កំណត់និពន្ធ៖ ការធ្វើចំណាកស្រុករបស់ពលករកម្ពុជា ដើម្បីការងារនៅក្រៅប្រទេសក្នុងអត្រាខ្ពស់អាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសគឺវិស័យកសិកម្ម។ កម្ពុជាក៏អាចប្រឈមនឹងការខ្វះកម្លាំងពលកម្ម បើសិនជាចំនួនពលករកម្ពុជា ដែលធ្វើចំណាកស្រុកដើម្បីស្វែងរកការងារនៅក្រៅប្រទេសបន្តកើនឡើងជារៀងរាល់ឆ្នាំ។ កត្តាដែលជំរុញគឺបណ្តាលមកពីអត្រាប្រាក់បៀរវត្សរ៍អប្បបរិមារបស់កម្ពុជាទាប ការខ្វះខាតព័ត៌មានស្តីអំពីឱកាសការងារក្នុងស្រុក និងកត្តាមួយចំនួនផ្សេងៗទៀត។ ពីរដ្ឋធានីវ៉ាស៊ីនតោន នាង ទែន សុខស្រីនិត នៃ VOA បានសន្ទនាជាមួយនឹងលោក ជុំ ផល្លី អ្នកប្រឹក្សាបច្ចេកទេសនៃការជួញដូរកម្លាំងពលកម្មរបស់អង្គការ Winrock International ប្រចាំនៅកម្ពុជាជុំវិញបញ្ហានេះ។
Your browser doesn’t support HTML5
VOA៖ សូមជម្រាបសួរ លោក ជុំ ផល្លី។
លោក ជុំ ផល្លី៖ បាទ ជម្រាបសួរ ស្រីនិត។
VOA៖ ច៎ាស នាងខ្ញុំអរគុណច្រើន ដែលលោកបានផ្តល់ឱកាសផ្តល់បទសម្ភាសន៍ជាមួយនឹង VOA នៅថ្ងៃនេះទាក់ទងជាមួយនឹងបញ្ហាជុំវិញការធ្វើចំណាកស្រុករបស់ពលករខ្មែរទៅប្រទេសថៃ។ ហើយដូចដែលលោកបានដឹង កាលពីពាក់កណ្តាលឆ្នាំ២០១៤ ពលករខ្មែរធ្វើការនៅប្រទេសថៃទាំងស្របច្បាប់ និងមិនស្របច្បាប់ជាង២០ម៉ឺននាក់នោះ ត្រូវបានបង្ខំចិត្តចាកចេញពីប្រទេសថៃ ដោយសារតែបញ្ហាក្នុងស្រុកនៅប្រទេសថៃ។ នាងខ្ញុំចង់ដឹង ថាតើមកដល់បច្ចុប្បន្ននេះការធ្វើចំណាកស្រុកទៅប្រទេសថៃរបស់ពលករពីកម្ពុជាយើងនេះមានស្ថានភាពយ៉ាងដូចម្តេចដែរ?
លោក ជុំ ផល្លី៖ បញ្ហាពលករនៅតែមិនអាចដោះស្រាយបានទេ។ ពលករយើងភាគច្រើនបានវិលត្រឡប់ទៅប្រទេសថៃវិញ តាមរយៈការប្រើប្រាស់លិខិតឆ្លងដែន ដែលហៅថា (Border Pass)។ នៅពេលនោះ យើងឃើញថា រដ្ឋាភិបាលរបស់ថៃក៏បានបើកច្រកចេញចូលតែមួយដែរនៅប្រទេសថៃ ដែលមានចំនួន៧៧កន្លែង ដើម្បីបង្កលក្ខណៈឲ្យពលករដែលធ្វើការមិនមានឯកសារស្របច្បាប់នោះបានចុះបញ្ជីនៅទីនោះ។ ក្នុងរយៈពេល៣ខែដំបូង ចាប់ពីចុងខែមិថុនា រហូតដល់ដើមខែតុលាក្នុងឆ្នាំ២០១៤ យើងឃើញថាពលករជាង៧សែននាក់បានចុះឈ្មោះនៅតាមច្រកចេញចូលតែមួយនៅប្រទេសថៃ ដើម្បីទទួលបានប័ណអនុញ្ញាតធ្វើការបណ្តោះអាសន្ន ដែលមានសុពលភាពរហូតទៅដល់ខែមិនា ឆ្នាំ២០១៥នេះ។ ហើយពួកគេក៏ទទួលបានការស្នាក់នៅបណ្តោះអាសន្ននៅទីនោះផងដែរ។ នេះគឺជាអ្វីដែលយើងសង្កេតកន្លងមក។
VOA៖ ថ្មីៗនេះ គណៈរដ្ឋមន្ត្រីថៃបានចេញគោលការណ៍ណែនាំដល់ពលករ ដែលចង់ទៅធ្វើការនៅប្រទេសថៃ ដូចជាពលករមកពីប្រទេសកម្ពុជា ឡាវ និងភូមា ឲ្យបំពេញបែបបទនៃដំណើរការផ្ទៀងផ្ទាត់សញ្ជាតិ ដើម្បីបន្តធ្វើការនៅប្រទេសថៃរយៈពេល២ឆ្នាំដោយស្របច្បាប់។ តើលោកយល់យ៉ាងដូចម្តេចដែរចំពោះដំណើរការផ្ទៀងផ្ទាត់សញ្ជាតិនេះ?
លោក ជុំ ផល្លី៖ បាទ អរគុណស្រីនិតចំពោះសំណួរនេះ។ មុននឹងឆ្លើយសំណួរនេះ ខ្ញុំចង់ជម្រាបអ្នកតាមដានវិទ្យុ VOA ទាំងអស់នៅកម្ពុជា ថាក្រោយពីរដ្ឋាភិបាលទាំងពីរព្រមព្រៀងបើកច្រកចេញចូលតែមួយនៅប្រទេសកម្ពុជា ក៏ដូចជានៅប្រទេសថៃ អ្នកដែលបានចុះបញ្ជីឈ្មោះហើយនោះត្រូវតែទៅធ្វើការផ្ទៀងផ្ទាត់សញ្ជាតិនៅតំបន់ ដែលជិតកន្លែងគាត់ធ្វើការ។ ហើយនៅទីនោះ និយោជកទាំងអស់ដែលប្រើពលករមិនមានឯកសារស្របច្បាប់នោះ ក៏ត្រូវជួយបង្កលក្ខណៈងាយស្រួល និងនាំពលករទាំងនោះទៅធ្វើការផ្ទៀងផ្ទាត់សញ្ជាតិនៅតាមតំបន់នីមួយៗ។ ដូច្នេះ យើងឃើញថា ក្នុងរយៈពេល៣ខែ គឺចាប់ពីខែមករា រហូតដល់ដំណាច់ខែមិនានេះ ដំណាក់កាលទី១នៃដំណើរការផ្ទៀងផ្ទាត់សញ្ជាតិនេះត្រូវបានបញ្ចប់។ យើងឃើញថា ប្រជាពលរដ្ឋ ជាពិសេសពលករកម្ពុជា ដែលធ្វើការនៅប្រទេសថៃ គាត់បានទៅផ្ទៀងផ្ទាត់សញ្ជាតិ ដើម្បីទទួលបានលិខិតឆ្លងដែន (Passport) និងលិខិតអនុញ្ញាតឲ្យធ្វើការស្របច្បាប់នៅប្រទេសថៃនោះមានចំនួនប្រហែលជាង១ម៉ឺននាក់។ បើប្រៀបធៀបនឹងចំនួនដែលពួកគាត់បានចុះបញ្ជី៧សែននាក់នោះ យើងឃើញថា ពលករច្រើននាក់ទៀតត្រូវបំពេញបែបបទនេះ។ ដូច្នេះ ហើយបានជារដ្ឋាភិបាលថៃបានអនុម័តច្បាប់របស់ខ្លួន ដើម្បីអនុញ្ញាតឲ្យបន្តការធ្វើការផ្ទៀងផ្ទាត់សញ្ជាតិនេះតទៀត ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមេសានេះតទៅ ដែលនឹងមានរយៈពេល៣ខែ។ ដូច្នេះ បងប្អូនពលករទាំងអស់ដែលមិនបានទាន់ធ្វើការផ្ទៀងផ្ទាត់សញ្ជាតិត្រូវតែផ្ទៀងផ្ទាត់សញ្ជាតិ។
អ្វីដែលយើងសង្កេតឃើញពីការបើកអនុញ្ញាតបន្តឲ្យប្រជាពលរដ្ឋ ឬក៏ពលករដែលមិនទាន់បានចុះបញ្ជី ឬក៏មិនទាន់បានទៅធ្វើការផ្ទៀងផ្ទាត់សញ្ជាតិនៅប្រទេសថៃនោះ វាអាចមានផលប៉ះពាល់ជាអវិជ្ជមានខ្លះដែរមកដល់ប្រទេសកម្ពុជា។ យើងឃើញថា ដោយសារកម្ពុជាខិតខំធ្វើយ៉ាងម៉េច ដើម្បីពង្រឹងការអនុវត្តច្បាប់ ពង្រឹងការធ្វើចំណាកស្រុកស្របច្បាប់របស់ប្រជាពលរដ្ឋ ដើម្បីឲ្យគាត់ទទួលបានសុវត្ថិភាពការងាររបស់គាត់។ ក៏ប៉ុន្តែផ្ទុយទៅវិញ រាជរដ្ឋាភិបាលមិនបានបិទនៃពេលវេលានៃការអនុញ្ញាតឲ្យពលករដែលធ្វើការមិនមានឯកសារស្របច្បាប់នៅប្រទេសថៃនោះត្រឹមថ្ងៃ ដែលបានព្រមព្រៀង ហើយឥឡូវនេះរដ្ឋាភិបាលថៃបានបន្តបើកឲ្យប្រជាពលរដ្ឋមិនមានឯកសារធ្វើការចុះបញ្ជី និងផ្ទៀងផ្ទាត់សញ្ជាតិឲ្យទទួលបានឯកសារនៅប្រទេសថៃទៀត។ ដូច្នេះ យើងឃើញថា បញ្ហានេះអាចមានផលអាក្រក់ទៅដល់ប្រទេសកម្ពុជាដែរ។ យើងឃើញថា វាបណ្តាលឲ្យមានការធ្លាក់ចុះនូវចំនួនពលករ ដែលចេញទៅធ្វើការស្របច្បាប់។ ជាទូទៅ នៅក្នុងរបាយការណ៍របស់គណៈកម្មាការជាតិប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដែលបានរាយការណ៍តាមមូលដ្ឋាននោះ គឺក្នុងមួយឆ្នាំៗ យើងឃើញថា ប្រជាពលរដ្ឋប្រហែលជា៣ពាន់នាក់ធ្វើចំណាកស្រុក ប៉ុន្តែនៅឆ្នាំថ្មីនេះ យើងឃើញថាមានការធ្លាក់ចុះ។ ប្រជាពលរដ្ឋដែលទៅធ្វើការស្របច្បាប់ប្រហែលជា២ម៉ឺននាក់ប៉ុណ្ណោះ។ បើសិនជាពលករដែលធ្វើការស្របច្បាប់ធ្លាក់ចុះ យើងឃើញថា ចំណូលដែលទទួលបានពីការបញ្ជូនត្រឡប់ជាផ្លូវការរបស់ពលករ ដែលធ្វើការស្របច្បាប់ក៏មានការធ្លាក់ចុះដែរ។
VOA៖ ឆ្លងតបទៅនឹងការទប់ស្កាត់មិនឲ្យពលករធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់នេះ តើទាំងរដ្ឋាភិបាល ជាពិសេសគឺអង្គការសង្គមស៊ីវិល ក៏ដូចជាស្ថាប័នពាក់ព័ន្ធមានគម្រោងចុះទៅតាមមូលដ្ឋានព័ត៌មាននេះឲ្យពលករនៅទូទាំងប្រទេសកម្ពុជាយើងបានជ្រាបពីដំណើរការផ្លូវច្បាប់ក្នុងការទទួលបានប័ណការងារទៅធ្វើការក្រៅប្រទេសដោយស្របច្បាប់ដែរឬទេ?
លោក ជុំ ផល្លី៖ បាទ អរគុណ។ សំណួរនេះមានសារៈសំខាន់យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋយើង ជាពិសេសបងប្អូនដែលមានបងប្អូនសាច់ញាតិ ដែលកំពុងធ្វើការនៅប្រទេសថៃឲ្យស្វែងយល់ដឹងអំពីព័ត៌មាននេះ។ យើងឃើញថា ព័ត៌មានដែលផ្សព្វផ្សាយអំពីបញ្ហានៃការចុះបញ្ជីស្របច្បាប់នៅប្រទេសថៃមិនមានលក្ខណៈទូលំទូលាយប៉ុន្មានទេតាមមូលដ្ឋាន ដោយសារការផ្សព្វផ្សាយគឺមានកម្រិត តាមរយៈតែអង្គការផ្សេងៗ ដូចជាអង្គការ Winrock International ដែលទទួលបានការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងធ្វើការតាមរយៈដៃគូ ក្នុងការផ្សព្វផ្សាយពីគោលការណ៍ថ្មីៗរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្របសម្រួលធ្វើយ៉ាងម៉េច ដើម្បីឲ្យពលករយើងមានលក្ខណៈងាយស្រួលក្នុងការចុះបញ្ជី ដើម្បីទទួលបានឯកសារស្របច្បាប់ក្នុងតម្លៃមួយ ដែលមានលក្ខណៈយោគយល់ច្រើនពីរាជរដ្ឋាភិបាល។ អង្គការសង្គមស៊ីវិលបានធ្វើការផ្សព្វផ្សាយតាមរយៈបណ្តាញ ដូចជាក្រុមប្រឹក្សាយុវជន ក្រុមអ្នករត់ម៉ូតូឌុប ដើម្បីឲ្យពួកគាត់បានដឹងព័ត៌មានទាំងអស់នេះ ហើយជួយផ្សព្វផ្សាយបន្ត។ ហើយអង្គការ Winrock បានធ្វើការឆ្លើយតបសារជាសម្លេង តាមរយៈប្រព័ន្ធទូរស័ព្ទ។ នៅពេលដែលអស់លោក លោកស្រីបានដឹងពីព័ត៌មានហ្នឹង គាត់អាចចុចទូរស័ព្ទឆ្លើយតបនឹងព័ត៌មានថ្មីៗអំពីការចុះបញ្ជីនៅស្រុកថៃត្រូវផុតកំណត់នៅថ្ងៃទីប៉ុន្មាន។ ហើយប្រជាពលរដ្ឋនៅពេលចុះបញ្ជីហើយត្រូវបន្តទៅធ្វើការផ្ទៀងផ្ទាត់សញ្ជាតិពីពេលណាទៅដល់ពេលណា ហើយពួកគាត់នឹងទទួលបានអ្វីខ្លះ។ ទាំងអស់នេះយើងបានជួយផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មានតាមសារអេឡិចត្រូនិក តាមរយៈវិទ្យុ ការធ្វើយុទ្ធនាការ ការជួបជាមួយនឹងបណ្តាញយុវជន និងបណ្តាញម៉ូតូឌុប។
VOA៖ ងាកមកបញ្ហាស្ត្រីវិញម្តង តើចំនួនពលករចំណាកស្រុកដែលជាស្រ្តីមានចំនួនប៉ុន្មាន បើធៀបនឹងពលករដែលជាបុរស? តើពួកគាត់ជួបនឹងបញ្ហាអ្វីខ្លះ? ហើយនាងខ្ញុំចង់ដឹងបន្ថែម ថាតើពលករដែលជាស្ត្រីដែលចាកចេញទៅធ្វើការនៅក្រៅស្រុកអាចជួយសេដ្ឋកិច្ចគ្រួសារដែលនៅកម្ពុជាបានដល់កម្រិតណាដែរ បើធៀបនឹងពលករដែលជាបុរស?
លោក ជុំ ផល្លី៖ ជាការពិត ខ្ញុំមិនមានព័ត៌មានលម្អិតអំពីចំនួនស្ត្រី ដែលកំពុងធ្វើការនៅប្រទេសថៃទេ។ ក៏ប៉ុន្តែ ទាក់ទងនឹងបញ្ហានេះ ចំនួនពលករដែលមានគ្រួសារ គឺមានកូន និងប្រពន្ធទៅជាមួយនោះ តាមរយៈការផ្ទៀងផ្ទាត់សញ្ជាតិនៅប្រទេសថៃចាប់ពីខែកក្កដា ដល់ខែតុលាឆ្នាំមុននេះមាន៤ម៉ឺននាក់។ នៅក្នុងនោះ យើងឃើញថា ស្ត្រីមានការលំបាកខ្លះដែរ ពាក់ព័ន្ធទៅនឹងការផ្ទៀងផ្ទាត់សញ្ជាតិ ដោយសារតែគាត់
អាចប្រឈមមុខនឹងបញ្ហាមានផ្ទៃពោះ។ តែតាមពិត គោលនយោបាយរបស់រដ្ឋាភិបាលថៃមិនមានការរើសអើងទេចំពោះស្ត្រីមានផ្ទៃពោះ។ ប៉ុន្តែ អ្វីដែលយើងសង្កេតឃើញតាមព័ត៌មាន និងបណ្តាញដែលយើងធ្វើការជាមួយនោះគឺថា គេបានជម្រាបទៅខាងនិយោជក នៅពេលដែលគេរកឃើញថាស្ត្រីមានផ្ទៃពោះ។ នៅពេលដែលនិយោជកដឹងថាស្ត្រីមានផ្ទៃពោះ និយោជកអាចបញ្ជូនស្ត្រីត្រឡប់មកវិញ។ នេះគឺជាបញ្ហាមួយ ដែលយើងសង្កេតឃើញដែលស្ត្រីបានប្រឈម ដែលមានលក្ខណៈដូចជារើសអើងដល់ស្ត្រី។ ជាការពិត ស្ត្រីបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជួយទៅដល់គ្រួសាររបស់គាត់។ ក៏ប៉ុន្តែ ខ្ញុំមិនមានតួលេខដែលបញ្ហាថា តើស្ត្រីគាត់អាចចូលរួមចំណែកសេដ្ឋកិច្ចប៉ុន្មាននៅក្នុងការកសាងជីវភាពគ្រួសារ។
VOA៖ មានការស្រាវជ្រាវ និងការលើកឡើងរបស់អ្នកជំនាញដែលថា ការធ្វើចំណាកស្រុករបស់ពលករកម្ពុជាទៅក្រៅប្រទេស ជាពិសេសទៅប្រទេសថៃក្នុងចំនួនដ៏ច្រើននេះអាចប៉ះពាល់ដល់សេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជាមួយកម្រិតដែរ ជាពិសេសនៅក្នុងវិស័យកសិកម្ម ដែលកម្ពុជាពឹងផ្អែកលើវិស័យកសិកម្មច្រើន។ នាងខ្ញុំចង់ដឹង ថាតើអ្វីខ្លះដែលអាចជាគន្លឹះ ដើម្បីបង្កើតជាកត្តាលើកទឹកចិត្តដើម្បីឲ្យពលករកម្ពុជាធ្វើការនៅក្នុងស្រុក ជាជាងធ្វើការនៅក្រៅស្រុក នៅចំពោះមុខសមាហរ័ណកម្មសេដ្ឋកិច្ចអាស៊ាននៅចុងឆ្នាំ២០១៥នេះ។
លោក ជុំ ផល្លី៖ សំណួរនេះមានសារៈសំខាន់យ៉ាងខ្លាំង ហើយក៏ជាបញ្ហាមួយដែលរាជរដ្ឋាភិបាលរបស់យើងកំពុងតែព្រួយបារម្ភដែរ ដោយសារការហូរចេញនៃពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេសនេះ។ ជាការពិត កម្ពុជាយើងមានសក្តានុពលខ្លាំងមែនទែនទៅលើកម្លាំងពលកម្ម។ តាមយោបល់របស់ខ្ញុំដើម្បីធ្វើយ៉ាងដូចម្តេចរកវិធីសាស្ត្រដើម្បីឲ្យប្រជាពលរដ្ឋអាចវិល ឬក៏ពិចារណាលើការងារក្នុងប្រទេស ជាពិសេសនៅក្នុងវិស័យកសិកម្ម ដែលជាវិស័យមួយដែលរាជរដ្ឋាភិបាលយើងមានការប្តេជ្ញាចិត្ត ដើម្បីនាំអង្ករចេញក្រៅប្រទេសនោះ ខ្ញុំយល់ថា រាជរដ្ឋាភិបាលយើងគួរតែពិចារណាទៅលើល័ក្ខខណ្ឌការងារជាច្រើន ដើម្បីធ្វើយ៉ាងណាឲ្យធានាថា ល័ក្ខខណ្ឌការងារនៅកម្ពុជាមានលក្ខណៈប្រហាក់ប្រហែលនឹងប្រទេសជិតខាត។ បើមិនដូច្នោះទេ យើងមិនអាចទប់ស្កាត់នៃការហូរចេញនេះបានទេ។ ទីមួយ យើងត្រូវពិនិត្យមើលលើច្បាប់ការងាររបស់យើង។ ច្បាប់ការងាររបស់កម្ពុជាសព្វថ្ងៃគឺគ្របដណ្តប់តែលើវិស័យរោងចក្រ និងកាត់ដេរតែប៉ុណ្ណោះ។ ចំពោះវិស័យផ្សេងៗទៀត ដូចជាវិស័យសំណង់ វិស័យកសិកម្ម វិស័យក្រៅផ្លូវការ សេដ្ឋកិច្ចក្រៅប្រព័ន្ធក៏មិនទាន់ត្រូវបានគ្របដណ្តប់នៅឡើយទេ ជាពិសេសកម្មករធ្វើការតាមផ្ទះ។ ដូច្នេះ ដើម្បីទាក់ទាញពលកររបស់យើងវិលមកធ្វើការនៅក្នុងប្រទេសវិញ រដ្ឋាភិបាលយើងគួរតែធ្វើវិសោធនកម្ម ដើម្បីឲ្យច្បាប់គ្របដណ្តប់ទៅលើវិស័យដែលខ្ញុំបានរៀបរាប់ ហើយធ្វើឲ្យប្រាក់បៀរវត្សរ៍អប្បបរិមាប្រហាក់ប្រហែលនឹងប្រទេសជិតខាង។ ទីពីរប្រសិនបើរាជរដ្ឋាភិបាលយើងអាចពិចារណាទៅលើឱកាសការងារផ្សេងៗទៀត ដើម្បីពង្រឹងសមត្ថភាពរបស់ពលករយើងឲ្យគាត់មានសមត្ថភាព ហើយជំរុញក្រុមហ៊ុនដែលមកវិនិយោគ ជាពិសេសក្រុមហ៊ុនវិនយោគលើដីសម្បទានរបស់ដីរាជរដ្ឋាភិបាលកម្ពុជាឲ្យស្រូបយកកម្លាំងពលកម្មកម្ពុជា ដែលកំពុងតែមាននៅស្រុកខ្មែរ ជាជាងយកកម្លាំងខាងក្រៅដើម្បីបំពេញ លុះត្រាតែកម្លាំងនៅកម្ពុជាមិនអាចបំពេញបាន ចាំយើងយកកម្លាំងមកពីក្រៅ។ ការធ្វើបែបនេះគឺឆ្លើយតបនឹងច្បាប់នៅកម្ពុជាដែរ៕