អ្នក​សេដ្ឋកិច្ច​នៅ​ប្រយ័ត្ន​ប្រយែង​នឹង​កិច្ច​ព្រម​ព្រៀង​TPP

រូប​ឯកសារ៖ បាតុករ​ស្រែក​ពាក្យស្លោក​របស់​ខ្លួនក្នុង​អំឡុង​ពេល​បាតុកម្ម​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​កាត់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ឬ TPP នៅ​ទីក្រុង​តូក្យូ កាល​ពី​ថ្ងៃ​អង្គារ ទី២២ ខែ​មេសា ឆ្នាំ​២០១៤។ (AP/Shizuo Kambayashi)

សេដ្ឋវិទូ​ និង​អ្នកជំនាញ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​កម្ពុជា​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ការ​គិត​គូ​ឲ្យ​បាន​ល្អិតល្អន់ ​មុន​ពេល​សម្រេចចិត្ត​ចូល​ជា​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង​ដៃ​គូ​ពាណិជ្ជ​កម្ម​ឆ្លងកាត់​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិក​ ឬ​ TPP។

សេដ្ឋវិទូ​ និង​អ្នកជំនាញ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​កម្ពុជា​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ការ​គិត​គូ​ឲ្យ​បាន​ល្អិតល្អន់ ​មុន​ពេល​សម្រេចចិត្ត​ចូល​ជា​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង​ដៃ​គូ​ពាណិជ្ជ​កម្ម​ឆ្លងកាត់​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិក​ ឬ​ TPP ​(Trans Pacific Partnership)​ ដែល​ជា​ការ​ផ្តួច​ផ្តើម​គំនិត​ពាណិជ្ជ​កម្ម​មួយ​ដ៏​ធំ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។​

កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​មួយ​ដ៏​ធំ​មួយ​នេះ​ ទទួលបាន​ការ​ឯកភាពពី​ប្រទេស​១១​ផ្សេង​ទៀត​កាលពី​ដើម​សប្តាហ៍​ទីមួយ​នៃ​ខែតុលា។​ ប្រទេស​ទាំង​១១​នេះ​ ដែល​បាន​សម្រេច​ចុះ​កិច្ច​ព្រម​ព្រៀង​ដែល​ដឹកនាំ​ដោយ​សហ​រដ្ឋ​អាមេរិក​នោះ ​រួមមានប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​ដូចជា​ប្រទេស​ជប៉ុន អូស្រ្តាលី​ ម៉ាឡេស៊ី ​និង​វៀត​ណាមជា​ដើម។​

លោក​ចាន់ សុផល​អ្នក​វិភាគ​សេដ្ឋកិច្ច​ ​និង​ជា​ប្រធាន​មជ្ឈ​មណ្ឌល​សិក្សា​គោល​នយោបាយ​ ថ្លែង​ថា កិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិក ​គឺ​មាន​លក្ខណៈ​ទូលំទូលាយ​ និង​អាច​តម្រូវ​ឲ្យ​គោរព​តាម​លក្ខខណ្ឌ​ជា​ច្រើន​ ពីព្រោះ​ប្រទេស​អភិវឌ្ឍន៍​ ដូច​ជា​សហរដ្ឋ​អាមេរិក​ជា​អ្នក​បង្កើត​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នេះ។ លោក​ថា​ កម្ពុជា​ត្រូវ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​មួយ​នេះ​ទាក់​ទិន​ផល​ចំណេញ​ ឬ​ខាត​នៃ​សេដ្ឋកិច្ច​របស់​ខ្លួន។

«វា​តែង​តែ​មាន​ផល​វិជ្ជមាន​ ផល​អវិជ្ជមាន​ជាមួយ​គ្នា​ ដែល​ទាមទារ​ឲ្យ​យើង​ធ្វើ​ការ​វិភាគ និង​វាយតម្លៃ​ឲ្យ​បាន​សព្វ​ជ្រុង​ជ្រោយ​ ហើយ​នឹង​ធ្វើ​តុល្យភាព​គ្នា​មើល​ថា​ តើ​ផល​ចំណេញ​ និង​ការ​ខាត​បង់​នោះ​មួយ​ណា​ធំ​ជាង។​ អញ្ចឹង ​យើង​ពិបាក​ គ្រាន់​តែ​សន្និដា្ឋន​ព្រាលៗ​ត្រួសៗ​ណាស់​ ទាល់​តែ​មាន​ការ​គិត​គូ​ជា​តួលេខ​ វាយ​តម្លៃ​ សិក្សា​ និង​គិត​មើល​ឲ្យបាន​ល្អិត​ល្អន់​ ទើប​យើង​បាន​ជា​ការ​យល់​ឃើញ​មួយ​ជា​ដុំ​កំភួន»។​

សេដ្ឋវិទូ​រូបនេះ​បញ្ជាក់​ផង​ដែរ​ថា ​កិច្ច​ព្រម​ព្រៀង​ដៃ​គូ​ពាណិជ្ជ​កម្ម​ឆ្លង​កាត់មហា​សមុទ្រ​ប៉ាស៊ីហ្វិក​នេះ​ បង្កប់​ចរិក​នយោ​បាយ​ភូមិសាស្ត្រ​ ដោយ​សារ​តែ​សហរដ្ឋអាមេរិក​ និង​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ធំៗ​នឹង​ប្រើ​ប្រាស់​កិច្ច​ព្រមព្រៀង​នេះ​ ដើម្បី​ទប់​ទល់​នឹង​ការ​កើន​ឡើង​នៃ​សេដ្ឋកិច្ច​ប្រទេស​ចិន។

«ប្រទេស​យើង​នៅ​កំពុង​អភិវឌ្ឍន៍​ក្រោយ​គេ​មួយ​ចំនួន​ធំ​នៅ​ក្នុង​អាស៊ាន​ ហើយ​អញ្ចឹង​ប្រហែល​ជា​មាន​ការ​លំបាក​គោរព​តាម​លក្ខខណ្ឌ​ផ្សេងៗ​ ហើយ​ខ្ញុំ​យល់​ថា​ TPP ​ហ្នឹងវា​មាន​លក្ខណៈ​មាន​ចរិក​ជា​នយោបាយ​ផង​ដែរ​ ព្រោះ​ដឹកនាំ​ដោយ​អាមេរិក​ ហើយ​ជប៉ុន​ និង​ប្រទេស​ផ្សេងៗ​ទៀត​ គេ​ខិតខំ​បង្កើត​ជា​តំបន់​មួយ​ ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គេ​បាន​ទូលំទូលាយ​ ដើម្បី​ទប់​ទល់​នឹង​ការ​លើក​ឡើង​ផ្សេង​ៗ​ ដែល​អាច​មាន​លំអៀង​ទៅ​ខាង​ចិន»​។​

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​ជា​កិច្ច​ព្រម​ព្រៀង​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ​ដែល​នឹង​កាត់​បន្ថយ​របាំង​សេដ្ឋកិច្ច​ កំណត់​បទដ្ឋាន​ពលកម្ម ​និង​បរិស្ថាន ​និង​ការពារ​កម្មសិទ្ធិ​បញ្ញា​របស់​មហា​ក្រុមហ៊ុន​ដែល​គេ​ស្គាល់​ថា ​សាជីវកម្ម​ពហុជាតិ (multinational corporations)។

លោក ​ងួន ម៉េង​តិច​ អគ្គនាយក​នៃ​សភា​ពាណិជ្ជកម្ម​ប្រទេស​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់​ VOAថា​ កម្ពុជា​មិន​ទាន់​អាច​មាន​គុណសម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ជា​សមាជិក​នៃកិច្ច​ព្រមព្រៀងដៃ​គូពាណិជ្ជកម្ម​ឆ្លងកាត់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​នោះ​ទេ​ ពីព្រោះ​វា​ធំ​មហាសាល​សម្រាប់​ប្រទេស​កម្ពុជា ហើយ​ថា​ រដ្ឋាភិបាល​កម្ពុជា​មិន​អាច​មើល​ស្រាល​កិច្ច​ព្រម​ព្រៀង​នេះ​បាន​ដែរ។​

«ខ្ញុំ​មើល​ទៅ​ដូច​អត់​ទាន់​ យើង​ដូច​អត់​ទាន់​ត្រូវ​ទេ​ ហ្នឹង​ហើយ​យើង​ត្រូវ​សិក្សា​ឲ្យ​ច្បាស់​លាស់​»។​

ក៏ប៉ុន្តែ​លោក​ថ្លែង​ថា​ រាជ​រដ្ឋាភិបាល​កម្ពុជា​មាន​ការ​ប្រយ័ត្ន​ប្រយែង​ច្រើន​ក្នុង​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ណាមួយ​ ដើម្បី​បញ្ជៀស​ការ​ខូចខាត​ប្រយោជន៍​សេដ្ឋកិច្ច​កាល​ពី​ពេល​កន្លង​មក។​

«បើ​និយាយ​ទៅ​រដ្ឋាភិបាល​កម្ពុជា​យើង​ ដូច​ជា​មាន​ការ​ប្រុង​ប្រយ័ត្ន​ គ្រប់​បែប​យ៉ាង​ដែរ​និយាយ​ឲ្យ​ឃើញទៅ​ ការ​ចរចា​ សូម្បី​តែ​អាស៊ាន​នៅ​តែប៉ុណ្ណឹង​ឃើញ​ទេ ​ពន្យាពេល​រហូត​ មកដល់​ពេល​នេះ​ គឺ​បាន​សិក្សា​ណាស់​ ខ្លាច​យើង​ធ្វើ​ទៅ ​យើង​ចាញ់​ប្រៀប​គេ​ វា​ខូច​ខាត​ផល​ប្រយោជន៍​យើង​»។

ថ្វី​ត្បិត​តែ​កិច្ច​ព្រម​ព្រៀង​នេះ​វា​ធំ​មហាសាល​យ៉ាង​ណា​ក្តី​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ធ្លាប់​បាន​ចោទ​ជា​សំណួរ​ទាក់​ទិន​កិច្ច​ព្រម​ព្រៀង​នេះ​ នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ដែល​រៀប​ចំ​ឡើង​នៅ​ឯ​ទី​ក្រុង​ហ្សាកាតា​ ប្រទេស​ឥណ្ឌូនេស៊ី​ កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ។​

មុន​នឹង​ការ​ចោទ​សួរ​ លោក​សម្តែង​ក្តី​សោក​ស្តាយ​ ដែល​កិច្ច​ព្រមព្រៀង​នេះ​បាន​ទទួល​យក​ប្រទេស​តែ​ពាក់​កណ្តាល​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ហៅ​កាត់​ថា​ ដៃគូ​អាស៊ាន។​ លោក​ថា​ ការណ៍​នេះ​អាច​នាំ​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ ជាជាង​ការ​ជួយ​គ្នា​ទៅវិញ​ទៅ​មក​រវាង​ប្រទេស​ដែល​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ ​និង​ប្រទេស​ដែល​នៅ​ក្រៅ​កិច្ច​ព្រម​ព្រៀង​នេះ។

«នេះ​ជា​សំណួរ​ដែល​ខ្ញុំ​នៅតែ​សួរ​ថា​ តើ​បំណង​ពិត​ប្រាកដ​នៃ​ការ​បង្កើត​ឡើង​នូវ​ Trans-Pacific ​បាន​ជា​យក​អាស៊ាន​ពាក់​កណ្តាល​ចូល​ទៅ​ក្នុង​ដៃ​គូ​Trans-Pacific ​ប៉ុន្តែ​បែរ​ជាទុក​ពាក់​កណ្តាល​នៅ​ខាង​ក្រៅ?»

សេដ្ឋវិទូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពិបាក​នឹង​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​លោក​ ហ៊ុន សែន​ នៅ​គ្រា​ដែល​កិច្ច​ព្រមព្រៀង​នេះ​មិន​ទាន់​ត្រូវ​បាន​អនុម័ត​ទទួល​ស្គាល់​ដោយ​សភា​នៃ​សហ​រដ្ឋ​អាមេរិក​នៅឡើយ ហើយ​ការ​វិភាគ​លម្អិត​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ ក៏​មិន​ទាន់​ត្រូវបាន​គេ​បញ្ចេញ​ឲ្យ​ដឹង​ជា​ផ្លូវ​នោះ​ដែរ។​

យ៉ាង​ណា​ក៏ដោយ​លោក​ ចាន់ សុផល​ អ្នកវិភាគ​សេដ្ឋ​កិច្ច​កម្ពុជា​ បញ្ជាក់​បន្ថែ​ម​ទៀត​ថា​ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​នឹង​មិន​រងឥទិ្ធពល​ខ្លាំង​ពី​កិច្ច​ព្រម​ព្រៀង​នេះ​ទេ​ ប្រសិន​បើ​កម្ពុជា​មាន​ចេតនា​ចង់​ចូលរួម​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​នេះ។​ លោក​និយាយ​ថា៖​

«ជា​ទូ​ទៅ​សេដ្ឋកិច្ច​យើង​មិន​មាន​ជា​អ្វីដែល​ថា គ្រោះថ្នាក់​អ្វី​ធំដុំ​ទេ​ បើ​សិន​ជា​យើង​ចូល​ក្នុង​តំបន់​ពាណិជ្ជកម្ម​ណា​មួយ​នោះ​ ដោយ​សារ​អ្វី? ដោយ​សារ​យើង​ជា​ប្រទេស​មួយ​បើក​ចំហ​ទូលំ​ទូលាយ​រួច​ទៅ​ហើយ​ ​ព្រួ​យ​បារម្ភ​ខ្លាច​តែ ​ប្រទេស​មួយ ​ឬ​សេដ្ឋ​កិច្ច​មួយ​ដែល​មាន​ការ​ការ​ពារ​ខ្លាំង​ គឺ​មាន​ន័យ​ថា​ មិន​សូវបើ​កឲ្យ​ផលិតផល​គេ​ចូល​មក​ប្រកួត​ប្រជែង​ ចូល​មក​វិនិយោគ​អ្វី​ផ្សេង​ គេ​ការពារ​ផល​ប្រយោជន៍​ក្នុង​ស្រុក​គេ​វិស័យ​មួយ​ចំនួន​ ឬក៏​ក្រុម​ហ៊ុន​មួយ​ចំនួន​ ខ្លាច​ដួលរលំ​ ដោយសារ​ការ​ប្រកួត​ប្រជែង​មក​ពី​ក្រៅ​ ហើយ​យើង​នេះ​មិន​អញ្ចឹង​ទេ​ ជា​សេដ្ឋ​កិច្ច​មួយ​តូច​ហើយ​បើក​ទូលាយ​ខ្លាំង​ណាស់‍»។

VOAព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ ប៉ុន្តែ​នៅ​មិន​អាច​ទាក់​ទង​បាន​នៅ ឡើយ។​

កិច្ច​ព្រមព្រៀង​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លងកាត់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ដែល​ភាសា​អង់គ្លេស​ហៅ​ថា កិច្ច​ព្រមព្រៀង Trans-Pacific Partnership ហៅ​កាត់​ថា​ TPP បាន​សម្រេច​នៅ​ក្នុង​ទី​ក្រុង​ Atlanta ក្នុង​រដ្ឋ​ Georgia នា​ផ្នែក​ខាង​ត្បូង​ស.រ.អា. ដែល​ជា​ទី​បញ្ចប់​នៃ​កិច្ច​ចរចា​៧​ឆ្នាំ។​ ជា​ញឹកញយ​មាន​ការមិន​ស្រុះ​ស្រួល​គ្នា​អំពី​របាំង​ពាណិជ្ជកម្ម​លើ​ផលិតផល​កសិកម្ម​ និង​ផលិតផល​ទឹកដោះ​គោ​ ឡាន​ថ្មីៗ ​បច្ចេកទេស​ថ្មី​បំផុត​ ឱសថ និង​ផលិតផល​ឯ​ទៀតៗ​ជា​ច្រើន​ជាមួយ​បទប្បញ្ញត្តិ​ខាង​បរិស្ថាន ​និង​ខាង​ការងារ។​

លើស​ពី​នេះ​ទៅ​ទៀត​ ដើម្បី​ឱ្យ​កិច្ច​ព្រម​ព្រៀង​នេះ​ចូល​ជា​ធរមាន​បាន​ វា​ត្រូវ​តែ​ទទួល​សច្ចានុម័ត​ដោយ​អង្គការ​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​១២​នៃ​ប្លុក​នេះ​ ដែល​នៅ​ទី​នោះ​ឧស្សាហកម្ម​នានា​បាន​និយាយ​បញ្ចុះ​បញ្ចូល​អាជ្ញាធរ​យ៉ាង​ខ្លាំង​ ដើម្បី​ការពារ​ផលិតផល​របស់​ពួក​គេ​ពី​ទំនិញ​នាំ​ចូល​ក្នុង​ប្រទេស​ ឬ​ដើម្បី​បើក​ចំហ​លទ្ធភាព​នៃ​ការ ដឹក​ជញ្ជូន​ទំនិញ​ទៅ​លក់​ក្នុង​ប្រទេស​ក្រៅ។

ថ្មីៗ​នេះ​ កិច្ច​ព្រម​ព្រៀងដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​កាត់​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិក​បាន​ទទួល​ការ​កោត​សរសើរ​ក្នុង​ចំណោម​រដ្ឋាភិបាល​ ដែល​ជា​សមាជិក​ចំពោះ​ការ​ចូលរួម​ទី​ផ្សារ​ដែល​មាន​សេដ្ឋកិច្ច​៤០%​នៃ​សេដ្ឋកិច្ច​ពិភពលោក ​ដោយ​មាន​ទិន្នផល​៣០​លានលាន​ដុល្លារ។ កិច្ច​ព្រម​ព្រៀង​ដដែល​នេះ​ត្រូវ​គេ​រំពឹង​ថា ​នឹង​ទទួល​បាន​ការ​អនុម័ត​យ៉ាង​ងាយ​ស្រួល​ពី​សំណាក់​សភា​វៀត​ណាម ​ទោះ​បី​ជា​កិច្ច​ព្រម​ព្រៀង​ដដែល​នេះ​ប្រឈម​នឹង​ការ​ប្រឆាំង​ពី​សំណាក់​អ្នក​នៅ​មាន​ការ​មន្ទិល​សង្ស័យ​ក្នុង​សភា​ស.រ.អា.​ក៏​ដោយ។

ការ​សម្រេច​កិច្ច​ព្រម​ព្រៀង​នេះ​ជា​ជ័យ​ជម្នះ​ធំមួយ​ខាង​គោល​នយោបាយ​ការ​បរទេស​របស់​លោក​ប្រធា​នា​ធិបតីស.រ.អា.​បារ៉ាក់​ អូបាម៉ា​ ទោះ​បី​ជា​មាន​ភាព​មិន​ទៀង​ទាត់​អំពី​ការ​យល់​ព្រម​ដោយ​ក្រុម​អ្នក​តំណាងរាស្ត្រ​ខ្លះ​ក្នុង​សភា​ស.រ.អា. ​ក៏​ដោយ​ ក៏​ក្រុម​សមាជិក​សភា​មិន​ទំនង​ជា​នឹង​ពិចារណា​អំពី​កិច្ច​ព្រម​ព្រៀង​នេះ​ទេ​រហូត​ដល់​ឆ្នាំ​ក្រោយ៕