ពលរដ្ឋខ្មែរ វៀតណាម និង ឡាវ ដែលមករស់នៅសហរដ្ឋអាមេរិកភាគច្រើនមានបញ្ហាសុខភាពស្រដៀងគ្នាគឺពួកគេមានជំងឺផ្លូវចិត្តនិងការបាក់ស្បាតដោយសារបានឆ្លងកាត់សង្គ្រាមនិងការធ្វើទុក្ខបុកម្នេញនៅប្រទេសកំណើត។ នេះបើតាមការអះអាងរបស់អ្នកឯកទេសខាងផ្នែកសុខភាព។
សម្ព័ន្ធសុខភាពពលរដ្ឋអាស៊ីអាគ្នេយ៍អាមេរិកាំង (Southeast Asian American Health Coalition) ដែលមានមូលដ្ឋានក្នុងរដ្ឋ Connecticut នឹងរៀបចំការជួបជុំរបស់ពួកគេជាមួយនឹងអ្នកជំនាញសុខភាពនិងមន្ត្រីសុខាភិបាលប្រចាំរដ្ឋនៅសប្តាហ៍ក្រោយដើម្បីឱ្យពួកគេបាននិយាយរៀបរាប់ពីរឿងរ៉ាវផ្ទាល់ខ្លួននិងពិភាក្សាជាមួយអ្នកឯកទេសទាំងនោះ។
លោកស្រី គួច ធានវី នាយិកាប្រតិបត្តិនៃសមាគមគាំទ្រសុខភាពខ្មែរនៅរដ្ឋ Connecticut ដែលជាអ្នកចូលរួមរៀបចំបានបញ្ជាក់ថាលទ្ធផលនៃការពិភាក្សានោះ នឹងជួយដល់ការរៀបចំប្រព័ន្ធសុខាភិបាលថ្មីប្រចាំរដ្ឋផងដែរ។
«ពេលនេះជាពេលដែលសំខាន់បំផុតដោយសាររដ្ឋ Connecticut យើងនេះមានបញ្ហាសុខភាពថ្មីដែលគេនឹងរៀបចំគម្រោងការ។ ជនជាតិអាស៊ីភាគអាគ្នេយ៍ទាំងបីដែលមកពីស្រុកមានសង្គ្រាមហ្នឹងមានបញ្ហាសុខភាព»។
លោកស្រីបញ្ជាក់ថាសម្រាប់សហគមន៍ខ្មែរគឺមានរហូតដល់៦២ភាគរយមានបញ្ហាសុខភាពផ្លូវចិត្ត (Trauma) និង PTSD ដែលមានដូចជាយល់សប្តិអាក្រក់ ចង់រស់នៅដាច់ឡែកពីគេនិងមិនចង់និយាយស្តីរកគេ។ លោកស្រីពន្យល់ពីផលប៉ះពាល់មកលើសុខភាពផ្លូវកាយថា៖
«សុខភាពផ្លូវចិត្តហ្នឹងគឺវាមានទំនាក់ទំនងមកជាមួយនឹងសុខភាពរ៉ាំរ៉ៃដូចជាទឹកនោមផ្អែម សម្ពាធឈាមឡើង ហើយនឹងខ្លាញ់នៅហ្នឹងសរសៃបេះដូង»។
សម្រាប់ការជួបជុំគ្នានៅសប្តាហ៍ក្រោយនេះលោកស្រី បានលើកទឹកចិត្តសមាជិកសហគមន៍ខ្មែរឱ្យនិយាយចេញពីការលំបាកនិងតម្រូវការរបស់ពួកគេដើម្បីរដ្ឋអាចនឹងដាក់ចេញគោលនយោបាយសុខភាពបានត្រឹមត្រូវ៕
ព័ត៌មានផ្សេងទៀតទាក់ទងទៅនឹងខ្មែរនៅអាមេរិកសូមចូលទៅត្រង់នេះ។