នៅថ្ងៃពុធនេះ អ្នកវិភាគនិងតាមដានការវិវឌ្ឍនយោបាយកម្ពុជាយល់ថា ការកើនឡើងចំនួនអ្នកគាំទ្រក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនជាគំហុក គឺអាចមានទាក់ទិននឹងការប្រើប្រាស់ថវិកាដើម្បីជំរុញការគាំទ្រនេះ។
ការលើកឡើងនេះគឺ ក្រោយពេលដែលលោក នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ប្រកាសថា អ្នកគាំទ្រទំព័រហ្វេសប៊ុករបស់លោកកើនជាង៣លាននាក់ ធ្វើឲ្យលោកឈរក្នុងលំដាប់លេខ១ ធៀបទៅនឹងទំព័រហ្វេសប៊ុកផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ក៏ធា្លប់និយាយលេងសើចថាលោកក្លាយជា «នាយករដ្ឋមន្ត្រីហ្វេសប៊ុក»ផងដែរ ចំពោះចំនួនអ្នកគាំទ្រដ៏ច្រើនដាច់គេនេះ។
នាថ្ងៃពុធនេះសារព័ត៌មាន The Phnom Penh Post បានផ្សាយថា អ្នកគាំទ្រឬ «like» ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននាពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះគឺភាគច្រើន លើសលុបគឺនៅប្រទេសឥណ្ឌា ហើយមានតែ២០ភាគរយប៉ុណ្ណោះនៃចំនួនអ្នកគ្រាំទ្រថ្មីស្ថិតក្នុងប្រទេសកម្ពុជា។
លោកស្រីចក់ សុភាព នាយិការប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR ដែលធ្វើការអង្កេតលើការប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជាផងនោះ បានប្រាប់ VOA ថា លោកស្រីមានការ«ភ្ញាក់ផ្អើល»ចំពោះរបាយការណ៍ដែលបង្ហាញនោះហើយនេះវាកាន់តែសរបញ្ជាក់ថាចំនួនអ្នកគាំទ្រក្នុងទំព័រហ្វេសប៊ុកគឺមិនមានតម្លាភាពដោយសារតែគេអាចចំណាយប្រាក់កាសដើម្បីជំរុញឲ្យមានអ្នកគាំទ្រដ៏ច្រើនបែបនោះ។
«តាមរយៈរបាយការណ៍នេះគឺប្រហែលជាអាចជាការដាស់តឿនអ្នកដែលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដែរអំពី ដែលគេហៅថាបច្ចេកទេសនៃការដែលទាក់ទាញនូវប្រជាប្រិយភាពនេះ។ហើយកន្លងមកខ្ញុំធ្លាប់ ជជែកគ្នាដែរអំពីការទាក់ទាញការគាំទ្រឬlikeហ្នឹងដោយការដែលយើងបង់លុយ នោះដែរថាវាអត់មានសុក្រឹតភាពនោះទេ»។
លោកស្រីចក់ សុភាពបន្តថាចំនួនអ្នកគាំទ្រនៅក្នុងទំព័រហ្វេសប៊ុកគឺមិនបញ្ជាក់ពីប្រជាប្រិយភាពរបស់បុគ្គលនោះផងដែរ តែការឆ្លើយឆ្លងនឹងប្រសិទ្ធភាពការងារ គឺជាកត្តាសំខាន់។
លោកស្រីបញ្ជាក់ថា៖ «ហើយខ្ញុំជឿជាក់ថាអ្នកនយោបាយ មួយចំនួនឬក៏ស្ថាប័នមួយចំនួន គឺប្រើប្រាស់ថវិកាដើម្បីផ្សព្វផ្សាយ។ ខ្ញុំយល់ថាការផ្សព្វផ្សាយនេះគឺវាមិនមានជាការចោតនោះទេ សំខាន់គឺអ្នកប្រើប្រាស់ខ្លួនឯងហ្នឹង ត្រូវតោងយល់ថា ចំនួនដែលទទួលបានការគាំទ្រនេះគឺមិនបានបង្ហាញពីប្រជាប្រិយភាពរបស់យើងឬ ក៏ការដែលគេគាំទ្រទៅលើខ្លឹមសាររបស់យើងទាំងស្រុងហ្នឹងទេ។ ក៏ប៉ុន្តែ យើងត្រូវធ្វើការវាស់វែង លើពលរដ្ឋឬប្រិយមិត្តរបស់យើង គាត់បានឆ្លងឆ្លើយជាមួយយើងឬក៏ធ្វើការជជែកបន្ថែមទៀត»។
ស្រដៀងគ្នានោះដែរ លោក ង៉ែត ម៉ូសេប្រធានផ្នែក បច្ចេកវិទ្យាសារគមនាគមន៍និងព័ត៌មានវិទ្យា ICT នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថាCentral ពន្យល់ថា អ្នកប្រើប្រាស់ ហ្វេសប៊ុកអាចប្រើ ថវិកាក្នុងការជំរុញ មានការផ្សាយពាណិជ្ជកម្ម ដល់សារដែលបង្ហោះក្នុងទំព័រហ្វេសប៊ុកខ្លួន បានដល់អ្នកគាំទ្រនិងអ្នកប្រើប្រាស់ ហ្វេសប៊ុកច្រើនផ្សេងទៀត ដើម្បីចុច «like»។
លោកបញ្ជាក់ថា៖ «យកលុយទៅទិញ likeហ្នឹងគឺអត់បានទេ ក៏ប៉ុន្តែយើងអាចធ្វើអញ្ចេះបាន គឺយើង Pay [បង់]លុយ ដើម្បីគេហៅ ថា Boost Page ឬក៏ Boost Posts មានន័យថាដាក់ Page ឬក៏ Postរបស់យើងហ្នឹង ឲ្យគេឃើញច្រើន ហើយជ្រើសរើសទីតំាងណាឲ្យគេឃើញច្រើន។ ពេលហ្នឹងហើយគឺយើងបានទទួលការ like នៅខាងណោះបានច្រើន។ មានន័យថាអ្នកនៅម្តុំនោះគឺឃើញយើងច្រើនជាង យើងជ្រើសរើសប្រទេសទៅ ថាតើប្រទេសណា ត្រូវឃើញ post ឬpageរបស់យើងណឹង ត្រូវបានឃើញជាទូទៅនៅលើaccount របស់គេ»។
អ្នកជំនាញរូបនេះ ក៏ឲ្យយោបល់ផងដែរថា អ្នកកាន់ទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែនគួរតែបង្ហាញទិន្នន័យក្នុងទំព័ររបស់លោកហ៊ុន សែន ដើម្បីបញ្ជាក់គណនីភាពនិងតម្លាភាពនោះ។
តាមសារព័ត៌មានThe Phnom Penh Post ដែលបានដកស្រង់ទិន្នន័យចេញពី ក្រុមហ៊ុនទិន្នន័យ Socialbakers.com ក៏បានផ្សាយថា ការចុច «like» ជាគំហុក ប្រហែល២៥ម៉ឺន៥ពាន់នាក់ លើទំព័រហ្វេសប៊ុកលោកហ៊ុន សែន ពេលថ្មីៗនេះ គឺមកពីប្រទេសឥណ្ឌា ខណៈពេល អ្នកចុច «like» ក្នុងរយៈពេល ៣០ថ្ងៃចុងក្រោយនេះ មានច្រើនមកពីប្រទេសហ្វីលីពីន មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី តួកគី និង ម៉ិកស៊ីកូជាដើម។ ការចុចlike ដ៏គំហុកលើទំព័រហ្វេសប៊ុកលោកហ៊ុន សែន ធ្វើឲ្យលោកវ៉ាដាច់ ហ្វេសប៊ុករបស់ប្រធានគណបក្សជំទាស់លោក សម រង្ស៊ី ដែលមានអ្នកគាំទ្រត្រឹមតែ២លាន២សែននាក់ត្រឹមថ្ងៃពុធនេះ។
ប៉ុន្តែសម្រាប់អ្នកគាំទ្រក្នុងប្រទេសកម្ពុជាវិញគឺលោក សម រង្ស៊ីនៅតែនាំមុខដដែលដោយមានអ្នកគាំទ្រ១,៨៣លានហើយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនមាន១,៧៣លាន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឦសាន្តបានទាត់ចោលរបាយការណ៍និងការចោទថាប្រធានគណបក្សកាន់អំណាចលោក ហ៊ុនសែន ប្រើប្រាស់ថវិកាក្នុងការជំរុញឲ្យមានការចុចlike លើទំព័រលោកនោះទេ។ លោកថាអ្នកដែលគាំទ្រទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែននិងឥស្សរជនផ្សេងទៀតគឺស្ថិតនៅក្នុងប្រទេសកម្ពុជា។
«យើងមិនជឿ យើងយកការនិយាយខាងក្រៅជាការណ៍មិនបាននោះទេ។ ខ្លះគេចោទថា រាជរដ្ឋាភិបាលកម្ពុជាជួលគេlikeទៅទៀត។ ជួលគេចូលទៅទៀត។ អីចឹង បានខ្ញុំជំរាបថាអ្នកខាងក្រៅប្រទេសមក គឺវាគ្មានប្រយោជន៍ឲ្យគេlikeនោះទេ។ វាអត់ពាក់ព័ន្ធនឹងផលប្រយោជន៍ ហើយនឹងមានទំនាក់ទំនងគ្នា។ ហើយប្រសិនបើមានក៏វាចំនួនតិចតួចដែរ បើសិនណាគេចង់លេងអីចឹង ក៏ប៉ុន្តែ បញ្ហាសំខាន់គឺ នៅលើផលប្រយោជន៍ប្រជាជន។ ប្រជាជនចង់បាន សំណូមពរជា ករណីនេះ ករណីនោះ ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយ។ អញ្ចឹងទេភាគច្រើនគឺសុទ្ធតែជាប្រជាជនកម្ពុជា នៅក្នុងប្រទេសកម្ពុជានោះឯង»។
លោក សុខ ឦសាន្តនៃគណបក្សប្រជាជនកម្ពុជាថាការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងរយៈត្រឹម៦ខែនេះ គឺចង់បំពេញចន្លោះខ្វះខាតចំពោះការងាររបស់រដ្ឋបាលលោក ហើយពេលនេះគឺបានទទួលការគាំទ្រដ៏ច្រើនពីប្រជាពលរដ្ឋកម្ពុជា។
នាពេលថ្មីនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលកាន់អំណាចជាង៣០ឆ្នាំបាន ប្រកាសឲ្យអ្នកគាំទ្រនិងប្រជាពលរដ្ឋផ្ញើជាសារទៅកាន់ទំព័រហ្វេសប៊ុករបស់លោកដើម្បីឲ្យមានការដោះស្រាយ បញ្ហាទាំងនោះដោយផ្ទាល់ផងដែរ។ ជាមួយគ្នានោះដែរ លោកក៏បានជំរុញឲ្យមន្ត្រីខ្លួនគ្រប់ស្ថាប័នធ្វើការបង្កើតគណនីហ្វេសប៊ុក របស់អង្គភាពនិងផ្ទាល់ខ្លួនផងដែរ។
អ្នកឃ្លាំមើល ការវិវឌ្ឍនយោបាយក្នុងប្រទេស កម្ពុជាយល់ថាការព្យាយាមបង្កើន ប្រជាប្រិយភាពរបស់លោកហ៊ុន សែនក្នុងបណ្តាញសង្គម ហ្វេសប៊ុកបែបនេះ គឺត្រៀមខ្លួនដើម្បីការបោះឆ្នោតនាឆ្នាំ២០១៧និង២០១៨ខាងមុខ៕