ក្រុមអ្នកបរិស្ថាន កំពុងតែប្រមើលមើលថាតើផលប៉ះពាល់អ្វីខ្លះដែលលោកប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ (Donald Trump) អាចធ្វើឲ្យមានទៅលើផ្នែកបម្រែបម្រួលអាកាសធាតុ។
ក្រុមដែលមានឈ្មោះថា Friends of the Earth ឬមិត្តភក្តិរបស់ភពផែនដី បានពណ៌នាជ័យជម្នះរបស់លោកត្រាំ ថា ជា «ការវាយចំកណ្តាលមុខរបស់ភពផែនដី»។
ប៉ុន្តែ ទោះបីជាមានការសន្យារបស់លោកត្រាំ ថានឹងបើកឲ្យដំណើរការរ៉ែធ្យូងថ្មឡើងវិញ ការដកខ្លួនចេញពីសន្ធិសញ្ញាស្តីពីការប្រែប្រួលអាកាសធាតុក្រុងប៉ារីស និងការដកបទបញ្ញត្តិស្តីពីបរិស្ថានចេញវិញក៏ដោយ ក៏មានអ្វីៗជាច្រើនទៀត ដែលលោកប្រធានាធិបតីជាប់ឆ្នោតរូបនេះ អាចធ្វើបានដែរ នៅពេលដែលលោកចាប់ផ្តើមការងាររបស់ខ្លួននៅថ្ងៃក្រោយ។
ទីផ្សារថាមពលកំពុងតែងាកចេញពីការប្រើឥន្ធនៈ ហើយតាមយោងតាមអ្នកសេដ្ឋកិច្ចនានា ទីផ្សារសម្រាប់ថាមពលកកើតឡើងវិញ កំពុងតែរីកធំឡើងជាលំដាប់។
ដូច្នេះ សម្រាប់ការសន្យាទាំងឡាយរបស់លោក ត្រាំ ក្នុងការបង្កើតការងារថ្មីៗសម្រាប់ពលរដ្ឋអាមេរិកាំងនោះ តាមពិតទៅ លោកអាចនាំការងារកាន់តែច្រើនថែមទៀត ទៅឲ្យប្រទេសចិន ប្រសិនបើលោកធ្វើតាមការសន្យារបស់លោក ទាក់ទងនឹងបញ្ហាបរិស្ថាននេះមែននោះ។
លោក Michael Brune នាយកប្រតិបត្តិនៃអង្គការ Sierra Club ដែលជាអង្គការការពារបរិស្ថានមួយនៅក្នុងសហរដ្ឋអាមេរិក មានប្រសាសន៍ថា «ការបោះឆ្នោតឲ្យលោកត្រាំ អាចជាមហន្តរាយដល់អាកាសធាតុនិងអនាគតរបស់យើង»។ លោកបន្ថែមថា លោក ត្រាំ គឺជាមេដឹកនាំពិភពលោកតែម្នាក់គត់ «ដែលបដិសេធមិនទទួលស្គាល់ការឯកភាពគ្នាខាងផ្នែកវិទ្យាសាស្ត្រ ដែលថា ការប្រែប្រួលអាកាសធាតុ ពិតជាមានមែន ហើយមនុស្សជាតិ ជាអ្នកបង្កបញ្ហានេះ»។
សីតុណ្ហភាពមធ្យមរបស់ភពផែនដី បានកើនឡើង ប្រហែល ១អង្សាសេ ចាប់តាំងពីយុគសម័យបុរេឧស្សាហកម្មមកម្ល៉េះ។
ការឡើងកម្ដៅនៃភពផែនដី រហូតដល់២អង្សាសេ គឺជាចំណុចដែលមនុស្សជាតិ អាច «ជៀសផុតអ្វីដែលគេមិនអាចគ្រប់គ្រងបាន និងអាចគ្រប់គ្រងបាន អ្វីដែលជៀសមិនផុត» ដែលជាឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមសាស្ត្រាចារ្យខាងគោលនយោបាយសាធារណៈនៃសកលវិទ្យាល័យ University of California-Berkeley គឺលោក Dan Kammen ៕