អ្នក​ជំនាញ​បារម្ភ​អំពី​អនាគត​ខុនដូ​នៅ​កម្ពុជា​ថា ​អាច​នឹង​គ្មាន​មនុស្ស​រស់​នៅ

រូបឯកសារ៖ ទិដ្ឋភាពនៃសំណង់អគារខុនដូដ៏ធំមួយនៅតំបន់កោះពេជ្រ ទីក្រុងភ្នំពេញ​ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។ (REUTERS/Samrang Pring)

ខណៈ​​សំណង់​ខុនដូ​កើន​ឡើង​យ៉ាង​គំហុក​រហូត​ដល់​រាប់​ម៉ឺន​យូនីត​ក្នុង​ឆ្នាំ​២០១៨​ ដែល​ភាគ​ច្រើន​វិនិយោគ​​និង​កាន់កាប់​ដោយ​ជនជាតិ​ចិន​ ​អ្នក​ជំនាញ​​សេដ្ឋ​កិច្ច​បារម្ភ​ថា​ អនាគត​សំណង់​ខ្ពស់ៗ​នេះ​អាច​នឹង​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​គ្មាន​មនុស្ស​រស់​នៅ​ ​បើ​វិស័យ​នេះ​ពឹង​ផ្អែក​តែ​ទៅ​លើ​ការ​វិនិយោគ​របស់​ចិន។

វិបត្តិ​សេដ្ឋ​កិច្ច​ពិភព​លោក​ឆ្នាំ​២០០៨ ​បាន​ពន្យឺត​ល្បឿន​វិនិយោគ​លើ​អគារ​ខ្ពស់ៗ​មួយ​ចំនួន​ក្នុង​ទី​ក្រុងភ្នំពេញ ជាពិសេស​គម្រោង​វិនិយោគ​របស់ជនជាតិ​កូរ៉េ។ ​ក្នុង​នោះ​គម្រោងសាង​សង់​អគារ​ខ្ពស់ៗ​ចំនួន​ជាង​២០០០​យូនីត​ ត្រូវ​បោះ​បង់​ចោល។​

ប៉ុន្តែ​ដប់​ឆ្នាំក្រោយ​ ​គម្រោង​អគារ​ខ្ពស់ៗ​ទាំង​នេះ​ ឬ​ហៅ​ថា ​ខុនដូ​ បានរីក​ផុស​ឡើង​ដូច​ផ្សិត។

ពាក់​កណ្តាលនៃ​គម្រោង​សាង​សង់​អគារ​ខ្ពស់​កប់​ពពក​ទាំង​នេះ​ត្រូវបាន​វិនិយោគ​ដោយ​ក្រុម​ហ៊ុន​មក​ពី​ប្រទេស​ចិន។​

ផ្អែក​តាម​របាយ​ការណ៍​របស់​ក្រសួង​រៀប​ចំដែន​ដី​នគរូបនីយ​កម្ម​និង​សំណង់​ ចាប់​តាំង​ពី​ឆ្នាំ២០០០​ដល់​ខែ​មីនាឆ្នាំ​២០១៩​ ​ក្រសួង​បាន​ចេញ​លិខិត​អនុញ្ញាត​សាងសង់​ទូទាំង​ប្រទេស​ចំនួន​៤៤៦៥៧គម្រោង ​ដែល​មាន​តម្លៃ​ប៉ាន់​ស្មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជា​ជិត​៤៤​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះគម្រោង​អគារ​ខ្ពស់ៗ​ចាប់​ពី​៥​ជាន់​ឡើង​ទៅ​មានចំនួន​១២៩៦​អគារ។​

ដោយ​ឡែក​ ​ទុន​វិនិយោគ​មក​ពី​ប្រទេស​ចិន​ក្នុង​វិស័យ​អចលន​ទ្រព្យ​នេះមាន​ចំនួន​ជាង​៥៣៥៥​លាន​ដុល្លារ​អាមេរិក​ គឺ​ស្មើ​នឹង​ប្រមាណ​៥០​ភាគរយនៃ​ទុន​វិនិយោគ​សរុប​លើ​វិស័យ​នេះ។​

លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវក្រុមហ៊ុនវីត្រាស់ ផ្តល់បទសម្ភាសន៍ដល់ VOA ក្នុងការិយាល័យរបស់លោក អំពីការវិនិយោគទុនរបស់ចិននៅកម្ពុជា កាលពីខែឧសភា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

លោក​ហ៊ឹម សីហា ​នាយក​ផ្នែក​ស្រាវ​ជ្រាវ​របស់​ក្រុមហ៊ុន​វាយ​តម្លៃ​អចលន​ទ្រព្យ​ វីត្រាស់ ​(VTRUST)​ ប្រាប់ ​VOA​ ថា​ ត្រឹម​ចុង​ឆ្នាំ​២០១៨ ចំនួន​ខុនដូ​និង​អាផាត​មិន​ទាំង​សាងសង់​រួច​និង​កំពុង​សាងសង់​នៅ​រាជធានី​ភ្នំពេញ​ មាន​ចំនួន​ជាង​៧​ម៉ឺន​យូនីត ហើយ​ក្នុង​មួយ​យូនីត​មាន​តម្លៃចាប់​ពី​៤​ម៉ឺន​ដុល្លារ​អាមេរិក​រហូត​ដល់​៥០​ម៉ឺន​ ឬ​រាប់​លាន​ដុល្លារ​ក៏​មាន។​ ប៉ុន្តែ​អ្វី​ដែល​អ្នក​ជំនាញ​ផ្នែក​អចលន​ទ្រព្យ​រូប​នេះ​កត់​សម្គាល់​គឺអ្នក​វិនិយោគ​លើ​អគារ​ខ្ពស់ៗ ឬ​ខុនដូ គឺជា​ជន​ជាតិ​ចិនច្រើន ​តែ​ធ្វើ​សម្រាប់​លក់​ឲ្យ​ជនជាតិ​ចិន​ដូច​គ្នា។​

«គម្រោង​ Developer​ [អ្នក​វិនិយោគ​ដើម្បី​សាងសង់]​ ចិនភាគ​ច្រើន​ ​ចិន​ដែរ​ អ្នក​ទិញ​ក៏​ចិន ​ព្រោះ​គាត់​លក់​ឲ្យ​គ្នា​គាត់។ ​ភាគ​ច្រើន​គាត់​ទិញ​ ​គាត់​នៅ»។​

យ៉ាង​ណា​ក៏ដោយ​ ​អ្នក​ជំនាញ​មួយ​ចំនួន​បាន​សម្តែង​កង្វល់​ ​ខណៈ​ដែល​មាន​កំណើន​វិនិយោគពី​ប្រទេស​ចិន​លើ​អគារ​ខ្ពស់ៗ​នេះ។​ ពួក​គេ​សម្តែងកង្វល់​អំពី​ការ​ពឹង​ផ្អែក​លើ​ទុន​វិនិយោគ​ខ្លាំង​របស់​ប្រទេស​ចិន​ ​និង​កង្វល់​អំពី​វិនិយោគិន​ចិន​យក​ប្រទេស​កម្ពុជាជា​ទីលាន​លាង​លុយ​កខ្វក់​របស់​ពួក​គេ។​

លោក​ង៉ែត ជូ ​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​លើក​ឡើង​ថា យោង​លើ​ទំហំ​វិនិយោគ​យ៉ាង​ច្រើនរបស់​ជនជាតិ​ចិន​នៅ​កម្ពុជា ​និង​ចំនួន​ខុនដូ​ដ៏​លើស​លប់​នេះ​ បង្ហាញ​ថា ​កម្ពុជា​កំពុង​ពឹងផ្អែក​លើ​ដង្ហើម​សេដ្ឋកិច្ច​របស់​ចិន។​

«ទី​ផ្សារ​របស់​យើង​នេះ​គឺ​អាស្រ័យ​លើ​ចិន​ស្ទើរ​តែ​ទាំង​ស្រុង​ហើយ​ ​ហើយ​ជា​ពិសេស​គម្រោង​មួយៗ​ ខុនដូ​មួយៗ​ អាច​ថា​ ​៧០​ភាគរយ​ទៅ​៨០ភាគរយ​គឺ​អតិថិជនហ្នឹង​សុទ្ធ​តែ​ជា​ជន​ជាតិ​ចិន។ ​អ៊ីចឹង​ ទោះ​បី​ជា​យើង​ប្រើ​ពេល​វេលា​ច្រើន​ទៅ​មុខ​ទៀត​ ការ​ប្តូរឥរិយាបទ​ប្រជា​ពលរដ្ឋ​ខ្មែរ​ឲ្យ​មក​រស់​នៅ​ខុនដូរ​ហ្នឹង​ក៏​អាច​ថា មាន​ការ​លំបាក​ដែរ»។

លោក James Hodge ​នាយក​រង​ក្រុមហ៊ុន ​CBRE Cambodia​ ដែល​ជា​ក្រុមហ៊ុន​ធ្វើ​ការ​ប្រឹក្សាផ្នែក​អចលន​ទ្រព្យ​ លើក​ឡើង​ថា ​កំណើន​តម្លៃ​ដីធ្លី ​ផ្ទះ​សម្បែង​ការ​កក​ស្ទះ​ចរាចរណ៍​ និងការ​ផ្លាស់ប្តូរ​របៀប​រស់​នៅពី​ផ្ទះ​ជាប់​ដី​មក​ជា​បន្ទប់​ខុនដូ​ នឹង​ធ្វើ​ឲ្យ​ខុនដូ​នៅ​កម្ពុជា​បន្ត​កើន​ឡើង ​និង​មាន​ប្រជាប្រិយ​ភាព​នៅ​កម្ពុជា។​

ប៉ុន្តែ​លោក​ James ​យល់​ថា​ ខុនដូ​ដែល​ជា​សំណង់​របស់​ចិន​ទំនងជា​មិន​សូវ​ទាក់​ទាញអតិថិជន​ខ្មែរ​នោះ​ទេ។​

«ការ​រចនា​ និង​ការ​សាងសង់​ខុនដូ​របស់​ជនជាតិ​ចិន ​ជា​ប្រភេទ​សម្រាប់​ចំណង់​ចំណូល​ចិត្ត​របស់​ជនជាតិ​ចិន ​ហើយ​ប្រហែល​ជា​មិន​សូវ​ជា​ត្រូវ​ចិត្ត​អ្នក​វិយោគ ​ឬ​អ្នក​រស់​នៅ​ជា​ជន​បរទេស​ផ្សេង​នោះ​ទេ»។​

បុរសម្នាក់កំពុងជិះម៉ូតូកាត់ការដ្ឋានសាងសង់អគារមួយកន្លែងក្នុងតំបន់កោះពេជ្រ រាជធានីភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

បណ្តុំហាងមានស្លាកយីហោចិនក្បែរស្ពានកោះពេជ្រ ជិតតំបន់កោះពេជ្រ រាជធានីភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

ទន្ទឹម​នឹង​ការ​វិនិយោគ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​វិនិយោគ​ជនជាតិ​ចិន​ក្នុង​វិស័យ​អចលន​ទ្រព្យ​នេះ​ ​លោក​ង៉ែត ជូ ​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច មាន​ប្រសាសន៍​ថា​ ជន​ជាតិ​ចិន​ដែល​មក​វិនិយោគ​លើ​ខុនដូ​នៅ​កម្ពុជា ​តែង​ប្រើប្រាស់​លុយ​សុទ្ធ​ដើម្បី​ទិញ​ខុនដូ ​ដែល​លោក​ថា ករណី​នេះ​អាច​ជា​បច្ច័យ​នៃ​ការ​លាង​លុយ។​

លោក​បណ្ឌិតអៀ សុផល ​សាស្រា្ត​ចារ្យ​ផ្នែក​ការទូត​ និង​កិច្ចការ​អន្តរជាតិ​នៅ​មហា​វិទ្យាល័យ​ Occidental ​ទីក្រុង​ Los Angeles ​រដ្ឋ ​California ​សហរដ្ឋ​អាមេរិកមានកង្វល់​ដូចគ្នា​នេះ​ដែរ។

«ខ្ញុំ​គិត​ថា​ ពួក​គេ​កំពុង​ព្យាយាម​លាង​លុយ​ដែល​ពួកគេ​បាន​ទទួល​ក្នុង​ប្រទេស​ចិន​តាម​រយៈ​មធ្យោបាយ​ដែល​មិន​ស្របច្បាប់ ​ហើយ​ពួកគេ​ដឹង​ថា នៅកម្ពុជា​អចលន​ទ្រព្យ​គឺ​ជា​ជម្រក​នៃ​ការ​ប្រមូល​ផល​ត្រឡប់​ទៅ​ទីក្រុង​ប៉េកាំង​វិញ»។​

នៅ​ដើម​ឆ្នាំ​២០១៩​នេះ អង្គការ​ឃ្លាំ​មើល​ការ​លាង​លុយ​ទុច្ចរិត ​(FAFT)​ បាន​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ឃ្លាំ​មើល​របស់​ខ្លួន ​ដោយ​សារ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​មាន​ «អំពើ​ពុក​រលួយ​ច្រើន» ​ហើយថា ​គ្មាន​ករណី​លាង​លុយ​កខ្វក់​ណាមួយ​ធ្លាប់ត្រូវ​បាន​កាត់​ទោស​នៅ​កម្ពុជាទេ។​

ក្រោយ​ការ​ចេញ​របាយ​ការណ៍​នោះ​ ​គេ​ឃើញ​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​ជនជាតិ​ចិន​ និង​ជន​ជាតិ​កូរ៉េ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​លាង​លុយ​នៅ​កម្ពុជា។ ​ពួក​គេ​បាន​ស្ពាយ​លុយ​សុទ្ធ​ជាប់​នឹង​ខ្លួន​តាម​យន្តហោះ​ចន្លោះ​ពី​១​លាន​ដល់​ជាង​៣​លាន​ដុល្លារ​អាមេរិក។ ​ក្នុង​ចំណោម​ជនជាតិ​ចិន​ដែល​ត្រូវ​ចាប់​ខ្លួន​ មាន​មួយ​ចំនួន​អះអាង​ថា ​ខ្លួន​យក​លុយ​ទាំង​នោះ​មក​ប្រទេស​កម្ពុជា​ដើម្បី​វិនិយោគ​លើ​វិស័យ​អចលន​ទ្រព្យ​ និង​សណ្ឋាគារ។​

នៅ​ដើម​ខែ​មិថុនាកន្លង​ទៅ​នេះ​ ​លោក​ស ខេង ​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​ ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​ការ​កើន​ឡើង​នូវ​សកម្ម​ភាព​លាង​លុយ​កខ្វក់​នៅ​កម្ពុជា​ និង​បាន​បញ្ជា​ឲ្យ​មាន​ចំណាត់​ការយ៉ាង​តឹង​រ៉ឹង​លើ​បញ្ហា​នេះ។​

លោក​បណ្ឌិតអៀ សុផល ​សាស្រា្តចារ្យ​ផ្នែក​ការទូត​ និង​កិច្ចការ​អន្តរជាតិ​នៅ​មហា​វិទ្យាល័យ​ Occidental ​ទីក្រុង​ Los Angeles ​រដ្ឋ ​California​ ​សហរដ្ឋ​អាមេរិក​ កត់​សម្គាល់​ថា​ ភាគច្រើនអ្នក​សង់​ខុនដូ​ចិន​មិន​ខ្វល់​អំពី​ការ​រក​ចំណូល​ទេ។​

«ភាគ​ច្រើន​នៃ​ខុនដូ​ទាំង​នេះ​ត្រូវ​ទុក​ឲ្យ​ទំនេរ​ចោល។ ​ពួក​គេ​(ជនជាតិ​ចិន)​ មិន​ខ្វល់ពីរឿង​ជួលទេ។​ ពួក​គេគ្រាន់​តែ​ទុក​ដូចជា​ការ​វិនិយោគមួយ​ប៉ុណ្ណោះ។​ (ពួក​គេ)​មិន​ត្រូវ​ការ​លុយ​ពីការ​ជួល​នោះ​ទេ»។​

កម្មករកំពុងធ្វើការនៅការដ្ឋានអគារមួយកន្លែងក្នុងតំបន់កោះពេជ្រ រាជធានីភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

ការ​សាង​សង់​អគារ​ខ្ពស់ៗ​ភាគ​ច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​និង​ក្នុង​ខេត្ត​ព្រះ​សីហនុ​ បន្ទាប់​មក​គឺ​ក្នុ​ងខេត្ត​បាត់ដំបង។​

ថ្មីៗ​នេះ​មាន​ករណី​រលំបាក់​អគារ​កម្ពស់​៧​ជាន់​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ចិន ​បណ្តាល​ឲ្យ​មនុស្ស​២៨នាក់​បាន​ស្លាប់​និង​២៦​នាក់​រង​របួស។​ មន្រ្តី​រដ្ឋា​ភិបាល​អះអាង​ថា ​សំណង់​អគារ​នោះ​មិន​មាន​ច្បាប់​អនុញ្ញាត ​និង​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ចុះ​ហាម​ឃាត់ពីរ​ដង ​តែ​មិន​មា​នប្រសិទ្ធភាព។​

លោក​សេង ឡូត ​អ្នក​នាំពាក្យ​ក្រសួង​ដែនដី ​នគរូបនីយ​កម្ម​ និង​សំណង់ ​ប្រាប់​VOA ​ថា​ អ្នក​វិនិយោគ​ជនជាតិ​ចិន​ដែល​កើន​ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​មាន​ភាព​វិជ្ជមាន​ច្រើន​សម្រាប់​កម្ពុជា ​ហើយ​លោក​ថា ​រដ្ឋាភិបាល​មិន​មាន​ការ​បារម្ភ​អំពី​កំណើន​នេះ​ទេ។​

«កាល​ណា​មាន​វិនិយោគ​ច្រើន​មាន​ន័យ​ថា ​សន្ទុះ​នៃ​កំណើនសេដ្ឋកិច្ចយើង​ហ្នឹង​វា​កើន​ ព្រោះ​វិនិយោគ​គឺ​ជា​ក្បាល​ម៉ាស៊ីន​ដែល​បង្កើត​នូវ​ធនធាន​សម្រាប់​ប្រទេស​ជាតិ ​បង្កើត​ការងារ​ធ្វើ​ជូន​ប្រជា​ពលរដ្ឋ។ ​អ៊ីចឹងអ្វី​ដែល​យើង​ចង់​បាន​គឺ​យើង​ចង់​បាន​ការ​វិនិយោគ​នេះ​ច្រើន។ ​ហើយ​ត​ទៅ​មុខ​ទៀត​ យើង​ខិតខំ​បង្កើន​ ​ជំរុញ​ឲ្យ​ការ​វិនិយោគ​នេះ​កើន​បន្ត​ទៀត​ ទោះ​ជា​វិនិយោគហ្នឹង​មកពី​ប្រទេស​ចិន​ថែម​ទៀត​ក៏​យើង​នៅតែ​ស្វាគមន៍​ ​រីករាយ​ទទួល»។​

ការ​ចាប់​ផ្តើម​ដោយ​ជនជាតិ​ចិន​វិនិយោគ​លើ​វិស័យ​អចលន​ទ្រព្យ​ ដែល​ផ្តោត​សំខាន់​លើ​អគារ​ខ្ពស់​ ឬ​ខុនដូ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​ ​បាន​មក​ដល់​រាជធានី​ភ្នំពេញ ​កាលពី​ខែ​តុលា​ឆ្នាំ​២០១៦​ ដើម្បី​ពង្រីក​ការ​វិនិយោគ​លើ​ក្រវ៉ាត់ផ្លូវ​ពាណិជ្ជកម្ម​ចិន ​ដោយ​បាននាំ​យក​អ្នក​វិនិយោគ​ចិន​ជាង២០០​នាក់​ មាន​ទឹក​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ មកវិនិយោគក្នុង​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា។​

យោង​តាម​របាយ​ការណ៍​របស់​ធនាគារ​ពិភពលោក World Bank​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​២៤ ​ខែ​មេសា​ បង្ហាញ​ថា​ ជាង​ពាក់​កណ្តាល​នៃ​ការ​ហូរ​ចូល​ទុន​វិនិយោគ​ពី​ក្រៅ​ប្រទេស ​មាន​ប្រភព​មក​ពី​ប្រទេស​ចិន ហើយ​ត្រូវ​បាន​តម្រង់​ទិស​លើ​ការ​វិនិយោគ​វិស័យ​សំណង់​ រួមមាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​សំណង់​អគារ​ពាណិជ្ជកម្ម ​និង​លំនៅដ្ឋាន​ វិស័យ​ទេសចរណ៍​និង​មួយ​ផ្នែក​តូច​ទៅ​លើ​វិស័យ​ផលិត​កម្ម ​និង​កសិកម្ម។​

យ៉ាង​ណាក៏​ដោយ​ ​ធនាគារ​ពិភព​លោក​ព្រមាន​កាល​ពី​ខែ​ឧសភា​ថា​ ​ដោយសារ​ប្រភព​នៃ​ទុន​វិនិយោគ​នៅ​កម្ពុជា​ភាគ​ច្រើន​បាន​មក​ពី​ប្រទេស​ចិន​ ​ការ​ថយ​ចុះ​នៃ​សេដ្ឋកិច្ច​របស់​ចិន​អាច​ធ្វើ​ឲ្យ​វិស័យ​សំណង់ ​និង​អចលន​ទ្រព្យ​នៅ​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ៕