សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ភូតគាម​អនាម័យ​កំណត់​ទោសទណ្ឌ​ដាក់​ពន្ធនាគារ​រហូត​ដល់​៥​ឆ្នាំ​សម្រាប់​អំពើ​ល្មើស​

រូប​ឯកសារ៖ កម្មករ​ធ្វើការ​ក្នុង​ចម្ការ​ចេក​​ ប្រមូល​ និងដឹក​ទិន្នផល​ចេក​ ទៅ​រោងចក្រ​វេច​ខ្ចប់​ផលិតផល​ចេក​ នាំ​ចេញ​ទៅ​ប្រទេស​ចិន​ ក្នុង​​ខេត្ត​កំពង់ចាម​ ទី​២៣ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ស៊ុន ណារិន/វីអូអេ)

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​«ការ​ការពារ​រុក្ខជាតិ​និង​ភូតគាម​អនាម័យ»​ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​ព្រឹទ្ធសភា​កម្ពុជា​បាន​កំហិត​អំពើ​ល្មើស​មួយ​ចំនួន​ដោយ​អនុញ្ញាត​ឲ្យ​ដាក់​ទោស​ទណ្ឌ​ជាប់​ពន្ធនាគារ​រហូត​ដល់​៥​ឆ្នាំ​ក្នុង​នោះ​មាន​ការ​នាំ​ចូល​សមាសភាព​ចង្រៃ​ដែល​បង្ក​ហានិភ័យ​ដល់​ផលិតផល​រុក្ខជាតិ។​ នេះ​បើ​យោង​តាម​សេចក្តី​ព្រាង​ច្បាប់​ដែល​វីអូអេ​ទទួល​បាន​កាល​ពី​ពេល​ថ្មីៗ​នេះ។​

សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​១៥​ជំពូក​និង​១១៣​មាត្រា​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ពេល​កម្ពុជា​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន​និង​កូរ៉េ​ខាង​ត្បូង​ដែល​កម្ពុជា​រំពឹង​ថា​នឹង​អាច​នាំចេញ​ផលិត​ផល​កសិកម្ម​ច្រើន​ទៅ​ប្រទេស​ទាំង​នោះ។​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋ​សភា​កាល​ពី​ដើម​ខែ​មេសា​ឆ្នាំ​២០២២​ ហើយ​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ពិនិត្យ​ដោយ​ព្រឹទ្ធ​សភា។​

មាត្រា​១០៩​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​អនុញ្ញាត​ឲ្យ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ​៥​ឆ្នាំ​និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​២៥​លាន​រៀល​(ជាង​៦​ពាន់​ដុល្លារ)​ទៅ​៥០​លាន​រៀល​(ប្រមាណ​១២.០០០​ដុល្លារ)​ចំពោះ​រូបវន្ត​បុគ្គល​ឬ​នីតិ​បុគ្គល​ក្នុង​អំពើ​ល្មើស​ដូច​ជា​បោះ​បង់​ចោល​ដោយ​ចេតនា​ឬ​ពង្រាយ​នូវ​សមាស​ភាព​ចង្រៃ​ឬ​ទំនិញ​ជាប់​សមាស​ភាព​ចង្រៃ​គ្រប់​ប្រភេទ​នៅ​កម្ពុជា​ការ​លាត​ត្រដាង​ព័ត៌មាន​ភូតគាម​អនាម័យ​ផ្ទុយ​ពី​ព័ត៌មាន​ផ្លូវ​ការ​ដែល​បញ្ចេញ​ដោយ​អង្គភាព​ជំនាញ​ទទួល​បន្ទុក​ការពារ​រុក្ខជាតិ។​

ក្រៅ​ពី​ទោស​ទណ្ឌ​ព្រហ្មទណ្ឌ​ក៏​មាន​ការ​ដាក់​ទណ្ឌកម្ម​រដ្ឋបាល​ផង​ដែរ​ដូច​ជា​ការ​ព្រមាន​ជា​លាយ​លក្ខណ៍​អក្សរ​និង​ការ​ផ្អាក​អាជីវ​កម្ម​បណ្តោះ​អាសន្ន​ជាដើម។​

សេចក្តី​ព្រាង​ច្បាប់​កំណត់​ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល​ទៅ​២០​លាន​រៀល​ចំពោះ​រូបវន្ត​បុគ្គល​ឬ​នីតិបុគ្គល​ណា​ដែល​នាំចូល​នាំចេញ​រុក្ខជាតិ​ផលិត​ផល​រុក្ខជាតិ​ឬ​ទំនិញ​ជា​កម្មវត្ថុ​នៃ​ការ​ត្រួត​ពិនិត្យ​ភូតគាម​អនាម័យ​ដោយ​គ្មាន​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ​ឬ​ផ្ទុយ​ពី​លក្ខខណ្ឌ​តម្រូវ​ក្រោម​បញ្ញត្តិ​នៃ​ច្បាប់​នេះ។​ ការ​ពិន័យ​ជា​ប្រាក់​ក៏​អាច​ធ្វើ​បាន​ក្នុង​អំពើ​ល្មើស​ដូច​ជា​ធ្វើ​ពាណិជ្ជ​កម្ម​ឬ​ដាំដុះ​កែច្នៃ​ចរាចរ​ដឹក​ជញ្ជូន​ផលិត​ផល​រុក្ខជាតិ​«ដែល​បាន​ដឹង​ថា​មាន​វត្តមាន​សមាសភាព​ចង្រៃ»​ឬ​មាន​ការ​រាល​ដាល​ឆ្លង​សមាស​ភាព​ចង្រៃ។​

បើ​តាម​សេចក្តី​ថ្លែង​ហេតុ​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ចុះ​ថ្ងៃ​ទី​៤​ខែ​កុម្ភៈ​ឆ្នាំ​២០២២​ដែល​វីអូអេ​ទទួល​បានសេចក្តី​ព្រាង​ច្បាប់​នេះ​ការពារ​ផល​ប្រយោជន៍​របស់​ប្រជា​កសិករ​តាម​រយៈ​ការ​គ្រប់គ្រង​ការ​ការពារ​រុក្ខជាតិ​និង​ការ​អនុវត្ត​វិធានការ​ភូតគាម​អនាម័យ​ដើម្បី​កាត់​បន្ថយ​ការ​ខាត​បង់​ដែល​អាច​បង្ក​ឡើង​ដោយ​សមាសភាព​ចង្រៃ។​ លោក​ហ៊ុន សែន​បន្ត​ថា​ច្បាប់​នេះ ក៏​នឹង​រក្សា​អធិបតេយ្យភាព​និង​សន្តិសុខ​ភូតគាម​អនាម័យ​តាម​រយៈ​ការ​ទប់​ស្កាត់​ការ​ហូរចូល​ផលិតផល​កសិកម្ម​គ្រប់​ប្រភេទ​ដែល​មាន​ផ្ទុក​នូវ​សមាសភាព​ចង្រៃ​និង​សារធាតុ​បង្ក​ផល​ប៉ះពាល់​ចំពោះ​សុខភាព។​ ច្បាប់​នេះ​ក៏​នឹង​ផ្តល់​នូវ​ជំនឿ​ចិត្ត​ដល់​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​និង​ផ្តល់​កម្លាំង​ពេញ​លេញ​ក្នុង​ការ​ចរចា​បើក​ទីផ្សារ​នាំ​ចេញ​កសិផល​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ដែល​មាន​ទីផ្សារ​ធំៗ​ក្នុង​ពិភពលោក​ជាពិសេស​បន្ទាប់​ពី​សម្រេច​បាន​នូវ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី។​នេះ​បើ​តាម​សេចក្តី​ថ្លែង​ហេតុ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។​

រូប​ឯកសារ៖ ដំណាំ​ចេក​ក្នុង​កសិដ្ឋាន​មួយ​កន្លែង​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ កាលពី​ខែ​កក្កដា​ ឆ្នាំ​២០២០។ (អូន ឆេងប៉រ​/វីអូអេ)

បើ​តាម​សេចក្តី​ព្រាង​ច្បាប់​នេះ​ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បង្កើត​មូលនិធិ​បន្ទាន់​សម្រាប់​ការពារ​រុក្ខជាតិ​និង​ភូតគាម​អនាម័យ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ពីរ​គឺ​ក្រសួង​កសិកម្ម​និង​ក្រសួង​សេដ្ឋកិច្ច។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ស្តីពី​ការ​ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ដែល​វីអូអេ​ទទួល​បាន​កាល​ពី​ពេល​ថ្មីៗ​លោក​ឡូយ សុផាត​ប្រធាន​គណៈ​កម្មការ​ទី​៣​គឺ​គណៈ​កម្មការ​ផែនការ​វិនិយោគ​កសិកម្ម​អភិវឌ្ឍន៍​ជនបទ​បរិស្ថាន​និង​ធនធាន​ទឹកថ្លែង​ថាច្បាប់​នេះ​នឹង​ផ្តល់​នូវ​ជំនឿ​ចិត្ត​ដល់​ប្រទេស​ជា​ដៃ​គូ​ពាណិជ្ជ​កម្ម​និង​ការពារ​បាន​ជា​ដាច់​ខាត​ប្រឆាំង​ការ​ចាត់​ទុក​កម្ពុជា​ថា​«ជា​ជម្រក​ឬ​សម្បុក​សមាសភាព​ចង្រៃ​លើ​ដំណាំ​គ្រប់​ប្រភេទ​ដែល​មិន​អនុញ្ញាត​ឲ្យ​នាំចូល​ទីផ្សារ​ក្នុង​ដែន​ដី​ប្រទេស​របស់​ពួកគេ»។​

លោក ​ម៉ម ប៊ុននាង​សមាជិក​ព្រឹទ្ធ​សភា​និង​ជា​អ្នក​នាំពាក្យ​របស់​ព្រឹទ្ធសភា​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថាសេចក្តី​ព្រាង​ច្បាប់​ស្តីពី​«ការ​ការពារ​រុក្ខជាតិ​និង​ភូតគាម​អនាម័យ»​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ត្រួត​ពិនិត្យ​របស់​ស្ថាប័ន​ព្រឹទ្ធ​សភា។​លោក​ថានៅ​ថ្ងៃទី​១៨​ខែ​មេសា​ព្រឹទ្ធ​សភា​នឹង​មាន​ការ​ប្រជុំ​អចិន្ត្រៃយ៍​មួយ​មុន​ឈាន​ទៅ​ដល់​ការ​ប្រជុំ​ពេញអង្គ​បោះឆ្នោត​សម្រេច​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ។​

លោក​ថ្លែង​ថា៖​«ថ្ងៃ​ទី១៨​[មេសា]​យើង​ប្រជុំ​អចិន្ត្រៃយ៍​ទី២​ហើយ​បាន​យើង​ដាក់​កាល​បរិច្ឆេទ​ប្រជុំ​ពេញ​អង្គប្រហែល​ជា​ថ្ងៃ​ទី​១៩​ឬ​២០​[មេសា]។​តែ​ឥឡូវ​យើង​អត់​ទាន់ប្រជុំ​យើង​អត់​ដឹង​ថា​កាល​បរិច្ឆេទ​ប្រជុំ​ពេញអង្គ​នៅ​ថ្ងៃទី​១៩​ឬ​ក៏​២០​ទេ»។​

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​លោក​វេង សាខុន​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​លោក​ស្រី វុឌ្ឍី​ ​ អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម​និង​លោក​ ងិន ឆាយ​ ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​កសិកម្ម​បាន​នៅ​ឡើយ​ទេ។​

រូបឯកសារ៖ អាជីវករកំពុងថ្លឹងផ្លែឈើ នៅតាមដងផ្លូវ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​លោក​ ថេង សាវឿន ​យល់​ឃើញ​ថាច្បាប់​នេះ​ចេញ​ជា​យន្តការ​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​រៀបចំ​ប្រព័ន្ធ​ភូតគាម​អនាម័យ​មួយ​កម្រិត​ទៀត​ដែល​គិត​គូរ​ពី​សុវត្ថិភាព​និង​សុខភាព​សាធារណៈ​របស់​អ្នក​ប្រើប្រាស់​និង​ជួយ​ជំរុញ​ទីផ្សារ​កសិកម្ម​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ។ ​លោក​បន្ត​ថាកាលពី​កន្លង​ទៅ​កម្ពុជា​ខ្វះ​ខាត​ច្បាប់​មួយ​នេះ​ដែល​ធ្វើ​ឱ្យ​រាំង​ស្ទះការ​នាំចេញ​ផលិត​ផល​កសិកម្ម​ទៅ​ក្រៅ​ប្រទេសដូច​ជា​ផ្លែ​មៀន​ប៉ៃលិន​ឬ​ហៅ​ថា​តាង៉ែន​ជា​ដើម។​

លោក​បញ្ជាក់​ថា៖​«អ៊ីចឹង​ប្រសិន​បើ​ជាច្បាប់​នេះ​ចេញ​ហើយ​យើង​អាច​រៀបចំ​នូវ​ប្រព័ន្ធ​វិញ្ញា​បនបត្រ​ទម្រង់​ស្តង់ដារ។​ ផ្នែក​វេច​ខ្ចប់​អនាម័យ​នេះ​ក៏​ជួយ​ជំរុញ​ទីផ្សារ​ក្នុង​ស្រុក​មាន​ភាព​ល្អ​ប្រសើរ​ដែរ។​ ហើយ​វា​ទាម​ទារ​ឱ្យ​រដ្ឋ​រៀបចំ​ធនធាន​មនុស្ស​និង​ធនធាន​ថវិកា​ដើម្បី​អាច​បំពេញ​នូវ​សេចក្តី​ត្រូវ​ការ​ហើយ​តម្រូវ​ការ​ចាំ​បាច់​របស់​ប្រជា​ពលរដ្ឋ​ក៏ដូច​ជា​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​នូវ​ការ​ជំរុញ​វិស័យ​កសិកម្ម​ក្នុង​ការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​ជាតិ​និង​អន្តរជាតិ​ដែរ»។​

បើ​តាម​លោក​ថេង សាវឿនការ​កម្រិត​ទោស​ទណ្ឌ​សម្រាប់​អ្នក​ប្រព្រឹត្ត​ល្មើស​និង​ការ​ដាក់​លក្ខខណ្ឌ​ដល់​អាជីវករ​ធំៗ​ក្នុង​ការ​អនុវត្ត​នូវ​ស្តង់ដារ​ភូតគាម​អនាម័យ​នេះ​គឺ​ជារឿង​ល្អ​ដើម្បី​ធានា​ដល់​សុខភាព​អ្នក​ប្រើប្រាស់​និង​អ្នក​ផលិត។​ ​ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​តែ​គិត​គូរ​ដល់​ការ​ធ្វើ​កសិកម្ម​បែប​គ្រួសារ​ឬ​សហគមន៍​ផង​ដែរ​ជាពិសេសផ្សព្វ​ផ្សាយ​ច្បាប់​នេះ​ឱ្យ​បាន​ទូលំ​ទំលាយ​ដល់​ប្រជា​កសិករ​និង​ឈ្មួញ​រកស៊ី​ផលិត​ផល​កសិកម្ម​ដើម្បី​ឈាន​ទៅ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​ជោគ​ជ័យ​និង​មិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ប្រជា​កសិករ​ដាំ​ដុះ​ដំណាំ​ដែល​មាន​លក្ខណៈ​តូច​តាច។​

លោក​ថ្លែង​ថា៖​«ការ​ដាក់​ទោស​ទណ្ឌ​បែប​នេះ​វាជា​កត្តា​មួយ​ជំរុញ​ឱ្យ​មាន​ការ​គិត​គូរ​ផង​ដែរ​សម្រាប់​អ្នក​ផ្គត់​ផ្គង់​ឬ​ក្រុមហ៊ុន​វិនិយោគ​ធំៗ។​តែទោះជា​យ៉ាង​ណា​ខ្ញុំ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែរ​ខ្លាច​ករណី​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ប្រើ​លើ​ប្រជា​ពលរដ្ឋ​ដែល​ដាំ​លក្ខណៈ​គ្រួសារ​ជា​សហគមន៍​តូចៗ​ឬ​ក៏​ផលិតផល​ក្នុង​ស្រុក​ដែល​មិន​អាច​អនុវត្ត​តាម​ស្តង់ដា​នៃ​លក្ខខណ្ឌ​តម្រូវ។​ក៏​វា​ធ្វើ​ឱ្យ​ប៉ះពាល់​និង​បាត់​បង់​នូវ​អត្ថ​ប្រយោជន៍​ក៏ដូច​ជា​ការ​រឹត​ត្បិត​នៃ​សិទ្ធិ​របស់​ពួកគាត់​ផង​ដែរ»។​

បន្ថែម​ពី​នេះ​លោក​លើក​ឡើង​ថារដ្ឋ​ត្រូវ​មាន​ការ​រៀបចំ​ធនធាន​មនុស្ស​និង​ធនធាន​ថវិកា​ដើម្បី​អាច​បំពេញ​សេចក្តី​ត្រូវ​ការ​និង​តម្រូវការ​ចាំបាច់​របស់​ប្រជា​កសិករ​និង​អ្នក​ប្រើប្រាស់​ដោយ​ជំរុញ​សង្វាក់​ផលិត​កម្ម​កសិកម្ម​ក្នុង​ការ​នាំចេញ​ទៅ​កាន់​ប្រទេស​ដទៃ​ផង​ដែរ៕​