សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC បានហៅរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ថាជារបាយការណ៍ដែលមានលក្ខណៈ «អត្តនោម័តនិងមិនមានការទទួលខុសត្រូវ»។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនអង្គការ Human Rights Watch បានចេញរបាយការណ៍មួយដោយចោទប្រកាន់ថារដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនបញ្ជាទិញធំៗបរាជ័យនៅក្នុងការការពារកម្មកររោងចក្រទល់នឹងការរំលោភបំពាននានាពីសំណាក់ថៅកែរោងចក្រលើពួកគេ។
អង្គការដែលមានមូលដ្ឋាននៅទីក្រុងញ៉ូវយ៉កនេះបានរកឃើញថាកម្មការិនីមានចំនួនច្រើនលើសលប់ត្រូវបង្ខំឲ្យធ្វើការបន្ថែមម៉ោង មានការរើសអើងដោយថៅកែរោងចក្រចំពោះស្ត្រីដែលមានផ្ទៃពោះ និងមានការអនុវត្តប្រឆាំងនឹងសហជីព។ ប៉ុន្តែទាំងរដ្ឋាភិបាលទាំងក្រុមហ៊ុនបញ្ជាទិញមិនបានចាត់វិធានការគ្រប់គ្រាន់នោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃអង្គារនេះសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានរិះគន់ថារបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សអាមេរិកនេះមិនបានបង្ហាញពីតថភាពរួមនៃស្ថានភាពនៅក្នុងបណ្តារោងចក្រនៅកម្ពុជានោះទេដោយសារតែការធ្វើសម្ភាសន៍នៅក្នុងរបាយការណ៍នោះផ្តោតលើកម្មករចំនួន២៧៩នាក់តែប៉ុណ្ណោះក្នុងចំណោមកម្មកររោងចក្រសរុប៧០ ម៉ឺននាក់។ម្យ៉ាងវិញទៀតរបាយការណ៍នេះ «ធ្វើការសន្និដ្ឋានយ៉ាងប្រញ៉ាប់»។
ទោះជាយ៉ាងណាសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានទទួលស្គាល់ថាមានការរំលោភ«តិចតួច»ដែរនៅតាមបណ្តារោងចក្រមួយចំនួនប៉ុន្តែវា «មិនមែនជាករណីទូទៅ» នោះទេ។
លោកហ្វីល រ៉ូប៊ើតសុន (Phil Robertson) នាយករងអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ីមានប្រសាសន៍តាមទូរស័ព្ទពីទីក្រុងបាងកកមកថាការសិក្សារបស់អង្គការរបស់លោកមានភាពជាក់លាក់ហើយការបដិសេធរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាគ្រាន់តែជា«ល្បែងមួយដើម្បីបង្ហាញថាការស្រាវជ្រាវរបស់Human Rights Watch មានកំហុស។
«យើងសុំទាត់ចោលការចោទប្រកាន់របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា។ហើយយើងស្នើឲ្យសមាគមនេះអានរបាយការណ៍របស់យើងហើយឆ្លើយតបមួយសំណួរម្តងៗ អំពីការបណ្តេញស្ត្រីមានផ្ទៃពោះចេញពីកន្លែងធ្វើការ អំពីការបង្ខំឲ្យធ្វើការបន្ថែមម៉ោង អំពីការរឹតត្បិតលើសហជីពនិងការបណ្តេញមេដឹកនាំសហជីពកម្មករពីកាងារ»។
លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរនៅកម្ពុជាហៅកាត់ថាCCAWDU គាំទ្រដល់របាយការណ៍របស់អង្គការHuman Rights Watch។
«វាបង្ហាញពីធាតុពិតមួយចំនួននៅក្នុងការអនុវត្តន៍កន្លងមកព្រោះយើងឃើញនៅស្រុកខ្មែរប៉ុន្មានឆ្នាំ កន្លងមកហើយអធិការកិច្ចនៃក្រសួងផ្សេងៗអត់សូវមានប្រសិទ្ធភាពទេ។ មន្ត្រីអធិការកិច្ចខ្លះចូលក្នុងក្រុមហ៊ុនមិនបានផង។ មន្ត្រីខ្លះចូលទៅបានតែមកវិញអត់មានការកែប្រែ។ឆ្នាំ២០១៤កន្លងមកឃើញថាក្រសួងមានការកែទម្រង់ការចុះអធិការកិច្ច ប៉ុន្តែមិនទាន់ឃើញមានប្រសិទ្ធភាពនៅឡើយទេ»។
អង្គការHuma Rigths Watch បានសម្ភាសមនុស្សចំនួន៣៤០នាក់ក្នុងនោះមានកម្មករចំនួន២៧០នៅក្នុងរោងចក្រចំនួន៧៣។
កម្មករទាំងនោះបាននិយាយថាពួកគេត្រូវបង្ខំឲ្យធ្វើការបន្ថែមម៉ោងបើមិនដូច្នេះទេពួកគេនឹងប្រឈមនឹងការបណ្តេញចេញ កាត់ប្រាក់ខែនិងការផ្លាស់ប្តូរការងារ។
ថៅកែរោងចក្របានយាយីរំខានដល់សហជីពដែលបានការពារសិទ្ធិកម្មករដោយធ្វើការបណ្តេញពួកគេនិងសំឡុតតាមរយៈការជ្រើសតាំងអ្នកដឹកនាំសហជីពថ្មីឬតាមរយៈការផ្តល់កិច្ចសន្យាការងាររយៈពេលខ្លីជាដើម។
កាលពីថ្ងៃសុក្រសប្តាហ៍មុនគឺមួយថ្ងៃក្រោយពីរបាយការណ៍របស់អង្គការHuman Rights Watch ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើសេចក្តីថ្លែងការណ៍តបដោយសំដែងការសោកស្តាយនិងទាត់ចោលរបាយការណ៍របស់អង្គការអាមេរិកនេះដោយចោទថារបាយការណ៍នេះ«ខ្វះវិជ្ជាជីវៈ»៕