លោក កឹម សុខា មិនបានបង្ហាញខ្លួននៅតុលាការរាជធានីភ្នំពេញនៅព្រឹកថ្ងៃពុធនេះ តាមការកោះហៅលោកទាក់ទងនឹងបណ្តឹងបរិហារកេរ្តិ៍របស់នាង ធី សុវណ្ណថា នោះទេ។ មន្ត្រីគណបក្សសង្គ្រោះជាតិ និងអ្នកច្បាប់និយាយថា លោក កឹម សុខា មានសិទ្ធិមិនទៅតាមការកោះហៅរបស់តុលាការ។
មន្ត្រីតុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ កំពុងពិចារណារកនីតិវិធីបន្តទៀត ក្រោយពីលោក កឹម សុខា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលនៅមានអភ័យឯកសិទ្ធិនៅឡើយនោះ មិនបានទៅឆ្លើយបំភ្លឺនៅតុលាការនេះ តាមដីកាកោះហៅរបស់លោក កែវ សុជាតិ ព្រះរាជអាជ្ញារងសាលាដំបូងនេះទេ។
លោក កែវ សុជាតិ ដែលចេញដីកាកោះលោក កឹម សុខា មកសាកសួរនៅថ្ងៃពុធនេះ សុំមិនធ្វើអត្ថាធិប្បាយទេ នៅពេលដែល VOA ទាក់ទងសួរអំពីនីតិវិធីបន្តទៀត។ លោកសុំឲ្យ VOA សួរអ្នកនាំពាក្យរបស់តុលាការនេះវិញ។
លោកថ្លែងប្រាប់ VOA ថា៖«ខ្ញុំត្រូវគោរពវិជ្ជាជីវៈរបស់ខ្ញុំ ព្រោះគេមានអ្នកនាំពាក្យហើយ អញ្ចឹងទុកឲ្យអ្នកនាំពាក្យនិយាយទៅ!»
ទោះជាយ៉ាងណាក្តី លោក លី សុផាន់ណា អ្នកនាំពាក្យតុលាការក្រុងភ្នំពេញ និងជាព្រះរាជអាជ្ញារង បានប្រាប់ VOA ថា លោក កែវ សុជាតិ មិនទាន់មាននីតិវិធីបន្តទេ ព្រោះវាឆាប់ពេក។
អ្នកនាំពាក្យរូបនេះថ្លែងថា៖«ព្រះរាជអាជ្ញារងដែលទទួលបន្ទុកសំណុំរឿងហ្នឹង គាត់កំពុងពិនិត្យពិចារណាទៅលើករណីនេះ ហើយខ្ញុំនឹងជូនព័ត៌មាន នៅពេលដែលខ្ញុំបានព័ត៌មានអំពីចំណាត់ការពីព្រះរាជអាជ្ញារងដែលលោកកាន់សំណុំរឿងហ្នឹងណា៎»។
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិថ្លែងថា លោក កឹម សុខា ដែលនៅមានអភ័យឯកសិទ្ធិសភានៅឡើយនោះ មានសិទ្ធិស្របច្បាប់មិនទៅបំភ្លឺតាមការកោះហៅរបស់តុលាការក្រុងភ្នំពេញ។
លោក សុន ឆ័យ បានប្រាប់ VOA ថា ករណីរបស់លោក កឹម សុខា ដែលជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មិនមែនជាបទល្មើសរឿងព្រហ្មទណ្ឌជាក់ស្តែងទេ។
លោក សុន ឆ័យ ពន្យល់ប្រាប់ VOA ថា៖ «ដូច្នេះខ្ញុំគិតថា គ្មានមូលដ្ឋានច្បាប់ណាមួយដែលអាចនឹងអនុញ្ញាតឲ្យសមត្ថកិច្ចមកចាប់ខ្លួនអ្នកតំណាងរាស្ត្រ នៅពេលដែលតំណាងរាស្ត្រមិនចូលទៅឆ្លើយបំភ្លឺតាមសំណើរបស់ព្រះរាជអាជ្ញានោះឡើយបាទ។ មិនមែនតែ កឹម សុខា ទេ តំណាងរាស្ត្រគ្រប់រូបបាទ»។
ថ្វីបើលោក សុខ សំអឿន មេធាវីសិទ្ធិមនុស្សល្បីឈ្មោះ យល់ស្របនឹងការយល់ឃើញរបស់លោក សុន ឆ័យ ក៏ដោយ ក៏អ្នកជំនាញខាងច្បាប់រូបនេះនិយាយថា អភ័យឯកសិទ្ធិរបស់លោក កឹម សុខា មិនអាចការពារលោកបាន១០០%ទេ ហើយច្បាប់នៅកម្ពុជាប្រែប្រួលទៅតាមការបកស្រាយ។
លោក សុខ សំអឿន ថ្លែងថា៖ «អាហ្នឹងស៊ីសងលើគេបកស្រាយទេ ព្រោះឥឡូវ អភ័យឯកសិទ្ធិអត់មានប្រយោជន៍អីផង! ដូច អ៊ុំ សំអាន មានអភ័យឯកសិទ្ធិ នៅតែជាប់គុកដដែលហ្នឹង»។
កាលពីសប្តាហ៍មុន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ១០នាក់បានសរសេរលិខិតកោះហៅលោក អង់ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទៅបំភ្លឺនៅរដ្ឋសភាអំពីតួនាទីតំណាងរាស្ត្រ ដែលឆ្លុះបញ្ចាំងអំពីភាពអសកម្មរបស់រដ្ឋាភិបាល អំពីគោលការណ៍ច្បាប់ គោលនយោបាយព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការឃុំខ្លួនបណ្តោះអាសន្ន និងសំណួរផ្សេងទៀត ទាក់ទងនឹងការកោះហៅ ការឃុំខ្លួនតំណាងរាស្ត្រដែលនៅមានអភ័យឯកសិទ្ធិ។
លោក សុន ឆ័យ បានឲ្យដឹងថា មានសំណួរជាច្រើនទៀតទាក់ទងនឹងអំណាចរបស់ក្រសួងយុត្តិធម៌ ការអនុវត្តរបស់អង្គភាពប្រឆាំងអំពើពុករលួយរួមនឹងតុលាការ។
«មានសំណួរដែរ ទាក់ទងនឹងអំណាចរបស់ព្រះរាជអាជ្ញាក្នុងការកោះហៅតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិហ្នឹងទៅសួរនាំ»។
ទោះជាយ៉ាងណាក៏ដោយ កាលបរិច្ឆេទដែលលោក អង់ វង្សវឌ្ឍនា ទៅឆ្លើយបំភ្លឺនៅសភានោះមិនទាន់បានកំណត់នៅឡើយទេ។
មានការបកស្រាយខុសគ្នាអំពីអភ័យឯកសិទ្ធិតំណាងរាស្ត្រ ជាពិសេសទាក់ទងនឹងការសម្រេចឃុំខ្លួនលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី។
អភ័យឯកសិទ្ធិតំណាងរាស្ត្រ គឺជាអំណាចស្របច្បាប់ការពារតំណាងរាស្ត្រ។ បើតាមការបកស្រាយ ទីមួយ តុលាការត្រូវសុំការយល់ព្រមពីសំឡេង៣/៤នៃសមាជិកសភាទាំងមូលដើម្បីកោះហៅ ចោទប្រកាន់ ឬឃុំឃាំងតំណាងរាស្ត្រ។ ផ្ទុយទៅវិញ មតិមួយទៀតយល់ថា តំណាងរាស្ត្រត្រូវរកសំឡេង៣/៤នៃសមាជិកសភាទាំងមូល ដើម្បីការពារអភ័យឯកសិទ្ធិខ្លួនឲ្យរួចពីការកោះហៅ ការចោទប្រកាន់ ឬការឃុំឃាំងរបស់តុលាការ។
ដូច្នេះ បើតាមការបកស្រាយទីពីរនេះ លោក អ៊ុំ សំអាន និងលោក ហុង សុខហួរ ត្រូវមានសំឡេងគាំទ្ររបស់សមាជិកសភាគណបក្សប្រជាជនកម្ពុជា ដើម្បីរួចពីការចោទប្រកាន់។ តែតាមទស្សនៈទីមួយ តុលាការត្រូវមានសំឡេងយល់ព្រមពីសមាជិកសភាគណបក្សសង្គ្រោះជាតិ ទើបអាចធ្វើការចោទប្រកាន់លោកទាំងពីរបាន។
លោក សុខ សំអឿន អ្នកជំនាញខាងច្បាប់ និងជាមេធាវីល្បីឈ្មោះបានប្រាប់ VOA ថា ការបកស្រាយច្បាប់នៅប្រទេសកម្ពុជាមានភាពចម្រូងចម្រាសគ្នា ហើយលោកក៏មិនសូវយល់ដែរ។
លោក សុខ សំអឿន ពន្យល់ថា៖ «ដល់អញ្ចឹងអង្វេងដែរ។ សភាជាអ្នកធ្វើច្បាប់ ដល់គេបកស្រាយអញ្ចឹង មិនដឹងធ្វើម៉េច! ប៉ុន្តែគ្រាន់តែយើងយល់ថា ម៉េចទៅហៅថា អភ័យឯកសិទ្ធិ មិនអញ្ចឹង? គឺការពារកុំឲ្យឃាត់ខ្លួន កុំឲ្យចាប់ខ្លួន កុំឲ្យឃុំខ្លួន កុំឲ្យចោទប្រកាន់ មិនអញ្ចឹង។ បើមានអភ័យឯកសិទ្ធិហើយ ឃុំខ្លួនក៏បាន ចោទប្រកាន់ក៏បាន។ អាហ្នឹងទៅជាអភ័យឯកសិទ្ធិស្រុកខ្មែរ វាមានន័យអញ្ចឹង។ មានន័យដូចអត់មានអញ្ចឹង មានដូចអត់មានអញ្ចឹង»។
លោក សុខ សំអឿន យល់ថា ការតម្រូវឲ្យមានសំឡេងសមាជិកសភា៣/៤ ដើម្បីការពារតំណាងរាស្ត្រពីការចោទប្រកាន់ ការឃុំឃាំងនោះគឺសម្រាប់តំណាងរាស្ត្រដែលត្រូវបាត់បង់អភ័យឯកសិទ្ធិរួចហើយ។
ក្រៅពីលោក កឹម សុខា តុលាការភ្នំពេញក៏បានកោះហៅតំណាងរាស្ត្រពីររូបទៀតរបស់គណបក្សសង្គ្រោះជាតិ គឺលោក តុប វ៉ាន់ចាន់ និងលោក ពិន រតនា ឱ្យចូលបំភ្លឺនៅថ្ងៃទី១៦ ខែឧសភា ខាងមុខនេះ ពាក់ព័ន្ធនឹងសំណុំរឿងរបស់នាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ ជាមួយគ្នានេះ តុលាការក៏បានចេញដីកាមួយផ្សេងទៀតកោះហៅលោក កឹម សុខា ឱ្យចូលបំភ្លឺនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ផងដែរ ក្រោមការចោទប្រកាន់ពីបទសញ្ចារកម្ម៕