ប្រឈម​បញ្ហា​ជីវភាព​ ​ពលករ​ខ្មែរ​ព្យាយាម​លួច​ឆ្លង​ចូល​ទៅ​ប្រទេស​ថៃ​វិញ

រូបឯកសារ៖ ពលករចំណាកស្រុកកម្ពុជារង់ចាំទទួលឯកសារនៅស្ថានីយប៉ូលិស Aranyaprathet ក្នុងខេត្តសាកែវ ប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤។

អាជ្ញាធរ​កម្ពុជា​ឲ្យ​ដឹង​ថា​ ពលករ​ខ្មែរ​យ៉ាងតិច​ ១០០​ នាក់​ បាន​ព្យាយាម​ឆ្លង​ព្រំដែន​ដោយ​មិន​ស្រប​ច្បាប់​ ដើម្បី​ចូល​ទៅ​រក​ការងារ​ធ្វើ​ក្នុង​ប្រទេស​ថៃ​វិញ ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ។​

ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ព្យាយាម​ឆ្លង​ចូល​ប្រទេស​ថៃ ​លោក ​ព្រាំ វុត្ថា ​និង​អ្នក​ជិត​ខាង​របស់​លោក ​២​ នាក់​ទៀត​បាន​ព្យាយាម​ចេញ​ពី​ស្រុក​កំណើត​ក្នុង​ភូមិ​ថ្ម​ដប់ ​ឃុំ​សំបួរ​ ស្រុក​មង្គល​បុរី​ ខេត្ត​បន្ទាយមានជ័យ ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដើម្បី​ឆ្លង​ចូល​ទៅ​ប្រទេស​ថៃ ​ស្វែង​រក​ការ​ងារ​ធ្វើ។​

លោក​ ព្រាំ វុត្ថា​ អាយុ​២៣​ឆ្នាំ​ និយាយ​ថា​ កាល​ពី​២​ឆ្នាំ​មុន​ លោក​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​ប្រទេស​ថៃ​ ដើម្បី​ធ្វើ​ការ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយ​កន្លែង​ ក្បែរ​ក្រុង​កម្សាន្ត​ទេសចរណ៍​ប៉ាតាយ៉ា​ ខេត្ត​ជលបុរី ​(ឈុនប៊ូរី)​ ដោយ​រក​កម្រៃ​បាន​ប្រមាណ ​៨​ពាន់​បាត​(១​លាន​រៀល)​ ក្នុង​មួយ​ខែ។​

ជា​កូន​ទី​៤​ក្នុង​ចំណោម​បង​ប្អូន​ប្រុស​ស្រី​៥​នាក់​ លោក​ វុត្ថា​ត្រូវ​រ៉ាប់​រង​រក​កម្រៃ​ ដើម្បី​ចិញ្ចឹម​ម្ដាយ​ឪពុក​នៅ​ភូមិ​កំណើត​ដែល​ជាប់​ជំពាក់​បំណុល​គេ។​

ថ្លែង​អំពី​ចំណូល​បាន​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ​នោះ ​ លោក​ វុត្ថា​មាន​ប្រសាសន៍​ថា៖ ​«បាន​ជាង​មុន។​ បើ​បាន​ទៅ​ថៃ ​រក​បាន​ក៏​ឱ្យ​ម៉ែ ​សង​គេ។ ​ផ្ញើ​មក​គាត់​ជំពាក់​គេ ...​សង​គេ​.... ​សង​មិន​ទាន់​រួច»។ លោក​បន្ថែម​ថា៖ ​«ដំបូង​ខ្ចី​ធ្វើ​ផ្ទះ ​ហើយ​ធ្វើ​ស្រែ​ក៏​ខាត​ធន​ទៅ។​ទឹក​វា​លិច​អស់​...​ឆ្នាំ​ណា ​ទឹក​វា​លិច​អស់»។​

កាល​ពី​ខែ​កុម្ភៈ លោក​បាន​ផ្អាក​ការងារ ​ដើម្បី​មក​លេង​ផ្ទះ​មុន​ចូល​ឆ្នាំ​ខ្មែរ ​ហើយ​ការ​គ្រោង​ត្រឡប់​ទៅ​ធ្វើការ​វិញ​ មិន​បាន​សម្រេច​ដោយ​សារ​ការ​បិទ​ច្រក​ព្រំដែន​ពី​សំណាក់​ភាគី​ថៃ​ដើម្បី​បញ្ចៀស​ការ​ឆ្លង​វីរុស​កូរ៉ូណា។​

សម្រាប់​លោក​ វុត្ថា ​ វីរុស​កូរ៉ូណា​មិន​គួរ​ឱ្យ​ខ្លាច​ដូច​ការ​ខ្វះខាត​ចំណូល​នោះ​ទេ ​ដែល​លោក​ត្រូវ​បង្ខំ​ចិត្ត​ប្រថុយ​ប្រថាន​ត្រឡប់​ទៅ​ស្រុក​ថៃ​វិញ​កាល​ពី​ថ្ងៃ​ច័ន្ទ​នោះ។​

លោក​បញ្ជាក់​ថា៖​ «ក៏​នៅ​ផ្ទះ​រក​អី​មិន​បាន​ចាយ។ ...​ រក​វា​មិន​បាន​...​ ពិបាក​នៅ​ផ្ទះ ​ក៏​ត្រូវ​ទៅ​ថៃ»។​

យ៉ាងណា​ក្ដី​ការ​ព្យាយាម​របស់​លោក​ ព្រាំ វុត្ថា ​និង​ពលរដ្ឋ​ដទៃ​ទៀត​សរុប​ ១០​ នាក់​ មិន​ទទួល​បាន​ជោគ​ជ័យ​ទេ ​ដោយ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ស្ទាក់​ឃាត់​ជាប់​នៅ​ស្រុក​ម៉ាឡៃ ​ខេត្ត​បន្ទាយ​មានជ័យ​ និង​ត្រូវ​បាន​បង្គាប់​ឱ្យ​ត្រឡប់​មក​វិញ។​

ប្រជាជន​កម្ពុជា​រាប់​ម៉ឺន​នាក់​កំពុង​ប្រឈម​អត់​ការងារ​ធ្វើ​ ក្នុង​នោះ​មាន​ពលករ​ប្រមាណ​ ៩ ​ម៉ឺន​នាក់ ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​ហើយ​បាត់​បង់​ការងារ​ ហើយ​គ្រួសារ​ប្រឈម​ជំពាក់​បំណុល​គេ។

ស្រដៀង​គ្នា​នេះ​ដែរ​ ពលរដ្ឋ​ម្នាក់​ទៀត​លោក​សម សៀន ​អាយុ​៣៣​ឆ្នាំ ​បាន​បាត់បង់​ចំណូល​ប្រចាំ​ថ្ងៃ​ប្រមាណ ​២៨.០០០ ​រៀល​ ដែល​បាន​ពីការងារ​ជា​កម្មករ​លាយ​កំបោរ​នៅ​ក្នុង​ខេត្ត​សៀមរាប។​ លោក​បាន​ចំណាយ​ប្រាក់​មួយ​ចំនួន​ធ្វើ​លិខិត​ឆ្លង​ព្រំដែន​ ហើយ​ព្យាយាម​ចូល​ទៅ​ប្រទេស​ថៃ​តាម​ច្រក​ម៉ាឡៃ ​ខេត្ត​បន្ទាយ​មានជ័យ​ កាលពី​ថ្ងៃ​ច័ន្ទ។​

កម្មករ​សំណង់​ដែល​មាន​កូន​ប្រុស​ស្រី ​៣ ​នាក់​ រស់​នៅ​ស្រុក​សូទ្រ​និគម​ ខេត្ត​សៀមរាប​រូប​នេះ ​ប្រាប់​VOA​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ទោះ​បី​ភ័យ​ខ្លាច​វីរុស​កូរ៉ូណា ​តែ​កត្តា​ជីវភាព​ជំរុញ​លោក​ឱ្យ​ព្យាយាម​ឆ្លង​ព្រំដែន ​តែ​មិន​បាន​ជោគជ័យ​ ដោយ​សមត្ថ​កិច្ច​ឃាត់​ឱ្យ​ត្រឡប់​មក​វិញ។

«ដឹង​ដែរ ​តែ​នៅ​តែ​បំពាន។​ ជីវភាព​យ៉ាប់​ណាស់​បង​អើយ!។​ ដោយ​សារតែ​ចង់​បាន​ថវិកា​ចិញ្ចឹម​ប្រពន្ធ​កូន​ ដាច់​ចិត្ត ទោះ​រង​នឹង​រោគ​នេះ​ក៏​ត្រូវ​តែ​រក​លុយ​ឱ្យ​ប្រពន្ធ​កូន​ចាយ​ដែរ»។​

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក​ ស ខេង​ បាន​ចេញ​បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្ត​តាម​បណ្ដោយ​ព្រំដែន​ប្រទេស​ជិត​ខាង ​រួម​បញ្ចូល​ទាំង​ជាមួយ​ប្រទេស​ថៃ​ផង​ ចាត់​វិធាន​ការ​ទប់​ស្កាត់​ចលនា​វិល​ត្រឡប់​វិញ​របស់​ពលរដ្ឋ​កម្ពុជា ​ចូល​ទៅ​ប្រទេស​ជិត​ខាង​វិញ។ ​លោក​ថា​ មាន​ចលនា​ «មេខ្យល់»​ ដែល​អូស​ទាញ​ពលករ​ឱ្យចាក​ចេញ​ទៅ​វិញ​ ដែល​ត្រូវ​វែក​មុខ​មក​ផ្ដន្ទា​ទោស។​

អភិបាល​ខេត្ត​បាត់ដំបង ​លោក​ ងួន រតនៈ​ បាន​ថ្លែង​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា ​ខាង​ចម្ការ​និង​សហគ្រាស​នានា​ក្នុង​ដី​ថៃ ​ក៏​កំពុង​ជួប​វិបត្តិ​ខ្វះ​ពលករ​ធ្វើ​ការ​ដែរ​ ដែល​នាំ​ឱ្យ​ចលនា​ត្រឡប់​ទៅ​វិញ​មាន​សន្ទុះ​ឡើង​វិញ។​

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ លោក​ ស៊ុម ចាន់គា​ មាន​ប្រសាសន៍​ថា​ កត្តា​ជីវភាព​ខ្វះ​ខាត​ លំបាក​លំបិន​ មិន​អាច​ដោះស្រាយ​បាន​ បង្ខំ​ឲ្យ​ពួក​គេ​ព្យាយាម​ចាក​ចេញ​ពី​ប្រទេស​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ទាំង​ប្រថុយ​ប្រថាន។​ លោក​បញ្ជាក់​ថា​ បំណុល​ជំពាក់​គេ​រឹត​តែ​ធ្វើ​ឲ្យ​ពួក​គេ​បង្ខំ​ចិត្ត​ចំណាក​ស្រុក។​

«នៅ​ថៃ​ គាត់​ធ្វើការ​ទៅ​ ពេល​ខ្លះ​គាត់បាន​លុយ​កាក់​ទៅ​ផ្ញើ​មក​ស្រុក​ទៅ ​ដើម្បី​សង​បំណុល ​សង​ធនាគារ ​ជំពាក់​ធនាគារ​ ហើយ​បើ​គាត់​នៅ​ទីនេះ ​មាន​តែ​ធនាគារ​រឹបអូស​ផ្ទះ​គាត់។​ អ៊ីចឹង​គាត់​ត្រូវ​ប្រថុយ​ប្រថាន​ ដើម្បី​រក​លុយ​មក​បង់​ធនាគារ​ផង​ ទីពីរ​ត្រូវ​ប្រថុយ​ប្រថាន​ ដើម្បី​រកលុយ​ហ្នឹង​មក​ចិញ្ចឹម​គ្រួសារ​ប្រពន្ធ​កូន​ផង»។​

មន្រ្តី​សង្គម​ស៊ីវិល​រូប​នោះ​បន្ថែម​ថា ​ពលករ​ខ្លះ​ត្រូវ​បង់​លុយ​ឱ្យ​មេ​ខ្យល់​ប្រមាណ​ ២៥០០​ បាត ​(ឬ​ ៣២​ ម៉ឺន​រៀល)​ ដើម្បី​ឱ្យ​គេ​នាំ​ចូល​ទៅ​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ។​ លោក​ថា​ ការ​ប្រថុយ​ប្រថាន​ទាំង​ក្នុង​កាលៈ​ទេសៈ​រាត​ត្បាត​វីរុស​កូរ៉ូណា​នេះ ​ក៏​មាន​ការ​បោកប្រាស់​ផង​ដែរ។​

កាល​ពី​ខែ​មេសា ​នៅ​ក្នុង​កិច្ច​ប្រជុំ​រក​ដំណោះ​ស្រាយ​ជួយ​ដល់​ពលករ​ចំណាក​ស្រុក​ដែល​ត្រឡប់​មក​កម្ពុជា​វិញ​ រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​លោក ​ស ខេង​ បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ការ​លំបាក​របស់​ពលករ​ទាំង​នោះ​ ដោយ​សារ​ពួក​គេ​មិន​មាន​ការ​ងារ​ធ្វើ​ ដែល​នឹង​ប៉ះពាល់​ជីវភាព​ប្រចាំ​ថ្ងៃ។​ លោក​បន្ត​ថា​ ពួក​គេ​ប្រហែល​ជា​មិន​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​បាន​លឿន​នោះ​ទេ​ ដោយ​សារ​ប្រទេស​ថៃ​បិទ​ព្រំដែន។​

ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ ១ ​លាន​ ២០ ​ម៉ឺន​នាក់ ​កំពុង​រស់​នៅ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ ហើយ​រដ្ឋាភិបាល​កម្ពុជា​ប៉ាន់​ប្រមាណ​ថា ​ពួក​គេ​ច្រើន​គួរ​សម​ គឺ​ជា​ពលករ​មិន​ស្រប​ច្បាប់។

ដោយ​សារ​កម្ពុជា​រង​ឥទ្ធិពល​នៃ​ការ​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា ​ដែល​នាំ​ឲ្យ​ប៉ះពាល់​វិស័យ​ឧស្សាហ​កម្ម ​ សេវា​កម្ម ​និង​ទេសចរណ៍​នោះ​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​៧​ ខែ​មេសា ​បាន​ជំរុញ​ឲ្យ​ក្រសួង​កសិកម្ម​បង្កើន​សកម្ម​ភាព​ជួយ​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ដាំ​ដុះ ​ការ​ចិញ្ចឹម​សត្វ ​ដើម្បី​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ស្រុក។​

តែ​សម្រាប់​លោក​ ព្រាំ វុត្ថា​ ដែល​ព្យាយាម​ចូល​ទៅ​ប្រទេស​ថៃ​នៅ​ពេល​នេះ ​មាន​ដី​ស្រែ​តិចតួច​ជា​កម្ម​សិទ្ធិ​គ្រួសារ​លោក ដែល​លោក​ថា​ មិន​អាច​ផ្ដេក​ផ្ដួល​ពឹងពាក់​សង្ឃឹម​លើ​ដី​ស្រែ​នេះ​ ដើម្បី​រក​ចំណូល​ដោះ​ស្រាយ​ជីវភាព​បាន​ឡើយ ។

«គេ[អាជ្ញាធរ​នៅ​ព្រំដែន]​ប្រាប់​ថា​ឱ្យ​នៅ​ផ្ទះ​សិន​ទៅ!​ កុំ​ទាន់​មក ​ចាំ​គេ​បើក​ចាំ​មក។ ​ខ្ញុំ​កំពុង​ចាំ​គេ​បើក»។​

លោក​ ព្រាំ វុត្ថា ​លើក​ឡើង​បែប​នេះ ​ខណៈ​ដែល​លោក​កំពុង​នេសាទ​ត្រី​ក្នុង​ស្ទឹង​មង្គល​បុរី​ កាល​ពី​វេលា​ថ្ងៃ​ត្រង់​ថ្ងៃ​សុក្រ​នេះ​ ដើម្បី​បាន​កម្រៃ​ខ្លះ​មក​សង​បំណុល​ដែល​ជំពាក់​គេ​ និង​ផ្គត់ផ្គង់​ជីវភាព​ដែល​ខ្វះខាត៕