មេដឹកនាំ​គណបក្ស​ប្រឆាំង​សន្យា​ត្រឡប់​ទៅ​កម្ពុជា​វិញ​មុន​ថ្ងៃ​បោះឆ្នោត

  • Robert Carmichael

លោក សម រង្ស៊ី​ ដែល​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​នោះ ធ្លាប់​បាន​និយាយ​ពី​មុន​មក​ថា លោក​នឹង​ត្រឡប់​ទៅ​កម្ពុជា​វិញ ប៉ុន្តែ​មិន​បាន​វិល​ត្រឡប់​ដូច​ការ​និយាយ​របស់​លោក​ទេ។

ភ្នំពេញ៖ មេដឹកនាំ​គណបក្ស​ប្រឆាំង​និរទេស​ខ្លួន លោក សម​រង្ស៊ី ថ្លែង​ថា​លោក​នឹង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​មុន​ការបោះឆ្នោត​ទូទាំង​ប្រទេស នៅ​ថ្ងៃ​ទី​២៨​កក្កដា​ដែ​ល​មាន​ការ​ប្រណាំង​ប្រជែង​គ្នា​យ៉ាងក្តៅ​គគុក​នោះ។ គ្រា​ដែល​លោក​នៅ​មាន​ទោស​ជាប់​ពន្ធនាគារ​ចំនួន​១១​ឆ្នាំ​នៅ​ឡើយ គេ​មិន​ដឹង​ថា​តើ នឹង​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​លោក រង្ស៊ី​ទេ បើ​សិន​ជា​លោក​ត្រឡប់​ទៅ​វិញ​នោះ។

សេចក្តី​ប្រកាស​របស់​លោក​ សម រង្ស៊ី កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ថា ការវិល​ត្រឡប់​របស់​លោក​ទៅ​ប្រទេស​កម្ពុជា​វិញ​ច្បាស់​ជា​នឹង​នាំ​ឲ្យអ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ សប្បាយ​រីក​រាយយ៉ាង​ខ្លាំង។ គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​ប្រឆាំង​ចម្រុះ​ដែល​បាន​បង្រួប​បង្រួម​គ្នា​ដើម្បី​ប្រណាំង​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​នេះ។

ការប្រកាស​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​នេះ ជា​បញ្ហា​មួយ​សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​មេដឹកនាំ​ផ្តាច់ការ​កាន់​អំណាច​ជា​យូរ​មក​ហើយ ពី​ព្រោះ​រឿង​នេះ​កើត​ឡើង​នៅ​ចំ​ពេល​មួយ​ដែល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​មើល​យ៉ាង​ខ្លាំង​នោះ។ នៅ​ថ្ងៃអង្គារ​នេះ សភា​សរអា​នឹង​ធ្វើ​សវនាការ​មួយ ពិនិត្យ​មើល​ស្ថានការណ៍​នយោបាយ​ដែល​មាន​ការរឹតត្បិត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក សម រង្ស៊ី​ ដែល​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​នោះ ធ្លាប់​បាន​និយាយ​ពី​មុន​មក​ថា លោក​នឹង​ត្រឡប់​ទៅ​កម្ពុជា​វិញ ប៉ុន្តែ​មិន​បាន​វិល​ត្រឡប់​ដូច​ការ​និយាយ​របស់​លោក​ទេ។ អ្នកវិភាគ​នយោបាយ លោក​ស្រី ជា វណ្ណាត ជឿ​ថា លើក​នេះ​មិន​ដូច​ពី​លើក​មុនៗ​ទេ។

«លើក​នេះ​ហាក់ដូចជា​មិន​មែន​គ្រាន់​តែ​ជា​ការ​និយាយ​ទេ។ លោក​ធ្លាប់​និយាយ​ថា លោក​នឹង​វិល​ត្រឡប់​មក​វិញ ប៉ុន្តែ​មិន​ដែល​បាន​ធ្វើ​ដូច​ការ​និយាយ​សោះ។ ប៉ុន្តែ​លើក​នេះ ជា​កាលៈទេសៈ​ខុស​ពី​មុន ដូច្នេះ​លោក​ប្រហែល​ជា​វិលត្រឡប់​មក​វិញ​មែន»។

ក្នុង​ចំណោម​កាលៈទេសៈ​ដែល​លោកស្រី​សម្គាល់​នោះ មាន​រួម​ទាំង​ការកើន​ចំនួន​នៃ​អ្នក​បោះឆ្នោត​វ័យ​ក្មេង​ដែល​មាន​និស្ស័យ​ជាមួយ​គណបក្ស​ប្រឆាំង ហើយ​នឹង​សុទិដ្ឋិនិយម​ដែល​ថា​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការបោះឆ្នោត។ ការគាប​សង្កត់​ពី​សំណាក់​អន្តរជាតិ​ក៏​បាន​ជួយ​ដែរ។

លោក​ សម រង្ស៊ី​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ ២០០៩ មុន​ករណី​តុលាការ​ពីរ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន​មិន​ច្បាស់លាស់​ជាមួយ​ប្រទេស​វៀតណាម។

តុលាការ​បាន​កាត់ទោស​លោក សម រង្ស៊ី​ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំ ក្នុង​បទ​ដក​តម្រុយ​បង្គោល​ព្រំដែន​បណ្តោះ​អាសន្ន និង​ចំនួន​៩​ឆ្នាំ​ថែម​ទៀត ក្នុង​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ក្រោយ​ពី​លោក​បាន​បង្ហាញ​ផែនទី​មួយ ដែល​រដ្ឋាភិបាល​បាន​និយាយ​ថា មាន​ព្រំដែន​ខុស។

ទោស​ជាប់​ពន្ធនាគារ​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា ជា​កិច្ចប្រឹង​ប្រែង​យ៉ាងឆ្គាំឆ្គង​មួយ​ដើម្បី​ប្រើប្រាស់​តុលាការ ដើម្បី​រារាំង​ដល់​គូ​ប្រជែង​លោក ហ៊ុន សែន ដ៏​មាន​ប្រសិទ្ធិភាព​ម្នាក់។

លោក​រង្ស៊ី​ថែម​ទាំង​ត្រូវ​គេ​ដក​អភ័យ​ឯក​សិទ្ធិ​សមាជិក​សភា​របស់​លោក ហើយ​ថែម​ទាំង​បាន​ហាម​ឃាត់​មិន​ឲ្យ​ឈរ​ឈ្មោះ​នៅ​ក្នុង​ការ​បោះ​ឆ្នោតទៀត​ផង។

លោក​រង្ស៊ី​បាន​ថ្លែង​នៅ​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ថា ការវិល​ត្រឡប់​របស់​លោក​ទៅ​កម្ពុជា​វិញ​នឹង​ធ្វើ​ការ​សាក​ល្បង​មើល​នូវ​ការ​អះ​អាង​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ថា​ការ​បោះ​ឆ្នោត​នឹង​ធ្វើ​ឡើង​ដោយ​សេរី​និង​យុត្តិធ៌ម​នោះ។

រដ្ឋាភិបាល​កម្ពុជា​នៅ​តែប្រកាន់​ថា ខ្លួន​ស្វាគម​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក​រង្ស៊ី។ ក៏​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោក​រំពឹង​ថា​តុលាការ​នឹង​អនុវត្ត​ការទទួល​ខុសត្រូវ​របស់​ខ្លួន និយាយ​ឲ្យ​ចំ​ទៅ​គឺ​ថា​លោក​រង្ស៊ី​នឹង​ត្រូវ​ចាប់​ខ្លួន ហើយ​ត្រូវ​ជាប់​ពន្ធនាគារ។

ប៉ុន្តែ​ការចាប់​ខ្លួន​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​នឹង​ធ្វើ​ឲ្យ​ប្រឡាក់​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ ហើយ​នឹង​ធ្វើ​ឲ្យ​អាម៉ាស់​មុខ​ដល់​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ខ្លះ ដែល​ផ្តល់​ជំនួយ​ឲ្យ​កម្ពុជា​យ៉ាង​ច្រើន​ក្នុង​មួយ​ឆ្នាំៗ។

លោកស្រី ជា វណ្ណាត ថ្លែង​ថា ការចាប់​ខ្លួន​លោក​រង្ស៊ី អាច​ធ្វើ​ឲ្យ​លោក​រង្ស៊ី​ក្លាយជា​ទុក្ករបុគ្គល។ លោកស្រី​ជឿ​ថា​អាច​មាន​ដំណោះស្រាយ​មិន​ឲ្យ​បាក់​មុខ​មួយ ដែល​ព្រះ​មហាក្សត្រ​សីហមុនី អាច​ជួយ​ជ្រោមជ្រែង​បាន។

លោកស្រី​ចង្អុល​ឲ្យ​ឃើញ​នូវ​ដំណោះស្រាយ​ដែល ព្រះ​បរមរតនកោដ្ឋ បាន​ជួយ​ជ្រោមជ្រែង​នៅ​ពេល​ដែល​ព្រះអង្គ​នៅ​សោយរាជ្យ​ក្នុង​អម្លុង​ទសវត្សរ៍​១៩៩០។

«អាច​ធ្វើ​ទៅ​រួច បើ​សិន​ជា​មាន​ការ​សម្រប​សម្រួល​ដែលមាន​ការ​ចុះ​ពី​លើ​យន្ត​ហោះ​ហើយ​ទៅ​ពន្ធនាគារ។ ហើយ​បន្ទាប់​ពី​នោះ​មក នឹង​មាន​ការ​សម្រប​សម្រួល​មួយ​ទៀត​នៅ​កន្លែង​ណា​មួយ»។

លោក​ស្រី​ថ្លែង​ថា ការ​ធ្វើ​បែប​នេះ​ជា​ដំណោះ​ស្រាយ​មួយ​ដែល​មាន​ប្រយោជន៍​ទាំង​សង្ខាង ទោះ​ជា​នាំ​ឲ្យ​លោក រង្ស៊ី​ចូល​ពន្ធនាគារ​តែ​ប៉ុន្មាន​ម៉ោង​ក៏​ដោយ។ ហើយ​ត្រូវ​មាន​សំណង​អ្វី​មួយ ហើយ​ក្រោយ​មក​គេ​អាច​ប្រើ​ប្រាស់​នូវ​ការ​លើក​លែង​ទោស​មួយ​ពី​សំណាក់​ព្រះ​មហាក្សត្រ។

«នេះ​ជា​លទ្ធភាព​មួយ។ ហើយ​ការ​ធ្វើ​បែប​នេះ​ផ្តល់​សារៈ​សំខាន់​ច្រើន​ជាង​ទៅ​លើ​តួនាទី​របស់​ព្រះ​មហាក្សត្រ ជា​ជាង​ទៅ​លើ​សហគមន៍​អន្តរជាតិ ពីព្រោះ​លោក​នាយក​រដ្ឋមន្ត្រី មាន​ការ​ហ្មួរហ្មង​ច្រើន បើសិនជា​អ្នកណា​ម្នាក់​និយាយ​ថា លោក​ធ្វើ​អ្វី​មួយ​ដោយសារ​ការដាក់​សំពាធ​អន្តរជាតិ​នោះ។ លោក​មាន​អារម្មណ៍​ថា កម្ពុជា​ជា​ប្រទេស​មាន​អធិបតេយ្យភាព​មួយ មិន​មែន​ស្ថិត​នៅ​ក្រោម​សំពាធ​របស់​ប្រទេស​ណា​មួយ​ទេ។ ដូច្នេះ​ព្រះ​មហាក្សត្រ មាន​ភាព​សម​ស្រប​ច្រើន​ជាង​សហគមន៍​អន្តរជាតិ​ខ្លាំង​ណាស់»។

គណបក្ស​ប្រឆាំង​មាន​សុទិដ្ឋិនិយម​ថា​លោក​ សម រង្ស៊ី នឹង​វិល​ត្រឡប់​មក​វិញ​នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត ហើយ​ថា​វត្តមាន​របស់​លោក​នឹង​ជួយ​លើក​ស្ទួយ​ដល់​លទ្ធភាពឈ្នះ​ឆ្នោត​របស់​ពួកគេ។ ក៏​ប៉ុន្តែបើ​សិនជា​លោក​ផ្លាស់ប្តូរ​គំនិត​របស់​លោក​វិញ លោកស្រី ជា វណ្ណាត ​ថ្លែង​ថាអ្នក​គាំ​ទ្រ​របស់​លោក​ជា​ច្រើន នឹង​មាន​ការ​ខក​ចិត្ត ហើយ​ឆ្នាំ​២០១៣ អាច​ជា​ឆ្នាំ​ដែល​បញ្ចប់​នូវ​អាជីព​នយោបាយ ដ៏​យូរ​អង្វែង​របស់​លោក៕

ប្រែសម្រួល​ដោយ ប៉ូច រាសី