អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលត្រូវទៅបោះឆ្នោតគូសសន្លឹកឆ្នោតចោល ដោយសារអវត្តមានគណបក្សភ្លើងទៀន ដែលជាគណបក្សជំទាស់ដ៏ធំក្នុងប្រទេសកម្ពុជា។
លោក សម រង្ស៊ី បានអះអាងថា ការផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការកែច្បាប់បោះឆ្នោត ដើម្បីកំហិតសិទ្ធិមន្រ្តីគណបក្សជំទាស់ក្នុងការឈរឈ្មោះ ប្រសិនបើមិនទៅបោះឆ្នោត គឺដោយសារគណបក្សកាន់អំណាចចង់បានប្រជាពលរដ្ឋចេញទៅបោះឆ្នោតច្រើន នាថ្ងៃទី២៣ ខែកក្កដាខាងមុខ។
លោក សម រង្ស៊ី លើកឡើងបែបនេះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក កាលពីថ្ងៃអង្គារ។
លោក សម រង្ស៊ី ដែលនិរទេសខ្លួនទៅក្រៅប្រទេសតាំងពីឆ្នាំ២០១៥ សរសេរថា៖ «ហ៊ុន សែន កំពុងតែជំរុញច្បាប់ថ្មីមួយ ដើម្បីបង្ខំពលរដ្ឋ ឱ្យទៅបោះឆ្នោតគ្រប់គ្នា។ ច្បាប់ថ្មីនេះបង្ហាញពីការភ័យខ្លាចរបស់ ហ៊ុន សែន ចំពោះចលនាពហិការ មិនចូលរួមក្នុងការបោះឆ្នោត ថ្ងៃ ២៣ កក្កដា ខាងមុខ។
ចលនាពហិការក្នុងទ្រង់ទ្រាយធំនេះបណ្តាលមកពីការរារាំង មិនឱ្យគណបក្សភ្លើងទៀន ចូលរួមក្នុងការបោះឆ្នោត ទោះជាគណបក្សភ្លើងទៀននេះ ជាគណបក្សប្រឆាំងតែមួយគត់ ដែលប្រជាពលរដ្ឋអាចជឿទុកចិត្តបាន»។
លោក សម រង្ស៊ី បន្ថែមថា៖ «ចលនាពហិការដ៏ធំបែបនេះជាការបង្ហាញពីកម្លាំងរបស់គណបក្សប្រឆាំងដែលនឹងធ្វើឱ្យខូចខាតដល់ភាពស្របច្បាប់នៃរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោត។ ហ៊ុន សែន ចង់ឱ្យកូនគាត់ ហ៊ុន ម៉ាណែត មកដឹកនាំរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោត តែផែនការនេះ មិនអាចទៅរួចទេ បើការបោះឆ្នោតត្រូវសហគមន៍អន្តរជាតិពេបជ្រាយ ដោយសារតែជោគជ័យនៃចលនាពហិការ មិនចូលរួមក្នុងការបោះឆ្នោត»។
បើតាមលោក សម រង្ស៊ី សេណារីយ៉ូ បែបនេះ«ធ្វើឱ្យហ៊ុន សែន ព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះបើ ហ៊ុន ម៉ាណែត មិនអាចមកជំនួសគាត់បានទេ គាត់នឹងបាត់បង់និទណ្ឌភាព ដែលធ្វើឱ្យគាត់រួចទោសពីបទឧក្រិដ្ឋរាប់មិនអស់ ដែលគាត់បានប្រព្រឹត្ត។ យ៉ាងដូច្នេះហើយបានជា ហ៊ុន សែន ខំជំរុញច្បាប់ថ្មី បង្ខំពលរដ្ឋគ្រប់រូប ទៅបោះឆ្នោត»។
លោក សម រង្ស៊ី ឱ្យដឹងទៀតថា គណបក្សប្រឆាំង អាចប្រើវិធីសាស្ត្រមួយទៀត ដើម្បីបង្ហាញពីកម្លាំងរបស់ខ្លួន គឺស្នើឱ្យប្រជាពលរដ្ឋ ដែលទៅបោះឆ្នោត គូសចោលសន្លឹកឆ្នោត មុនដាក់ចូលក្នុងហិបឆ្នោត។
នៅក្នុងបទសម្ភាសន៍ជាវីដេអូមួយដែលបង្ហោះនៅលើហ្វេសប៊ុក លោក សម រង្ស៊ី បានថ្លែងថា៖ «កាលៈទេសៈបែបហ្នឹង ដោយសារយើងមិនឃើញគណបក្សដែលយើងស្រឡាញ់នៅលើសន្លឹកឆ្នោត យើងគូសចោល គូសចោលទាំងអស់ ហ្នឹងគឺមានន័យ។ ការបោះឆ្នោតដែលមានន័យថាជាប្រតិកម្មរបស់ពលរដ្ឋថា ការបោះឆ្នោតហ្នឹង បោះឆ្នោតក្លែងក្លាយ អត់មានឈ្មោះគណបក្សដែលខ្ញុំស្រឡាញ់ មានតែគណបក្សប៉ុន្មានដែលខ្ញុំមិនស្រឡាញ់»។
ព័ត៌មានទាក់ទង៖ លោក ហ៊ុន សែន ស្នើឲ្យកែច្បាប់បោះឆ្នោត ដើម្បីកំហិតសិទ្ធិឈរឈ្មោះរបស់មន្រ្តីគណបក្សជំទាស់ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កាលពីព្រឹកថ្ងៃពុធនេះ លោក ហ៊ុន សែន ក៏បានប្រតិកម្មទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី ដោយថា អ្នកដែលអុកឡុកដំណើរការបោះឆ្នោតនឹងជាប់ពន្ធនាគារឬក៏ត្រូវផាកពិន័យជាប្រាក់ចាប់ពី៥លានរៀលទៅ២០លានរៀល ទៅតាមសេចក្តីព្រាងច្បាប់ថ្មីស្តីពីការបោះឆ្នោត ដែលលោកកំពុងស្នើឱ្យកែប្រែ ដើម្បីដាក់គំនាបទៅលើសមាជិកគណបក្សជំទាស់ដែលមិនទៅបោះឆ្នោត។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «អ៊ីចឹងលោកឯងព្រហើនទៀតទៅ! កាន់តែរើកាន់តែដូចត្រីជាប់ជុច។ ឥឡូវវាព្រហើន ស្រែកមកទៀតហើយវាថាឱ្យចូលទៅដើម្បីគូសបំផ្លាញសន្លឹកឆ្នោត។ អ៊ីចឹងអាហ្អែងចាំមើលទៅ! ចាំមើលជាប់គុកប៉ុន្មាន? ហើយចាំមើលបង់ផាកប៉ុន្មាន? ហ្អែងបង្កអុកឡុកទៅ !សាកមើលទៅ!»
លោក ហ៊ុន សែន ក៏ព្រមានរំលាយគណបក្សជំទាស់ដែលលោកថាមានការបញ្ជាពីអ្នកនៅខាងក្រៅប្រទេសផងដែរ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា លើកឡើងថា ច្បាប់កម្ពុជាមិនមានចែងកំណត់ចំនួនអ្នកទៅបោះឆ្នោតប៉ុន្មានភាគរយ ទើបចាត់ទុកការបោះឆ្នោតបានការឬមិនបានការឡើយ។ លោកបន្តថាច្បាប់ក៏មិនចែងថាសន្លឹកឆ្នោតគូសចោលប៉ុន្មានភាគរយដែលធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតដែរ។
លោកបញ្ជាក់ថា៖ «បើទស្សនៈគាត់ថាមិនគូសឱ្យនរណា ក៏គូសចោល អាហ្នឹងសន្លឹកឆ្នោតចាត់ទុកជាបែបហ្នឹងទៅ។ វាមិនមានជះឥទ្ធិពលអីដល់លទ្ធផលនៃការបោះឆ្នោតឬក៏ដំណើរការនៃការបោះឆ្នោតទាំងមូលនោះទេ»។
បើតាមអ្នកនាំពាក្យរូបនេះ ស្ថាប័នរៀបចំការបោះឆ្នោតត្រៀមថវិកាចំនួនជាង៥០លានដុល្លារសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដែលមាន១៨គណបក្សចូលរួម ប៉ុន្តែមិនមានវត្តមានគណបក្សភ្លើងទៀនឡើយ។
អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ប្រាប់វីអូអេថា ការប្រកាសធ្វើវិសោធនកម្មច្បាប់នាពេលនេះ ជាការចងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋដែលចង់ធ្វើនយោបាយ ខណៈច្បាប់មិនតម្រូវឱ្យប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតឡើយ។
បើតាមអនុប្រធានគណបក្សរូបនេះ មកទល់ពេលនេះមិនទាន់ឃើញមានរូបភាពបែបណាមួយដែលបង្ខិតបង្ខំប្រជាពលរដ្ឋទៅបោះឆ្នោតឡើយ ប៉ុន្តែលោកឃើញថាមានការចែកអំណោយ ក៏ដូចជាថវិកាទៅប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ការចែកឱ្យសមាជិករបស់ខ្លួន វាមិនមែនជាចំណោទបញ្ហាទេ។ តែបើសិនជាពលរដ្ឋសុទ្ធសាធដែលមិនពាក់ព័ន្ធទៅនឹងសមាជិក អាហ្នឹងវាទៅជារឿងមួយខុសច្បាប់បោះឆ្នោត ដែលមានន័យថា អាចទិញទឹកចិត្ត អាចអីអ៊ីចឹងទៅ»។
លោក រ៉ុង ឈុន អះអាងថា អវត្តមានគណបក្សប្រឆាំងដែលអាចជាគូប្រជែង ប្រាកដណាស់ថាគណបក្សប្រជាជនកម្ពុជានឹងឈ្នះដាច់។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការបោះឆ្នោតនៃអង្គការខុមហ្វ្រែល(Comfrel) យល់ថា ការទៅបោះឆ្នោតតិចឬច្រើន អាស្រ័យលើប្រជាពលរដ្ឋដែលប្រើប្រាស់សិទ្ធិរបស់ពួកគេ។ លោកបន្ថែមថា បើសិនមានការគូសសន្លឹកឆ្នោតចោលច្រើន វាអាចបង្ហាញពីការមិនពេញចិត្តរបស់ប្រជាពលរដ្ឋឬក៏ការមិនយល់ដឹងរបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ប៉ុន្តែបើសិនជាគាត់ខូចដោយសារមានអីក្រៅពីការយល់ដឹងរបស់គាត់ហ្នឹងវាអាចជាសញ្ញាដែលប្រាប់ថា គាត់មិនពេញចិត្តឬក៏អីផ្សេងទៅ។ អ៊ីចឹងរឿងខូចនេះវាមានតាមសណ្ឋាន តាមការពិនិត្យមើលជាក់ស្តែង»។
កាលពីការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ ដែលអវត្តមានគណបក្សប្រឆាំងដ៏ធំ គឺអតីតគណបក្សសង្គ្រោះជាតិ សន្លឹកឆ្នោតមិនបានការមានប្រមាណ៦០ម៉ឺនសន្លឹក។ នេះបើយោងតាមទិន្នន័យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប។ អ្នកតាមដានមើលឃើញថា ប្រជាពលរដ្ឋខ្លះត្រូវបានបង្ខំឱ្យទៅបោះឆ្នោត ដោយសារបារម្ភការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងការរើសអើងនយោបាយ និងមិនធ្វើឯកសារសម្រាប់ប្រជាពលរដ្ឋ នៅពេលពួកគេត្រូវការ។
សម្រាប់មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងទាហាន ពួកគេត្រូវតែទៅបោះឆ្នោត ដើម្បីមានចង្អុលដៃជ្រលក់ថ្នាំ និងបង្ហាញថាពួកគេមិនប្រឆាំងនឹងគណបក្សកាន់អំណាចដែលចង់ឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានច្រើន ក្នុងគ្រាអវត្តមានគណបក្សភ្លើងទៀន៕