ក៏អះអាងដូចទៅនឹងអ្នកស្រី ផុន ម៉ាឡា ផងដែរ ដោយជឿជាក់ថា ស្វាមីរបស់អ្នកស្រីមិនបានបំភ្លៃឯកសារដូចការលើកឡើងក្នុង «ដីកាបង្គាប់ឱ្យនាំខ្លួន» ដែលចេញដោយចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក យី សុខវួច នោះទេ។
អ្នកស្រីប្រាប់វីអូអេថា៖ «គាត់ថា អត់មានបានក្លែងបន្លំអ៊ីចឹងផង»។
អ្នកស្រីបន្ថែមថា មកដល់ពេលនេះ អ្នកស្រីមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដនៃការចាប់ខ្លួនស្វាមីរបស់អ្នកស្រីនៅឡើយទេ។ អ្នកស្រីក៏ចង់ដឹងអំពីដំណើររឿងពិតប្រាកដផងដែរ។ អ្នកស្រីអំពាវនាវសុំឱ្យតុលាការដោះលែងស្វាមីរបស់អ្នកស្រីឱ្យមានសេរីភាព។
បើតាម «ដីកាបង្គាប់ឱ្យនាំខ្លួន» ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក យី សុខវួច ដែលវីអូអេទទួលបានចំនួន២ច្បាប់ផ្សេងគ្នា ចៅក្រមស៊ើបសួរបានបង្គាប់កងកម្លាំងសាធារណៈចាប់ និងនាំខ្លួនលោក ហាក់ កុសល និងលោក ម៉ា ចិន្តា ប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី២៩ ខែកុម្ភៈ ដើម្បីបំភ្លឺការណ៍ពិតពីបទ«ក្លែងបន្លំ» និងបទ«ប្រើប្រាស់លិខិតក្លែង» ដែលប្រព្រឹត្តនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាបទល្មើសព្រហ្មទណ្ឌ មានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៦២៦ដល់មាត្រា៦២៨នៃក្រមព្រហ្មទណ្ឌ។
តុលាការថា ការសម្រេចនាំខ្លួនសកម្មជនគណបក្សភ្លើងទៀនទាំងពីរនាក់នេះដើម្បីធានាដល់ការបង្ហាញខ្លួនជនត្រូវចោទចំពោះមុខចៅក្រម និងធានាដល់ការស៊ើបសួរឱ្យបានពេញលេញ។ តុលាការបន្ថែមថា លោក ម៉ា ចិន្តា និងលោក ហាក់ កុសល គឺជាគ្នីគ្នារបស់លោក ខឹម ចាន់វណ្ណៈ ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន រាជធានីភ្នំពេញ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងបទ «ក្លែងបន្លំ»និងបទ «ប្រើប្រាស់លិខិតក្លែង»ដូចគ្នា។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ប្រាប់វីអូអេថាអាជ្ញាធរឃាត់ខ្លួនពួកគេទាំង២នាក់ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងបទចោទក្លែងបន្លំឯកសារ។ បើតាមអ្នកនាំពាក្យរូបនេះ ការចាប់ខ្លួននេះធ្វើឡើងទៅតាមដីការបស់តុលាការ ដែលប្តឹងដោយប្រជាពលរដ្ឋពាក់ព័ន្ធនឹងការយកឈ្មោះពួកគេទៅឈរឈ្មោះដោយមិនដឹងខ្លួន។
រហូតមកដល់ពេលនេះ គេមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដទេថា តើការចាប់ខ្លួនសកម្មជនគណបក្សភ្លើងទៀនជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារ ឬលិខិតអ្វីឱ្យពិតប្រាកដនោះទេ បើទោះបីជាអាជ្ញាធរធ្លាប់ប្រាប់វីអូអេថា ពួកគេត្រូវបានពលរដ្ឋប្តឹង ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារសាធារណៈលើឯកសារឈរឈ្មោះធ្វើជាបេក្ខជនបម្រុងឈរឈ្មោះក្រុមប្រឹក្សាសង្កាត់ ដែលអ្នកប្តឹងថា មិនបានដឹងខ្លួនអំពីការឈរឈ្មោះទាំងនោះ។
គណបក្សភ្លើងទៀននៅតែចាត់ទុកថា ការចាប់ខ្លួនសកម្មជនរបស់ខ្លួនបន្ថែមទៀតនេះ គឺជារូបភាពគំរាមកំហែង ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ មិនឱ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន និងធ្វើឱ្យបរិយាកាសនយោបាយអាប់អួរបន្ថែមទៀត មុនការបោះឆ្នោតអសកលឆ្នាំ ២០២៤ ទាំងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នាខែកុម្ភៈ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាខែឧសភាខាងមុខ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៤។
លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន ប្រាប់វីអូអេថា គណបក្សភ្លើងទៀនទាមទារឱ្យដោះលែងលោក ហាក់ កុសល និង លោក ម៉ា ចិន្តា ដោយឥតលក្ខខណ្ឌ និងបញ្ឈប់ការចាប់ខ្លួន ការឃុំខ្លួន ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាពលើថ្នាក់ដឹកនាំ និងសមាជិកគណបក្សភ្លើងទៀន ដើម្បីធានាបរិយាកាសល្អប្រសើរនៅមុនការបោះឆ្នោត។
លោកថ្លែងថា៖ «នេះគឺជារូបភាពមួយមិនល្អ ដែលវាធ្វើឱ្យប៉ះពាល់ដល់បរិយាកាសមុនពេលការបោះឆ្នោតនាពេលខាងមុខ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង នាពេលខាងមុខ»។
បើតាមលោក លី សុធារ៉ាយុត្តិ គណបក្សភ្លើងទៀននឹងចាត់ចែងមេធាវី ដើម្បីការពារក្តីឱ្យលោក ហាក់ កុសល និងលោក ម៉ា ចិន្តា ផងដែរ។
ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយច្រានចោលការលើកឡើងរបស់គណបក្សភ្លើងទៀន។ សមត្ថកិច្ចបញ្ជាក់ថា ការចាប់ខ្លួននេះពុំមានហេតុផលអ្វីពាក់ព័ន្ធដល់ការគំរាមកំហែងធ្វើទុក្ខបុកម្នេញលើសកម្មជនឡើយ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបាននៅឡើយទេ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេថា ឱ្យតែដល់ការបោះឆ្នោតម្តងៗ ទាំងការបោះឆ្នោតសកល និងអសកល តែងតែមានការចាប់ខ្លួននានាដែលកើតឡើងលើសកម្មជនគណបក្សប្រឆាំង ដូចជាក់ស្តែង សមត្ថកិច្ចចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងពីបទផ្សេងៗ ក្នុងនោះមានការក្លែងបន្លំឯកសារជាដើម ដែលធ្វើឱ្យមានមន្ទិលសង្ស័យ និងរងការរិះគន់ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ។
លោកថ្លែងថា៖ «តាំងពីអាណត្តិបោះឆ្នោតជាតិហើយថ្មីៗ ក៏អ៊ីចឹង ហើយមកជិតការបោះឆ្នោតនៃព្រឹត្តិការណ៍បោះឆ្នោតព្រឹទ្ធសភាទៀត វាហាក់ដូចជាអត់ទាន់ អត់មានការឆ្លើយតបទៅនឹងសំណើដែលសហគមន៍ជាតិ អន្តរជាតិគេតែងតែទទូចឱ្យមានការបើកលំហ ការគោរពសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងប្រជាធិបតេយ្យហ្នឹង ឱ្យមានភាពល្អប្រសើរនៅឡើយទេ»។
វីអូអេបានព្យាយាមស្វែងរកដើមបណ្តឹង ដែលប្តឹងថា មន្ត្រីគណបក្សភ្លើងដាក់ខ្លួនជាបេក្ខជនបម្រុងឈរឈ្មោះក្នុងការបោះឆ្នោត ដោយមិនដឹងខ្លួន ប៉ុន្តែមិនអាចរកបានដើម្បីផ្ទៀងផ្ទាត់ និងស្វែងយល់ថា ហេតុអ្វីក៏បណ្តឹងនេះមិនបានកើតមានអំឡុងពេលបញ្ជីបេក្ខជនត្រូវបានផ្សព្វផ្សាយ។
ការចាប់ខ្លួនដោយមិនមានព័ត៌មានអំពីដើមបណ្តឹងនេះបានរងការរិះគន់ទាក់ទងនឹងការអនុវត្តច្បាប់ និងសិទ្ធិមនុស្ស។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗ អង្គការសិទ្ធិមនុស្ស (Human Rights Watch) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំមួយ ដោយលើកឡើងថា ការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សកម្មជនដីធ្លី មេដឹកនាំសង្គមស៊ីវិល មេដឹកនាំសហជីពនៅតែកើតមានឡើង។
អង្គការនេះរិះគន់ថា ស្ថានភាពនៃការគោរពសិទ្ធិមនុស្សកាន់តែមាន «ភាពយ៉ាប់យ៉ឺនបន្ថែមទៀត» ក្នុងឆ្នាំ២០២៣។ អង្គការនេះអះអាងថា នាយករដ្ឋមន្រ្តីថ្មី លោក ហ៊ុន ម៉ាណែត ដែលកាន់អំណាចចាប់តាំងពីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣ មិនបានធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សមានភាពល្អប្រសើរឡើយ៕