កំណត់និពន្ធ៖ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលកម្ពុជាជាម្ចាស់ផ្ទះ កាលពីសប្តាហ៍មុន អ្នកស្រី Arancha Gonzalez នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិបានផ្តល់បទសម្ភាសន៍ដល់កញ្ញាខាន់ សុគុំមនោ និងកញ្ញា ហ៊ាន សុជាតា នៃ VOA អំពីស្ថានភាពនៃការដោះដូរពាណិជ្ជកម្មនៅកម្ពុជា និងការលើកកម្ពស់ស្រ្តីក្នុងវិស័យពាណិជ្ជកម្ម សហគ្រិនភាព និងបច្ចេកវិទ្យា។ ខាងក្រោមនេះជាកិច្ចសន្ទនាភាគទី១ជាសំឡេង និងខ្លឹមសារនៃកិច្ចសន្ទនា ដែលត្រូវបានបកប្រែជាភាសាខ្មែរ៖
Your browser doesn’t support HTML5
VOA៖ កាលពីដើមឆ្នាំ២០១៧ អ្នកស្រីបានធ្វើដំណើរមកកម្ពុជា ដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។ នៅពេលនោះអ្នកស្រីបានគាំទ្រឲ្យកម្ពុជាចាប់ផ្តើមដំណើរវិភាគទៅលើផលប៉ះពាល់នៅក្នុងវិស័យកាត់ដេរ។ ហេតុអ្វីបានជាអ្នកស្រីគិតថា ការវិភាគទៅលើផលប៉ះពាល់ វាមានសារៈសំខាន់ក្នុងពេលនេះ?
Arancha៖ ចា៎! ពិតណាស់ នៅដើមឆ្នាំនេះ លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រាប់ខ្ញុំថាសហរដ្ឋអាមេរិកបានបង្កើននូវតម្រូវការនាំចូល ពីប្រទេសកម្ពុជា។ ហេតុនេះហើយ លោក ប៉ាន សូរស័ក្ត ចង់សហការជាមួយ មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ដើម្បីទទួលបានប្រយោជន៍ច្រើនពីទំនាក់ទំនង ពាណិជ្ជកម្មដែលសហរដ្ឋអាមេរិកផ្តល់ឲ្យកម្ពុជានេះ។
លោក ប៉ាន សូរស័ក្ត ក៏ចង់ស្វែងយល់បន្ថែមអំពីឱកាស សម្រាប់ការនាំចេញរបស់កម្ពុជាទៅកាន់កន្លែងផ្សេងទៀតផងដែរ។ អ្នកដឹងទេថា អ្វីដែលកម្ពុជាបាននាំចេញកន្លងមក គឺទំនងផ្តោតជាសំខាន់ទៅលើតែទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុបប៉ុណ្ណោះ ទាំងវិស័យវាយនភ័ណ្ឌនិងសម្លៀកបំពាក់។ ហេតុនេះ អ្វីដែលគួរតែចាប់អារម្មណ៍នោះគឺ យើងគួរតែក្រលេកទៅមើលការគាំទ្រអត្តសញ្ញាណពាណិជ្ជកម្ម កម្ពុជាដែលមានគុណសម្បត្តិជាច្រើន ចំពោះផលិតផល ទឹកផ្លែឈើ ផ្លែឈើ និងបន្លែជាដើម ដែលទាំងនោះសុទ្ធតែអាចនាំចេញទៅទីផ្សារអន្តរជាតិបានផងដែរ។
VOA៖ តើអ្នកស្រីអាចបញ្ជាក់បានទេថាតើ អ្វីខ្លះទៅដែលជាធាតុផ្សំ ឬលក្ខន្តិកៈដែលបានកំណត់នៅក្នុងការវិភាគលើផលប៉ះពាល់នៅក្នុងវិស័យកាត់ដេរនោះ?
Arancha៖ ការពិភាក្សានោះមិនផ្តោតសំខាន់តែទៅលើការវិភាគនៅក្នុងវិស័យវាយនភ័ណ្ឌ និងសម្លៀកបំពាក់ថាតើវាប៉ះពាល់យ៉ាងណាខ្លះចំពោះសេដ្ឋកិច្ចកម្ពុជានោះទេ។ មែនទែនទៅយើងសង្កត់ធ្ងន់ទៅលើថាតើកម្ពុជាគួរធ្វើយ៉ាងណាដើម្បីបើកទូលាយនូវឱកាសថ្មីៗ សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀត នោះគឺ ខ្ញុំក៏បានជជែកពិភាក្សាជាមួយលោក នាយករដ្ឋមន្ត្រីហ៊ុន សែន នាវេទិកាសេដ្ឋកិច្ចពិភពលោកផងដែរ។ ក្រុមហ៊ុននៅកម្ពុជាភាគច្រើន គឺសហគ្រាសខ្នាតតូច និងមធ្យម។
ក៏ប៉ុន្តែក្រុមហ៊ុនទាំងនោះ ភាគច្រើន មិនបានធ្វើការនាំចេញផលិតផលទៅក្រៅប្រទេសនោះទេ។ ពួកគេ កំណត់យកត្រឹមតែទីផ្សារក្នុងស្រុកដែលមានអ្នកទិញជាពលរដ្ឋកម្ពុជា ត្រឹម១៥លាននាក់ប៉ុណ្ណោះ ។ ហេតុនេះសំណួរដែលកម្ពុជាសួរថាយើងអាចជួយអ្វីខ្លះដល់កម្ពុជា ចម្លើយនោះគឺទីផ្សារនៅកន្លែងណាផ្សេងទៀតដែល កម្ពុជាអាចធ្វើឲ្យទីផ្សារកាន់តែសម្បូរបែប ដើម្បីជួយដល់សហគ្រាសខ្នាតតូច និងមធ្យមរបស់កម្ពុជាអាចឈានជើងចូលក្នុងទីផ្សារអន្តរជាតិបាន។ ជាការពិតណាស់ យើងបានដឹងថា នាពេលកន្លងមកកម្ពុជាបាននាំចេញនូវសំលៀកបំពាក់ភាគច្រើន ប៉ុន្តែនេះគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។
កម្ពុជានៅមានសក្តានុពលទៅលើវិស័យដទៃទៀត ជាអាទិ៍សេវាកម្ម ដូចជាសេវាកម្មបែបបច្ចេកវិទ្យា និងសេវាកម្មផ្នែកទេសចរណ៍ជាដើម។ ដោយសារតែទេសចរណ៍នៅកម្ពុជាកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់ ហេតុនេះ ចំណោទបញ្ហានៅត្រង់ថា គួរធ្វើយ៉ាងណាជួយឲ្យកម្ពុជាទទួលបានឱកាសកាន់តែប្រសើរឡើង សម្រាប់សហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជានោះ។
VOA៖ មកទល់ពេលនេះ តើអ្នកស្រីអាចបញ្ជាក់ទេថា តើដំណើរការនៃការវិភាគនោះដល់ណាហើយ?
Arancha៖ ដំណើរការនោះ គឺនៅមិនទាន់ចប់នៅឡើយទេ ហេតុនេះយើងនឹងត្រឡប់មកប្រាប់អ្នកវិញនៅពេលដែលយើង ទទួលបានលទ្ធផល។ យើងរំពឹងថា នៅចុងឆ្នាំនេះ យើងនឹងមានលទ្ធផលខ្លះៗសម្រាប់ការពិភាក្សាបន្តទៀត។
VOA៖ ដោយសារតែកាលនោះអ្នកស្រីក៏បានព្រមព្រៀងជាមួយកម្ពុជាក្នុងការព្រាងសេចក្តីស្នើសុំជំនួយបន្ថែម ដើម្បីឲ្យកម្ពុជាអនុវត្ត កិច្ចព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្ម (TFA)។ តើអ្នកស្រីអាចបញ្ជាក់ជាលម្អិតបានទេនូវដំណើរការដាក់សំណើរសុំជំនួយបន្ថែមនេះ?
Arancha៖ ដោយសារតែ អង្គការពាណិជ្ជកម្មពិភពលោក WTO បានយល់ព្រមឲ្យមានការសម្រួលដល់នីតិវិធី ដោយឡែកចំពោះសមាជិកនីមួយៗ ដែលគេហៅថា កិច្ចព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្ម (TFA)។ កិច្ចព្រមព្រៀងនេះ គឺជាការកាត់បន្ថយចន្លោះពី១០ ទៅ១៥ភាគរយ ទៅតាមបណ្តូរ ពាណិជ្ជកម្មនៅតាមច្រកព្រំដែនផ្សេងគ្នា។ វាត្រូវធ្វើឡើងដោយប្រព័ន្ធពន្ធគយដោយស្វ័យប្រវត្តិ។ យើងមានច្រកចេញចូលតែមួយ ដែលយើងនាំចេញនៅកន្លែងតែមួយសម្រាប់គ្រប់នីតិវិធីទាំងអស់។ វាខុសប្លែកពីកិច្ចព្រមព្រៀង WTO មុនៗ កិច្ចព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្មថ្មីនេះមានការយោគយល់ ច្រើនដល់ប្រទេសជាសមាជិក WTO ទាំងអស់ដែលមានការលំបាកក្នុងការអនុវត្តកិច្ចព្រមព្រៀងនោះដោយខ្លួនឯង។ ពួកគេនឹងទទួលបានជំនួយទាំងផ្នែកបច្ចេកទេស និងថវិកាដើម្បីអនុវត្តកិច្ចព្រមព្រៀងនោះ។
យើងមានអ្នកឯកទេសដែលមកកម្ពុជា ធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាសម្រាប់កំណែទម្រង់មួយចំនួន។ ក៏ប៉ុន្តែ យើងក៏មានបញ្ហាខ្លះៗពាក់ព័ន្ធនឹងថវិកាផងដែរ ថ្វីបើទំហំលុយនោះមិនច្រើនណាស់ណាក៏ដោយ។ ជាឧទាហរណ៍ ការបង្កើតឲ្យមានច្រកចេញចូលតែមួយនៅលើប្រព័ន្ធអ៊ីនធឺណេត ដោយគ្រាន់តែចំណាយទុនប៉ុន្មានពាន់ដុល្លារប៉ុណ្ណោះ។វានៅតែមានការវិនិយោគដោយមិនស្ទាក់ស្ទើរលើការចំណាយបែបនេះទេ ដោយសារតែវាមានលទ្ធផលភ្លាមៗ ហើយចំណាយតិចសម្រាប់សហគ្រាសខ្នាតតូច និងមធ្យមក្នុងការនាំចេញ។ ខ្ញុំមើលឃើញថា កម្ពុជាពិតជាទទួលបានផលចំណេញច្រើនពីការអនុវត្តកិច្ចព្រមព្រៀងនេះ។ មិនមែនតែកម្ពុជាទេដែលទទួលបានផលចំណេញពីកិច្ចព្រមព្រៀងនេះ តែសមាជិកទាំងអស់នៃ WTO គឺទទួលបានអត្ថប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀងនេះ។
VOA៖ តើអ្នកស្រីយល់ឃើញយ៉ាងណាដែរចំពោះដំណើរការនៃ ពាណិជ្ជកម្មសេរី និងស្មើភាព ដែលប្រព្រឹត្តរវាងកម្ពុជា និងដៃគូពាណិជ្ជកម្មនានា ជាពិសេសក្នុងវិស័យកាត់ដេរ?
Arancha៖ ជាទូទៅ ខ្ញុំមិនសូវចូលចិត្តនិយាយអំពីពាណិជ្ជកម្មសេរីទេ។ ខ្ញុំចូលចិត្តនិយាយអំពីពាណិជ្ជកម្មបើកចំហរ ព្រោះថាពាក្យ«សេរី»ដូចជាសំដៅថាយើងព្រមព្រៀងដោយមិនត្រូវមានវិន័យ ឬករណីលើកលែងអ្វីទាំងអស់។ ហើយខ្ញុំគិតថា វាមិនមែនមានន័យថាគ្មានវិន័យ និងការលើកលែងអីចឹងទេ។ ខ្ញុំគិតថាពាណិជ្ជកម្មគួរតែបើកទូលាយ។ វាគួរតែកាត់បន្ថយនូវឧបសគ្គនានា កាត់បន្ថយនូវតម្លៃ ក៏ប៉ុន្តែវាគួរតែមានការការពារ និងធានាថាយើងធ្វើពាណិជ្ជកម្មទៅលើផលិតផលដែលមានសុវត្ថិភាព និងមិនមែនជាផលិតផលដែលពុល ដោយស្ថិតក្រោមវិន័យអប្បបរិមាមួយ។ ដូចនេះបានជាខ្ញុំនិយាយអំពីពាណិជ្ជកម្មបើកចំហ។
យើងក៏ឃើញថា មានការបើកចំហពាណិជ្ជកម្មទូលាយលើផលិតផលវាយនភណ្ឌនិងសម្លៀកបំពាក់ ពីប្រទេសកំពុងអភិវឌ្ឍន៍ដូចជា ចិន ឥណ្ឌា តួកគី ឈីលី ជាដើម ហើយវាក៏ជួយដល់កម្ពុជាដែរ។ អ្វីដែលជាបញ្ហានោះគឺថា ជាទំនៀមទម្លាប់រៀងមក ការនាំចេញផ្ទាល់ពីកម្ពុជាដ៏សន្ធឹកសន្ធាប់ សំដៅតែទៅលើទីផ្សារ ២ ប៉ុណ្ណោះគឺសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដោយសារតែការវិនិយោគមកពីខាងនោះគេមកជាលក្ខណៈតំបន់ក្នុងការរៀបចំសម្រួលរោងចក្រផលិតកម្ម នៅកម្ពុជា។ខ្ញុំយល់ថា ពេលនេះកម្ពុជាគួរក្រឡេកមើលឱកាសធ្វើពាណិជ្ជកម្មឲ្យសម្បូរបែបជាមួយប្រទេសផ្សេងៗ ទៀតក្នុងពិភពលោក។
ទីផ្សារក្នុងតំបន់អាស៊ានក៏ធំដែលអាចឲ្យកម្ពុជាទាញយកប្រយោជន៍បានដែរ ព្រោះបើយើងមើលទៅទីផ្សារនេះមានសក្តានុពលណាស់ ហើយកម្ពុជាក៏មានចំណែកក្នុងការដោះដូរពាណិជ្ជកម្មក្នុងអាស៊ានដែរ តែវានៅតិចតួចនៅឡើយ។ បើតាមការយល់ឃើញរបស់ខ្ញុំ នៅមានឧបសគ្គផ្នែកនេះបន្តិច ផ្នែកនោះបន្តិច ប៉ុន្តែប្រសិនបើយើងពង្រីកទីផ្សារនោះ យើងអាចមានបញ្ហាតិចតួចប៉ុណ្ណោះ ក្នុងការប្រើពាណិជ្ជកម្មដែលមានស្រាប់ និងសម្បូរបែបនោះ បង្កើតជាទីផ្សារថ្មីមួយ។
VOA៖ ដូចនេះ តើអង្គការពាណិជ្ជកម្មពិភពលោក និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ មានជាគំនិតយោបល់អ្វីសម្រាប់កម្ពុជា ពិសេសអ្នកបង្កើតគោលនយោបាយ ដើម្បីធានាឲ្យបាននូវតម្លាភាពនៅក្នុងសកម្មភាពពាណិជ្ជកម្ម?
Arancha៖ ខ្ញុំគិតថាបញ្ហាគឺនៅត្រង់ការកំណត់ទីផ្សារដែលមានសក្ដានុភាព និងទាមទារឲ្យមានការសម្រេចចិត្តដ៏វៃឆ្លាតក្នុងការខិតទៅរកដំណោះស្រាយបញ្ហាក្នុងទីផ្សារទាំងនោះ។ វាជាការមិនមានការរីកចម្រើនទេ ដែលយើងធ្វើការងារក្នុងទីផ្សារដែលយើងស្គាល់ស្រាប់ និងនៅក្នុងវិស័យដែលយើងដឹងស្រាប់។
ក៏ប៉ុន្តែយើងក៏ត្រូវការក្រឡេកទៅមើលភាពសម្បូរបែប។ វាជារឿងដ៏ល្អដែលយើងមិនទុកស៊ុតដែលយើងមាននៅក្នុងកន្ត្រកតែមួយ។ យើងគួរទុកស៊ុតផ្សេងៗទៀត របស់យើងក្នុងកន្ត្រកដទៃពីគ្នា។ ប្រសិនបើមានរឿងអ្វីមួយកើតឡើងក្នុងប្រទេសណាមួយ អ្នកអាចប្តូរទៅរកស៊ីនៅប្រទេសផ្សេងៗទៀតដែលអាចផ្តល់សក្តានុពល។ ដូច្នេះ ដំបូងគឺខ្ញុំយល់ថា អ្នកគួរតែដៅកំណត់ និងវាស់វែងទីផ្សារក្នុងស្រុក ដើម្បីពាំនាំអ្នកផលិតរបស់អ្នកទៅកាន់ទីផ្សារបរទេសផ្សេងៗទៀត៕