ការផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)ដែលមិនមានឈ្មោះពិតប្រាកដ និងមិនមែនជាប្រភពព័ត៌មានអាចទុកចិត្តបាននោះ ត្រូវបណ្ដាញព័ត៌មានក្នុងប្រទេសកម្ពុជា ដកស្រង់យកមកចុះផ្សាយជាទូទៅ។
អ្នកជំនាញនិយាយថា ការដកស្រង់សំឡេងសាសងស្នេហា ដែលគេចោទដោយសង្ស័យថា ជាសំឡេងរបស់លោក កឹម សុខា និងនាង ខុម ចាន់តារ៉ាទី នោះ គឺប្រាសចាកពីក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ព្រោះទំព័រហ្វេសប៊ុកដែលមានឈ្មោះថា«ធាតុពិតនៃCNRP» នោះ មិនមែនជាប្រភពព័ត៌មានអាចទុកចិត្តបាន និងមិនមែនជាឈ្មោះពិតប្រាកដឡើយ។
លោក មឿន ឈានណាឫទ្ធិ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន បានប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍ថា ការប្រាសចាកក្រមសីលធម៌នេះ មានលក្ខណៈស្រាលពីដំបូង ប៉ុន្តែនៅពេលដែលព័ត៌មាននោះក្លាយជារឿងបម្រើផលប្រយោជន៍នយោបាយនោះ វានឹងក្លាយជាកំហុសដ៏ធំមួយ។
«ហើយអ្វីដែលយើងព្រួយបារម្ភនោះគឺអ្នកសារព័ត៌មាននោះ មិនដឹងជាគាត់ដឹងខ្លួនឬអត់ទេថា នៅពេលដែលគាត់ស្រង់ព័ត៌មានណាមួយមានលក្ខណៈ ឬក៏មានភាពជានយោបាយនោះ គាត់អាចក្លាយខ្លួនទៅជាឈ្នាន់ ក្លាយខ្លួនទៅជាឈ្នាន់បម្រើឲ្យផលប្រយោជន៍គណបក្ស ឬក៏អ្នកនយោបាយណាម្នាក់»។
ជាក់ស្តែង ការផ្សព្វផ្សាយសំឡេងសាសងស្នេហា ដែលសង្ស័យជាសំឡេងរបស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងនាង ខុម ចាន់តារ៉ាទី នោះ មិនត្រឹមតែប៉ះពាល់កិត្តិយសជនរងគ្រោះដែលត្រូវគេលួចថតសំឡេងប៉ុណ្ណោះទេ តែវាបានក្លាយជាព័ត៌មាននយោបាយ ដែលជាហេតុនាំឲ្យមន្ត្រីសិទ្ធិមនុស្ស៤នាក់ និងមន្ត្រីគ.ជ.ប.ម្នាក់ ត្រូវជាប់ឃុំឃាំង ក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយ បានកោះហៅសាកសួរមនុស្ស៨នាក់ ដែលរួមមានប្រធានអង្គការសង្គមស៊ីវិលការពារកិត្តិយសស្ត្រី និងមន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
លោក មឿន ឈានណាឫទ្ធិ បានបន្តថា ការប្រាសចាកក្រមសីលធម៌ដោយសារមោហាគតិ(លំអៀងដោយល្ងង់)នោះ អាចនាំទៅរកការលំអៀងផ្សេងៗទៀត រួមមានឆន្ទាគតិ (លំអៀងដោយស្រឡាញ់) ទោសាគតិ (លំអៀងដោយស្អប់) និងភយាគតិ (លំអៀងដោយភ័យខ្លាច)។
លោកប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន បានលើកពីតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន។
«ក្នុងវិជ្ជាជីវៈសារព័ត៌មាន ចំណុចមួយសម្រាប់ជនរងគ្រោះ យើងជាអ្នកសារព័ត៌មាន គឺយើងមានតួនាទីមួយ កាត់បន្ថយនូវភាពរងគ្រោះចំពោះជនរងគ្រោះ។ អញ្ចឹង បើយើងដឹងថា ការផ្សាយព័ត៌មានទៅ ធ្វើឲ្យបុគ្គលណាម្នាក់រងគ្រោះដោយសារយើង យើងគួរតែចៀសវាង។ ហើយយើងមានតួនាទីមួយទៀត គឺយើងមានតួនាទីដើម្បីជំរុញឲ្យមានសន្តិភាពនៅក្នុងសង្គម។ អញ្ចឹង បើសិនជាយើងផ្សព្វផ្សាយព័ត៌មានឲ្យមានអសន្តិសុខ អាហ្នឹងជាកំហុសក្រមសីលធម៌វិជ្ជាជីវៈមួយដែរ»។
លោក ប៉ែន បូណា ប្រធានក្លឹបអ្នកសារព័ត៌មានកម្ពុជា បានពន្យល់ថា ស្របពេលដែលព័ត៌មានតាមបណ្ដាញសង្គមកំពុងមានសន្ទុះខ្លាំងក្លានោះ ការប្រកួតប្រជែងខាងព័ត៌មានបាននាំឲ្យមានឆកល្វែងខាងវិជ្ជាជីវៈសារព័ត៌មាន ទោះជាបណ្ដាញអង្គភាពព័ត៌មាន បានព្យាយាមបង្កើនគុណភាពបុគ្គលិក និងមានវគ្គបណ្តុះបណ្តាលខាងវិស័យនេះច្រើនក៏ដោយ។
«ប៉ុន្តែគ្រាន់តែថា ការប្រឡងប្រណាំងគ្នាខាងល្បឿននោះ ក៏វាខ្លាំងណាស់ដែរ ធ្វើម៉េចឲ្យលឿន ឲ្យអីហ្នឹង ហើយជាធម្មតាការណាវាលឿន ជួនកាល វាប្រឈមមុខ ដែលយើងមិនបានផ្ទៀងផ្ទាត់អីត្រឹមត្រូវ គឺវាអាចនឹងលឿនពេក ខុសក៏ថាបាន។ អញ្ចឹងគ្រប់សារព័ត៌មានទាំងអស់ ត្រូវតែប្រយ័ត្នអាហ្នឹង បាទ»។
ម៉្យាងវិញទៀត លោកនិយាយថា ភាគច្រើនអ្នកយកព័ត៌មានព្យាយាមទាក់ទងសុំការឆ្លើយតបពីប្រភពព័ត៌មាន ដែលអាចជាជនរងគ្រោះដើម្បីការពារខ្លួន ឬរក្សាកិត្តិយស តែមិនអាចទាក់ទងបាន ដែលភាគច្រើនគឺដោយសារតែគេមិនចង់ធ្វើអត្ថាធិប្បាយ។
លោកនិយាយថា អង្គភាពព័ត៌មានមិនអាចចាំបានទេ ព្រោះការផ្សាយព័ត៌មាន មិនមែនជាវេទិកាសមធម៌ទេ។
«ភាគីពាក់ព័ន្ធទាំងអស់ ទាំងមន្ត្រីរាជរដ្ឋាភិបាល ទាំងអ្នកនយោបាយឬទាំងស្ថាប័នផ្សេងៗទៀតហ្នឹងគឺថា ធ្វើយ៉ាងម៉េចក្ដាប់ព័ត៌មានឲ្យបានលឿន ហើយត្រៀមឆ្លើយតបឲ្យបានរហ័សបំផុតជាមួយអ្នកសារព័ត៌មាន។ បើសិនជាយឺតយ៉ាវ ជួនកាល ព័ត៌មានមានទៅមួយជំហានទៅមុខហើយបាទ»។
ក្រៅពីអ្នកជំនាញ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ក៏បានសម្ដែងក្ដីបារម្ភអំពីការប្រាសចាកពីក្រមសីលធម៌របស់អ្នកសារព័ត៌មានដែរ។
លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងមន្ត្រីមួយចំនួនទៀត បង្ហាញក្ដីបារម្ភនេះក្នុងកិច្ចប្រជុំណែនាំឲ្យអ្នកសារព័ត៌មានប្រើគោរមងារសម្ដេច ដែលព្រះមហាក្សត្រប្រទានឲ្យមន្ត្រីរដ្ឋាភិបាលកំពូលៗ។
ទោះជាយ៉ាងណាក្តី ការរំលោភក្រមសីលធម៌សារព័ត៌មាន ដែលមន្ត្រីរដ្ឋាភិបាលបង្ហាញក្តីបារម្ភនោះ គឺមិនដូចគ្នានឹងអ្វីដែលអ្នកជំនាញលើកឡើងទេ។
លោកអនុរដ្ឋលេខាធិការ មានប្រសាសន៍ថា ការដែលអង្គភាពព័ត៌មានមិនព្រមធ្វើការកែតម្រូវតាមសំណើរបស់ស្ថាប័នចំពោះអ្វីដែលខ្លួនបានផ្សាយកន្លងមកនោះ គឺជាការរំលោភក្រមសីលធម៌វិជ្ជាជីវៈ និងធ្វើឲ្យថ្នាក់ដឹកនាំប្រទេសមានការថ្នាំងថ្នាក់ចិត្ត។
ក្រៅពីនេះលោក អ៊ុក គឹមសេង ក៏លើកពីបញ្ហាក្រមសីលធម៌របស់អ្នកសារព័ត៌មាន ស្រដៀងអ្វីដែលអ្នកជំនាញបានលើកឡើងដែរ។
លោកបានបន្តថា មានអ្នកសារព័ត៌មានសរសេរអត្ថបទដែលមានខ្លឹមសារថា «អ្នកនេះខុស អ្នកនោះត្រូវ» ដែលខុសពីតួនាទីសារព័ត៌មានដែលគ្រាន់តែជាអ្នកផ្ដល់ព័ត៌មាន។
ក្រៅពីនេះ អ្នកសារព័ត៌មាននៅកម្ពុជាមួយចំនួន មានតួនាទីជានគរបាលជាមន្ត្រីកងរាជអាវុធហត្ថ ជាសកម្មជនសិទ្ធិមនុស្សជាដើម ដែលធ្វើឲ្យពួកគេ មិនអាចប្រកាន់ជំហរតាមក្រមសីលធម៌វីជ្ជាជីវៈសារព័ត៌មានបាន។
អ្នកសារព័ត៌មានខ្លះទៀត ក៏ត្រូវចោទប្រកាន់ពីបទជំរិតទារប្រាក់ ជាថ្នូរនឹងខ្លឹមសារព័ត៌មានដែរ។ មិនតែប៉ុណ្ណោះអ្នកសារព័ត៌មានមួយចំនួនបានក្លាយជាសហចារី ឬអ្នករួមគំនិតនៃបទល្មើស ដោយសារការប្រាសចាកពីក្រមសីលធម៌នេះ។
អ្នកជំនាញមើលឃើញថា ការប្រកួតប្រជែងរវាងស្ថាប័នព័ត៌មាន និងការរីកដុះដាលព័ត៌មានគ្មានវិជ្ជាជីវៈតាមបណ្ដាញសង្គម បានធ្វើឲ្យអង្គភាពព័ត៌មានមួយចំនួន មើលរំលងក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មាននេះ៕