ខណៈ​ប្រឈម​​វិបត្តិ​សេដ្ឋកិច្ច កូរ៉េខាងជើង​សារភាព​ពី​បរាជ័យ​និង​ភាព​មិន​ប្រាកដប្រជា​សម្រាប់​ពេល​អនាគត

មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un នៅក្នុងកិច្ចប្រជុំសមាជបក្សលើកទី៨ នៅទីក្រុងព្យុងយ៉ា ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។

ការ​រាតត្បាត​ជំងឺ​ជា​សាកល​ប្រហែល​រារាំង​ការ​ប្រមូលផ្តុំ​ក្នុង​ទ្រង់ទ្រាយ​ធំ​ផ្សេងៗ​នៅ​ជុំវិញ​ពិភពលោក ប៉ុន្តែ​នៅ​ក្រុង​ព្យុងយ៉ាង​ កាល​ពី​ថ្ងៃ​អង្គារ ទី០៥ ខែ​មករា​ ជា​រឿង​ផ្សេង​មួយ។

មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un បាន​ថ្លែង​ទៅ​កាន់​ពលរដ្ឋរាប់​ពាន់​នាក់ កាល​ពី​ថ្ងៃ​ទី០៥ ខែ​មករា ដែល​បាន​ប្រមូល​ផ្តុំ​ជិត​គ្នា​នៅ​ក្នុង​សាល​មួយ ដោយ​មិនមានពាក់​ម៉ាស់ និងរក្សា​គម្លាត​ពី​គ្នា។​ហើយ​សារ​របស់​លោក Kim មិនមានរឿង​គួរ​ឲ្យ​សាទរ​នោះ​ទេ។

លោក Kim បាន​សារភាព​ថា​កូរ៉េខាងជើង «​ខកខាន​សម្រេច​គោលដៅ​ដោយ​មាន​ចន្លោះ​ខ្វះខាត​យ៉ាង​ធំ» សឹង​គ្រប់​វិស័យ​នៅ​ក្នុង​ផែនការ​សេដ្ឋកិច្ច​រយៈពេល​ប្រាំ​ឆ្នាំរបស់​ខ្លួន​ នា​ពេល​ថ្មីៗ​នេះ។​

សេដ្ឋកិច្ច​កូរ៉េខាងជើង​បាន​ធ្លាក់​ចុះ​យ៉ាង​ហោចណាស់​ចំនួនប្រាំ​បី​ភាគរយ​នៅ​ឆ្នាំ ២០២០។ នេះ​បើ​យោង​ទៅ​តាម​ការ​ប៉ាន់ប្រមាណ​មួយ​ចំនួន។ ពាណិជ្ជកម្ម​ជាមួយ​ចិន ដែល​ជា​សសរទ្រូង​សេដ្ឋកិច្ច​ធំ​មួយ​សម្រាប់​ប្រទេស​នេះ បាន​ធ្លាក់​ចុះ​ជិត​ ៨០​ភាគរយ។

គួបផ្សំជាមួយនឹងការបន្តដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិនិងគ្រោះទឹកជំនន់ដ៏ធំ ឆ្នាំ ២០២០ គឺជាឆ្នាំដ៏លំបាកបំផុតមួយសម្រាប់របបដឹកនាំរបស់លោក Kim។​

រូបឯកសារ៖ ពលរដ្ឋកូរ៉េខាងជើងពាក់ម៉ាស់ការពារជំងឺកូវីដ១៩ ខណៈធ្វើដំណើរក្នុងក្រុងព្យុងយ៉ា កូរ៉េខាងជើង កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

កាល​ពី​ពាក់កណ្តាល​ខែ​មករា កូរ៉េខាងជើងត្រូវបាន​គេ​រំពឹង​ថា នឹង​កំណត់​ផែនការ​សេដ្ឋកិច្ច​ថ្មី។ ប៉ុន្តែ​អ្នកវិភាគ​លោក Bong Young-shik និយាយ​ថា នាពេល​នេះ កូរ៉េខាងជើងប្រហែល​មិន​អាច​ធ្វើ​បានច្រើន​នោះ​ទេដើម្បី​កែប្រែ​ស្ថានភាព​ឲ្យ​ប្រសើរ​ឡើង។

​លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​អាច​ស្មាន​ដឹង​នោះទេ បើ​និយាយ​ពី​ការ​ដែល​កូរ៉េខាង​ជើង​ព្យាយាម​ជម្នះ​វិបត្តិ​ការរាតត្បាត​ជំងឺ​កូវីដ១៩ ជាពិសេស​នៅ​ពេលអ្នកពិចារណា​ពី​សមត្ថភាព​ផ្នែកប្រព័ន្ធ​សុខាភិបាល​និង​វ៉ាក់សាំង។ កូរ៉េខាងជើង​ពិត​ជា​នៅក្រោយ​ប្រទេស​ដទៃ​ទៀត ឆ្ងាយ​ណាស់​ចំពោះ​ការ​ចាកចេញ​ពី​វិបត្តិ​ការ​រាតត្បាត​ជំងឺ​ដ៏​មហន្តរាយ​នេះ»។

កូរ៉េខាងជើង​ទទូច​ថា មិនមាន​ពលរដ្ឋ​ណា​ម្នាក់​នៅ​ក្នុង​ប្រទេស​ធ្វើ​តេស្ត​វិជ្ជមាន​ពី​វីរុស​កូរ៉ូណា​នោះ​ទេ​ប៉ុន្តែ​ការ​លើកឡើង​នេះ​ត្រូវ​បាន​បដិសេធ​ដោយ​ក្រុម​អ្នក​ជំនាញ។​

យោង​ទៅ​តាម​របាយការណ៍​មួយ​ក្នុង​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​ The Wall Street Journal មាន​មូលដ្ឋាន​នៅ​ក្រុង​ញូវយ៉ក​នា​ពេល​ថ្មីៗ​នេះ កូរ៉េខាងជើង​បាន​ដាក់​ចេញ​នូវ​សំណើរមួយ​ ដើម្បី​ទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩។

ទណ្ឌកម្មពី​សំណាក់​សហគមន៍​អន្តរជាតិ​ក៏​ជា​ការ​បញ្ហោ​ចោទចម្បង​មួយ​ផង​ដែរ​សម្រាប់​សេដ្ឋកិច្ច​កូរ៉េខាងជើង។ យ៉ាងណាក្តី កូរ៉េខាង​បាន​ធ្វើ​ពហិការ​មិន​ពិភាក្សា​អំពី​អាវុធនុយក្លេអ៊ែរ​ជាមួយ​នឹង​សហរដ្ឋអាមេរិក​អស់រយៈពេល​ច្រើន​ខែ​មក​ហើយ។

ផ្ទុយ​ទៅ​វិញ អ្នក​វិភាគ​មួយ​ចំនួន​រំពឹង​ថា លោក​ Kim នឹងធ្វើ​តេស្ត​គ្រាប់​មីស៊ីល ឬ​សព្វាវុធ​ដទៃ​ទៀត​នៅ​ពេល​រដ្ឋបាលប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden ចូល​កាន់​តំណែង។​

នេះ​ជាផ្នែក​មួយ​នៃ​សារ​ស្តីពី «ការ​ពឹង​អាស្រ័យ​លើ​ខ្លួន​ឯង» របស់​គ្រួសារ​ដឹកនាំ​ត្រកូល​Kim ហើយ​នេះ​ក៏ជា​ប្រធានបទ​សារជាថ្មី​នៅ​អំឡុងពេលវេទិកា​ប្រមូល​ផ្តុំ​ក្នុង​ក្រុង​ព្យុងយ៉ាង។

​អ្នកវិភាគ​លោក Bong និយាយ​ថា វេទិកា​ប្រមូល​ផ្តុំ​នោះ​គឺ​ជា ការ​ព្យាយាម​របស់​លោក Kim ដើម្បី​បង្ហាញ​ថា លោក​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​សាធារណជន ទោះ​បី​ជា​នៅ​អំឡុងពេល​មាន​ការ​លំបាក​ក៏​ដោយ។

លោក​បាន​ថ្លែង​ថា៖ «លោក Kim Jong Un មិន​អាច​រង់ចាំ​បាន​យូរត​ទៅ​ទៀត​នោះ​ទេ។ លោក​ត្រូវ​បង្ហាញ​ពី​សាមគ្គីភាព និង​ភាពស្មោះស្ម័គ្រ​របស់​ពលរដ្ឋ​ទូទៅ​តាមរយៈ​សមាជ​បក្ស​លើក​ទីប្រាំ​បី និងសមាជ​ប្រជាជាតិថ្នាក់​កំពូលដែលនឹង​ត្រូវ​ធ្វើ​ឡើងដោយ​មិន​បង្អង់​យូរ។ បើ​មិន​ដូច្នេះ​ទេ ភាព​ស្របច្បាប់ និង​ការ​គ្រប់គ្រង​របស់​ថ្នាក់​ដឹកនាំ​កំពូលមកលើ​ពលរដ្ឋ​ទូទៅ​នឹង​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​អាសន្ន»។

នៅ​អំឡុងពេល​សុន្ទរកថា​បើក​វេទិកា​កាល​ពី​ថ្ងៃទី​០៥ ខែ​មករា លោក​ Kim មិន​បាន​លើកឡើង​ពី​សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឬ​បញ្ហា​នុយក្លេអ៊ែរ​នោះ​ទេ។ ហើយ​វេទិកានេះ​បាន​អូសបន្លាយ​អស់រយៈពេល​ជាច្រើន​ថ្ងៃ៕

ប្រែសម្រួល​ដោយ​លោក​ ណឹម សុភ័ក្រ្តបញ្ញា