លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថា ធ្វើឲ្យ​បរិយាកាស​នយោបាយ​តានតឹង ដើម្បី​បន្ត​កាន់​អំណាច

រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ថ្លែងក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន AFP នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។

អតីត​មេដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថា​ បន្ត​ធ្វើ​ឲ្យ​បរិយាកាស​នយោបាយ​កាន់​តែ​តាន​តឹង​ ដើម្បី​លោក​អាច​បន្ត​កាន់​អំណាច។ ប៉ុន្តែ​សារ​ចោទ​ប្រកាន់​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​ច្រាន​ចោល។

លោក សម រង្ស៊ី ដែល​ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២៥​ឆ្នាំ និង​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​មួយ​ចំនួនទៀត បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ដោយ​និយាយ​ពី​បរិយាកាស​នយោបាយ​តាន​តឹង​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​ការ​ដែល​លោក​មិន​អាច​ផ្ទេរ​តំណែង​ទៅ​កូន​ប្រុស​របស់​លោក​បាន​នៅ​ពេល​នេះ។

លោក សម រង្ស៊ី បញ្ជាក់​ក្នុង​សំណេរ​ដើមថា៖ «ដើម្បី​ឲ្យ​ការ​ផ្ទេរ​តំណែង​ ឲ្យ​ទៅ​កូន​គាត់ អាច​ធ្វើ​ទៅ​បាន​យ៉ាង​រលូន​ ហើយ​ចៀស​វាង​គ្រោះ​ថ្នាក់ ដែល​អាច​ធ្វើ​ឲ្យ​[លោក] ហ៊ុន សែន បាត់ បង់​អំណាច​ទាំង​ស្រុង​តែ​ម្តង ត្រូវ​តែ​មាន​បរិយា​កាស​នយោបាយ​មួយ​ដ៏​ត្រជាក់។ គេ​មិន​ដែល​ប្តូរ​ទូក​កណ្តាល​ទន្លេ ពេល​ដែល​មាន​ខ្យល់​ព្យុះ​នោះ​ទេ»។

បន្ថែម​ពី​នេះ លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​លោក ហ៊ុន សែន ថា​ ធ្វើ​ឲ្យ​បរិយាកាស​នយោបាយ​តាន​តឹង ដើម្បី​លោក​អាច​នៅ​បន្ត​អំណាច​របស់​លោក​ទៀត ដែល​ពេល​នេះ​មាន​រយៈពេល​៣៦​ឆ្នាំ​មក​ហើយ ដែល​លោក​ដឹកនាំ​ប្រទេស​កម្ពុជា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងអំឡុងពិធីប្រគល់-ទទួល«ពហុកីឡដ្ឋានមរតកតេជោ» ដែលជាជំនួយឥតសំណងរបស់ចិន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១។

លោក សម រង្ស៊ី ​បន្ត​ថា៖ «[លោក] ហ៊ុន សែន​ ត្រូវ​ការ​បង្កើត​ឲ្យ​មាន​សភាពការណ៍​តាន​តឹង ប្រកប​ដោយ​ការ​គំរាម​កំហែង និង​អំពើ​ហិង្សា​ ដើម្បី​ក្រាញ​អំណាច។ ការ​គំរាម​កំហែង​របស់​គាត់ មិន​មែន​គ្រាន់​តែ​សំដៅ​ទៅ​គណបក្ស​ប្រឆាំង​ទេ តែ​សំដៅ​ទៅ​មន្រ្តី​ខ្លះ​ក្នុង​ជួរ​គណ​បក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ ដែល​គាត់​សង្ស័យ​ថា​ មាន​ទំនាក់​ទំនង​ជាមួយ​គណ​បក្ស​សង្រ្គោះ​ជាតិ ក្នុង​គោល​បំណង​ទម្លាក់​គាត់​ពី​តំណែង។ មាន​គេ​ស្អប់ [លោក] ហ៊ុន សែន ច្រើន​ណាស់​ក្នុង​ជួរ​គណបក្ស​គាត់»។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​ព្រឹទ្ធសភា​មួយ​រូប បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក សម រង្ស៊ី ដែល​ថា​ មន្រ្តី​ថ្នាក់​ក្រោម​មិន​ពេញ​ចិត្ត​នឹង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ លោក​ចាត់​ទុក​ថា​ នេះ​ជា​«រឿង​ប្រឌិត​ទាំង​ស្រុង» ហើយ​មិន​មាន​ហេតុ​ផល​ណា​ដែល​មន្រ្តី​គណ​បក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​មាន​ទំនាក់​ទំនង​ ឬ​ចុះ​ចូល​ជាមួយគណ​បក្ស​សង្រ្គោះ​ជាតិ​ឡើយ។

លោក​ប្រាប់​វីអូអេ​ថា​៖ «អា​នេះ​ គ្រាន់​តែ​ជា​ពាក្យ​និយាយ​លាប​ពណ៌ ដើម្បី​បំបែក​បំបាក់​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​ហ្នឹង ឲ្យ​មាន​ការ​សង្ស័យ​គ្នា​តែ​ប៉ុណ្ណឹង​ទេ។ តែ​តាម​ពិត​ សភាពការណ៍​ហ្នឹង​ អត់​មាន​ជា​ដាច់​ខាត»។

លោក សុខ ឥសាន បន្ថែម​ថា ​សារ​របស់​លោក សម រង្ស៊ី មាន​ចរិត​លក្ខណៈ​ញុះញង់ និង​បំភ្លៃ​ការ​ពិត។ លោក​បញ្ជាក់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​តែង​តែ​រក្សា​បរិយាកាស​នយោបាយ​ល្អ និង​ធានា​សន្តិសុខ​ដល់​ប្រជា​ពលរដ្ឋ។

លោក​ថ្លែង​ថា៖ «ដូច្នេះ​ហើយ​ទណ្ឌិត មេ​ឧទ្ទាម​ក្រៅ​ច្បាប់ ដែល​កំពុង​រត់​ចោល​ស្រុក​នេះ យើង​ឃើញ​ថា​ និយាយ​ផ្ទុយ​ពី​ការ​ពិត​ជាក់​ស្តែង។ អញ្ចឹង​ ជា​គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន។ អត់​មាន​បាន​ធ្វើ​ឲ្យ​សភាព​ការណ៍​ក្តៅ​ទេ។ តែ​ផ្ទុយ​ទៅ​វិញ មាន​តែ​ក្រុម​ឧទា្ទម​ក្រៅ​ច្បាប់​ទេ ដែល​ប្រើ​ទាំង​ពាក្យ​សម្តី​ទាំង​សកម្ម​ភាព ធ្វើ​ឲ្យ​សភាព​ការណ៍​ក្តៅ​ ដើម្បី​ធ្វើ​ម៉េច​ក្រឡុក​សភាពការណ៍»។

លោក ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា សុំ​មិន​បញ្ចេញ​យោបល់​ពាក់ព័ន្ធ​នឹង​ការបង្ហោះ​សារ​របស់​លោក​ សម រង្ស៊ី ដោយ​លើកឡើង​ថា​ លោក​មិន​ឆ្លើយ​ឆ្លង​ជាមួយ​នឹង​លោក សម រង្ស៊ី​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ទណ្ឌិត​នោះ​ទេ។

លោកថ្លែង​ថា៖ «ដូច​ខ្ញុំ​បាន​ជម្រាប​ជូន​អញ្ចឹង ខ្ញុំ​អត់​ឆ្លង​ឆ្លើយ​ជាមួយ​គាត់។ គាត់​លើក​ម៉េច​លើក​ទៅ។ គាត់​ជា​ទណ្ឌិត​រួច​ស្រេច​ទៅ​ហើយ​បាទ គឺ​ជា​មនុស្ស​ក្រៅ​ច្បាប់​រួច​ស្រេច​ទៅ​ហើយ»។

លោក សេង សារី អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ជា​ទូទៅ ការ​បង្កើត​បញ្ហា​តាន​តឹង ជា​មធ្យោបាយ​មួយ​របស់​រដ្ឋា​ភិបាល​ផ្តាច់ការ ដើម្បី​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សាធារណជន​ពី​រឿងលម្ហ​នយោបាយ​ដែល​កំពុង​មាន​ការ​រឹតត្បិត។

លោកថ្លែង​ថា៖ «របៀប​របប​ដឹក​នាំ​របៀប​ហ្នឹង ​មិន​មែន​តែ​នៅ​កម្ពុជា​ទេ។ ប្រទេស​ដែល​មាន​របៀប​របប​តាម​បែប​ផ្តាច់ការ​ហ្នឹង គឺ​តែង​តែ​ធ្វើ​ម៉េច​កម្តៅ​បញ្ហា​ ឲ្យ​បញ្ហា​ហ្នឹង វា​កើត​ឡើង​ បញ្ហា​សង្គម​កាន់​តែ​ច្រើន អ​សនិ្ត​សុខ​ផ្លូវ​ចិត្ត វិសម​ភាព​សង្គម អំពើ​អ​យុត្តិធម៌​កើត​ឡើង​ជា​ច្រើន​ហ្នឹង គឺ​ធ្វើ​ម៉េច​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ហ្នឹង​ចាប់​អារម្មណ៍​ពី​កិច្ច​ការងារ​នយោបាយ​ហ្នឹងឯង»។

លោក​បន្ត​ថា​ ការ​វិល​ត្រឡប់​មក​វិញ​នៃ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​អាច​ជា​ផ្នែក​មួយ​ជំរុញ​នូវ​លម្ហ​នយោ​បាយ​នៅ​កម្ពុជា នៅ​តែ​ជួប​ការ​លំបាក ដោយ​សារ​តែ​គណ​បក្ស​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា«ការ​គំរាម​កំហែង​»ដល់​ការ​បន្ត​កាន់​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បន្ថែម​ថា​ វា​អាច​មាន​លទ្ធ​ភាព​ច្រើន​ដែល​កម្ពុជាបន្តស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ដោយ​ឯក​បក្ស បើ​ទោះ​បី​ជា​មាន​សម្ពាធ​ពី​បស្ចិម​ប្រទេស​ឲ្យ​មាន​ការ​កែប្រែ​លម្ហ​ប្រជាធិប​តេយ្យ​ក៏​ដោយ។

គួរ​បញ្ជាក់​ថា ​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​តុលា​ការ​កំពូល​រំលាយ​ចោល កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០​១៧។ ការ​រំលាយ​បក្ស​ជំទាស់​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​គណបក្ស​នេះ​ បង្ហាញ​សន្ទុះ​កំណើន​ប្រជា​ប្រិយ​ភាព​បន្ថែម​ទៀត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧។ ក្រុម​មន្ត្រី​និង​តំណាង​រាស្ត្រ​ជាច្រើ​ន​រូប​របស់​គណ​បក្សនេះ បាន​ចាក​ចេញ​ពី​ប្រទេស​ ដោយ​បារម្ភ​ពី​ការ​យាយី​ខាង​ផ្លូវ​ច្បាប់​មក​លើ​ពួក​គេ៕