អ្នកជំនាញប្រវត្តិសាស្រ្ត ភាសាសាស្រ្ត និងសិទ្ធិជនជាតិដើមព្រមទាំង អតីតទាហានក្នុងសង្គ្រាមវៀតណាមនឹងមកជួបជុំគ្នានៅរដ្ឋ North Carolina ដើម្បីពិភាក្សាផ្តោតលើបញ្ហាប្រឈមដែលជនជាតិដើមជួបប្រទះទាំងនៅក្នុងសហរដ្ឋអាមេរិក និងនៅប្រទេសកំណើត។
ការជួបជុំរយៈពេលមួយថ្ងៃនេះនឹងធ្វើឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ក្រោមការរៀបចំរបស់មូលនិធិ Fainting Robin និងសាកលវិទ្យាល័យ North Carolina Wilmington ។
លោក ភីធឺ ម៉ាក់ខ្វៃ ស្ថាបនិកមូលនិធិ Fainting Robin និងជាអ្នកនិពន្ធសៀវភៅ«ប្រឈមមុខនឹងមរណភាពនៅកម្ពុជា» យល់ថា វាជាពេលវេលាសមស្របដែលត្រូវរៀបចំសន្និសីទនេះ ដោយសារតែសហរដ្ឋអាមេរិកក៏បានធ្វើកិច្ចការជាមួយនឹងសម្ព័ន្ធមិត្ត នៅប្រទេសដទៃទៀតនាពេលបច្ចុប្បន្ន ដូចជានៅអាហ្វហ្កានីស្ថាន និងអ៊ីរ៉ាក់ ហើយពួកគេក៏ប្រឈមនឹងគ្រោះថ្នាក់ ដោយសារតែជួយសហរដ្ឋអាមេរិក។
ក្នុងអំឡុងសង្រ្គាមនៅវៀតណាមទាហានម៉ុងតាញ៉ា គឺជាអ្នកប្រយុទ្ធដ៏ជំនាញ និងជាសម្ព័ន្ធមិត្តដ៏ស្មោះស្ម័គ្ររបស់សហរដ្ឋអាមេរិក។
លោក ម៉ាក់ខ្វៃ បានបន្ថែមទៀតថា៖
«ពួកយើងជំពាក់គុណពួកគេច្រើនណាស់។ ជាពិសេសក្រុមទាហានពិសេសដែលមានឈ្មោះថាក្រុមមួកប៉េរ៉េបៃតង។ ពួកគេបានជួយសង្គ្រោះជីវិតទាហានអាមេរិកាំងច្រើនណាស់»។
លោក ភីថឺ ម៉ាក់ខ្វៃ យល់ថា ក្រុមម៉ុងតាញ៉ាគឺប្រហែលជាសម្ព័ន្ធមិត្តដ៏ល្អជាងគេបំផុតរបស់សហរដ្ឋអាមេរិកក្នុងសម័យសង្គ្រាមនៅប្រទេសវៀតណាម ប៉ុន្តែត្រូវសហរដ្ឋអាមេរិកក្បត់ ហើយបោះបង់ចោល ប៉ុន្តែមានមិត្តរួមអាវុធរបស់ពួកគេខ្លះមកពីកងកម្លាំងពិសេសមានអារម្មណ៍ថា បានជំពាក់គុណអ្នកទាំងនោះ និងធ្វើសកម្មភាពដែលបង្ហាញពីការទទួលខុសត្រូវ។
ក្នុងចំណោមសកម្មភាពនោះ គឺកាលពីចុងទសវត្សរ៍១៩៩០ និងដើមឆ្នាំ២០០០ មានការជម្លៀស ជនជាតិភ្នំចេញពីប្រទេសកម្ពុជា ហើយក្រុមអតីតយុទ្ធជនក្នុងសម័យសង្គ្រាមវៀតណាមដែលមានមូលដ្ឋាននៅរដ្ឋ North Carolina ទទួលយកពួកគេមកតាំងទីលំនៅនៅទីនោះ។
លោក ភីថឺ ម៉ាក់ខ្វៃ យល់ថា បើទោះបីជាមិនអាចសងបានគ្រប់គ្រាន់ចំពោះគុណូបការៈរបស់ពួកគេ ប៉ុន្តែក៏ជារឿងរ៉ាវដ៏អស្ចារ្យដែលពួកគេបានបំពេញ៖
«ទាំងនេះគឺជាការងារដ៏អស្ចារ្យរបស់ក្រុមមនុស្សដែលមកពីគ្រប់ឋានៈក្នុងសង្គមដែលមានដូចជាអ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន អ្នកផ្សព្វផ្សាយសាសនា អតីតយុទ្ធជន និងសមាជិកសភា ដែលធ្លាប់ធ្វើការជាមួយនឹងក្រុមម៉ុងតាញ៉ា កាលពីអំឡុង សង្គ្រាម។ ក្រុមទាំងនេះអាចទុកទំនឿសាសនា និងនយោបាយខុសគ្នាមួយឡែកសិនដើម្បីជួយក្រុមមនុស្សដែលត្រូវការជំនួយ។ នៅក្នុងការងារនេះគឺបានផ្លាស់ប្តូរជីវិតមនុស្សជាច្រើន។ ពួកគេពិតជាមិនបានធ្វើការងារ ដែលបានត្រឹមត្រូវក្នុងអំឡុងពេលសង្គ្រាមនៅប្រទេសវៀតណាម ប៉ុន្តែនេះ គឺជាឧទាហរណ៍មួយចំនួន ដែលបង្ហាញពីការធ្វើអំពើល្អរបស់អាមេរិកាំង បន្ទាប់ពីទុកឱ្យសម្ព័ន្ធមិត្តរបស់យើងមានគ្រោះថ្នាក់»។
ជនជាតិម៉ុងតាញ៉ាដែលរស់នៅរដ្ឋ North Carolina មានចំនួនប្រហែល១៥.០០០នាក់។ នេះគឺជាសហគមន៍ជនជាតិដើមម៉ុងតាញ៉ាធំជាងគេបំផុតក្រៅពីប្រទេសកំណើត ដែលនៅតំបន់ខ្ពង់រាបភាគកណ្តាលប្រទេសវៀតណាម។
លោក ស្ទីវ ផាកឃឺ នាយកប្រតិបត្តិនៃសមាគម Focus ដែលមានមូលដ្ឋាននៅរដ្ឋ North Carolina ហើយធ្វើការជាមួយនឹងសហគមន៍ជនជាតិម៉ុងតាញ៉ាយល់ថា ពលរដ្ឋអាស៊ីនៅ សហរដ្ឋអាមេរិកមានជីវភាពល្អប្រសើរដោយឡែកតែជនជាតិម៉ុងតាញ៉ាមាន បញ្ហា ដោយសារតែពួកគេធ្លាប់តែធ្វើការងារកសិកម្ម។ អីចឹងហើយបានជាពួកគេធ្វើការងារដែលរកប្រាក់ចំណូលបានតិចតួច ប៉ុន្តែមិនជួបការលំបាកខ្លាំងទេ។
លោកបន្ថែមថា៖
«ជាទូទៅពួកគេជាមនុស្សឧស្សាហ៍ព្យាយាម។ ពួកគេខិតខំធ្វើការ។ ជាធម្មតាពួកគេតែងតែមានអ្នកផ្តល់ការងារធ្វើ។ ជាទូទៅពួកគេមិនមានបញ្ហាក្នុងការស្វែងរកការងារធ្វើទេ»។
លោក ស្ទីវ ផាកឃឺ បន្ថែមថា ក្នុងពេលដែលជនជាតិម៉ុងតាញ៉ាភាគច្រើនខិតខំសម្របនឹងជីវភាពថ្មី នៅសហរដ្ឋអាមេរិកក៏មានអ្នកខ្លះនៅចិញ្ចឹមចិត្តថានឹង អាចធ្វើចលនាតស៊ូប្រដាប់អាវុធទាមទារសេរីភាពនៅក្នុងប្រទេសរបស់គេវិញ៖
«មានក្រុមចលនានយោបាយមួយចំនួនតូចដែលនៅតែជឿថា សហរដ្ឋអាមេរិកនឹងបំពាក់អាវុធឱ្យ ពួកគេហើយបញ្ជូនត្រឡប់ទៅធ្វើសង្គ្រាមរំដោះតំបន់ខ្ពង់រាប។ ខ្ញុំបានព្យាយាមប្រាប់ពួកគេថា រឿងនេះនឹងមិនអាចកើតមានទេ ហើយពួកគេអាចនឹងប្រសើរឡើង ប្រសិនបើប្រើប្រាស់ធនធានដែលមានសម្រាប់កិច្ចការផ្សេង។ ពួកគេរឹងរូសណាស់ ហើយនៅតែជឿថា ប្រសិនបើពួកគេនៅរក្សាជំនឿចិត្ត គឺពួកគេអាចធ្វើឱ្យបញ្ហានេះកើតឡើងបាន»។
សន្និសីទក៏នឹងផ្តោតលើបញ្ហារបស់ជនជាតិពូនងផងដែរ ដោយសារនៅក្នុងប្រទេសកម្ពុជាពួកគេក៏ជួបការលំបាកខាងផ្នែកថែរក្សាប្រពៃណី និងវប្បធម៌ ។
លោកស្រី ប៊ែកឃី បាត់ល័រ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ North Carolina និងជាវាគ្មិនម្នាក់បានបញ្ជាក់ថា៖
«មានការបាត់បង់ដីជាច្រើនដែលពិតជារំខានដល់ចំណងក្នុងសហគមន៍ ហើយនៅពេលណាដែលមានការប៉ះពាល់ ដូចនេះហើយគឺពិតជាលំបាកសម្រាប់មនុស្សវ័យចាស់ផ្ទេរភាសាទៅមនុស្សជំនាន់ក្រោយ។ វាក៏ប៉ះពាល់ដល់ឱកាសខាងសេដ្ឋកិច្ចផងដែរ ពីព្រោះនៅពេលបច្ចុប្បន្ននេះ គឺជាការផ្លាស់ប្តូរភាសា ពីព្រោះយុវជនយល់ថា បើសិនជាពួកគេចង់ជោគជ័យ និងមានឱកាសច្រើនពួកគេត្រូវតែរៀនភាសាដែលធំដែលមានដូចជាភាសាខ្មែរ ឬវៀតណាម ហើយនៅសហរដ្ឋអាមេរិកគឺអង់គ្លេស។ នេះប្រហែលជាកត្តាទីមួយក្នុងការធ្វើឱ្យពួកគេបាត់បង់ភាសា»។
លោក ប្លាង សីន ជាជនជាតិពូនងដែលរស់នៅក្នុងប្រទេសកម្ពុជា បានបញ្ជាក់ថាជីវភាពជនជាតិដើមរងការប៉ះពាល់យ៉ាងខ្លាំង ដោយសារការបាត់បង់ព្រៃ និងធនធានសត្វព្រៃ។
លោកថា ជនជាតិដើមមិនសូវទទួលបានការងារខ្ពង់ខ្ពស់នៅក្នុងជួររាជការទេ រីឯក្មេងជំនាន់ក្រោយក៏មិនចង់និយាយភាសាជនជាតិដើមដែរ។
«ភាសាយើងចង់បាត់បង់បណ្តើរៗហើយ។ ក្មេងជំនាន់ក្រោយចូលចិត្តប្រើភាសាខ្មែរអត់ចង់ប្រើភាសាជនជាតិហើយ សម្លៀកបំពាក់បើពាក់តាមប្រពៃណីរបស់ជនជាតិហ្នឹងគ្រាន់តែយើងបង្ហាញ ទៅតាមសិល្បៈហ្នឹងក៏ខ្មាស់គេដែរ»។
លោក ប្លាង សីន បានបង្កើតគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ដែលមានស្នាក់ការនៅខេត្តមណ្ឌលគីរី គឺដើម្បីរក្សាប្រពៃណីទឹកដីព្រៃឈើឱ្យបានគង់វង្ស និងក៏ដើម្បីនាំមកនូវសេចក្តីថ្លៃថ្នូរ ឱ្យពលរដ្ឋជនជាតិដើមមានសិទ្ធិដូចគេដែរ។
រីឯនៅប្រទេសវៀតណាម លោក ស្ទីវ ផាកឃឺ យល់ថា ស្ថានភាពក្រុមម៉ុងតាញ៉ាបានធូរស្រាលខ្លះ បើទោះបីជាម្តងម្កាលនៅមានការយាយីរំខានក៏ដោយ។ ប៉ុន្តែនៅប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចភាគច្រើន។
«បើនិយាយពីខាងផ្នែកសេដ្ឋកិច្ចវិញ ពួកគេមានការតស៊ូ ពីព្រោះនៅមិនទាន់មានជម្រើសច្រើនសម្រាប់ក្រុមម៉ុងតាញ៉ាភាគច្រើន ដោយសារតែការសិក្សាអប់រំរបស់ពួកគេនៅមានកម្រិត។ បើទោះបីជាពួកគេខំរៀនបន្តរហូតដល់បានសញ្ញាបត្រមហាវិទ្យាល័យ គឺពួកគេត្រូវសូកប៉ាន់ ដើម្បីទទួលបានការងារល្អ។ ដូច្នេះគ្រួសារម៉ុងតាញ៉ាភាគច្រើនមិនមានធនធានគ្រប់គ្រាន់ដើម្បីសូកប៉ាន់គេទេ»។
អង្គការ Focus កំពុងតែភ្ជាប់ទំនាក់ទំនងរវាងជនជាតិម៉ុងតាញ៉ា ដែលនៅសហរដ្ឋអាមេរិកជាមួយនឹងសហគមន៍របស់ពួកគេនៅប្រទេសវៀតណាម ក៏ដូចជាខិតខំផ្តល់សំឡេងដល់ពលរដ្ឋម៉ុងតាញ៉ា ចែករំលែកតម្រូវការ និងការព្រួយបារម្ភជាមួយនឹងរដ្ឋាភិបាលវៀតណាម។
ចំណែកលោកស្រី ប៊ែកឃី បាត់ល័រ យល់ថា សន្និសីទនេះនឹងជួយឱ្យមានការយកចិត្តទុកដាក់ដល់ជនជាតិដើម។
«វាជាផលប្រយោជន៍សម្រាប់ប្រជាជាតិមួយ ប្រសិនបើពួកគេអាចរក្សាទុកភាសាខុសៗគ្នាឱ្យបានច្រើនតាមដែលអាចធ្វើបាន ដូច្នេះខ្ញុំសង្ឃឹមថា ប្រសិនបើយើងអាចបង្ហាញពីតម្លៃនៃភាសាមួយដូចជាភាសាពូនងមាន ហើយរដ្ឋាភិបាលឬស្ថាប័ននយោបាយទទួលស្គាល់ ពួកគេនឹងចាប់ផ្តើមវិនិយោគលើសុខមាលភាពរបស់ពលរដ្ឋ ពូនងឬក្រុមតូចៗដទៃទៀត»។
លោក ភីធឺ ម៉ាក់ខ្វៃ បានបញ្ជាក់ថា ក្រៅពីការជួបជុំដើម្បីពិនិត្យមើលបញ្ហាប្រឈម ដែលជនជាតិម៉ុងតាញ៉ាជួបប្រទះ វាក៏ជាឱកាសដែលអតីតយុទ្ធមិត្តក្នុងសម័យសង្គ្រាមបានជួបជុំគ្នាឡើងវិញផងដែរ ដោយសារតែក្នុងចំណោមវាគ្មិនដ៏ល្បីៗក៏មានលោក Larry Crile ដែលបានបម្រើក្នុងកងកម្លាំងពិសេសក្នុងសង្គ្រាមវៀតណាមហើយដឹកនាំក្រុមមួយនៃកងស្វ័យការពារជាតិម៉ុងតាញ៉ាក៏នឹងចូលរួមផងដែរ៕