អ្នក​ជំនាញ​បារម្ភ​ពី​គុណភាព​នៃ​​ការ​ប្រើប្រាស់​ភាសាខ្មែរ

សិស្សវិទ្យាល័យមួយរូប កំពុងរកជាវសៀវភៅរឿងប្រលោមលោកជាភាសាខ្មែរ ដែលនិពន្ធក្នុងអំឡុងសម័យសង្គមរាស្រ្តនិយម​ដែលរីកចម្រើនលូតលាស់ផ្នែកភាសា និងអក្សរសាស្រ្តខ្មែរ។ សៀវភៅទាំងនេះ ត្រូវបានបោះពុម្ពថ្មីក្នុងសម័យបច្ចុប្បន្ន នៅរាជធានី​ភ្នំពេញ ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៧ (ខាន់សុគុំមនោ/VOA)

«ភាសា​ខ្មែរ​នៅ​មាន​បញ្ហា​ជាច្រើន​ដែល​ឲ្យ​យើង​អ្នក​សិក្សា​ត្រូវ​ដោះស្រាយ។ ធំ​បំផុត​គឺ​ថា ​ជា​ការ​រក្សា​អត្តសញ្ញាណ​វប្បធម៌​ខ្មែរ​ ព្រោះអី​វា​ងាយ​ស្រួល​បាត់បង់​ថ្ងៃ​ណា​មួយ​ជា​មិនខាន​ បើ​យើង​មិន​បាន​ជួយ​ជ្រោមជ្រែង​ ជួយគាំ​ទ្រ​លើ​បញ្ហា​អក្សរសាស្រ្ត​នេះ​ទេ»។

ខណៈ​ពេល​ដែល​ភាពយន្ត​រឿង «មុន​ដំបូងខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» ដឹកនាំ​ដោយ អ្នកស្រី​ Angelina Jolie នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវការ​ក្នុង​បណ្តាញ​ទូរទស្សន៍​អ៊ិនធឺណិត ​Netflixដ៏​ពេញនិយម​របស់​សហរដ្ឋ​អាមេរិក នៅ​ចុង​ឆ្នាំ​២០១៧​ ខាង​មុខ​ កម្ពុជា​យល់​ថា​ វា​ជា​សញ្ញាណ​ល្អ ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​ភាសា​របស់​ខ្លួន ទៅ​ឆាក​អន្តរជាតិ។ អ្នក​ជំនាញ​ភាសាវិទ្យា និង​អក្សរសាស្រ្ត​យល់​ថា​ កម្ពុជា​ត្រូវ​ធ្វើ​កិច្ចការជា​ច្រើន​ទៀត​លើ​វិស័យ​ភាសា និង​អក្សរសាស្រ្ត​ជាតិ​ ដោយ​អាច​ទាញ​ផល​ប្រយោជន៍​ពី​ភាពយន្ត​មួយ​នេះ។

«ប៉ា!​ ប៉ា!​ ប៉ា!​ ប៉ា​មក​វិញ​មក...»

នេះ​ជា​សម្រែក​ទួញ​សោក​របស់​តួ​អង្គ​ឯក​ជា​ក្មេង​ស្រី​ ដែល​ព្រាត់​ឪពុក​ក្នុង​សម័យ​ខ្មែរ​ក្រហម​ ក្នុង​ភាពយន្ត​រឿង ​«មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» ដឹកនាំ​ដោយ​តារា​សម្តែង​ហូលីវូដ​ អ្នក​ស្រី Angelina​ Jolie។

ប្រជាជន​ខ្មែរ​ជាង ​៤.០០០​ នាក់​អ្នក​បាន​ទស្សនា​ខ្សែ​ភាពយន្ត​នេះ​ជា​លើក​ដំបូង ​ដែល​សម្ពោធ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ក្នុង​ទី​ក្រុង​ភ្នំពេញ​ និង​ជា​ច្រើន​ពាន់​អ្នក​ទៀត​ នៅ​ឯ​ខេត្ត​បាត់ដំបង​ និង​សៀមរាប​ កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ។

ពួក​គេ​បាន​មើល​រឿងរ៉ាវ​ទាក់ទិន​នឹង​ប្រវត្តិសាស្រ្ត​ជាតិ​ខ្លួន​ដោយ​ស្តាប់​សំឡេងសន្ទនា​ក្នុង​រឿង​ដែល​ផលិត​ដោយ​អ្នក​ដឹកនាំ​ជនជាតិ​អាមេរិកកាំង​ជា​ភាសា​ជាតិ​ពេល​កំពុង​ទស្សនា។

File: តារា​និងអ្នក​ដឹក​នាំ​រឿង​ហូលីវូដ​ ដ៏ល្បីល្បាញ​ ​លោកស្រី Angelina Jolie និយាយ​ជាមួយ​កុមារី​កម្ពុជា​ដែល​បាន​សម្តែង​នៅ​ក្នុង​ខ្សែភាពយន្ត​រឿង​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​» នៅក្នុង​វេទិកា​សន្និសីទ​សារព័ត៌មាននាខេត្តសៀមរាបក្នុងថ្ងៃទី​ ១៨ខែកុម្ភៈឆ្នាំ២០១៧ (រូបភាពដោយ នៅ វណ្ណារិន/VOA)

​ក្នុង​វីដេអូ​ឆ្លើយឆ្លង​ទៅ​កាន់​សារ​ព័ត៌មាន​អន្តរជាតិ​មួយ​ លោកស្រី Angelina Jolie បាន​ឲ្យ​ដឹង​ថា​អ្នក​ស្រី​មាន​មោទនភាព​លើ​ការ​តស៊ូ​របស់​ប្រជា​ជន​ខ្មែរ​ ដែល​ឆ្លង​កាត់​សម័យ​ខ្មែរក្រហម​ ហើយ​អ្នក​ស្រី​ចង់​បង្ហាញ​ទៅ​សាកលលោក​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​ដ៏​ខ្មៅ​ងងឹត​នោះ។

លោកស្រី​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​ចង់​ពាំនាំ​ខ្សែ​ភាពយន្ត​ (មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ)​ នេះ ​មក​កាន់​ប្រទេស​កម្ពុជា​ ហើយ​បង្ហាញ​ចេញ​ដោយ​ភាសា​ (ខ្មែរ) របស់​ពួក​គេ»។

នរណា​ធ្លាប់​គិត​ថា ​តារា​ហូលីវូដ​ដែល​ជា​ផលិតករ​និង​តារាសម្តែង​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភពលោក​រូប​នេះ ផលិត​រឿង​ខ្នាតធំ​ដែល​នឹង​ត្រូវ​ចាក់​ផ្សាយ​ជា​អន្តរជាតិ​នេះ​ជា​ភាសា​ខ្មែរ​ ខណៈ​ដែល​យុវជន​ខ្មែរ​ជា​ច្រើន​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​ដើម្បី​ធ្វើ​ការ​ទំនាក់​ទំនង​ប្រចាំ​ថ្ងៃ​និង​មើល​ខ្សែ​ភាពយន្ត​ជា​ភាសា​បរទេស។​

ភាពយន្ត​ថ្មី​ដែល​លាត​ត្រដាង​អំពី​សាច់​រឿង​មួយ​ជ្រុង​ផ្សេង​ទៀត​នៃ​ប្រវត្តិសាស្រ្ត​កម្ពុជា​ប្រជាធិបតេយ្យ​ តាម​ការ​មើល​ឃើញ​ដោយ​ក្រសែ​ភ្នែក​ពី​កុមារភាព​របស់​អ្នក​ស្រី ​អ៊ឹង លួង ​ដែល​ជា​អ្នក​និពន្ធ​ខ្មែរ ​នឹង​ត្រូវ​ចាក់​ផ្សាយ​ក្នុង​ឆាក​អន្តរជាតិ ​នៅ​ចុង​ឆ្នាំ ​២០១៧ ​នេះ​តាម​រយៈ ​Netflix។ Netflix ជា​បណ្តាញ​ទូរទស្សន៍​អ៊ិនធឺណិត​ដ៏​ពេញ​និយម​របស់​សហរដ្ឋ​អាមេរិក។

នេះ​ជា​មោទនភាព​មួយ​របស់​ប្រជាជន​ខ្មែរ​ ដែល​រឿងរ៉ាវ​របស់​ពួកគេ​នឹង​បាន​ឮ​និង​ឃើញ​ដោយ​ប្រជាជន​នៅ​ក្នុង​ផ្នែក​ផ្សេង​មួយ​ទៀត​នៃ​សាកលលោក​ដែល​មិន​សូវ​ឮ ​និង​មិន​ដែល​ឮ​អំពី​កម្ពុជា​ និង​ភាសា​ខ្មែរ។

ទោះ​នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​កម្ពុជា​ក៏​ដោយ​ អ្នក​ជំនាញ​ផ្នែក​អក្សរសាស្រ្ត​ខ្មែរ​យល់​ឃើញ​ខុស​គ្នា​ក្នុង​ការងារ​អភិរក្ស ​និង​អភិវឌ្ឍ​វិស័យ​អក្សរសាស្រ្ត ​និង​ភាសា​ខ្មែរ​ ស្រប​ពេល​ដែល​ប្រទេស​មួយ​នេះ​ស្ថិត​ក្នុង​ការ​វិវត្ត​ទៅ​កាន់​សាកល​ភាវូបនីយកម្ម។

លោក​ រឹម​ ទិត្យបញ្ញា​ ដែលជា​និស្សិត​អក្សរសាស្រ្ត​ខ្មែរ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញឆ្នាំ​ទី​ ៤​ ​កំពុង​អង្គុយ​ក្នុង​អគារ​សិក្សា​ ពិភាក្សា​ការងារ​ជា​មួយ​ក្រុម​របស់​លោក។

លោក​ប្រាប់​ VOA​ ថា​ និស្សិត​ខ្មែរ​ហាក់​ដូច​ជា​មិន​សូវ​ចាប់​អារម្មណ៍​លើ​មុខវិជ្ជា​អក្សរសាស្រ្ត​ខ្មែរ​ទេ ​ព្រោះ​វា​ជា​ភាសា​កំណើត​ស្រាប់។​ ម្យ៉ាង​ទៀត​លោក​ថា​ ការ​មិន​ចាប់​អារម្មណ៍​នេះ​ប្រហែល​មក​ពី​ពួកគេយល់​ឃើញ​ថា​ មុខ​វិជ្ជា​ភាសាខ្មែ​នេះ តម្រូវ​ឲ្យ​អ្នក​សិក្សា​រៀន​តែ​ត្រឹម​សរសេរ​អក្សរ​ខ្មែរ​ឲ្យ​ត្រឹមត្រូវ​តាម​ក្បួន​ច្បាប់​ប៉ុណ្ណោះ។

កម្រងរូបភាព៖​ «ទិវាអំណាន​ជាតិ​លើក​ទី ០២»

និស្សិត​អក្សរសាស្ត្រ រឹម​ ទិត្យបញ្ញា​ បាន​ប្រាប់ VOA ថា៖

«ភាសា​ខ្មែរ​នៅ​មាន​បញ្ហា​ជាច្រើន​ដែល​ឲ្យ​យើង​អ្នក​សិក្សា​ត្រូវ​ដោះស្រាយ។ ធំ​បំផុត​គឺ​ថា ​ជា​ការ​រក្សា​អត្តសញ្ញាណ​វប្បធម៌​ខ្មែរ​ ព្រោះអី​វា​ងាយ​ស្រួល​បាត់បង់​ថ្ងៃ​ណា​មួយ​ជា​មិនខាន​ បើ​យើង​មិន​បាន​ជួយ​ជ្រោមជ្រែង​ ជួយគាំ​ទ្រ​លើ​បញ្ហា​អក្សរសាស្រ្ត​នេះ​ទេ»។

​បញ្ញា​ សំដែង​ក្តី​បារម្ភ​លើ​ការ​ប្រើប្រាស់​អក្សរ​ខ្មែរ​មិន​ត្រូវ​តាម​ក្បួន​ខ្នាត​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ដែល​កំពុង​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា​ដូច​ជា Facebook។

«គេ​ (អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម) សរសេរ​ជា​អក្សរ​អង់គ្លេស​ត្រាប់​សូរ​ខ្មែរ​វិញ។ ដល់​ពេល​យូរៗ​ទៅ​វា​បាត់​អក្ខរក្រម​ច្បាប់​ដើម​យូរ​ៗ​ទៅ​វា​ល្អៀង​សូរ​ យូរ​ៗ​ទៅ​វា​កើត​ទៅ​ជា​រឿង​សរសរ​ខុស​ អត់​ស្គាល់​ពាក្យអត់​ស្គាល់​ពី​ប្រភេទ​អក្ខរ​ហ្នឹង​ត្រូវ​សរសេរ​យ៉ាង​ម៉េច​ តម្រួត​ជើង​ឬ​ក៏​មិន​តម្រួត​ជើង​ គឺ​លែង​ស្គាល់​តែ​ម្តង។ បញ្ហា​ហ្នឹង​ទៅ​ថ្ងៃ​អនាគត ​យើង​លេង​ប្រើប្រាស់​ច្បាប់​ដើម។ គឺ​យើង​ប្រើប្រាស់​ត្រាប់​តែ​សូរ​ធម្មតាៗ»។

លោក​ សេក​ ណន​ ដែល​ទទួល​ជ័យលាភី​ជា​គ្រូ​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៦ ​ពី​រាជរដ្ឋាភិបាល លើ​ការ​បង្រៀន​មុខវិជ្ជា​ភាសាខ្មែរ បាន​ឲ្យ​ដឹង​ថា​ សិស្ស​វិទ្យាល័យ​ភាគ​ច្រើន មាន​ទំនោរ​ទៅ​រក មុខ​ជំនាញ​វិទ្យាសាស្រ្ត​ពិត ស្រប​តាម​គោល​នយោបាយ​អប់រំ​ ផ្តោត​ទៅ​លើ​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ឬ​ហៅ​ថា​ ស្ទែម (STEM) ជាង​មុខវិជ្ជា​ភាសាខ្មែរ​ និង​វិទ្យាសាស្រ្ត​សង្គម។

លោក សេក ណន​ ដែល​បង្រៀន​នៅ​វិទ្យាល័យ​ហ៊ុន សែន​ក្រវ៉ា​ ខេត្ត​កំពង់ធំ ​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ប្រើ​ប្រាស់​ភាសាខ្មែរ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​មិន​ចោទ​ជា​បញ្ហា​នោះទេ។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ លោក​ថា បញ្ហា​ចោទ​នោះ​គឺ​ការ​សិក្សា​ភាសា​ខ្មែរ​ឲ្យ​បាន​ច្បាស់​តាម​ក្បួន​ខ្នាត ហើយ​មហាជន​ទូទៅ​ឲ្យ​តម្លៃ​ទាប​ទៅ​លើ​មុខវិជ្ជា​អក្សរសាស្រ្ត​ខ្មែរ ប្រើ​ប្រៀបធៀប​នឹង​មុខវិជ្ជា​ដទៃ។

លោក​បញ្ជាក់​ថា៖

«ការ​ប្រើ​ប្រាស់​ភាសាខ្មែរ​ប្រហែល​ជា​មាន​និរន្តរភាព​រហូត មិន​មែន​ត្រឹម​តែ​១០ ឬ​២០​ឆ្នាំ​នោះ​ទេ។​ (ទោះ) រាប់​រយ​ឆ្នាំ​ទៀត ​នៅ​ក្នុង​សង្គម​ខ្មែរ គេ​នៅ​តែ​ប្រើប្រាស់ ភាសាខ្មែរ និង​អក្សរសាស្រ្ត​ខ្មែរ​ហ្នឹង​ឯង។ គ្រាន់​តែ​ការ​ចាប់​អារម្មណ៍ និង​ការ​ឲ្យ​តម្លៃ​មុខវិជ្ជា​អក្សរសាស្រ្ត​ខ្មែរ​ហ្នឹង​នៅ​មាន​កម្រិត»។

សាស្រ្តាចារ្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្មូតកំណាព្យ បទ “តោថ្ម” ដែលដកស្រង់ចេញអត្ថបទ និរាសអង្គរ និពន្ធដោយ ឧកញ្ញ៉ា​សុត្តន្ត​ប្រី​យ​ជា​ឥន្ទ ក្នុងទិវាអំណានជាតិលើកទី២ នៅវិទ្យាស្ថានជាតិអប់រំ​ នាថ្ងៃទី ១១ ខែមិនា ឆ្នាំ ២០១៧។​ (ខាន់ សុគុំមនោ/VOA)

ភាសា​ខ្មែរ​មាន​ព្យញ្ជនៈ​ច្រើន​ជាង​គេ​បង្អស់​បើ​ប្រៀប​ទៅ​នឹង​ភាសា​ផ្សេង​ទៀត។ ភាសា​នេះ​មាន​ចំនួន​ព្យញ្ជនៈរ​ហូត​ដល់​ទៅ ៧៤ ហើយ​ជា​ភាសា​មួយ​ក្នុង​តំបន់​អូស្រ្តូអាស៊ី ដែល​មាន​ប្រជាជន​ប្រើប្រាស់​ចំនួន​ ២០​លាន​នាក់​ទូទាំង​សាកលលោក។

លោក សុខ សូត្រ អ្នក​ជំនាញ​ផ្នែក​ភាសាវិទ្យា​ បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ពី​សាកលវិទ្យាល័យ ​Victoria នៃ​ប្រទេស​អូស្រ្តាលី មើល​ឃើញ​ពី​ភាព​វិជ្ជមាន​របស់​ភាសា​ខ្មែរ​នៅ​ពេល​អនាគត។

លោក​ថា​ អ្នក​ស្រាវជ្រាវ​ផ្នែក​ភាសាវិទ្យា​កាន់​តែ​ច្រើន​ចាប់​អារម្មណ៍​និង ងាក​មក​សិក្សា​ស្រាវជ្រាវ​ភាសា​ខ្មែរ​បន្ថែម។

«ហើយ​នៅ​ក្នុង​ការ​សរសេរ​កាសែត​ផ្សេងៗ​ហ្នឹង​ក៏​មាន​ការ​យក​ចិត្ត​ទុកដាក់​លើ​ការ​ប្រើប្រាស់​អក្ខរាវិរុទ្ធ​ឲ្យ​បាន​ត្រឹមត្រូវ។ ហើយ​នៅ​ក្នុង​ចំណោម​អ្នក​សិក្សា​ នៅ​ក្នុង​ចំណោម​អ្នក​ស្រាវជ្រាវ​ក៏​ចឹង​ដែរ គឺ​ឃើញ​ថា​ មាន​ការ​ផុសផុល​ងាក​មក​ប្រើ​ភាសា​ជាតិ យក​ចិត្ត​ទុកដាក់ ទោះ​បី​ជា​មិន​ទាន់​បាន​ចេញ​ជា​លទ្ធផល​ច្រើន​ក៏​ដោយ ក៏​ក្នុង​ចំណោម​ការ​គិតគូរ»។

រូបឯកសារ៖ លោក សុខ សូត្រ ព្រឹទ្ធបុរស​ស្តី​ទី​និង​ជា​សាស្ត្រាចារ្យមហាវិទ្យាល័យ​អប់រំនៃ​សាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ ក្នុង​បទសម្ភាសន៍​មួយជាមួយ​ VOA កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦។

លោក សុខ សូត្រ ​មិន​បារម្ភ​នឹង​ពី​ការ​ប៉ះពាល់​ភាសារ​ខ្មែរ​ដោយ​សារ​ការ​វិវត្ត​នៃ​បច្ចេកវិទ្យា​ខ្លាំង​នោះ​ទេ។​ លោក​ថា​ បច្ចេកវិទ្យា​បច្ចុប្បន្ន​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រីក​វិសាលភាព​នៃ​ការ​ប្រើប្រាស់ ការ​ផ្សព្វផ្សាយ​ ការ​វិវត្ត​ និង​ការ​ថែរក្សា​អក្សរសាស្រ្ត​ខ្មែរ ដែល​ភាសា​ជាតិ។

លោក​ថា ការ​លើក​ទឹក​ចិត្ត​ឲ្យ​ស្រលាញ់​អក្សរសាស្រ្ត​ កាន់​តែ​ខ្លាំង​គឺ​ជា​ការ​ចាំបាច់។

លោក​ពន្យល់​ថា៖

«ការ​ប្រកួត​ប្រជែង Creative Writing ការ​សរសេរ​ប្រលោមលោក ការ​សរសេរ​កំណាព្យ​អី​ហ្នឹង​ក៏​គួរ​តែ​វិល​មក​វិញ​ ដើម្បី​ ពីព្រោះ​កាល​ណា​ប្រលោមលោក​និង​កំណាព្យ​ត្រូវ​បាន​គេ​យក​មក​ច្នៃ​ឡើងវិញ អា​ការ​រីករាល​នៃ​ពាក្យ​ប្រើ​ក៏ដោយ គឹ​នឹង​មាន​សន្ទុះ​ងើប​ឡើង​ឡើងវិញ​ច្រើន​ដូចគ្នា»។

លោក ចាន់ សំណព្វ ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសាខ្មែរ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​ប្រាប់ VOA ថា ភាសា​ខ្មែរ​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ប្រសើរ​ បើ​ទោះ​ជា​កន្លង​មក​មាន​ការ​ជជែក​ពិភាក្សា​ជា​ច្រើន​អំពី​ការ​ធ្លាក់​ចុះ​នៃ​ភាសា​ជាតិ​ក៏​ដោយ។

លោក​បញ្ជាក់​ដែរ​ថា​ បើ​ទោះ​ជា ប្រជាជន​ទូទៅ​ប្រើប្រាស់​ភាសា​ខ្មែរ​ដោយ​ឆ្គាំឆ្គង​ជា​រឿយៗ វាមិន​មែន​ជា​បញ្ហា​ចម្បង​នោះ​ទេ។ លោក​ថា ​ប្រទេស​ដទៃ​ទៀត​លើ​ពិភពលោក​សុទ្ធ​តែ​ជួប​ប្រទះ​បញ្ហា​នេះ​ដូច​គ្នា។ ​លោក​ថា​ នៅ​ពេល​ដែល​កំហុស​ឆ្គង​នៃ​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​កើត​ឡើង​ក្នុង​ឯកសារ​ផ្លូវការ​នោះ ទើប​ជា​បញ្ហា​ធ្ងន់ធ្ងរ។

លោក​បាន​ថ្លែង​ថា រដ្ឋាភិបាល​គ្រោង​នឹង​ធ្វើ​បច្ចុប្បន្នភាព​វចនានុក្រម​ជាតិ​មួយ ដើម្បី​ជា​ប្រយោជន៍​ដល់​សុខមាលភាព​នៃ​ភាសា​ជាតិ ព្រម​ទាំង​បង្កើត​ក្រុម​ការងារ​ថ្មី​ដើម្បី​រៀបរៀង​សៀវភៅ​វេយ្យាករណ៍​ និង​សំណង់​ប្រយោគ​ខ្មែរ​ផង​ដែរ។ លោក​ថា ក្រុម​ការងារ​ទាំង​នោះ​ នឹង​ផ្ទៀងផ្ទាត់​ឡើង​វិញ​នូវ​រាល់​ឯកសារ​ផ្លូវការ ដើម្បី​កាត់​បន្ថយ​អក្ខរា​វិរុទ្ធ និងប្រ​យោគ​ដែល​ខុស​ជាដើម។

បើ​តាម លោក ចាន់ សំណព្វ ការ​ធ្វើ​បច្ចុប្បន្នភាព​វចនានុក្រម​ជាតិ​ថ្មី​នេះ គឺ​ផ្អែក​លើ​វចនានុក្រម​របស់​សម្តេច​សង្ឃ ជួន​ ណាត ហើយ​ក្រុម​ការងារ​លើ​រឿង​នេះ​នឹង​ដាក់​បន្ថែម​នូវ​ពាក្យ​ថ្មីៗ។

លោក​មាន​ប្រសាសន៍​ថា៖

«ចឹង​ពី​ពេលហ្នុង! បាន​ន័យ​ថា​ភាសា​យើង​កាន់តែ​រុងរឿង​ហើយ។ ផ្នែក​អក្ខរាវិរុទ្ធ​ យើង​នឹង​អាច​ដោះស្រាយ​បាន។ សំណេរ​ទាំងឡាយ​យើង​នឹង​មាន​ឯកភាព​នៅ​ក្នុង​បញ្ជី​ជាតិ​យើង​ទាំង​មូល។ ​នៅ​ពេល​ហ្នឹង​ខ្ញុំ​ថា នៅ​ពេល​ដែល​យើង​មាន​ឯកសារ​ជា​គោល​ក្នុង​ការ​អនុវត្ត ខ្ញុំ​ជឿជាក់​ថា គ្រាន់​តែ​យើង​ចាប់​ផ្ដើម​ឲ្យ​អនុវត្ត​នូវ​អ្វី​ដែល​យើង​មាន ខ្ញុំ​ថា​អាហ្នឹង​ឯកភាព​ជាតិ​មាន​មួយ​រយ​ភាគរយ​ហើយ»។

លោក ចាន់ សំណព្វ យល់​ថា ខ្សែ​ភាពយន្ត «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ»​ ដែលត្រូវ​បាន​ផលិត​ជា​ភាសា​ខ្មែរ​នេះ ជួយ​លើក​តម្កើង​ភាសាខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​ភាសា​ខ្មែរ​អាច​នឹង​ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ហូលីវូដ​ដទៃ​ទៀត​នា​ពេល​ខាងមុខ​ផង​ដែរ។

សាស្រ្តាចារ្យ Teri Yamada ប្រធាន​ដេប៉ាតឺម៉ង់​សិក្សា​អាស៊ី​នៃ​សាកលវិទ្យាល័យ​ឡុងប៊ិច (Long Beach) ​សហរដ្ឋ​អាមេរិក​ ដែល​ធ្លាប់​ចុះ​កម្មសិក្សា ស្រាវជ្រាវ​អំពី​អក្សរសាស្រ្ត និង​អក្សរសិល្ប៍​ខ្មែរក្នុង​អំឡុង​ឆ្នាំ​២០០២ បាន​ប្រាប់ VOA ថា កម្ពុជា​នៅ​ខ្វះ​ការ​ឲ្យ​តម្លៃ​ចំពោះ​ការ​សរសេរ​បែប​ច្នៃ​ប្រឌិត ដែល​ជួយ​ជំរុញ​ឲ្យ​អ្នក​និពន្ធ​កាន់​តែ​បែក​គំនិត​ក្នុង​ការ​សរសេរ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

លោក​សាស្រ្តាចារ្យ​បាន​ពន្យល់​ថា៖

«នៅតាម​សាលា​រដ្ឋ ការ​សរសេរ​ភាសា​ខ្មែរ​ឲ្យ​ត្រឹមត្រូវ ដែល​គិត​ទាំង​សរសេរ​ពាក្យ​ឲ្យ​បាន​ច្បាស់​ ឃ្លា​ប្រយោគ​ល្អ និង​ការ​ពិណ៌នា​សាច់​រឿង​ឲ្យ​មាន​ឃ្លាឃ្លោង​ទាក់​ទាញ​ នៅ​មិន​មែន​ជា​អាទិភាព​ក្នុង​ការសិក្សា​នៅ​ឡើយ​ទេ​ក្រៅ​អំពី​ការរៀន​ត្រឹម​តែ​ប្រឡង​ជាប់»។

អ្នកស្រី Teri Yamada ធ្លាប់​បាន​រៀបចំ​សមា​គម​អក្សរសិល្ប៍​នូ ហាច ថ្លែង​ប្រាប់ VOA តាម​រយៈ​សារ​អេឡិចត្រូនិច​ថា ការគាំទ្រ​អ្នក​និពន្ធ​វ័យ​ក្មេង ក្នុង​ការ​បោះពុម្ព​ស្នាដៃ​របស់​ពួកគេ ក៏​ជា​យន្តការសំខាន់​មួយ​ដើម្បី​លើក​កម្ពស់​ភាសា​ជាតិនេះ​ផងដែរ។

អ្នកស្រី​និយាយ​ថា៖

«បើសិនជា​រដ្ឋាភិបាល ពិត​ជា​ចង់​គាំទ្រ​ភាសា និង​អក្សរសាស្ត្រ​ខ្មែរ​មែន​នោះ ពួកគេ​គួរ​តែ​បង្កើត​នូវ​ការគាំទ្រ​ការ​បោះពុម្ព​ផ្សាយ​ដល់​អ្នក​និពន្ធ​វ័យក្មេង»។

អ្នកស្រី លើក​ឡើង​ថា ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត «មុន​ដំបូង​គេ​សម្លាប់​ប៉ា​របស់​ខ្ញុំ» តែ​មួយ​មុខ​នោះ ​មិន​ទាន់​គ្រប់គ្រាន់​ក្នុង​ការ​លើកកម្ពស់​ភាសា និង​អក្សរសាស្ត្រ​ខ្មែរ​នោះ​ទេ។

អ្នកស្រី​ សរសេរ​ក្នុង​សារ​អេឡិចត្រូនិច​ថា​ទៀត​ថា «ខ្សែ​ភាពយន្ត​នោះ មិនមែន​ជា​សៀវភៅ​ដែល​អាច​ឲ្យ​គេ​អង្គុយ​អាន​ដោយ​ផ្ចិតផ្ចង់​នោះ​ទេ»៕