ក្រុមគ្រួសាររបស់លោក ថេង សាវឿន និងសហការីរបស់លោក២នាក់ផ្សេងទៀតដែលកំពុងជាប់ឃុំឃាំងបានអះអាងថា ការចោទប្រកាន់របស់តុលាការធ្ងន់ធ្ងរ និងអយុត្តិធម៌ ដោយការពារសកម្មភាពរបស់ក្រុមគ្រួសារថា គឺធ្វើដើម្បីការពារប្រយោជន៍របស់កសិករតែប៉ុណ្ណោះ។
ពួកគេលើកឡើងបែបនេះ ក្រោយតុលាការខេត្តរតនគិរី កាលពីថ្ងៃចន្ទ បានសម្រេចឃុំខ្លួនលោក ថេង សាវឿន និងសហការីរបស់លោក២នាក់ ក្រោមបទចោទប្រកាន់«រួមគំនិតក្បត់»និង«ញុះញង់បង្កអសន្តិសុខសង្គម»។
អ្នកស្រី ញូង សុខហៀង ភរិយារបស់លោក ថេង សាវឿន ប្រាប់វីអូអេថា ការចោទប្រកាន់នេះ«ធ្ងន់ធ្ងរណាស់»សម្រាប់ស្វាមីរបស់អ្នកស្រីដែលជាអ្នកការពារប្រយោជន៍របស់កសិករ។ អ្នកស្រីបន្ថែមថា អ្វីដែលលោក ថេង សាវឿន ធ្វើកន្លងមក គឺដើម្បីជួយសង្គម មិនមែនពាក់ព័ន្ធនឹងការញុះញង់ ក៏ដូចជារួមគំនិតក្បត់ឡើយ។
អ្នកស្រីបញ្ជាក់ថា៖ «ចំពោះខ្ញុំ គឺមានការអំពាវនាវចំពោះអាជ្ញាធរឲ្យទម្លាក់បទចោទទាំងអស់ ដោយសារតែអ្វីដែលគាត់ចោទមក គឺមិនមែនជាសកម្មភាពរបស់គ្រួសារខ្ញុំ និងសហការីទាំងពីររូបជាដាច់ខាត»។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងសហការីរបស់លោក២នាក់ គឺលោក ថាន់ ហាច មន្ត្រីសម្របសម្រួលសហគមន៍ និងលោក ញិល ភាព មន្ត្រីជាន់ខ្ពស់នៃសមាគម ត្រូវបានសមត្ថកិច្ចខេត្តក្រចេះ ឃាត់ខ្លួនកាលពីថ្ងៃពុធសប្តាហ៍មុន ក្រោមការបញ្ជារបស់ស្នងការនគរបាលខេត្តរតនគិរី ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនៅទីនោះ។
អ្នកស្រី ម៉ែន រ៉ន អាយុ៤៨ឆ្នាំ ភរិយារបស់លោក ញិល ភាព ថ្លែងថា អ្នកស្រីចាត់ទុកការចោទប្រកាន់មកលើស្វាមីធ្ងន់ធ្ងរ ជារឿងអយុត្តិធម៌ និងមិនសមហេតុផល ដោយអះអាងថា លោក ញិល ភាព មិនធ្វើអ្វីខុសច្បាប់ឡើយ ហើយលោកធ្វើតែអ្វីដែលជួយកសិករតែប៉ុណ្ណោះ។
អ្នកស្រីថ្លែងថា៖ «ចង់ឲ្យរដ្ឋាភិបាលគាត់ជួយដោះស្រាយសំណុំរឿងហ្នឹង។ ឲ្យគាត់ជួយដោះលែងពួកគាត់ទាំង៣នាក់ហ្នឹងទៅ កុំឲ្យជាប់នៅកន្លែងហ្នឹងទៀត។ សុំឲ្យគាត់ជួយសម្តេចឲ្យគាត់ជួយអ្នកទាំង៣នាក់ហ្នឹងរួចពីកន្លែងហ្នឹង»។
ចំណែកអ្នកស្រី មី លុន អាយុ៥២ឆ្នាំ ម្តាយរបស់លោក ថាន់ ហាច ថ្លែងថា អ្នកស្រីមិនអាចទទួលយកបានឡើយចំពោះការចោទប្រកាន់របស់អាជ្ញាធរ និងតុលាការមកលើកូនប្រុសរបស់អ្នកស្រី។
អ្នកស្រីប្រាប់វីអូអេថា៖ «អត់សមហេតុសមផលទេ អយុត្តិធម៌ណាស់។ ការចោទប្រកាន់មកលើកូនខ្ញុំនេះ ធ្ងន់ណាស់។ អត់មានពាក្យអីដល់ថ្នាក់ហ្នឹងទេ។ កូនខ្ញុំ អត់ធ្វើដល់ថ្នាក់ហ្នឹងទេ។សូមអស់លោកនៅខាងលើទាំអស់ សូមជួយដោះស្រាយឲ្យកូនខ្ញុំផង»។
លោក កែវ ភក្តី អ្នកនាំពាក្យរបស់តុលាការខេត្តរតនគិរី ថ្លែងថាលោកមិនមានអ្វីត្រូវឆ្លើយតបចំពោះការលើកឡើងរបស់ក្រុមគ្រួសារ ដោយសារតែរឿងក្តីក្តាំនេះនៅមិនទាន់មានការសម្រេចចុងក្រោយឡើយ។ វីអូអេមិនទាន់អាចសុំការឆ្លើយតបពីលោក អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរីបាននៅឡើយ។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេកាលពីថ្ងៃចន្ទថា សមត្ថកិច្ចរកឃើញថា វគ្គបណ្តុះបណ្តាលរបស់លោក ថេង សាវឿន បង្កប់អត្ថន័យញុះញង់ឲ្យមានបដិវត្តន៍កសិករ។
គេមិនទាន់ដឹងនៅឡើយទេថា ហេតុអ្វីបានជាសមត្ថកិច្ចខេត្តរតនគិរីបានដំណឹងអំពីកិច្ចប្រជុំផ្ទៃក្នុងរបស់សមាគមលោក ថេង សាវឿន រហូតដល់ចុះទៅស៊ើបអង្កេតពិនិត្យមើលបន្ទប់ ឯកសារ និងកាមេរ៉ាសុវត្ថិភាពនៅសណ្ឋាគារឈ្មោះ Galaxy II Motel ដែលជាកន្លែងលោក ថេង សាវឿន រៀបចំកិច្ចប្រជុំរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៣ និងទី១៤ ខែឧសភា។
ម្ចាស់សណ្ឋាគារ Galaxy II Motel ប្រាប់វីអូអេដោយមិនចង់បង្ហាញឈ្មោះថា ក្រុមការងាររបស់លោក ថេង សាវឿន បានមកជួលបន្ទប់ស្នាក់នៅចំនួន១៤បន្ទប់ រយៈពេល២យប់ ព្រមទាំងជួលបន្ទប់ប្រជុំ និងម្ហូបអាហារផងដែរ ដោយចំណាយប្រាក់ប្រមាណ១.០០០ ដុល្លារអាមេរិក។ ម្ចាស់សណ្ឋាគារដែលជាស្រ្តីឲ្យដឹងទៀតថា នៅថ្ងៃបន្ទាប់ពីកិច្ចប្រជុំ សមត្ថកិច្ចចុះមកសួរនាំ ប្រមូលឯកសារ និងពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅទីនោះ។
ម្ចាស់សណ្ឋាគារបញ្ជាក់ថា ក្រុមខាងអ្នកស្រីមិនបានជូនដំណឹងទៅសមត្ថកិច្ចឡើយអំពីកិច្ចប្រជុំរបស់លោក ថេង សាវឿន។ អ្នកស្រីមិនចង់ឲ្យចុះផ្សាយពាក់ព័ន្ធនឹងឈ្មោះសណ្ឋាគាររបស់អ្នកស្រី ដោយបារម្ភខ្លាចប៉ះពាល់ការរកស៊ី៕