អ្នក​ជំនាញ៖ រដ្ឋាភិបាល​កំពុង​គាប​សង្កត់​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា​ខណៈ​ការ​បោះឆ្នោត​ខិត​ជិត​មក​ដល់

រូបឯកសារ៖ លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ត្រូវ​សមត្ថកិច្ច​តុលាការ​​ដេញ​មិន​ឲ្យ​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ ខណៈពេល​ដែល​លោក​ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺនៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​សីហា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)

លោក​ ប៉ា ងួនទៀង​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ថ្លែង​ប្រាប់​ VOA​ នា​ថ្ងៃ​ពុធ​ថា​ បរិយាកាស​នយោបាយ​បច្ចុប្បន្ន​ ​បាន​បន្លាច​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​ ហើយ​ពួក​គេ​ទំនង​អាច​ជា​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​បញ្ចេញ​ព័ត៌មាន​ដែល​ប៉ះពាល់​សុវត្ថិភាព​ខ្លួន។

ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ និង​ថ្នាក់​ជាតិ​ខិត​ជិត​មក​ដល់​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ រង​ការ​គាប​សង្កត់​នឹង​បណ្តឹង​នានា។​ អ្នកឃ្លាំ​មើល​សិទ្ធិ​បញ្ចេញ​មតិ​ និង​សេរីភាព​សារព័ត៌មាន​យល់​ថា​ ការ​គាប​សង្កត់​ដល់​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ទាំង​នេះ​ អាច​ប៉ះ​ពាល់​ដល់​ការ​សម្រេច​ចិត្ត​របស់​ម្ចាស់​ឆ្នោត​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ។

​ថ្មីៗ​នេះ​ ករណី​អ្នក​សារព័ត៌មាន​ ២​រូប​នៃ​កាសែត​ The Cambodia Daily ​ដែល​ត្រូវបាន​ចោទ​ប្រកាន់​ពីបទ​ញុះញង់​ និង​គំរាម​កំហែង​ដល់​អ្នក​បោះឆ្នោត​នៅ​ខេត្ត​រតនគិរី ស្ថិត​នៅ​ភាព​ស្រពិច​ស្រពិល​ បន្ទាប់​ពី​បណ្តឹង​លើកទី២​ ​នៅ​តុលាការ​ខេត្ត​រតនគិរី។ បណ្តឹង​ដែល​ប្តឹង​ទៅ​លោក​ Zsombor Peter​ ជា​ការីនិពន្ធ​ជនជាតិ​កាណាដា​ និង​លោក​ អូន​ ភាព ជា​អ្នក​យក​ព័ត៌មាន​ កើត​មាន​ឡើង​ក្រោយ​ពេល​អ្នកព័ត៌មាន​ទាំង​ពីរ​រូប​ចុះ​យក​ព័ត៌មាន​ទាក់ទិន​នឹង​ការ​បោះឆ្នោត​ឃុំ-សង្កាត់។

មុន​នេះ​មួយ​ខែ​ គឺ​នៅ​ចុង​ខែ​មេសា​ ​លោក​ ជុន​ ច័ន្ទបុត្រ​ នាយក​រង​ផ្នែក​ផ្សាយ​ជា​ខេមរភាសា​នៃ​វិទ្យុ​អាស៊ីសេរី ​ក៏​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ចូល​ទៅ​សាកសួរ​ក្នុង​នាម​ជា​ ​«ជន​សង្ស័យ»​ ​ក្រោយ​អាជ្ញាធរ​ចោទ​លោក​ថា​ លោក​បាន​«ផ្ដល់​សេចក្ដី​ប្រកាស​ដោយ​ភូត​កុហក ​និង​បន្លំ​ខ្លួន​ចូល​ពន្ធនាគារ»​ ហើយ​ថា ​វាខុស​នឹង​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​កម្ពុជា​ ​ច្បាប់​ស្តី​ពី​ពន្ធនាគារ​ ​និង​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។​ ការណ៍​នេះ​ធ្វើ​ឲ្យ​មាន​ដីកា​នាំខ្លួន​លោក​ ជុន​ ច័ន្ទបុត្រ​ ខណៈដែល​លោក​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​សហរដ្ឋ​អាមេរិក​វិញ។

ករណី​អ្នក​សារព័ត៌មាន​ទទួល​រង​បទចោទ​ប្រកាន់​តាម​ផ្លូវច្បាប់​ កើត​ឡើង​ជា​បន្តបន្ទាប់ ​ពេល​ដែល​ការ​បោះឆ្នោត​ជើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​ខិតជិត​មក​ដល់​ក្នុង​រយៈពេលខ្លី​ខាង​មុខ​ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ក្រោយ។​ អ្នក​តាមដាន​ការ​វិវត្ត​ក្នុង​វិស័យ​សារ​ព័ត៌មាន​នៅ​កម្ពុជា​យល់​ថា​ ​ដំណើរការ​នៃ​បេសកកម្ម​ដើម្បី​ផ្តល់​ព័ត៌មាន​ច្បាស់លាស់​និង​ត្រឹមត្រូវ​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ ត្រូវ​បាន​រំខាន​ដោយ​ចំណាត់ការ​នានា​ ដោយ​ក្រុម​អាជ្ញាធរ​និង​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន។​ ការណ៍​នេះ​វា​អាច​ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​របស់​ពលរដ្ឋ​កម្ពុជា​ក្នុង​ការ​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​នា​ពេល​ខាង​មុខ​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​នេះ។​

​លោក​ ប៉ា ងួនទៀង​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ថ្លែង​ប្រាប់​ VOA​ នា​ថ្ងៃ​ពុធ​ថា​ បរិយាកាស​នយោបាយ​បច្ចុប្បន្ន​ ​បាន​បន្លាច​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​ ហើយ​ពួក​គេ​ទំនង​អាច​ជា​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​បញ្ចេញ​ព័ត៌មាន​ដែល​ប៉ះពាល់​សុវត្ថិភាព​ខ្លួន។

«ការ​បន្លាច​អ្នក​សារព័ត៌មាន​នេះ​ ហាក់​ដូច​ជា​មិន​ថមថយ​ទេ​ កាន់តែ​ខ្ពស់​ទៅៗ។​ ការ​ភ័យ​ខ្លាច​បង្ខំ​ឲ្យ​គាត់​ដក​ថយ​ពី​ការ​ផ្តល់​ព័ត៌មាន​ពិត​ខ្លះ។ ព័ត៌មាន​ដែល​មាន​លក្ខណៈ​ផុយ​ស្រួយ​ និង​ប៉ះពាល់​សុវត្ថិភាព​គាត់​ ទោះ​បី​ព័ត៌មាន​នោះ​អាច​មាន​ប្រយោជន៍​ដល់​សាធារណៈ​ក៏​ដោយ​ គាត់​អត់​ហ៊ាន​ឆ្លើយ​ ​អត់​ហ៊ាន​ផ្តល់​ព័ត៌មាន​ទៅ​សាធារណជន។​ ហើយ​បើ​អ្នក​សារព័ត៌មាន​បន្ត​ធ្វើ​ការ​របៀប​ដោយ​ភ័យ​ខ្លាច​របៀប​នេះ​ តិច​ឬ​ច្រើន​ វា​ប៉ះ​ពាល់​ដល់​ការ​សម្រេច​ចិត្ត​របស់​អ្នក​បោះឆ្នោត»។

​លោក​ Nathan Thompson ​ប្រធាន​ក្លឹប​អ្នក​សារព័ត៌មាន​បរទេស​នៅ​កម្ពុជា​ ​មាន​ប្រសាសន៍​ថា​ ការ​ដាក់​សម្ពាធ​លើ​អ្នក​សារព័ត៌មាន​អំឡុង​ពេល​បោះឆ្នោត​ ​អាច​បង្ក​ឱ្យ​មាន​ហានិភ័យ​ខ្លាំង​ដល់​អ្នក​សារ​ព័ត៌មាន​ផង​ដែរ។

​«ខ្ញុំ​យល់​ថា ​កំឡុង​ពេល​បោះឆ្នោត​នេះ​ វា​នឹង​បង្កើន​ហានិភ័យ​ដល់​ទាំង​អ្នក​សារព័ត៌មាន​ខ្មែរ​ និង​បរទេស។ យើង​សូម​សម្តែង​ការ​គោរព​អ្នក​សារព័ត៌មាន​ខ្មែរ​យ៉ាង​ខ្លាំង​ ពីព្រោះ​ពួកគេ​កំពុង​ប្រថុយ​ប្រថាន​ជាង​អ្នក​សារព័ត៌មាន​បរទេស​ទៅ​ទៀត»។

​ក្រោយ​មាន​ការ​ប្តឹង​ផ្តល់​អ្នក​កាសែត​ The Cambodia Daily ​ពី​សកម្មជន​នយោបាយ លោក ​ខៀវ​ កញ្ញារិទ្ធិ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បាន​បង្ហោះ​ពាក្យ​បណ្តឹង​ និង​លិខិត​ឆ្លងដែន​របស់​លោក​ Zsombor Peter​ ​ដែល​ជា​អ្នក​កាសែត​ជនជាតិ​កាណាដា​ តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ និង​ក្រោយ​មក​លុប​ចោល​វិញ។

​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដែល​មាន​តួនាទី​លើក​ស្ទួយ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ដើម្បី​ពង្រឹង​លិទ្ធិ​ប្រជាធិបតេយ្យ ធ្លាប់​បាន​ថ្លែង​ទៅ​កាន់​វិទ្យុ​អាស៊ី​សេរី​ថា​ ប្រសិន​បើ​អ្នក​សារព័ត៌មាន​យល់​ថា​ វា​ជា​សំពាធ​ទៅ​លើ​សេរីភាព​ក្នុង​ការ​រាយការណ៍​ព័ត៌មាន​ ​ពួក​គេគួរ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ ​ខណៈ​ដែល​តុលាការ​ខេត្ត​រតនគិរី​នៅ​បន្ត​ចាត់វិធាន​ការ​ផ្លូវ​ច្បាប់​លើ​អ្នក​សារព័ត៌មាន​ពីរ​រូប​របស់​ការសែត​ឯករាជ្យ​មួយ​នេះ​នៅ​ឡើយ។

VOA​ ពុំ​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​អ្នក​នាំពាក្យ​ និង​រដ្ឋមន្ត្រី​នៃ​ក្រសួង​ព័ត៌មាន ​ដើម្បី​បាន​ព័ត៌មាន​បន្ថែម​អំពី​វិធានការ​នានា​ក្នុង​ការ​សម្របសម្រួល​ភាព​ស្រពិច​ស្រពិល​លើ​ករណី​ដាក់​សម្ពាធ​អ្នក​សារព័ត៌មាន​តាម​ផ្លូវ​ច្បាប់​ទាំង​ពីរ​ករណី​ឡើយ។

នេះ​មិន​មែន​ជា​លើក​ទី​មួយទេ ​ដែល​រដ្ឋាភិបាល​កម្ពុជា​លោក​ ហ៊ុន សែន​ ព្យាយាម​ព្រមាន​ដល់​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ក្នុង​ប្រទេស​ ​នៅ​មុន​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ ​កាល​ពី​ខែ​មេសា​កន្លង​ទៅ​ ក្រសួង​ការបរទេស​កម្ពុជា​ ​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​មាន​ចំណង​ជើង​ថា​ «ប្រាប់​ការពិត»។​ មួយ​ផ្នែក​នៃ​សេចក្តី​ថ្លែងការណ៍​នោះ​ ​គឺ​ប្រឆាំង​នឹង​សារព័ត៌មាន​ដែល​រិះគន់​រាជ​រដ្ឋាភិបាល​ ​ដោយ​សរសេរ​ចំៗ​ថា​ «មួលបង្កាច់​តថភាព​ និង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ» ​ដើម្បី​បង្ហាញ​ «រូបភាព​អវិជ្ជមាន​របស់​កម្ពុជា​ និង​ដាក់​កំហុស​រាជរដ្ឋាភិបាល» ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដដែល​នោះ​បាន​សរសេរ​ថា​ ស្ថាប័ន​ព័ត៌មាន​ទាំង​នោះ​រួម​មាន​ ​កាសែត​ The Cambodia Daily កាសែត Phnom Penh Post វិទ្យុ​អាស៊ី​សេរី​ និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ VOA ​ជា​ដើម។​ ហើយ​ខ្លឹម​សារ​អត្ថបទ​ដែល​រាយការណ៍​ចេញ​ពី​ស្ថាប័ន​ទាំង​នោះ ភាគច្រើន​ផ្សព្វផ្សាយ​ពី​ភាព​អវិជ្ជមាន​នៃ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដូច​ជា​អំពើ​ពុករលួយ​ ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ​ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​ ​និង​បញ្ហា​សង្គម​ផ្សេងៗ​ទៀត។

​ស្រប​គ្នា​នោះ​ដែរ​ នៅ​ខែ​ឧសភា​ ​ក្នុង​សន្និសីទ​សារព័ត៌មាន​ផ្សាយផ្ទាល់​ទូទាំង​ពិភព​លោក​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តី​ពី​អាស៊ាន​ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ឆ្លៀត​យក​វេទិកា​នេះ​ស្តី​បន្ទោសអ្នក​សារព័ត៌មាន​ដែល​មក​ពី​ស្ថាប័ន​កាសែត​ The Cambodia Daily ​និង​វិទ្យុអាស៊ីសេរី​ថា​ ស្ថាប័ន​ព័ត៌មាន​ដែល​ពួក​គេ​កំពុង​បម្រើការ​ គឺ​ជា​ស្ថាប័ន​ដែល​បម្រើ​និន្នាការ​បរទេស​ប្រឆាំង​នឹង​រូប​លោក​ ​និង​រាជ​រដ្ឋាភិបាល​កម្ពុជា។​ ហេតុការណ៍​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ការ​ព្រមាន​ដល់​អ្នក​សារព័ត៌មាន​កម្ពុជា​ដែល​ធ្វើ​ការ​ជាមួយ​ស្ថាប័ន​ព័ត៌មាន​អន្តរជាតិ។

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដែល​ផ្សាយផ្ទាល់​ទូទាំង​ពិភពលោក​ ​លោក​ ហ៊ុន សែន​ ​ថ្លែង​ថា៖

«សូម​ក្មួយៗ​ទាំងពីរ​អ្នក​ដែល​ធ្វើ​ការ​ជាមួយ​វិទ្យុ​អាស៊ី​សេរី និង​ Cambodia Daily សរសរ​ឲ្យ​បាន​ត្រឹមត្រូវ​ ​ព្រោះ​នេះ​កំពុង​ផ្សាយ​បន្ត​ផ្ទាល់​ច្រើន​ទូរទស្សន៍​ណាស់​ក្មួយ ​បើ​ក្មួយ​យក​ទៅ​សរសរ​ខុស​ ​អត្ថាធិប្បាយ​ខុស​ នោះ​គេ​នឹង​ឃើញ​បាន​ថា​ ពួក​ក្មួយៗ​ដែល​ធ្វើ​ការ​ឲ្យ​បរទេស​ ​គឺ​ពិត​ជា​ខ្ញុំ​បម្រើ​បរទេស​ ​ពិត​ប្រាកដ​ហើយ។​ ពូ​មិន​ចង់​ឮ​ពាក្យ​នេះ​ទេ»។

ការណ៍​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​កំពុង​ព្យាយាម​បែងចែក​ក្រុម​ស្ថាប័ន​ព័ត៌មាន​ដែល​គាំទ្រ​ខ្លួន​នឹង​ក្រុម​ស្ថាប័ន​ព័ត៌មាន​ដែល​រាយការណ៍​ប្រឆាំង​នឹង​ខ្លួន ​ហើយ​អាច​ធ្វើ​ឱ្យ​មាន​ការ​រើសអើង​ក្នុង​វិជ្ជាជីវៈ​ដ៏​មាន​ឥទ្ធិពល​នេះ។

​លោក​ ប៉ា ងួនទៀង​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ថ្លែង​ប្រាប់ ​VOA ​បន្ថែម​ថា៖​

​«នាយករដ្ឋមន្ត្រី​មិន​គួរ​បែង​ចែក​អ្នក​សារព័ត៌មាន​បរទេស​ ឬ​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ទេ។​ សំខាន់​គឺ​ជនជាតិ​ណា​ក៏​ដោយ​ឲ្យ​តែ​អ្នក​ជា​អ្នក​សារព័ត៌មាន​ នាយករដ្ឋមន្ត្រី​ គួរ​ផ្ញើ​សារ​នៃ​ការ​ស្វាគមន៍​ និង​លើក​ទឹក​ចិត្ត​ជា​ជាង​ផ្ញើ​សារ​ព្រមាន​ធ្វើ​ឲ្យ​មាន​ការ​ភ័យខ្លាច»។

​យ៉ាងណា​ក៏​ដោយ​លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​ ដែល​ដឹកនាំ​រាជ​រដ្ឋាភិបាល​សព្វ​ថ្ងៃ​ បាន​ថ្លែង​ថា​ កម្ពុជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​សន្តិភាព​នៅ​អំឡុង​ពេល​ការ​បោះឆ្នោត​កៀកជិត​មក​ដល់​ ហើយ​គ្មាន​ទេ​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន។

លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន៖​

«គាត់​ខ្លាច​ជា​រឿង​គាត់​ រដ្ឋាភិបាល​មាន​បង្ក​លក្ខណៈ​អី​ឲ្យ​ខ្លាច?​ ​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ មិន​បាន​ត្រួតពិនិត្យ​ខ្លឹមសារ​អត្ថបទ​ ដែល​យើង​សរសរ​ ដែល​យើង​និពន្ធ​មុន​នឹង​ការ​ផ្សាយ​ទេ»។

​រដ្ឋាភិបាល​កម្ពុជា​បន្ត​អះអាង​ថា​ ​ខ្លួន​ផ្តល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​សារព័ត៌មាន​ ​ដោយ​សំអាង​ទៅ​លើ​ចំនួន​ស្ថាប័ន​សារព័ត៌មាន​ ​បើក​ដំណើរការ​ថ្មី​ជា​បន្តបន្ទាប់។

ក៏ប៉ុន្តែ​ចំនួន​ច្រើន​នៃ​ព័ត៌មាន ឬ​ស្ថាប័ន​ព័ត៌មាន​តែ​មួយ​មុខ​មិន​អាច​ធានា​អំពី​គុណភាព​នៃ​លិទ្ធិ​ប្រជាធិបតេយ្យ​ ដែល​អាច​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​នោះ​ទេ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ មឿន ឈានណារិទ្ធិ​ ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារ​ព័ត៌មាន។

«តែ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ យើង​មិនមែន​ត្រូវ​ការ​តែ​បរិមាណ​ទេ។​ យើង​ត្រូវការ​គុណភាព​ និង​លទ្ធ​ភាព​របស់​អ្នក​សារព័ត៌មាន​ ​ថា​តើ​គាត់​អាច​ធ្វើការ​ដោយ​ឯករាជ្យ​ ​ដោយ​សុវត្ថិភាព និង​ធ្វើ​ការ​ប្រកប​ដោយ​វិជ្ជាជីវៈ​ដែរ​ ឬ​ក៏​អត់។​ បើ​សិន​គាត់​អាច​ធ្វើ​បាន​ដោយ​ឯករាជ្យ​ ​ដោយ​វិជ្ជាជីវៈ​ និង​ដោយ​សេរី​ ពេល​ហ្នឹង​ទើប​ចាត់ទុក​ថា​ ជា​សង្គម​ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ»។​

​ប្រទេស​កម្ពុជា ​បាន​ធ្លាក់​ចំណាត់​ថ្នាក់​ចំនួន​បួន​លេខ ​ដល់​លេខ​រៀង​ទី​១៣២ ក្នុង​ចំណោម​ប្រទេស​ជិត​១៨០​ដែល​ត្រូវ​បាន​សិក្សា​ដោយ​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង។

កាល​ពី​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ជ្រើស​រើស​តំណាងរាស្ត្រអាណត្តិ​មុន​ គឺ​នៅ​ឆ្នាំ២០១៣ រដ្ឋាភិបាល​ធ្លាប់​ប្រកាស​បិទ​ការ​ផ្សាយ​ព័ត៌មាន​របស់​ស្ថាប័ន​ព័ត៌មាន​អន្តរជាតិ​ ដូច​ជា​វិទ្យុ​អាស៊ីសេរី វិទ្យុ​សំឡេង​សហរដ្ឋ​អាមរិក​ និង​វិទ្យុ​បារាំង​ជា​ដើម​ មុន​ថ្ងៃ​បោះឆ្នោត​ ហើយ​ការ​ប្រកាស​នោះ​ត្រូវ​បាន​លុបចោល​វិញ​ក្រោយ​ប្រតិកម្ម​ខ្លាំង​ពី​សាធារណជន។

លោក​ សុខ​ ឥសាន​ អ្នកនាំ​ពាក្យ​គណបក្ស​កាន់​អំណាច​បញ្ជាក់​ថា​ រាជ​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយគណបក្ស​របស់​លោក​ពុំ​មាន​គម្រោង​ធ្វើ​យ៉ាង​ដូច្នោះ​ទៀត​ទេ​ ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​នេះ ​និង​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​ក្រោយ​ ​«បើ​សារព័ត៌មាន​នោះ​គោរព​វិជ្ជាជីវៈ​ និង​ក្រម​សីលធម៌»៕