លោកម៉ាក ហ្សាកគឺប៊ឺក (Mark Zuckerberg) ដែលជាស្ថាបនិកក្រុមហ៊ុន បណ្តាញសង្គមដ៏ធំដែលមានឈ្មោះថា ហ្វេសប៊ុក មានគម្រោងជួបជាមួយមេដឹកនាំបែបគំនិតអភិរក្សនិយមជាច្រើននាក់ ដើម្បីជជែកអំពីការចោទប្រកាន់ដែលថាក្រុមហ៊ុនរបស់លោកមានចេតនាមិនដាក់បញ្ចូលព័ត៌មានខាងអភិរក្សនិយមចូលទៅក្នុងផ្នែក «ប្រធានបទពេញនិយម» របស់ហ្វេសប៊ុកដែលគេហៅថា Trending Topics។ VOA ផ្នែកភាសាអង់គ្លេសរាយការណ៍អំពីរឿងនេះ។
ដោយសារតែមានមនុស្សរាប់លាននាក់អានផ្នែក «ប្រធានបទពេញនិយម» របស់ហ្វេសប៊ុក ធ្វើឲ្យអ្នកគាំទ្រគណបក្សសាធារណរដ្ឋមួយចំនួនបញ្ចេញសេចក្តីព្រួយបារម្ភថា រាល់សកម្មភាពរឹតត្បិតណាមួយដែលធ្វើឡើង អាចជះឥទិ្ធពលទៅលើការសម្រេចចិត្តរបស់អ្នកបោះឆ្នោត នៅក្នុងការបោះឆ្នោតថ្នាក់ជាតិដែលនឹងធ្វើឡើងនៅក្នុងខែវិច្ឆិកាខាងមុខនេះ។
នៅថ្ងៃពុធនេះ លោក Zuckerberg នឹងជួបជាមួយអ្នកល្បីឈ្មោះខាងប្រព័ន្ធផ្សព្វផ្សាយបែបអភិរក្សនិយមដូចជា លោក Glenn Beck លោកស្រី Dana Perino ដែលជាពិធីការនីកម្មវិធី The Five នៃប៉ុស្តិ៍ទូរទស្សន៍ Fox News និងលោក Zach Moffatt ដែលជាសហស្ថាបនិកនៃក្រុមហ៊ុន Targeted Victory ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាមួយមានគោលបំណងធ្វើឲ្យមានតម្លាភាពក្នុងវិស័យទិញដូរប្រព័ន្ធផ្សព្វផ្សាយ។
លោកបានបង្ហោះសារមួយនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីសប្តាហ៍មុនដែលរៀបរាប់អំពីការជួបប្រជុំជាមួយនឹងអ្នកអភិរក្សនិយមដោយលោកបានសរសេរយ៉ាងដូច្នេះថា «ខ្ញុំចង់ឲ្យមានការសន្ទនាដោយផ្ទាល់ ដើម្បីជជែកអំពីគោលជំហររបស់ហ្វេសប៊ុក និងវិធីធ្វើយ៉ាងណាឲ្យប្រាកដថា បណ្តាញរបស់យើងនេះនឹងនៅតែរក្សាគោលជំហរបើកចំហឲ្យអស់លទ្ធភាព»។
អតីតពិធីករព័ត៌មានប៉ុស្តិ៍ Fox News
លោក Beck ដែលជាអតីតពិធីករព័ត៌មានទូរទស្សន៍ Fox News បាននិយាយនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃអាទិត្យនេះថា លោកនឹងចូលរួមការប្រជុំនៅទីក្រុង Menlo Park រដ្ឋកាលីហ្វញ៉ា ហើយថា «ការប្រជុំនេះច្បាស់ជាគួរឲ្យចាប់អារម្មណ៍ព្រោះខ្ញុំចង់មើលមុខគាត់ (ហ្សាកគឺប៊ឺក) ឲ្យចំ ពេលគាត់រៀបរាប់ពីហេតុផលនោះ។»
លោក Beck បន្តទៀតថា «ថ្វីបើពួកគេគឺជាក្រុមហ៊ុនឯកជន ហើយខ្ញុំគាំទ្រសិទ្ធិសេរីភាពក្នុងការធ្វើជំនួញរបស់គេដែលមិនចង់ឲ្យមានការលូកលាន់ពីសំណាក់រដ្ឋាភិបាលក៏ពិតមែន ក៏ប៉ុន្តែវាប្រហែលជាប្រសើរខ្លាំងណាស់ប្រសិនបើក្រុមហ៊ុនដូចជាហ្វេសប៊ុក ជ្រើសយកសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃសមាគមជាគោលការណ៍សាជីវកម្ម ប្រកបដោយឯករាជ្យភាព។»
លោក Zuckerberg បានអញ្ជើញអ្នកអត្ថាធិប្បាយប៉ុន្មានរូបនេះមកកាន់ការិយាល័យកណ្តាលរបស់លោក បន្ទាប់ពីមានការចោទប្រកាន់ពីសំណាក់គេហទំព័រនៃក្រុមហ៊ុនព័ត៌មានបច្ចេកវិទ្យា ឈ្មោះថា Gizmodo កាលពីសប្តាហ៍មុនដែលរាយការណ៍ថា អតីតបុគ្គលិករបស់ហ្វេសប៊ុកម្នាក់បាននិយាយថា បុគ្គលិកក្រុមហ៊ុននេះ «តែងតែរឹតត្បិតអត្ថបទព័ត៌មានដែលអ្នកអានអភិរក្សនិយមទំនងនឹងចាប់អារម្មណ៍» មិនឲ្យឃើញក្នុង Facebook ហើយបែរជាបន្ថែមសាច់រឿងផ្សេងទៀត «ដោយចេតនា» ចូលទៅក្នុងបញ្ជីប្រធានបទពេញនិយមនោះទៅវិញ។
លោក Zuckerberg បានច្រានចោលការចោទប្រកាន់នេះ ដែលពឹងផ្អែកតែលើប្រភពព័ត៌មានអនាមិកតែមួយ ហើយប្រភពព័ត៌មាននោះទៀតសោតមាននិន្នាការអភិរក្សនិយមថែមទៀតផង។ លោក Zuckerberg ក៏បានមានប្រសាសន៍បន្ថែមទៀតថា ហ្វេសប៊ុក «រកមិនឃើញភស្តុតាងណាមួយដែលបញ្ជាក់ថាការរាយការណ៍នោះពិតនោះឡើយ។» លោកបន្តថា ក្រុមហ៊ុនលោកនឹងនៅតែបន្តការស៊ើបអង្កេតរឿងនេះ។
លោកបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា «ប្រសិនបើខាងយើងរកឃើញអ្វីមួយដែលមិនស្របទៅតាមគោលការណ៍របស់យើង លោកអ្នកនឹងទទួលបានការប្តេជ្ញាពេញទំហឹងពីខ្ញុំ ដែលថាពួកយើងនឹងចាត់វិធានការបន្ថែមទៀតក្នុងការដោះស្រាយបញ្ហានេះ។»
គោលការណ៍ណែនាំការចេញផ្សាយ
ហ្វេសប៊ុកក៏បានចេញផ្សាយជាសាធារណៈនូវគោលការណ៍ណែនាំផ្ទៃក្នុងផ្នែកព័ត៌មាន ក្នុងការព្យាយាមចុងក្រោយបំផុតដើម្បីប្រយុទ្ធប្រឆាំងនឹងការចោទប្រកាន់ពីបទលម្អៀងផ្នែកនយោបាយក្នុងការផ្សព្វផ្សាយអត្ថបទព័ត៌មានទៅកាន់អ្នកប្រើប្រាស់ប្រមាណជាង ១៦០០ លាននាក់របស់ខ្លួន។
ឯកសារផ្ទៃក្នុងចំនួន២៨ទំព័រនេះផ្តល់ព័ត៌មានលម្អិតពីរបៀបដែលហ្វេសប៊ុកជ្រើសរើសអត្ថបទព័ត៌មានដែលគួរចេញនៅលើផ្នែកព័ត៌មានពេញនិយមរបស់ហ្វេសប៊ុក។ ប្រអប់ព័ត៌មានពេញនិយមរបស់ហ្វេសប៊ុកនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ២០១៤ ហើយមានទីតាំងនៅខាងស្តាំដៃនៃ Facebook Newsfeed។
គោលការណ៍ណែនាំនេះបង្ហាញពីរបៀបកំណត់ថាតើអ្វីគួរជាប្រធានបទពេញនិយមនៅលើគេហទំព័រហ្វេសប៊ុកដោយមានការបញ្ចូលគ្នារវាងការជ្រើសរើសដោយកុំព្យូទ័រ និងមនុស្សដែលជាអ្នកកែសម្រួលឬយ៉ាងណា។ ដំបូង បច្ចេកវិទ្យាកុំព្យូទ័ររកឃើញអត្ថបទព័ត៌មានដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយលើបណ្តាញនេះ បន្ទាប់មកអ្នកកែសម្រួលចាប់ផ្តើមផ្ទៀងផ្ទាត់អត្ថបទព័ត៌មាន ដើម្បីឲ្យច្បាស់ថាតើអត្ថបទព័ត៌មាននេះត្រូវបានចុះផ្សាយដោយស្ថាប័នព័ត៌មានធំៗទាំង១០ដែរឬទេ ដែលសារព័ត៌មានធំៗទាំងនោះរួមមានដូចជា កាសែតNew York Times ទីភ្នាក់ងារសារព័ត៌មាន CNN សារព័ត៌មាន BuzzFeed និងទូរទស្សន៍ Fox News ជាដើម។
លោក Justin Osofsky អនុប្រធាននៃប្រតិបត្តិការសាកលលោករបស់ហ្វេសប៊ុកបានមានប្រសាសន៍ថា គោលការណ៍ណែនាំនេះធានាឲ្យបានថាអត្ថបទដែល «ពេញនិយម» ពិតជាតំណាងឲ្យ «អត្ថបទព័ត៌មានពេញនិយមដែលសំខាន់ជាងគេ មិនថាព័ត៌មាននោះមាននិន្នាការមនោគមវិជ្ជាបែបណានោះឡើយ។»
ការសិក្សាស្រាវជ្រាវមួយកាលពីឆ្នាំ២០១៥ ដែលធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew Research Center និងមូលនិធិ Knight បានរកឃើញថា អ្នកប្រើប្រាស់ហ្វេសប៊ុកចំនួន៦៣% ដែលក្នុងនោះ៤១%ជាជនជាតិអាមេរិកាំងពេញវ័យទទួលបានព័ត៌មានពីគេហទំព័របណ្តាញសង្គមនេះ។
ក្រុមហ៊ុនហ្វេសប៊ុកមានតម្លៃប្រហែល ៣៥០ ពាន់លានដុល្លារអាមេរិក៕
ប្រែសម្រួលដោយ ហឿន សុភ័ក្រ្ត