អ្នក​ជំនាញ​និង​គណ​បក្ស​នយោ​បាយ​មួយ​ចំនួន​ស្នើ​ឱ្យ​គ.ជ.ប.​ផ្តល់​ភាព​​ងាយ​ស្រួល​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

រូបឯកសារ៖ បុរសម្នាក់កំពុងស្វែងរកឈ្មោះរបស់ខ្លួនដើម្បីបោះឆ្នោត នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ នៅការិយាល័យបោះឆ្នោត «សាលាគរុកោសល្យវិក្រិត្យការក្រុង» ក្រុងតាខ្មៅ ខេត្តកណ្តាល។ (ទុំ ម្លិះ/វីអូអេ)

អ្នក​ជំនាញ​កិច្ច​ការ​បោះ​ឆ្នោត​និង​គណ​បក្ស​នយោបាយ​មួយ​ចំនួន​ស្នើឱ្យ​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.)​ពិនិត្យ​មើល​នីតិ​វិធីមួយ​ចំនួន​ក្នុង​ការ​បង្ក​ភាព​ងាយ​ស្រួល​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដល់ប្រជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​អាយុ​១៨​ឆ្នាំ ​ខណៈ​យុទ្ធនាការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នឹង​ចាប់​ផ្តើម​នៅ​ខែ​តុលា ​ខាង​មុខ​នេះ។​

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​ហៅ​កាត់​ថា​គ.ជ.ប.​បាន​កំណត់​រយៈ​ពេល​៥០​ថ្ងៃ ​គឺ​ចាប់​ពី​ថ្ងៃ​ទី​២០ ​ខែ​តុលា ​ដោយ​ឱ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​មាន​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ ​ទៅ​ចុះ​ឈ្មោះ ​និងពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០២៣។​

លោក ​កន សាវាង្ស​ មន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល ​កត់​សម្គាល់​ថា​ស្ថាប័ន​គ.ជ.ប.​បាន​បង្ហាញ​ស្ថិតិ​ប៉ាន់​ស្មាន​ឆ្នាំ​២០២១​ ដោយ​ប្រជា​ពលរដ្ឋ​អាយុ​១៨​ឆ្នាំ​ឡើងគឺ​មាន​ចំនួន​ជាង​១០​លាន​៤​សែន​នាក់ ​តែ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​មាន​តែជាង​៩​លាន​២​សែន​នាក់​ ដូច្នេះអ្នកមិនបាន​ចុះ​ឈ្មោះ​មាន​ជាង​១​លាន​២​សែន​នាក់​ ដែល​នេះ​ជា​ចំណុច​មួយ​ដ៏​សំខាន់​គួរ​តែស្ថាប័នគ.ជ.ប.ពិនិត្យ​ និង​ធ្វើ​របាយ​ការណ៍ដើម្បី​ជជែកជាមួយ​រដ្ឋ​សភា​ក្នុង​ការ​រក​ដំណោះ​ស្រាយ ​និង​ដាក់​ចេញ​យុទ្ធ​សាស្រ្ត​ក្នុង​ការ​សម្រួល​ដល់​ការ​ចុះ​ឈ្មោះ​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ប្រទេស ​និង​ពល​រដ្ឋ​ចំណាក​ស្រុក។ ​

លោក​ថ្លែង​ថា៖ ​«ចំណុច​នេះ​គឺ​ជា​រឿង​សំខាន់​ណាស់ ​ដែល​ស្ថាប័ន​គ.ជ.ប.​ពិនិត្យ​មើល​នូវ​នីតិវិធី ​ឬ​ក៏​យុទ្ធ​សាស្រ្ត​ដើម្បី​ជំរុញ ​រក​លទ្ធ​ភាព​ធ្វើ​ម៉េច​ឱ្យ​មាន​ការ​ចុះ​ឈ្មោះ​ប្រជា​ពល​រដ្ឋដែល​១​លាន​នាក់​ជាង​ ដែល​អត់​បាន​ចុះ​ឈ្មោះ ​កាល​ពី​ឆ្នាំ​២០២១​ និង​អ្នក​ទើប​គ្រប់​អាយុ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​ហ្នឹង​គឺ​ថា​ អាច​មាន​លទ្ធ​ភាព​ចុះឈ្មោះ​ ព្រោះ​ឆ្នាំ​នេះ​ជាឆ្នាំ​មួយ​ដែល​សំខាន់​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣​ ដែល​ជា​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ»។ ​

បន្ថែម​ពី​នេះ ​លោក ​កន សាវាង្ស ​យល់​ថា ​ស្ថាប័ន​គ.ជ.ប.​ គណ​បក្ស​នយោ​បាយ ​និង​អ្នក​ពាក់ព័ន្ធ​ត្រូវ​រួម​គ្នា​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពលរដ្ឋឱ្យ​បាន​ស៊ី​ជម្រៅ​ទាក់​ទង​ការ​ប្រើ​ប្រាស់​សិទ្ធិ​ និង​ការត្រៀម​ឯក​សារគ្រប់​គ្រាន់​ក្នុង​ការ​ពិនិត្យ​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ​នៅ​ឆ្នាំ​ក្រោយ​នេះ។ ​

លោក ​ថាច់ សេដ្ឋា ​ប្រធាន​ស្តីទី​គណបក្ស​ភ្លើង​ទៀន​ កត់​សម្គាល់​ឃើញ​ថា ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោតកន្លង​មក​គឺ​ពុំ​ទាន់​មាន​ភាព​សុក្រឹត​នៅ​ឡើយ​ទេ ​ដោយ​ពល​រដ្ឋ ​និង​ក្រុម​គ្រួសារ​របស់​ប្រជា​ពល​រដ្ឋ​ខ្លះ ​ដែល​មាន​ទំនោរ​ទៅ​ខាង​គណ​បក្ស​ប្រឆាំង ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​ជា​ដើម។​

​លោក​យល់​ថា ​ស្ថាប័ន​គ.ជ.ប.​ត្រូវ​ផ្សព្វ​ផ្សាយ​ទូលំ​ទូលាយ​ដល់​ប្រជា​ពល​រដ្ឋ​តាម​រយៈ​ការ​ចាក់​មេក្រូ ​និង​ចែក​ខិត្តបណ្ណ​ទាក់​ទង​ពេល​វេលា ​និង​ឯក​សារ​ពាក់​ព័ន្ធជា​ដើម​ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ និង​ចៀស​វាង​បង្ក​នូវ​ភាព​ស្មុគ​ស្មាញ​ដល់​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​ប្រជាពល​រដ្ឋ។​

​លោក​ថ្លែង​ថា៖ ​«គ.ជ.ប.ត្រូវ​តែ​មាន​វិធាន​ការ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ​ ទី​មួយ​យើង​ធ្វើ​ខិត្ត​បណ្ណ​ខ្លី​ដើម្បី​ចែក​គ្រប់​ផ្ទះ។​ ទីពីរ ​យើង​ដាក់​មេក្រូ​បន្ថែម​ទៀត ​អាហ្នឹងដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​លោក​មក​ពិនិត្យ​មើល​ឈ្មោះ​របស់​លោក​ក្នុង​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ហើយ​នឹង​អ្នក​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត​ សូម​អញ្ជើញ​ឱ្យ​លោក​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត»។​

​លោក ​ឡឹក សុធារ​ អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូលដ្ឋាន ​ប្រាប់​វីអូអេ​ថា​ គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន ​គណ​បក្ស​ភ្លើង​ទៀន ​គណបក្ស​ឆន្ទៈ​ខ្មែរ​ គណ​បក្ស​កែ​ទម្រង់​កម្ពុជា​បាន​ជជែក​ជាមួយ​ស្ថាប័ន​គ.ជ.ប.​រួច​រាល់​ហើយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ដោយ​ស្នើឱ្យ​មាន​ការ​រៀប​ចំ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោតជា​ប្រចាំ​នៅ​តាម​ឃុំ​សង្កាត់​ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ប្រជាព​ល​រដ្ឋ។​

លោក​ថ្លែង​ថា៖ ​«គណបក្ស​ទាំង​៤​ស្នើ​សុំ​ឱ្យ​គ.ជ.ប.រៀប​ចំការ​ចុះឈ្មោះប្រជា​ពលរដ្ឋ​ជា​អចិន្ត្រៃយ៍​នៅ​ឃុំ​សង្កាត់​តែ​ម្តង​គឺ​មិន​មែន​ចុះ​តែ​ក្នុង​រយៈ​ពេល​មួយ​ទេ​ គឺ​យើង​ចុះ​ជា​ប្រចាំ។ ធ្វើ​បែប​នេះ ​ប្រជា​ពល​រដ្ឋ​ ដែល​លោក​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ ឬ​ក្នុង​ប្រទេស​ក្តី ​ប៉ុន្តែ​ចេញ​ពី​តំបន់​លំនៅ​ដ្ឋាន​របស់​ពួក​គាត់​នោះ ​អាច​ទៅ​ចុះ​ឈ្មោះ​ពេល​ណា​ក៏​បាន។​ ធ្វើ​បែប​នេះ​ជំរុញ​ឱ្យ​បញ្ជី​ឈ្មោះ​នៃ​ការ​បោះ​ឆ្នោត​ប្រជា​ពល​រដ្ឋ​បាន​ច្រើន»។​

លោក​ គង់ មុនីកា ​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​និង​ត្រៀម​ខ្លួន​ទៅ​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់​គ្នា ​បើ​ទោះ​លោក​ដឹង​ថា​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​នៅ​មាន​ភាព​ស្ទាក់​ស្ទើរ​ទៅ​បោះ​ឆ្នោត ​ដោយ​សារ​មិន​ទុក​ចិត្ត​ថា​ ការ​បោះ​ឆ្នោត​អាច​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹមត្រូវ ​សេរី ​និង​យុត្តិ​ធម៌។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖​ «បើ​សិន​ជា​គ.ជ.ប.​នៅ​តែ​មាន​លក្ខណៈ​ដូច​បច្ចុប្បន្ន​ ខ្ញុំ​គិត​ថា​ នោះ​ហើយ​គឺ​ជា​បញ្ហា​ដែលធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​រារែក ​អល់​ឯក​ទៅ​បោះ​ឆ្នោត»។​

​លោក​ សោម សូរីដា​ អគ្គ​លេខា​ធិការ​រង​នៃ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ បញ្ជាក់​ថា ​ ប្រជា​ពល​រដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ​និង​មាន​អត្ត​សញ្ញាណ​បណ្ណខ្មែរ ​ទើប​អាច​បោះ​ឆ្នោត​ថ្នាក់​ជ្រើស​រើស​តំណាង​រាស្រ្ត​ឆ្នាំ​២០២៣​បាន ​ដូច្នេះ​ប្រជា​ពលរដ្ឋ​ដែល​គ្រប់​អាយុ​ត្រូវ​តែ​ទៅ​ពិនិត្យ​ និង​ចុះ​ឈ្មោះ​ឱ្យ​បាន​គ្រប់ៗ​គ្នា។​

លោក​បញ្ជាក់​ថា៖ ​«​ចំពោះ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​កំពុង​រស់នៅ ​និង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ក៏​សូម​អញ្ជើញ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ផង​ដែរ​ ពី​ព្រោះ​ទៅ​លើ​ក្រម​ខណ្ឌ​ច្បាប់​ បង​ប្អូន​ត្រូវ​អញ្ជើញ​មក​ដោយ​ផ្ទាល់​ មក​ជួប​ក្រុមចុះ​ឈ្មោះ​បោះ​ឆ្នោត​ដើម្បី​បំពេញ​លក្ខ​ខណ្ឌ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត»។​

ទាក់ទង​នឹង​ស្ថិតិ​ប៉ាន់​ប្រមាណ​នៃ​ចំនួន​ប្រជា​ពល​រដ្ឋ​ដែល​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ លោក ​សោម សូរីដា ​មិន​ទាន់​អាច​បញ្ជាក់បាន​នៅ​ឡើយ​ទេ​ ដោយ​លោកថា​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​រៀប​ចំ ​និង​អាច​នឹង​បញ្ចប់​នៅ​សប្ដាហ៍​ក្រោយ​នេះ។​

បើ​តាម​សេចក្តី​ជូន​ដំណឹង​មួយ ​ចុះ​ថ្ងៃ​ទី១​ ខែ​កញ្ញា ​ឆ្នាំ​២០២២​ គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​បាន​ឱ្យដឹង​ថា​ ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២២​ត្រូវ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២០​ ខែតុលា​ដល់​ថ្ងៃ​ទី​៨ ​ខែធ្នូ ​ឆ្នាំ​២០២២ ​សម្រាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទូទៅ ​និងមាន​កំណត់​លក្ខ​ខណ្ឌចុះ​ឈ្មោះ​បោះ​ឆ្នោតសម្រាប់ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​បោះ​ឆ្នោត​ តែមិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពី​មុន​មក ​ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​ ដែលកើត​មុន ​ឬ​កើត​ត្រឹម​ថ្ងៃ​ទី​២៤ ​ខែ​កក្កដា​ ឆ្នាំ​២០០៥​ និង​ប្រជា​ពល​រដ្ឋ​ដែល​ផ្លាស់​ទៅ​លំនៅ​ដ្ឋាន​ ឬ​ទី​សំណាក់​ទៅ​ឃុំ​សង្កាត់​ថ្មី ​ដោយ​ត្រូវ​ចុះ​ឈ្មោះ​នៅ​តាម​ឃុំ​សង្កាត់​ដែល​សាមី​ខ្លួន​កំពុង​រស់​នៅ៕