មេដឹកនាំក្រុមកងជីវពលបំបែកខ្លួន ETA ដែលត្រូវបានគេស្គាល់ចុងក្រោយ ហើយដែលលែងមានទៀតហើយនៅលើដែនដីបាសហ្គ(Basque)នោះ នឹងត្រូវជំនុំជម្រះទោសក្នុងទីក្រុងប៉ារីសពីបទភេរវកម្ម។ មេដឹកនាំរូបនេះ គិតថា នេះជារឿងមិនសមហេតុផល ដោយសារតែតួនាទីរបស់លោក បាននាំឲ្យមានការបញ្ចប់ជម្លោះដ៏យូរអង្វែងមួយ។
លោក Josu Urrutikoetxea (ចូស៊ូ យូរ៉ូទីខិតស៊ៀ) ធ្លាប់ដឹកនាំក្រុម ETA ក្នុងអំឡុងពេលដែលមានការបង្ហូរឈាមដ៏ខ្លាំងបំផុតមួយ ដែលក្នុងនោះរួមមានទាំងជនរងគ្រោះជាកុមារផងដែរ ត្រូវបានគេដាក់គ្រាប់បែកសម្លាប់ក្នុងគ្រាដែលពួកគេកំពុងរត់លេង។
ក្នុងបទសម្ភាសន៍ដ៏កម្រមួយ បន្ទាប់ពីការរត់គេចខ្លួនអស់រយៈពេលប្រមាណ១៧ឆ្នាំមក លោកបានសុំអភ័យទោស និងផ្តល់យោបល់ដល់ចលនាបំបែកខ្លួនផ្សេងៗទៀត កុំឲ្យជ្រើសរើសយកអំពើហិង្សាក្នុងសកម្មភាពរបស់ខ្លួន។ លោកក៏បានហៅខ្លួនឯងថា ជាមនុស្សដែលមានការផ្លាស់ប្តូរផងដែរ។ នេះជាការអះអាងដែលមិនសមទំនងនិងមិនអាចទទួលយកបាន សម្រាប់អ្នកដែលបានបាត់បង់ក្រុមគ្រួសារ និងអ្នកជាទីស្រឡាញ់របស់ខ្លួន ដោយសារតែអំពើហិង្សារបស់ក្រុម ETA ក្នុងអតីតកាល ដែលបានសម្លាប់ជីវិតមនុស្សអស់ប្រមាណ៨៥០នាក់ និងបង្ករបួសស្នាមដល់មនុស្សរាប់ពាន់នាក់ផ្សេងទៀតផងដែរ។
ជនរងគ្រោះ និងក្រុមគួសាររបស់ពួកគេលើកឡើងថា មិនមែនដោយសារតែមេដឹកនាំរូបនេះ ជាអ្នកដឹកនាំបញ្ចប់សកម្មភាពរបស់ក្រុមបំបែករដ្ឋ ETA ក្នុងឆ្នាំ២០១៨ រួចហើយ ត្រូវលុបលាងនូវអំពើអាក្រក់ពីអតីតកាលរបស់ខ្លួនបាននោះទេ៕