ក្រុម​អ្នក​ជំនាញ​សង្កត់​ធ្ងន់​លើ​ការ​ស្ដារ​ធម្មជាតិ​ដើម្បី​សង្គ្រោះ​ «ដីសណ្ដ​ដែល​កំពុង​បាត់បង់» ​នៅ​អាស៊ី

រូបភាព​ឯកសារ៖ ទូក​ដឹក​អ្នក​ទេសចរណ៍​នៅ​តាម​ប្រឡាយ Amphawa នៅ​ក្នុង​ខេត្ត Samut Songkhram ប្រទេស​ថៃ។

ក្រុម​អ្នក​ជំនាញ​ខាង​ទឹក​និង​អាកាសធាតុ​មកពី​ទូទាំង​តំបន់​អាស៊ី​កំពុង​តែ​សង្កត់​ធ្ងន់​ទៅ​លើ​តម្រូវការ​ក្នុង​ការ​ស្ដារ​ធម្មជាតិ ជាជាង​ប្រឆាំង​នឹង​ធម្មជាតិ ដើម្បី​សង្គ្រោះ​ «ដីសណ្ដ​ដែល​កំពុង​បាត់បង់» ​នៅ​ក្នុង​ទ្វីប​អាស៊ី ដែល​មាន​ប្រជាជន​សរុប​ប្រមាណ​៤០០​លាន​នាក់។

ការ​ស្រាវជ្រាវ​កាន់​តែ​ច្រើន​បន្ទោស​ការ​កើន​ឡើង​នីវ៉ូ​ទឹកសមុទ្រ​ ទៅ​លើ​ការ​ឡើង​កម្ដៅ​ផែនដី ការ​ធ្វើ​ទំនប់​ទឹក ​ការ​បូម​ដីល្បាប់ចេញ​ពី​ទន្លេ​សំខាន់ៗ និង​ការ​បាក់ស្រុត​និង​រួមតូច​ក្នុង​ល្បឿន​លឿន​នូវ​ប្រព័ន្ធ​ដី​សណ្ដ​សំខាន់ៗ​ចំនួន​៧​ក្នុង​ទ្វីប​អាស៊ី ដែល​លាត​សន្ធឹង​ពី​ទន្លេ Indus ក្នុង​ប្រទេស​ប៉ាគីស្ថាន ទៅ​ទន្លេ Pearl ក្នុង​ប្រទេស​ចិន។ ​

អ្នក​ជំនាញ​និយាយ​ថា ការ​ពង្រីក​ទីក្រុង​កំពុង​តែ​ធ្វើ​ឲ្យ​សម្ពាធ​កាន់​តែ​កើនឡើង​ ដោយសារ​ការបង្រួម​ដី​សណ្ដ​និង​ការ​បូម​យក​ទឹក​ក្រោម​ដី។ ដីសណ្ដ​ទាំង​៧​កន្លែងនេះ​មាន​ទីក្រុង​ធំៗ​ចំនួន​១៤ក្នុង​ចំណោម​ទីក្រុង​ធំៗ​ទាំង​៣៣​នៅ​ទូទាំង​ពិភពលោក ដោយ​រួម​ទាំង​ទីក្រុង​បាងកក​ផង​ដែរ។ ផ្នែក​មួយ​ចំនួន​នៃ​សណ្ដ​ទាំង​នេះ​កំពុង​រួម​តូច​ប្រមាណ​ពីរ​សង់ទីម៉ែត្រ​ក្នុង​មួយ​ឆ្នាំ។

ក្រុម​អ្នក​ជំនាញ​ខាង​ទឹក​និង​អាកាសធាតុ​ទាំង​នេះ​បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។

អ្នក​ជំនាញ​បាន​បន្ថែម​ទៀត​ថា ការ​បាត់បង់​ដី​សណ្ដ​ទាំង​នេះ​នឹង​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​បាត់បង់​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​ចម្រុះ​បំផុត​នៅ​ក្នុង​ពិភពលោក​នោះ​ទេ ប៉ុន្តែថែម​ទាំង​ធ្វើ​ឲ្យ​ជីវិត​សត្វ​និង​រុក្ខជាតិ​នៅ​ក្នុង​នោះ​រត់​ទៅ​តំបន់​ផ្សេង​ក្នុង​ចំនួន​ដ៏​ច្រើន បំផ្លិចបំផ្លាញ​ដល់​ដីស្រែ​ចម្ការ និង​បង្អាក់​ដល់​ដំណើរការ​របស់​មជ្ឈមណ្ឌល​ជំនួញ​ដ៏​មមាញឹក​បំផុត​មួយ​ចំនួន​នៅ​ក្នុង​ទ្វីប​អាស៊ី​ផង​ដែរ។

ដី​សណ្ដ​ទន្លេ Pearl ដែល​ហូរ​ចាក់​ទៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ កាត់​ទីក្រុង ហុង កុង ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា​ជា ​«បណ្ដុំ​រោងចក្រ​ពិភពលោក» ដោយ​សារ​តែ​នៅ​ទីនោះ មាន​រោងចក្រ​មមាញឹក​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។​ ក្រុម​អ្នក​ព្យាករណ៍​ទស្សន៍ទាយ​ថា នៅ​ក្នុង​ប្រទេស វៀតណាម មនុស្ស​ចំនួន​មួយ​លាន​នាក់​នឹង​ត្រូវ​ចាកចេញ​ពី​ដី​សណ្ដ​ទន្លេ​មេគង្គ ដែល​ជា​ចាន​បាយ​នៃ​ប្រទេស​នេះ ត្រឹម​ឆ្នាំ​២០៥០។

លោកស្រី Kavita Prakash-Mani នាយិកា​អភិរក្សសកលលោក​នៃ​អង្គការ World Wide Fund for Nature ហៅ​កាត់​ថា WWF បាន​មាន​ប្រសាសន៍​ថា៖ «តំបន់​ទាំង​នេះ​គឺ​ជា​កន្លែង​ដែល​ងាយ​រងគ្រោះ​បំផុត​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ប្រែប្រួល​ទៅ​លើ​ប្រព័ន្ធ​ទន្លេ​នេះ ប៉ុន្តែ​កន្លែង​ទាំង​នេះ​ក៏​ជា​ទីតាំង​ដែល​ពលរដ្ឋ​ជាច្រើន​រស់នៅ​ផង​ដែរ។ តំបន់​ទាំង​នេះ​ក៏​ជា​តំបន់​ផ្ដល់​ស្បៀង​អាហារ​ដល់​ពិភពលោក ដែល​ចិញ្ចឹម​ជីវិត​មនុស្ស​ជាច្រើន​រាប់​មិន​អស់​នៅ​តាម​បណ្ដា​ប្រទេស​ដែល​ពឹងផ្អែក​លើ​តំបន់​ទាំង​នេះ​ផង​ដែរ»។

លោកស្រី​បាន​បន្ថែម​ទៀត​ថា៖ «ដូច្នេះ​ខណៈ​ពេល​ដែល​យើង​មាន​ការ​ព្រួយបារម្ភ​អំពី​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៅ​ទូទាំង​ពិភពលោក យើង​ពិត​ជា​ត្រូវ​ការការ​ផ្ដោត​ជាពិសេស​ទៅ​លើ​ប្រព័ន្ធ​ដី​សណ្ដ​របស់​យើង និង​តំបន់​ដី​សើម ក៏​ដូចជា​ប្រព័ន្ធ​អេកូឡូស៊ី​ដទៃទៀត​ផង​ដែរ»។

អង្គការ WWF បាន​រៀបចំ​វេទិកា​រយៈពេល​បី​ថ្ងៃ​មួយ​នៅ​ទីក្រុង បាងកក ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ពុធ​ ទី១៦ ខែតុលា ដើម្បី​ជួយ​ដល់​អ្នក​ស្រាវជ្រាវ​និង​អ្នក​បង្កើត​គោលនយោបាយ​មក​ពី​ទូទាំង​ទ្វីប​អាស៊ី​ឲ្យ​ដោះស្រាយ​បញ្ហា​នេះ រៀន​ពី​គ្នា​ទៅវិញ​ទៅ​មក និង​គិត​ពី​វិធីសាស្ត្រ​ថ្មី​ដែល​ល្អ​ជាង​មុន ដើម្បី​សង្គ្រោះ​ដល់​ដី​សណ្ដ​ទាំង​នេះ។

អង្គការ​ការពារ​បរិស្ថាន​និង​អង្គការ​ដទៃទៀត​កំពុង​តែ​ជំរុញ​ឲ្យ​គំនិត​ក្នុង​ការ​ «បង្កើត​ធម្មជាតិ» ដែល​ធម្មជាតិ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ដោះស្រាយ​វិបត្តិ​បម្រែបម្រួល​អាកាសធាតុ ដូចជា​ការ​ដាំ​ព្រៃ​កោងកាង​ដើម្បី​ការពារ​សហគមន៍តំបន់​ឆ្នេរ​ពី​គ្រោះ​ទឹក​ជំនន់ និង​ការ​អភិវឌ្ឍ​ដែល​ស្រប​ជាមួយ​នឹង​ស្ថានភាព​ធម្មជាតិ​នៅ​ក្នុង​ពិភពលោក​នេះ​ជាដើម។

លោកស្រី Prakash-Mani បាន​ថ្លែង​ថា៖ «ដូច្នេះ​វា​មិន​មែន​គ្រាន់​តែ​ជា​ការ​សាងសង់​ជញ្ជាំង​ខ្ពស់​ដើម្បី​កុំ​ឲ្យ​ទឹក​ចូល​ប៉ុណ្ណោះ​ទេ។ វា​គឺ​ជា​ការ​ស្ដារ​ឡើង​វិញ​នូវ​តំបន់​ដី​សើម ​ព្រៃ​កោងកាង និង​ទន្លេ ដើម្បី​ឲ្យ​ទឹក​ហូរ​ ដែល​អាច​បង្កើត​ជា​ដីសណ្ដ​ដែល​យើង​ចង់​បាន។ វា​ក៏​ជួយ​បង្កើត​នូវ​ភាព​រឹងមាំ​ដែល​កើតចេញ​ពី​សកម្មភាព​ទាំង​នេះ​និង​ផ្ដល់ការការពារ​ដល់​យើង​មិនឲ្យ​កម្រិត​ទឹក​សមុទ្រ​កើនឡើង​ផង​ដែរ។ នេះ​គឺ​ជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​មួយ​របស់​យើង​ក្នុង​ចំណោម​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​នានា»។

លោក Anamitra Anurag Danda អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ទៅ​លើ​ការ​ប្រែប្រួល​អាកាសធាតុ​នៃ​មូលនិធិ Observer Research របស់​ឥណ្ឌា​បាន​ថ្លែង​ថា ការ​ការពារ​តំបន់​ដី​សណ្ដ​មិនមែន​គ្រាន់​តែ​មាន​ន័យ​ថា​សម្របខ្លួន​ទៅ​តាម​កម្រិត​ទឹក​សមុទ្រ​ដែល​កើនឡើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ត្រូវ​ថែទាំ​ទន្លេ​ដែល​ជា​ប្រភព​របស់​ដី​សណ្ដ​ទាំង​នោះ​ផង​ដែរ។

លោក Anurag ​Danda បាន​ថ្លែង​ថា ទន្លេ​និង​ដៃទន្លេ​នៃ​ដី​សណ្ដ Ganges របស់​ប្រទេស​ឥណ្ឌា ដែល​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ដី​សណ្ដ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក «ត្រូវ​បាន​ទប់ទឹក​មិន​ឲ្យ​ហូរ ធ្វើ​ឲ្យដី​ល្បាប់​ដែល​ត្រូវ​បង្កើត​ជា​ដី​សណ្ដ​មិន​អាច​ហូរ​ទៅ​លើ​ដី​សណ្ដ​បាន»។

ចន្លោះ​ដី​សណ្ដ Ganges និង​ទីក្រុង Kolkata ដែល​ត្រូវការ​ទឹក​យ៉ាង​ច្រើន ត្រូវ​បាន​ប្រជាពលរដ្ឋ​បូម​យក​ទឹក​រាប់​រយ​លាន​លីត្រ​ជា​រៀងរាល់​ថ្ងៃ។ ដី​សណ្ដ​នេះ​បាន​បាត់​បង់​ដី​អស់​ចំនួន​១៦៣០០​ហិកតា​ក្នុង​រយៈពេល​៤០​ឆ្នាំ​គិត​ត្រឹម​ឆ្នាំ​២០០៩។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Anurag Danda ដែល​ក៏​ជា​ទីប្រឹក្សា​មួយ​រូប​ដ៏​អង្គការ WWF​ ផង​ដែរ។

លោក​បាន​ថ្លែង​ថា ការ​បាក់ស្រុត​និង​ការ​រួម​តូច​នៃ​ដី​សណ្ដ​នេះ​គឺ​ជា​រឿង​ដែល​ចៀស​មិន​ផុត​នោះ​ទេ ហើយ​វា​មាន​ន័យ​ថា ត្រូវ​ទុក​ពេល​ឲ្យ​តំបន់​ទាំង​នោះ​ស្ដារ​គុណភាព​របស់​ខ្លួន​ឡើង​វិញ។

ប៉ុន្តែ​មិនមែន​គ្រប់​តំបន់​ទាំង​អស់​អាច​ធ្វើ​ដូច្នេះ​បាន​នោះ​ទេ។

លោក Stuart Orr អ្នក​ជំនាញ​ខាង​ទឹក​ស្អាត​នៃ​អង្គការ WWF បាន​និយាយ​ថា «វា​មិន​មែន​គ្រាន់​តែ​ស្ដារ​ធម្មជាតិ​ឡើង​វិញ​ប៉ុណ្ណោះ​ទេ។ ពិត​ណាស់ យើង​ត្រូវ​ការ​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃទៀត​ផង​ដែរ។ ប៉ុន្តែ​យើង​ត្រូវ​តែ​គិត​ឲ្យ​កាន់​តែ​ឆ្លាតវៃ​ជាង​មុន​អំពី​វិធី​ដែល​យើង​កែប្រែ​ប្រព័ន្ធ​ទន្លេ​របស់​យើង​និង​ប្រព័ន្ធ​ដី​សណ្ដ​របស់​យើង ហើយ​អនុញ្ញាត​ឲ្យ​វិទ្យាសាស្ត្រ​ថ្មី​ជួយ​យើង​ធ្វើការ​សម្រេចចិត្ត​និង​ការ​វិនិយោគ​នានា»។​

លោកស្រី Tiziana Bonapace នៃ​គណៈកម្មាធិការ​សេដ្ឋកិច្ច​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​អាស៊ី​និង​ប៉ាស៊ីហ្វិក បាន​មាន​ប្រសាសន៍​ថា៖ «ប្រព័ន្ធ​ព្រមាន​ជាមុន​និង​ដំណោះស្រាយ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​ដទៃទៀត​អាច​ជួយ​ផ្លាស់ប្ដូរ​ស្ថានភាព​នេះ ក្នុង​ការ​ជួយ​ដល់​មនុស្ស​រាប់​លាន​នាក់​ដែល​ហៅ​តំបន់​ដីសណ្ដ​នេះ​ថា​ជា​ផ្ទះ​ ឲ្យ​អាច​បន្ដ​រស់នៅ​តំបន់​នេះ​ប្រកប​ដោយ​សុវត្ថិភាព​បាន»។ ​

លោកស្រី​និយាយ​ថា ការិយាល័យ​របស់​លោកស្រី​ឥឡូវ​នេះ​កំពុង​តែ​ធ្វើ​ការ​នៅ​តាម​បណ្ដា​ប្រទេស​នៅ​អាស៊ី​ចំនួន​១៥​ ដើម្បី​លើក​កម្ពស់​ការ​ព្យាករណ៍​អំពី​ទឹក​ជំនន់​នៃ​ប្រព័ន្ធ​ដីសណ្ដGanges-Brahmaputra-Meghna ដែល​បាន​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​អំពី​តម្រូវការ​នៃ​ការ​សហការ​គ្នា​រវាង​ប្រទេស​នីមួយៗ។

លោក Seri Suptharathit នៃ​មជ្ឈមណ្ឌល​សិក្សា​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​និង​គ្រោះ​មហន្ដរាយ​នៃ​សាកលវិទ្យាល័យ Rangsit ប្រទេស​ថៃ បាន​និយាយ​ថា រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ទាំង​នោះ​ក៏​ត្រូវ​ខិតខំ​ធ្វើ​ការឲ្យ​ខ្លាំងក្លា​ជាង​មុន​ក្នុង​ការ​គិត​អំពី​បញ្ហា​នេះ​និង​ដំណោះស្រាយ​របស់​វា ជាពិសេស​គិត​ដល់​កូនចៅជំនាន់​ក្រោយ មិនមែន​គិត​ត្រឹម​តែក្នុង​អាណត្តិ​បោះឆ្នោត​របស់​ខ្លួន​នោះ​ទេ។ ​

លោក​បាន​ថ្លែង​បន្ថែម​ទៀត​ថា៖ «នយោបាយ​គិត​ត្រឹម​តែ​៤​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​បញ្ហា​នេះ​គឺ​ត្រូវ​គិត​ដល់​រាប់​សិប​ឆ្នាំ​ទៅ​មុខ​ទៀត​។ តើ​យើង​ត្រូវ​ឲ្យ​ពួកគេ​គិត​ដល់​អនាគត​ដោយ​របៀប​ណា​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ?»

លោក Seri បាន​យក​ការ​ពិត​មក​និយាយ​បែប​កំប្លែង​ថា៖ «ប្រសិន​បើ​ពួកគេ​បរាជ័យ​ក្នុង​ដោះស្រាយ​បញ្ហា​នេះ នោះ​ភ្ញៀវ​ដែល​មក​ចូលរួម​ក្នុង​វេទិកា​ស្ដី​ពី​ការ​បាក់ស្រុត​និង​ការ​រួម​តូច​ដី​សណ្ដ​នៅ​ទ្វីប​អាស៊ី ដែល​ប្រារព្ធ​ឡើង​ក្នុង​ទីក្រុង​បាងកក​នេះ ក្នុង​រយៈពេល​៣០​ឬ​៤០​ឆ្នាំ​ខាង​មុខ​ ប្រហែល​ជា​ត្រូវ​ធ្វើ​ដំណើរ​មក​ដោយ​ជិះ​ទូក​ហើយ»៕

ប្រែសម្រួល​ដោយអ្នកស្រី ហុង ចិន្ដា