ក្រុមហ៊ុន​ហ្វេសប៊ុក​ ប្រើប្រាស់​ប្រទេស​កម្ពុជា​ដើម្បី​សាកល្បង​ទីផ្សារ​របស់​ខ្លួន

រូបឯកសារ៖ កញ្ញា ធី សុវណ្ណថា និងមិត្តភ័ក្តិប្រើ​ទូរស័ព្ទ​ចល័ត និង​បណ្តាញ​សង្គម នៅក្នុង​ហាង​កាហ្វេ​មួយ​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤។

នៅ​ពេលថ្មីៗ​នេះ​ ​ក្រុមហ៊ុន​បច្ចេក​វិទ្យាយក្ខ​របស់​អាមេរិក​ Facebook​ បាន​បង្កើត​ ​មុខងារ​ថ្មី​ លើ​បណ្តាញ​របស់​ខ្លួន​ ​គឺ​ ​Explore Feed​ ​ដើម្បី​កាត់​ចេញ​ការ​បង្ហោះ​សារ​មួយ​ចំនួន​របស់អ្នក​មាន​ទំព័រ​ហ្វេស​ប៊ុក​ពី​ News Feed​។​ ​ការសាក​ល្បង​របស់ ​Facebook​ នៅ​ក្នុង​ប្រទេស​តូចៗ​ចំនួន​៦ ​រួម​ទាំង​កម្ពុជា​ផង​នោះ​ ធ្វើ​ឱ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​ និង​អ្នក​ប្រើ​ប្រាស់​បណ្តាញ​នេះ​ ​ដោយ​សារ​វា​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការ​ទទួល​ព័ត៌​មាន​របស់​ក្រុម​ប្រទេស​ទំាង​នោះ។

ការផ្លាស់​ប្តូរ​សាកល្បង​ក្នុង​ការ​ទទួល​ព័ត៌មាន​នា​នា​លើ​ ​News Feed​ ​របស់​ ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​ប្រទេស​តូចៗ​មួយ​ចំនួន​ផ្សេងទៀត​ ​រងការ​រិះគន់​យ៉ាងខ្លាំង​ ​ដោយ​ក្រុម​ហ៊ុន​ ​បច្ចេក​វិទ្យា​យក្ខ​របស់​សហរដ្ឋ​អាមេរិក​ ​ដែល​គេ​ទទួល​ស្គាល់ថា​បាន​បើក​ឱ្យ​មាន​ការ​ភ្ជាប់​ទំនាក់​ទំនង​ដ៏​ទូលំ​ទូលាយ​ ​ត្រូវ​ដើរ​ថយ​ក្រោយ​ទៅ​វិញ​ ​ហើយ​ផលិត​ផលរបស់​ខ្លួនផ្ទាល់​ ​ត្រូវ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ ​ចំពោះ​ការមិន​ផ្តល់​ដំណឹង​ឱ្យ​អ្នក​ប្រើប្រាស់​ ​មុន​ការ​សម្រេចចិត្ត​ ​និងចែកចាយ​ព័ត៌មាន​របស់​ខ្លួន​ធ្វើ​ឡើង។

​ប្រទេសដែល​ស្ថិត​ក្នុង​បញ្ជី​សាកល្បង​លើ​News Feed​ ​របស់​ហ្វេសប៊ុក​ ​រួម​មាន​ប្រទេស​ ​ស្រីលង្កា​ ​ប្រទេស​បូលីវី​ ​ស្លូវ៉ាគី​ ​សែប៊ី​ ​ប្រទេស​ក្វាតេម៉ាឡា​ ​និង​ប្រទេស​កម្ពុជា។​ ​ការ​ផ្លាស់​ប្តូរ​ ​ដែល​ធ្វើ​ឡើង​ចាប់ពី​ពាក់​កណ្តាល​ខែ​ ​កញ្ញា​មក​នោះ​ ​គឺ​មិន​បាន​ប្រាប់​ឱ្យ​អ្នក​ចែក​ចាយ​ព័ត៌មាន​ឬ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុកបាន​ដឹង​ពី​ការ​ប្រែប្រួល​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន​លើ​ ​news feed​ ​របស់​ខ្លួន​នោះ​ទេ។​

ដំណឹង​សំខាន់​តែ​មួយ​គត់​ដែល​ ​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ឱ្យ​ដឹង​ ​គឺ​តាម​រយៈ​ ​ការ​បង្ហោះ​ព័ត៌មាន​លើ​blog​ ​ផ្ទាល់​ខ្លួន​របស់​ប្រធាន​គ្រប់​គ្រង​ផ្នែក​ ​News Feed​ ​គឺ​ ​លោក​ ​Adam Mosseri​ ​ដោយ​ព្យាយាម​មិន​ផ្តល់​បទ​សម្ភាសន៍​ដល់​ក្រុម​អ្នក​សារព័ត៌មាន។

រូបឯកសារ៖ បុរស​ម្នាក់​មើលទំព័រFacebook របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន លើ​ទូរស័ព្ទ​ចល័ត​របស់​ខ្លួន នៅ​តាម​ផ្លូវ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។

ឆ្លើយ​តប​ទៅ​នឹង​ការទិតៀន​របស់​ ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​ចំពោះ​ផ្លាស់ប្តូរ​របស់Facebook​ ​ដោយ​មិន​បាន​ជូន​ដំណឹង​ជា​មុន ​លោក​ ​Adam Mosseri​ ​បាន​ ​សរសេរ​ក្នុង​ ​blog​ ​ផ្ទាល់​ខ្លួន​របស់​លោក​កាល​ពី​ចុងខែ​កន្លង​ទៅ​ ​ក្នុង​ន័យ​ដើម​ថា៖​

«ពួក​យើង​តែងតែ​ស្តាប់​យោបល់​ពី​សហគមន៍​របស់​យើង​អំពី​វិធី​សាស្ត្រ​ដើម្បី​ធ្វើឱ្យ​មាន​ការ​ប្រសើ​ឡើង​ក្នុង​ ការ​ទទួល​ព័ត៌មាន​(News Feed)»។​

ចម្ងល់​ទាក់​ទិន​នឹង​ ​ហេតុអ្វី​បាន​ជា​ក្រុម​ហ៊ុន​ហ្វេសប៊ុក​ ​សម្រេច​ការ​ផ្តាស់​ប្តូររ​សាក​ល្បង​នេះ​ ​ចំពេល​ដែល​មាន​ការ​បង្ក្រាប​ ​លើ​សារព័ត៌មាន​ឯករាជ​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​ ​ឬ​តើ​ការ​ផ្លាស់​ប្តូរ​នេះ​នឹង​បន្ត​រហូត​ដល់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​ទៀតឬ​យ៉ាង​ណា?​ ចម្ងល់​ទាំង​នេះ​នៅ​តែ​ស្ថិត​ក្នុង​ភាព​អាថ៌​កំបាំង​នៅ​ឡើយ។​

«វា​អត់​មាន​ការ​ផ្តល់​ព័ត៌​មាន​អី​ ​ឱ្យ​បាន​ស៊ី​ជម្រៅ​ជា​មុន​ ​ដល់​ពេល​មាន​ការ​ផ្លាស់​ប្តូរ​អ៊ីចឹង​ ​គឺ​ពួក​គាត់​វ៉ាក់​អ៊ើ​តែ​ម្តង!​ ​ដូច​ខ្ញុំ​ផ្ទាល់ក៏​មាន​ការ​ពិបាក​ដែរ ​មុន​ដំបូងយើងឆ្ងល់ដែរ​ ​ទាល់តែ​ដឹង​រឿង​ ​Explore Feed​ ​ហ្នឹង​ ​បាន​យើង​ដឹង​ថា​អូខេ!​ ​វា​មាន​ការ​បែង​ចែក​ដាច់​ពី​គ្នារ​វាង​ ​ហ្វេសប៊ុក​ ​Account ​និង​ហ្វេសប៊ុក​ ​Page»។​ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ ​លោក​ ​ណុប វី​ ​នាយក​នៃ​នាយក​ដ្ឋាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ ​ឬ​(CCIM)​ ​ដែល​គ្រប់គ្រង​លើ​ការផ្សាយ​របស់​វិទ្យុ​ ​VOD។

​លោក ​ណុប វី​ ​បាន​បញ្ជាក់​ប្រាប់​បន្ថែមVOA​ ​ថា​ក្រុម​ការងារ​របស់​លោក​កំពុង​រិះរក​វិធី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។

​ការ​ផ្លាស់​ប្តូរ​សាកល្បង​របស់​ ​Facebook​ ​គឺ​មិន​ឱ្យ​សារ​ដែល​បង្ហោះ​ដោយ​ ​អ្នកមាន​ទំព័រ​ហ្វេសប៊ុក ឬ​ហ្វេសប៊ុក​ ​Page​ ​ដូច​ជា​ស្ថាប័ន​ព័ត៌មាន​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ឬ​ស្ថាប័ន​ពាណិជ្ជកម្ម​ជា​ដើម​ ​ផ្សព្វ​ផ្សាយ​ដំណឹង​របស់​ខ្លួន​ ​ទៅ​ក្នុង​ ​News Feed​ ​ដូច​ធម្មតា​នោះ​ទេ​ ​ក៏​ប៉ុន្តែ​វា​បង្ហាញ​នៅ​លើ​មុខងារ​ថ្មី​របស់​ហ្វេស​ប៊ុក​គឺ Explore Feed​ ​ទៅ​វិញ។​ ​វាអាច​បង្ហាញ​លើNews Feed​ ​ដូច​ធម្មតា​លុះត្រាតែ​អ្នក​មាន​ទំព័រ​ហ្វេស​ប៊ុក ឬ​ហ្វេស​ប៊ុក​ ​Page​ បង់ប្រាក់​ឱ្យ​ក្រុមហ៊ុន​ ​Facebook។​

​វាត្រូវ​បាន​ធ្វើ​ឱ្យ​មតិ​សាធារណៈ​មាន​ការ​ងើយ​ឆ្ងល់​ថា​ ​ហេតុ​អ្វី​បាន​បញ្ហា​បែប​នេះ​ ​ត្រូវ​បាន​ចាប់​ផ្តើម​អនុវត្ត​សាក​ល្បង​នៅប្រទេស​ដូច​ជា​កម្ពុជា​ ​ដែល​ស្ថិត​ចំពេល​ដែល​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ មុន​ពេល​ដែល​ការបោះឆ្នោត​ឈាន​ចូល​មក​ដល់​នោះ។​

​កញ្ញា​ ​Maya Gilliss-Chapman​ ​ស្ថាបនិក​នៃ​ ​អង្គការ​ ​Cambodian in Tech​ ​ឬ​ខ្មែរ​នៅ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​និង​ជា​អ្នកវិភាគ​ប្រចាំ​នៅ​ ​តំបន់​បច្ចេក​វិទ្យ​ ​អាមេរិក​ Silicon Valley​ ​បាន​សរសេរ​ក្នុង​សារ​អេឡិច​ត្រូ​និក​ឬ​ ​Email​ ​មកកាន់​ ​VOA​ ​ថា៖​ ​«នៅ​ត្រង់​ចំនុច​នេះ​ ​ខ្ញុំ​មិន​បាន​ឃើញ​ ​ពី​ការ​សួរនាំ​អ្វី​ពី​Facebook ទាល់​តែ​សោះ​ ​ដែល​អាច​ទទួល​ស្គាល់​ពី​ ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការ​ពិសោធន៍​ដែល​បាន​ធ្វើ​ទៅ​លើ​ក្រុម​ប្រទេស​ទាំង​៦នេះ»។​

​លោក​ ​ប៊ុន ថារុំ​ ​អ្នក​សរសេរ​ប្លុកបច្ចេកវិទ្យា​មួយ​រូប​ក្នុង​ប្រទេស​កម្ពុជា​ ​និង​ជា​ស្ថាបនិក​របស់​KokiTree​ ​បាន​លើក​ឡើង​ថា​ ​សំរាប់Facebook​ ​ការ​ព្យាយាម​ប្រើវិធីសាស្ត្រ​ថ្មី​ក្នុង​ការកេង​ចំណេញ​ ​ពី​ការផ្សាយ​ពាណិជ្ជកម្ម​ ​នៅ​ក្នុង​ទី​ផ្សា​មួយ​ដែល​ធ្លាក់​ចុះ​នៃ​ការទិញ​ចំនួន​ ​Likes​ ​គឺ​សំខាន់​ជាង​បទ​ពិសោធន៍​របស់​អ្នក​ប្រើ​ប្រាស់។​

​លោក ​ប៊ុន ថារុំ មាន​ប្រសាសន៍​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ៖​

«វា​គឺ​ជា​លើក​ដំបូង​បង្អស់​ ​ដែល​បញ្ហា​នេះ​កើត​ឡើង។​ ​Facebook​ ​គួរ​តែ​ធ្វើ​អ្វី​ដែល​ប្រសើរ​ជាង​នេះ។​ ក៏​ប៉ុន្តែ​ចុងក្រោយ​ ​វា​គឺ​ជា​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​ក្នុង​ពិភព​លោក​ដែល​អាច​ធ្វើ​សម្រេច​ចិត្តដោយ​មិន​ស្តាប់​មតិ​របស់​អតិថិ​ជន​ខ្លួន»។​

​ការ​ផ្លាស់​ប្តូរ​ ​News Feed​ ​របស់​ខ្លួន​ ​ក៏​បាន​ធ្វើ​ឡើង​ ​ក្រោយ​ពី​ក្រុម​ហ៊ុន​នេះ​រង​ការរិះគន់​ ​ចំពោះ​ការ​ចែក​ចាយ​ព័ត៌មាន​មិន​ពិត​ ​អំឡុង​ពេល​ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​ទៅ​មិញ។​

លោក ​ប៊ុន ថារុំ មាន​ប្រសាសន៍​បន្ថែម​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ៖​

«ប្រទេស​កម្ពុជាមាន​អ្នក​ចូលចិត្ត​ ​Facebook​ ​ជា​ច្រើន។​ ​ក៏ប៉ុន្តែ​ពេល​វាលា​នៃ​ការ​ចាប់​អាម្មណ៍​លើ​ Facebook​ ​ Google​ ​និង​ ​Twitter​ ​កំពុង​ត្រូវ​បានដុត​បំផ្លាញ​ដោយ​សារ​តែ​តួនាទី​របស់​វា​ ​អំឡុង​ពេល​បោះ​ឆ្នោត​នៅ​សហ​រដ្ឋ​អាមេរិក​កាលពី​ឆ្នាំ​ទៅ​មិញ»។​

​ក្រុម​ហ៊ុន​ទាំង​បី​នេះ​ត្រូវ​បាន​កោះហៅ​សាកសួរ​ដោយ​គណកម្មា​ធិការ​ស៊ើប​ការណ៍​នៃ​ ​ព្រឹទ្ធិ​សភា​អាមេរិក​ ​កាល​ពី​សប្តាហ៍​មុន​ ​ជាទី​ដែល​ការ​គ្រប់គ្រង​លើ​សកម្មភាព​របស់​ក្រុមហ៊ុន​ទាំង​បី​ត្រូវ​បាន​ធ្វើ​ឡើង។

លោក Sean Edgett (ពីឆ្វេង) ប្រធាន​ក្រុមប្រឹក្សា​ស្តីទី​របស់​ក្រុមហ៊ុន Twitter លោក Colin Stretch ប្រធាន​ក្រុមប្រឹក្សា​របស់​ក្រុមហ៊ុន Facebook និង​លោកKent Walkerជា​អនុប្រធាន​ជាន់​ខ្ពស់ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​របស់​ក្រុមហ៊ុន Google ធ្វើ​សក្ខីកម្ម​នៅ​ចំពោះ​មុខ​គណៈកម្មការ​ស៊ើបការ​សម្ងាត់​របស់​សភា​នៅ​វិមាន​សភា​ Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្នុង​សប្តាហ៍​ដដែល​នោះ​ដែរ​ ក្រុមហ៊ុន​ ​Facebook​ ​បាន​បំបែក​ឯតទគ្គកម្ម​របស់​ខ្លួន​ ​ក្នុង​ការ​ទទូល​បាន​ចំណូល​ខ្ពស់​បំផុតមិន​ធ្លាប់​មាន​ ​ដោយ​ក្នុង​មួយ​ត្រីមាស​ចំណេញ​ដល់​ទៅ​ជាង​៤ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុងនោះដែរ​ក្រុមហ៊ុន​ ​Facebook​ ក៏​បាន​បំបែកឯតទគ្គកម្ម​តំលៃ​ភាគហ៊ុន​របស់​ខ្លួន​ផង​ដែរ។​

​ជាមួយ​នឹង​ការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ឆ្នាំ​ខាងមុខ​ ​រដ្ឋាភិបាល​កម្ពុជា​កាល​ពីខែ​សីហា​កន្លង​ទៅ​ ​បាន​បើក​យុទ្ធ​នាការ​ ​បិទ​ស្ថានីយ​វិទ្យុ​ក្នុងស្រុក​យ៉ាងហោច​ ​ណាស់​ចំនួន​១០​ ​ដែលផ្តល់ផ្សាយបន្ត​ឱ្យ​ ​វិទ្យុ​អាស៊ី​សេរី​ RFA​ ​សំឡេង​សហរដ្ឋ​អាមេរិក​ ​VOA​ ​និង​វិទ្យុ​សំឡេង​ប្រជាធិប​តេយ្យ​ ​VOD។​

​ភ្លាមៗ​នោះ​ស្ថាប័ន​ព័ត៌មាន​ទាំង​បី​ ​បាន​បង្វែរ​ការផ្សាយ​របស់​ខ្លួន​ទៅ​លើ​ទំព័រ​ហ្វេសប៊ុក​ ​ដែល​មានអ្នក​ប្រើ​ប្រាស់​ក្នុងស្រុក​ ​ជាង​១ភាគបី​នៃ​ចំនួន​ពល​រដ្ឋ​កម្ពុជា​សរុប​១៥លាន​នាក់។​ ​ជាការពិត​ ហ្វេសប៊ុក​និង​ការផ្សាយ​វីដេអូ​ ​តាមហ្វេសប៊ុក​ ​គឺ​ជា​ប្រភព​ដ៏​ពេញ​និយម​ក្នុង​ការទទួលព័ត៌មាន​របស់​ប្រជាជន​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦។​ ​នេះ​បើយោង​តាមការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​ ​អង្គការ​ ​Asia Foundation​ ​និង​អង្គការ​ ​Open society។

​អ្នក​នាំ​ពាក្យ​វិទ្យុអាស៊ីសេរី​ ​RFA​ ​លោក​ ​Rohit Mahajan​ ​និយាយ​ថា​ពេល​វាលា​នៃ​ការ​ធ្វើពិសោធ​ ​របស់​ហ្វេសប៊ុក​គឺ​ «តិចជាង​ឧត្តមគតិ»។​

លោក ​Rohit Mahajan ​សរសរ​មក​កាន់​ ​VOA​ ​ក្នុង​ន័យ​ដើម​ថា៖​

​«ខ្ញុំ​អាច​និយាយ​បាន​ថា​ការ​ផ្សព្វផ្សាយ​របស់​ ​អាស៊ីសេរី​ ​ផ្នែក​ខេមរភាសា​ ​លើ​ទំព័រ​ហ្វេសប៊ុក​ដោយ មិន​បង់​លុយ​គឺ​រង​ការ​ប៉ពាល់​ ​ដោយ​មាន​ការ​ធ្លាក់​យ៉ាង​គំហុក​ ​ចាប់តាំង​ពី​ដើម​ខែ​បើ​ធៀប​ទៅ​នឹង​ចុង​ខែ​ ​ប្រហែល​៥០​ភាគរយ»។​

លោក​ Steven Path​ ប្រធាន​ ​សហព័ន្ធ ICTនៃប្រទេសកម្ពុជា​ ​និង​ជា​ ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ បច្ចេក​វិទ្យា​ក្នុង​ស្រុក​ Pathmazing​ ​និយាយ​ថា​ ​សញ្ញាដ៏ធំចេញពី​ការ​សាកល្បង​ក្នុង​ប្រទេស​កម្ពុជា​គឺ​ថា​ វា​ជា​ការ​ ​«ចាញ់​ ​ចាញ់​ ​ចាញ់»​ ​របស់​គ្រប់​ភាគី​ ​ទំាង​អ្នក​ប្រើប្រាស់​ ​ម្ចាស់​អាជីវកម្ម​ ​និង​អ្នក​ទិញ​ពាណិជកម្ម។​

«ខ្ញុំ​បាន​តាម​ដាន​ ​ក្រុមហ៊ុន​ហ្វេសប៊ុក​ ​យ៉ាងមុតមាំ​ ​ក្នុង​អំឡុង​ពេល​១០ឆ្នាំ​មក​នេះ​ ​ហើយ​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ចាប់​ផ្តើម​លោភលន់​ខ្លាំង​ឡើងៗ»។​

លោក​ ​Steven Path​ ​បន្ត​ថា​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ប្រថុយ​ដោយ​ការ​ធ្វើ​ឱ្យ​ខកចិត្ត​ ​ដែល​ពេល​បច្ចុប្បន្ន​ជា​តុល្យភាព​រវាង​ការ​ចង់​បាន​អ្នក​ប្រើ​ប្រាស់​និង​អ្នក​ធ្វើ​ទីផ្សារ។

​«ហើយ​ក្រុមហ៊ុនហ្វេសប៊ុក​គួតែ​ប្រុង​ប្រយ័ត្ន​ ​ប្រសិន​បើ​ពួក​គេ​ចង់​រក្សា​ឱ្យ​បាន​នូវ​ការ​បន្ត​កំនើន​នៃ​អ្នក​ប្រើ​ប្រាស់​សកម្ម​របស់​បណ្តាញ​នេះ​ប្រចាំ​ថ្ងៃ​ ​ជា​ការពិត​វិធីសាស្ត្រ​បែប​នេះ​នឹង​អាច​ធ្វើ​ឱ្យ​ស្ថានភាព​នេះកាន់​តែ​ពិបាក​ទៅ​នោះ​ទេ»។​

​ទោះ​យ៉ាងនេះ​ក៏​ដោយ​លោក​ថា​មតិ​ប្រឆំាង​នា​នាទៅ​នឹង​ការ​សាកល្បង​នេះ​ ​នឹង​ត្រូវ​បាន​រឹតត្បិត​ ​ដោយ​ហេតុ​ ​ថា​នាពេល​អនាគត​ដែល​អាច​មើល​ឃើញ​ ​គឺថា​គ្មាន​គូ​ប្រជែង​ណា​ដែល​អាច​វាយ​បំបាក់​ និង​ជំនួសក្រុមហ៊ុន​ហ្វេសប៊ុក​នោះ​ទេ។​

កញ្ញា​ ​Maya Gilliss-Chapman​ ​បាន​និយាថា៖​

«បើ​យើង​មើល​វា​ក្នុង​ផ្លូវ​នេះ​វិញ​៖​ ​បើ​ទោះ​ជា​ក្រុម​ហ៊ុន​ហ្វេសប៊ុក​ត្រូវ​បាន​គេ​ដឹង​ថា​ចែកចាយ​ព័ត៌មាន​ជា​សាធារណៈ​ ​និង​រង​ការ​ចោទ​ប្រកាន់​ថា​បាន​អនុញ្ញាត្ត​ឱ្យ​ជនជាតិ​រ៉ុស្ស៊ី​ផ្សព្វផ្សាយ​ការ​ឃោសនា​របស់​ខ្លួន​តាម​រយៈ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ពេញ​បណ្តាញ​នេះ​ ​អំឡុង​ពេល​បោះឆ្នោត​នៅ​អាមេរិក​ឆ្នាំ​២០១៦​ ​ក៏​ពួក​គេ​នៅ​តែ​រាយការណ៍​មក​ថា​បាន​ទទួល​ផល​ចំណេញ​មិនធ្លាប់​មាន​ដដែល»។​

​ស្ថាបនិក​នៃអង្គការ​ ​Cambodian in Tech​ ​រូប​នេះ​បន្ត​ថា៖​

«អ្វីដែល​បាន​ធ្វើ​ហើយ​ ​គឺ​ធ្វើ​ហើយ​ ​ប៉ុន្តែ​វា​ពិត​ជា​អស្ចារ្យ​ ​បើ​បាន​ឃើញ​ក្រុម​ហ៊ុន​ហ្វេសប៊ុក​ ​យ៉ាង​ហោច​ណាស់​ទទួល​ស្គាល់​នូវ​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​ប្រជាពលរដ្ឋ​ សេដ្ឋកិច្ច​ ​និង​នយោបាយ​ពី​ការ​សាកល្បង​ផ្នែក​ទីផ្សារ​របស់​ខ្លួន​លើក​នេះ»៕