អ្នក​ជំនាញ៖ អំពើ​ពុករលួយ វិសមភាព ព័ត៌មាន​ប្រឌិត និង​បញ្ហា​សុខភាព​សាធារណៈ​ប៉ះពាល់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​អាស៊ី

រូបឯកសារ៖ ព្រះសង្ឃមួយអង្គបានប៉ះទង្គិចជាមួយនឹងក្រុមសន្តិសុខបង្ក្រាបកុបកម្ម ក្នុងអំឡុងបាតុកម្មមួយនាកិច្ចប្រជុំកិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ឬ APEC នៅក្បែរវិមានប្រជាធិបតេយ្យ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២២។

ស្ថានភាព​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ទ្វីប​អាស៊ី​មាន «លក្ខណៈ​ចម្រុះ» ​ខណៈ​អំពើ​ពុករលួយ​ វិសមភាព​សង្គម​ ព័ត៌មាន​ប្រឌិត ​និង​បញ្ហា​សុខភាព​សាធារណៈ​ បាន​ក្លាយ​ជា​បញ្ហា​ចម្បង​ ដែល​ប៉ះពាល់​ដល់​ភាព​ធន់​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ទ្វីប​នេះ។ នេះ​បើ​យោង​តាម​ការ​វាយតម្លៃ​របស់​អ្នកជំនាញ។

លោក Thomas Pepinsky ​សាស្ត្រាចារ្យ​ផ្នែក​រដ្ឋាភិបាល​នៃ​សាកលវិទ្យាល័យ Cornell ​បាន​ប្រាប់​ដល់​កិច្ច​ពិភាក្សា​ស្ដីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ទ្វីប​អាស៊ី​ដែល​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន Brookings ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ពុធ​ ទី ១៤ ខែ​ធ្នូ​កន្លង​ទៅ​នេះ​ថា​ ការ​ដោះស្រាយ​បញ្ហា​អំពើ​ពុករលួយ​នៅ​អាស៊ី​គឺ​ជួប​ការ​លំបាក​ដោយសារ​តែ​អ្នក​នយោបាយ​ក្នុង​ប្រទេស​ទាំង​នេះ​បាន «យក​កិច្ច​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ធ្វើ​ជា​បញ្ហា​នយោបាយ»។

លោក​ Thomas Pepinsky ​ដែល​បាន​សិក្សា​ស្រាវជ្រាវ​អំពី​អំពើ​ពុករលួយ​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ ម៉ាឡេស៊ី​ និង​កូរ៉េ​ខាងត្បូង​ បាន​បន្ថែម​ថា៖

«នៅ​ក្នុង​ប្រទេស​នីមួយៗ​នៃ​ប្រទេស​ទាំង​នេះ​ យើង​ឃើញ​ថា ​អ្នក​នយោបាយ​ដែល​នឹង​ក្លាយជា​កម្មវត្ថុ​នៃ​ការ​ស៊ើប​អង្កេត​រឿង​ពុករលួយ​បាន​ប្រឹងប្រែង​យក​ទីភ្នាក់ងារ​ដែល​នឹង​ស៊ើប​អង្កេត​ពួកគេ​ធ្វើ​នយោបាយ»។

ព័ត៌មាន​ប្រឌិត​ក៏​ជា​បញ្ហា​មួយ​ទៀត​ដែល​រួម​ចំណែកបង្អាក់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​ទ្វីប​អាស៊ី​ដែរ។ នេះ​បើតាម​ការ​លើក​ឡើង​របស់អ្នកស្រី Nuurrianti Jalli ​សាស្ត្រាចារ្យ​ជំនួយ​ផ្នែក​សារគមនាគមន៍​នៃ​សាកលវិទ្យាល័យ Northern State University។

ក្រុម​របស់​អ្នកស្រី​ Nuurrianti Jalli ​បាន​សិក្សា​ស្រាវជ្រាវ​លើ​បញ្ហា​ព័ត៌មាន​ប្រឌិត​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ជប៉ុន ​ម៉ាឡេស៊ី ​ថៃ ​និង​កោះ​តៃវ៉ាន់។នៅ​ទីនោះ ព័ត៌មាន​ប្រឌិតត្រូវ​បាន​ចែកចាយ​ដោយ​ងាយស្រួល​នៅ​លើ​អ៊ីនធឺណិត​និង​តាម​បណ្ដាញ​សង្គម​អនឡាញ​ជា​ភាសា​ក្នុង​ស្រុក​ ហើយ​ពលរដ្ឋ​មួយ​ចំនួន​នៅ​ខ្វះ​ជំនាញយល់​ដឹង​ដែល​ធ្វើ​ឲ្យ​ពួកគេ​អាច​ត្រូវ​បាន​ «បំភាន់​ដោយ​ងាយ​ស្រួល» ​ប្រសិនបើ​មិន​បាន​ពិចារណា​ត្រឹមត្រូវ​ ហើយធ្វើ​ឲ្យ​ពួកគេ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ខុស។

អ្នកស្រី​ Nuurrianti Jalli ​បាន​បន្ថែម​ថា៖ «ករណី​នេះ​ប៉ះពាល់​បែប​អវិជ្ជមាន​ដល់​លទ្ធិ​ប្រជាធិបតេយ្យដោយសារតែ​លទ្ធិ​ប្រជាធិបតេយ្យ​មិន​អាច​រីក​លូតលាស់​នៅ​ក្នុង​បរិយាកាស​ព័ត៌មាន​ដូច​នេះ​បាន​ទេ។ ដូច្នេះ ប្រសិនបើ​នរណា​ម្នាក់​បំភាន់​អ្នក នោះ​អ្នក​នឹង​មិន​អាច...បោះឆ្នោត​បាន​ត្រឹមត្រូវ មិន​អាច​ធ្វើ​សេចក្ដី​សម្រេចចិត្ត​បាន​ត្រឹមត្រូវ​ផ្នែក​នយោបាយ ហើយ​អ្នក​នឹង​ជ្រើសរើស​មេដឹកនាំ​មិន​ល្អ»។

រូបឯកសារ៖ ពលរដ្ឋកាន់បដាស្រែកទាមទារ ក្នុអំឡុងហែរក្បួនអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ នៅក្បែរវិមានប្រធានាធិបតីក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២២។

តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ត្រូវ​បាន​អ្នក​ជំនាញ​ចាត់​ទុក​ថា​ជា​ខ្សែ​ត្រៀម​ជួរ​មុខ​សម្រាប់​ការសិក្សា​ពី​អភិបាល​កិច្ច​ប្រជាធិបតេយ្យ ដែល​ទាមទារ​ឲ្យ​មាន​ការសិក្សា​ឲ្យ​បាន​ដឹង​ច្បាស់​ពី​តួនាទី​និង​ឥទ្ធិពល​របស់​ប្រជាធិបតេយ្យ​ ដោយសារ​វា​មាន​ផល​ប៉ះពាល់​ដល់​ស្ថិរភាព​សង្គម​និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ។

អ្នក​ស្រាវជ្រាវ​ក៏​បាន​រកឃើញ​ថា ​វិសមភាព​សង្គម​គឺ​ជា​បញ្ហា​ដ៏​ធំ​ក្នុង​តំបន់​នេះ​ផងដែរ​ដែល​មាន​ផល​ប៉ះពាល់​ដល់​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ។

លោក Andrew Yeo ​សាស្ត្រាចារ្យ​ផ្នែក​នយោបាយ​នៃ​សាកល​វិទ្យាល័យ​ Catholic University of America ដែល​ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុម​លោក​ផ្ដោត​លើ​វិសមភាព​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និង​កូរ៉េ​ខាងត្បូង បាន​និយាយ​ថា ​វិសមភាព​សេដ្ឋកិច្ច​គឺ​ជា​បញ្ហា​ចម្បង​ដែល​ប៉ះពាល់​ដល់​អភិបាល​កិច្ច​បែប​ប្រជាធិបតេយ្យ។

លោក​ Yeo ​បាន​រិះគន់​ករណី​លម្អៀង​នៃគោល​នយោបាយ​សេដ្ឋកិច្ច​របស់ប្រទេស​ម៉ាឡេស៊ី​ដែល​គាំទ្រ​ខ្លាំង​ដល់​ក្រុម​ជាតិសាសន៍​ម៉ាឡេ​ ឬ​ Bumiputras ។

លោក Yeo បាន​បញ្ជាក់​បន្ថែម​ថា ក្រៅពី​វិសមភាព​សេដ្ឋកិច្ច ក្រុម​ស្រាវជ្រាវ​របស់​លោក​បាន​ទទួល​ស្គាល់​ថា​ មាន​វិសមភាព​ផ្នែក​ផ្សេងៗ​ទៀត​ដូចជា​ «លទ្ធភាព​មាន​កម្រិត​ ឬ​មិន​ស្មើភាព​នៅ​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ​និង​សេវា​រដ្ឋាភិបាល»​ និង​ «វិសមភាព​ជាតិ​សាសន៍​និង​លទ្ធភាព​មិន​ស្មើ​ភាព​នៅ​ក្នុង​ការ​ចូលរួម​ក្នុង​ដំណើរការ​នយោបាយ» ជាដើម។

បញ្ហា​សំខាន់​ចុងក្រោយ​មួយ​ទៀត​ដែល​វាគ្មិនទាមទារ​ឲ្យ​មាន​ការ​យកចិត្ត​ទុកដាក់​គឺ​បញ្ហា​សុខភាព​សាធារណៈ។

អ្នកស្រី Syaru Shirley Lin ​សាស្ត្រាចារ្យ​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​កិច្ចការ​សាធារណៈ Miller នៅ​សាកលវិទ្យាល័យ University of Virginia​ បាន​បញ្ជាក់​ថា ទំនុកចិត្ត​សាធារណៈ​លើ​រដ្ឋាភិបាល​ គឺ​ជា​កត្តា​សំខាន់​បំផុត​សម្រាប់​ប្រទេស​នីមួយៗ​នៅ​ក្នុង​ការ​ឆ្លើយតប​បាន​ប្រសើរ​ចំពោះ​វិបត្តិ​សុខភាព​សាធារណៈ។

ដោយ​ដកស្រង់​បទពិសោធ​នៃ​ការឆ្លើយតប​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​អូស្ត្រាលី ​ឥណ្ឌា ​ជប៉ុន ​កូរ៉េ​ខាង​ត្បូង និង​កោះ​តៃវ៉ាន់​ លើ​បញ្ហា​ជំងឺ​កូវីដ១៩ ​ដែល​ទើបតែ​ផ្តោត​ខ្លាំង​នៅ​ពេល​មាន​វិបត្តិ​សុខភាព​សាកល​នេះ​ ​អ្នកស្រី​ Syaru Shirley Lin ​បាន​ស្នើ​ឡើងថា៖

«យើង​ចាំបាច់​ត្រូវ​វិនិយោគ​លើ​វិស័យ​សុខភាព​សាធារណៈ ហើយ​ចំណុច​សំខាន់​បំផុត យើង​ចាំបាច់​ត្រូវ​វិនិយោគ​លើ​ប្រព័ន្ធ​ច្បាប់​ដែល​អនុញ្ញាត​ឱ្យ​យើង​អាច​អនុវត្ត​បាន​នៅ​ពេល​ដែល​មាន​ស្ថានការណ៍​បន្ទាន់​កើតឡើង»។

អ្នកស្រី​បាន​បន្ថែម​ថា រដ្ឋាភិបាល​ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន «តុល្យភាព​រវាង​អាទិភាព​នៃ​សុខភាព​សាធារណៈ​និង​គុណតម្លៃ​ប្រជាធិបតេយ្យ​ផ្សេង​ទៀត ​ដូចជា​ឯកជនភាព​ជាដើម» ដែល​នេះ​គឺ​ជា​កត្តា​ចាំបាច់​ដែល​នឹង​មិន​ប៉ះពាល់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ។

រូបឯកសារ៖ ពលរដ្ឋប្រមូលផ្តុំគ្នាកាន់ក្រដាសសទទេស្អាតធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលចិនដែលបន្តអនុវត្តគោលនយោបាយ «គ្មានកូវីដ» ដ៏តឹងរ៉ឹង នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២។

ប្រទេស​នៅ​អាស៊ី​ខ្លះ​បាន​ប្រើប្រាស់​វិបត្តិ​សុខភាព​បង្កឡើង​ដោយ​ជំងឺ​កូវីដ​១៩ ​ដើម្បី​បិទសិទ្ធិ​សេរីភាព​ជាមូលដ្ឋាន​របស់​ពលរដ្ឋ​និង​រំលោភ​លើ​ឯកជន​ភាព​របស់​ពួកគេ។ ក្នុង​នោះ​មាន​ប្រទេស​ចិនដែល​គោល​នយោបាយ​ «គ្មាន​កូវីដ»​ ត្រូវ​បាន​រិះគន់​ជាខ្លាំង​មុន​ពេល​ប្រទេស​កុម្មុយនីស្ត​នេះ​ បន្ធូរ​បន្ថយ​ការរឹតបន្តឹង​ខ្លះ ​ក្រោយ​ពី​មាន​បាតុកម្ម​តវ៉ា​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។

«សមត្ថភាព​ខាង​ប្រជាធិបតេយ្យ» គឺ​ជា​កត្តា​សំខាន់​សម្រាប់​ភាព​រស់រាន​ទៅ​មុខ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Byunghwan Son សាស្ត្រាចារ្យ​រង​នៃ​កម្មវិធី​កិច្ចការ​សាកលលោក​នៅ​សាកលវិទ្យាល័យ George Mason។

លោក​បាន​ថ្លែង​ថា ការ​ធ្លាក់ចុះ​នៃ​សមត្ថភាព​នេះ​គឺ​ធ្វើ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ «ពុកផុយ» ដោយ​លោក​បាន​បន្ថែម​ថា «វា​ជា​ការ​សំខាន់​ដែល​យើង​ផ្ដោត​លើ​ផ្នែក​គោល​នយោបាយ​ទាំង​បួន​នេះ​ ដែល​មាន​សារៈសំខាន់​ជា​មូលដ្ឋាន​សម្រាប់​ការ​សម្រេច​បាន​នូវ​ការ​ទទួល​ខុស​ត្រូវ​បែប​ប្រជាធិបតេយ្យ»។

បើ​ទោះបីជា​មាន​បញ្ហា​ប្រឈម​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ទ្វីប​អាស៊ី​ដូច​អ្នក​ជំនាញ​ទាំង​អស់​បាន​លើកឡើង​ក៏ដោយ ក៏​លោក Andrew Yeo ​នៃ​សាកល​វិទ្យាល័យ​ Catholic University of America យល់​ថា​ ទ្វីប​អាស៊ី «ធ្វើ​បាន​ប្រសើរ» ទាក់ទិន​នឹង​លទ្ធិ​ប្រជាធិបតេយ្យ បើ​ប្រៀប​ជាមួយ​នឹង​តំបន់​ដទៃ​ទៀត​នៅ​លើ​ពិភពលោក។

លោក​ Thomas Pepinsky នៃ​សាកលវិទ្យាល័យ Cornell ​បាន​លើក​ឡើង​ដែរថា ​ដើម្បី​ជំរុញ​ឱ្យ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ដំណើរការ​ទៅ​មុខ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​របស់​សង្គម​ស៊ីវិល​ជា​ចាំបាច់​បំផុត​និង​ជា​អាទិភាព​កំពូល។

លោក Pepinsky ​នៅតែ​មាន​សុទិដ្ឋិនិយម​និង​ទំនុកចិត្តថា​ ប្រទេស​ប្រជាធិបតេយ្យ​គឺ​មាន​សមត្ថភាព​ជាង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ចម្បង​មួយ​ចំនួន​នៃ​អំពើ​ពុករលួយ​នៅ​ក្នុង​តំបន់​អាស៊ី​ ក៏​ដូចជា​តំបន់​ផ្សេង​ទៀត​ផងដែរ ​ហើយ​ជា​លទ្ធផល​នឹង​ជួយ​ពង្រឹង​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​តំបន់។

អ្នក​ជំនាញ​មួយ​ចំនួន​នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ​គិត​ថា ​ដំណោះស្រាយ​មួយ​ដែលរួម​ចំណែក​ខ្លាំង​ដល់​ការ​ទប់ទល់​នឹង​បញ្ហា​ប្រឈម​ចម្បង​ទាំង ៤ ខាង​លើ​ដែរ​គឺ «តម្លាភាព»៕