អ្នក​ជំនាញ៖ សិស្ស​មួយ​ភាគធំ​នៅ​តែ​លំបាក​ក្នុងការ​ជ្រើសរើស​មុខ​ជំនាញ​រៀនឱ្យ​ចំ​តម្រូវការ​ទីផ្សារ

រូបឯកសារ៖ សិស្ស​ថ្នាក់ទី១២ ដើរ​ចេញពី​មណ្ឌល​ប្រឡង​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បន្ទាប់ពី​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចប់​នៅព្រឹក​ថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

អ្នក​ជំនាញ​មួយ​ចំនួន​លើក​ឡើង​ថា​ សិស្ស​មួយ​ភាគ​ធំ​ដែល​ទើប​ប្រឡង​ជាប់​ថ្នាក់​ទី ១២ ​ នៅ​តែ​មាន​ការ​លំបាក​ក្នុង​ការ​ជ្រើស​រើស​មុខ​ជំនាញ​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ ​ដើម្បី​ទទួល​បាន​ការងារ​ស្រប​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​ការងារ។​ ពួក​គេ​ស្នើ​ឱ្យ​រដ្ឋ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​បន្ថែម​ដើម្បី​ជួយ​តម្រង់​ទិស​ដល់​សិស្ស​យល់​ពី​តម្រូវ​ការ​ទីផ្សារ​ការងារ។​

លោក ​ដេត សុខឧត្តម ​ប្រធាន​ផ្នែក​ប្រតិបត្តិ​ការ​នៃ​ក្រុមហ៊ុន​ Paragon Education ​ប្រាប់​វីអូអេ​ថា​ សិស្ស​ដែល​ទើប​ប្រឡង​ជាប់​ទី​ ១២ ​ភាគ​ច្រើន​ពិបាក​ក្នុង​ការ​ជ្រើស​រើស​មុខ​ជំនាញ​រៀន​នៅ​ថ្នាក់​សាកល​វិទ្យាល័យ​ ជា​ពិសេស​សិស្ស​នៅ​តាម​បណ្តា​ខេត្ត ​ដោយ​សារ​តែ​ពួក​គេ​មិន​សូវ​ទទួល​បាន​ព័ត៌មាន​ច្រើន​ជុំវិញ​តម្រូវ​ការ​ការងារ​លើ​ទីផ្សារ។ ​លោក​បន្ត​ថា​ សិស្ស​ភាគ​ច្រើន​មិន​សូវ​ជ្រើស​រើស​ជំនាញ​ផ្នែក​វិស្វកម្ម​ វិទ្យាសាស្រ្ត​កុំព្យូទ័រ ​ឬ​ហៅថា ​STEM ​ដែល​ជា​មុខ​ជំនាញ​មាន​ទីផ្សារ​នោះ​ទេ។​

លោក​ថ្លែង​ថា៖​ «សិស្ស​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ហើយ​តែ​បែរ​ជា​មិន​មាន​លទ្ធភាព​ក្នុង​ការ​ទទួល​ការងារ។​វា​អាច​មាន​ពីរ​ករណី​ធំៗ។ ​ទីមួយ​ជំនាញ​ដែល​គាត់​រើស​មិន​មាន​ទីផ្សារ​ ប៉ុន្តែ​បើ​សិន​តាម​ការ​គិត​របស់​ខ្ញុំ​ ភាគ​ច្រើន​ប្រហែល​ជាមក​ពី​កត្តា​ទីពីរ​ជាង​ គឺ​ទាក់ទង​នឹង​ការ​រៀន​របស់​គាត់​ គឺ​មិន​ទាន់​ទទួល​បាន​ជំនាញ​ជាក់​លាក់​មាន​ន័យ​ថា​ គាត់​រៀន​ ប៉ុន្តែ​គាត់​រៀន​បាន​តែ​ទ្រឹស្ដី។ ​ហើយ​គាត់​រៀន​មិន​មាន​លក្ខណៈ​ស៊ី​ជម្រៅ។ ​គាត់​ខ្វះ​ស្វ័យ​សិក្សា។​ គាត់​ខ្វះ​សមត្ថភាព​ក្នុង​ការ​ធ្វើ​ការ​ស្រាវ​ជ្រាវ​សិក្សា​បន្ថែម។​ ដូច្នេះ​ពេល​គាត់​ចប់​ពី​សាកល​វិទ្យាល័យ​មក​ គាត់​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ដែល​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​គេ​ទទួល​គាត់​ទៅ​ធ្វើ​ការ»។​

លោក​ ដេត សុខឧត្តម​ បន្ថែម​ទៀត​ថា​ រដ្ឋាភិបាល​រួម​ទាំង​ក្រសួង​អប់រំ ​និង​ក្រសួង​ការងារ​គួរតែ​មាន​ការ​រៀបចំ​ជា​កម្មវិធី​ឆ្លើយ​សំណួរ ​បង្កើត​សិក្ខា​សាលា​ ឬ​ថត​វីដេអូ​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យ​បាន​ច្រើន​ជាង​មុន ​ដើម្បី​តម្រង់​ទិស​សិស្ស​ឱ្យ​យល់​ពី​តម្រូវ​ការ​ទីផ្សារ​ការងារ។​

ចំណែក​លោក​ សេក សុជាតិ ​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត ​និង​ការ​ស្រាវជ្រាវ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា ​លោក​អបអរ​សាទរ​ដល់​សិស្ស​ដែល​ប្រឡង​ជាប់ ​និង​ចូល​រួម​សោក​ស្ដាយ​ចំពោះសិស្ស​ប្រឡង​មិន​ជាប់។ ​ទោះ​ជា​យ៉ាង​ណា ​លោក​នៅ​តែ​បន្ត​លើក​ទឹក​ចិត្ត​ដល់​បេក្ខជន​ទាំង​អស់​ឱ្យ​អត់​ធ្មត់​ស្វែង​យល់​ពី​ខ្លួន​ឯង​បន្ថែម​ទៀត​ ដើម្បី​សម្រួល​ដល់​ការ​ជ្រើស​រើស​ជំនាញ​សិក្សា​នៅ​ថ្នាក់​សាកល​វិទ្យាល័យ។​

លោក​ថ្លែង​ថា៖​ «ក្នុង​បទ​ពិសោធន៍​របស់​ខ្ញុំ​ ខ្ញុំ​ក៏​ធ្លាប់​ប្រឡង​បាក់​ឌុប​ហ្នឹង។​ ខ្ញុំ​ក៏​ធ្លាប់​ធ្លាក់​ដូច​គ្នា​ដែរ។​ ដូច្នេះ​ជោគ​ជ័យ​ស្ថិត​នៅ​លើ​ការ​អត់ធ្មត់ ​ហើយ​ការ​ខិតខំ​ប្រឹង​ប្រែង​បន្ត​របស់​យើង​ម្នាក់ៗ ​ក្ដី​សង្ឃឹម​របស់​យើង​នៅ​តែ​មាន​ ហើយ​យើង​ពិនិត្យ​មើល​ទៅ​លើ​បទ​ពិសោធន៍​កន្លង​មក​ថា​ តើ​យើង​នៅ​មាន​ចំណុច​ខ្វះ​ខាត​កន្លែង​ណា​ខ្លះ​ ហើយ​តើ​យើង​គួរតែ​កែ​ប្រែ​វា​ដោយ​វិធី​ណា ​ដើម្បី​ធ្វើ​ឱ្យ​អនាគត​របស់​យើង​មាន​ភាព​ល្អ​ប្រសើរ»។​

លោក ​សេក សុជាតិ ​បន្ថែម​ថា ​សិស្ស​ ដែល​ពិបាក​ក្នុង​ការ​ជ្រើស​រើស​មុខ​ជំនាញ​សម្រាប់​សិក្សា​បន្ត ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​តម្រូវ​ការងារ​ គួរ​ស្វែង​រក​អ្នក​ជំនាញ​មាន​បទ​ពិសោធន៍​ដែល​ទុក​ចិត្ត​បាន ​ដើម្បី​ផ្ដល់​យោបល់។ ​លោក​ក៏​ជំរុញ​ឱ្យ​រដ្ឋ​គួរតែ​ពង្រឹង​គុណភាព​នៃ​ការ​អប់រំ​បន្ថែម​ផង​ដែរ​ ទាំង​ផ្នែក​រដ្ឋ ​និង​ឯកជន។​

លោក​លើក​ឡើង​ថា៖ ​«រដ្ឋ​មាន​កាតព្វ​កិច្ច​គឺ​ពង្រឹង​គុណភាព​អប់រំ​ឱ្យ​បាន​ល្អ​ មិន​ថា​ នៅ​ក្នុង​វិស័យ​រដ្ឋ ​ឬ​ឯកជន​ទេ​ គឺ​ត្រូវ​តែ​ពង្រឹង​ ពីព្រោះ​ការ​ពង្រឹង​គុណភាព​អប់រំ​គឺ​អាច​បង្កើត​ធនធាន​មនុស្ស​ដែល​មាន​សមត្ថ​ភាព​បាន ​ហើយ​ទី២​គឺ​បង្កើត​ឱកាស​ឱ្យ​ស្មើ​ភាព​គ្នា​ចំពោះ​អ្នក​សិក្សា​ កុំ​ឱ្យ​មាន​តែ​អ្នក​ដែល​មាន​កិត្តិយស។​ អ្នក​ដែល​មាន​បក្សពួក​ មាន​ធនធាន​ គាត់​អាច​ទទួល​បាន​មុខងារ​តំណែង​តួនាទី​ធំៗ​ នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ ហើយ​ជា​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត ​ហើយ​អ្នក​ផ្សេងៗ​ទៀត​ដែល​ជា​កូន​កសិករ​ ឬ​អ្នក​សិក្សា​ដែល​មាន​ជីវភាព​មិន​ល្អ ​គ្រាន់​តែ​ទៅ​ជា​បុគ្គលិក​ដែល​គ្មាន​សិទ្ធិ​សម្រេច​អ្វី»។​

លោក ​យង់ គិមអេង ​ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព​ ប្រាប់​វីអូអេ​ថា ​លោក​លើក​ទឹក​ចិត្ត​ដល់​សិស្សានុសិស្ស​ឱ្យ​ជ្រើស​រើស​មុខ​ជំនាញ​ដែល​ខ្លួន​ពូកែ​នៅ​វិទ្យាល័យ​ដើម្បី​ឱ្យ​ខ្លួន​ទទួល​បាន​ផល​សម្រេច​ដូច​ក្ដី​ប្រាថ្នា ​ដើម្បី​ចៀស​ផុត​ពី​ការ​ចំណាយ​ពេល​យូរ​មិន​ទទួល​លទ្ធផល។

លោក​ថ្លែង​ថា៖​ «អាហ្នឹងដោយ​សារ​តែ​គាត់​អត់​បាន​គិត​ពីមុន​ថា​ តើ​ទី​ផ្សារ​ការងារ​នោះ​គេ​មាន​អី​ខ្លះ?​ អ៊ីចឹង​ហើយ​គាត់​ចេះ​តែ​រៀន​តាម​គ្នី​តាម​គ្នា។​ គាត់​រៀន​តាម​ក្ដី​ស្រម៉ៃ​សម្រាប់​ជីវភាព​ដែល​ថា​ គាត់​ចង់​មាន​លុយ​ មាន​កាក់​លឿន។ ​អ៊ីចឹង​អ្នកខ្លះ​គាត់​គិត​អ៊ីចឹង។ ​អ៊ីចឹង​ហើយ​បាន​ជា​ធ្វើ​ឱ្យ​គាត់​ជ្រើស​រើស​ជំនាញ​ខុស ​ដល់​ពេល​ទៅ​ធ្វើការ​ វា​អត់​មាន​ការងារ​ហ្នឹង​ដែល​ត្រូវ​ធ្វើ។​ អ៊ីចឹង​គាត់​ត្រូវ​តែ ​ដើម្បី​ជីវភាព​ គាត់ត្រូវ​តែ​ផ្លាស់​ប្ដូរ​ជំនាញ​ធ្វើ​ការ​របស់​គាត់»។​

អ្នក​ជំនាញ​មើល​ឃើញ​ថា​ យុវជន​មួយ​ចំនួន​ធ្វើ​ការ​មិន​ត្រូវ​ជំនាញ​ដែល​ខ្លួន​រៀន​ឡើយ ​ក្រោយ​បញ្ចប់​សាកល​វិទ្យាល័យ។​

យុវជន ​លី​ សាមីត​ អាយុ​១៨​ឆ្នាំ ​ដែល​ទទួល​បាន​និទ្ទេស ​C ​នៅ​ក្នុង​ការ​ប្រឡង​បាក់​ឌុប​កាលពី​ពេល​ថ្មីៗ​នេះ ​ប្រាប់​វីអូអេ​ថា​ ខ្លួន​នឹង​ប្រឡង​ចូល​ធ្វើ​ជា​មន្ដ្រី​នគរបាល​ជាតិ​ ប៉ុន្តែ​បើ​ប្រឡង​មិន​ជាប់​ ខ្លួន​នឹង​រៀន​បន្ត​ជំនាញ​អគ្គិសនី។​ យុវជន​ខេត្ត​កំពត​រូប​នេះ​បញ្ជាក់​ទៀត​ថា ​ខ្លួន​ទើប​តែ​គិត​ឃើញ​ក្នុង​ការ​ជ្រើស​រើស​ជំនាញ​អគ្គិសនី​នេះ ​ដោយ​សារ​មាន​ការ​ជំរុញ​ពី​ឪពុក​ម្ដាយ ​ខណៈ​មិន​ដឹង​ថា ​ត្រូវ​រៀន​អ្វី។​

សាមីត​ប្រាប់​វីអូអេ​ថា៖​ «ជំនាញ​ហ្នឹង​ទើប​នឹក​ឃើញ​ឥឡូវៗ​ហ្នឹង​ មិន​មែន​យើង​ចាប់​ផ្ដើម​ស្រឡាញ់​តាំង​ពី​តូច​ទេ​ដោយ​សារ​ម៉ែ​ឪ​ថា​ឱ្យ​រៀន​ជំនាញ​ហ្នឹង​ទៅ ​ដោយ​សារ​ជំនាញ​ហ្នឹង​វា​ទាក់​ទង​នឹង​ទីផ្សារ​ច្រើន។ ​អ៊ីចឹង​ទៅ​អគ្គិសនី»។​

អ្នកស្រី​ ឃួន វិច្ឆិកា ​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ ប្រាប់​វីអូអេ​ថា​ ក្រសួង​អប់រំ​តែង​តែ​រៀបចំ​យន្តការ​ក្នុង​ការ​តម្រង់​ទិស​ដល់​សិស្សានុសិស្ស ​តាំង​ពី​នៅ​កម្រិត​មធ្យម​សិក្សា ​ដោយ​រួម​មាន​គ្រូ​ប្រឹក្សា​យោបល់ ​ឯកសារ​នានា​ កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​ជំនាញ​តាម​បណ្តាញ​សង្គម ​និង​មាន​ App​ របស់​ក្រសួង​អប់រំ ​ដែល​អ្នកស្រី​ចាត់​ទុក​ថា​ជា​ «ត្រីវិស័យ» ​ដើម្បី​ជួយ​ឱ្យ​សិស្សានុសិស្ស​ទទួល​បាន​ព័ត៌មាន​ពី​សាកល​វិទ្យាល័យ ​និង​ជ្រើស​រើស​ជំនាញ​សិក្សា​ទៅ​តាម​ចំណង​ចំណូល​ចិត្ត។​

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖​ «នៅ​តាម​សាលារៀន​គឺ​តែង​តែ​មាន​គ្រូ​ប្រឹក្សា​យោបល់​ដើម្បី​តម្រង់​ទិស​ប្អូនៗ​ថា​ តើ​នៅ​ពេល​គាត់​ចូល​ចិត្ត​ឬ​រៀន​ពូកែ​ក្នុង​មុខ​វិជ្ជា​ណាមួយ​ គាត់​អាច​ចាប់​យក​អាជីព​ណា​បាន​ខ្លះ ​ឬ​មិន​ដូច្នោះ ​បើ​សិន​ជា​គាត់​ចង់​ចាប់​យក​អាជីព​ណា​មួយ​ថា​ តើ​គាត់​ត្រូវ​ខិតខំ​ទៅ​លើ​មុខ​វិជ្ជា​ណា​ខ្លះ​ជា​ដើម»។​

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ​លោក ​កត្តា អ៊ន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា​ សាធារណ​ជន​ និង​សិស្ស​ដែល​ទើប​ប្រឡង​ជាប់​បាក់​ឌុប ​ឬ​ធ្លាក់​បាក់​ឌុប​ក៏​អាច​ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​បច្ចេកទេស​ដែល​រៀបចំ​ដោយ​ក្រសួង​ការងារ៕​