ការប៉ុនប៉ងរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដើម្បីដាក់សំណើសុំសុពលភាពលិខិតឆ្លងដែនសម្រាប់ធ្វើដំណើរវិលត្រឡប់ទៅប្រទេសកម្ពុជាវិញដើម្បីប្រឈមនឹងការប្តឹងផ្តល់នៅតុលាការ ហាក់មានភាពមិនច្បាស់លាស់នៅថ្ងៃអង្គារនេះ ដោយសារតែស្ថានទូតកម្ពុជានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានបិទទ្វារដោយមិនបានបញ្ជាក់មូលហេតុ។
នៅក្នុងសំណើ១ច្បាប់ដែលត្រូវបញ្ជូនទៅលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយត្រូវបានចែកចាយដល់អ្នកសារព័ត៌មាន គឺមានឈ្មោះថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សចំនួន១១រូប ដែលត្រូវការលិខិតឆ្លងដែនឡើងវិញដោយសារតែក្រសួងការបរទេសបានបញ្ចប់សុពលភាពកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលធ្វើឲ្យពួកគេ មិនអាចធ្វើដំណើរឆ្លងប្រទេសបាន។ ក្នុងចំណោមនេះ មានលោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរ ដែលជាអនុប្រធានគណបក្ស។
លោក អេង ឆៃអ៊ាង បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅមុខស្ថានទូតថា៖
«ពួកយើងខ្ញុំទាំងអស់គ្នាដែលត្រូវការលិខិតឆ្លងដែនដើម្បីធ្វើដំណើរព្រោះយើងជាប្រជាពលរដ្ឋខ្មែរយើងមានលិខិតឆ្លងដែនជាប្រជាពលរដ្ឋខ្មែរ ប៉ុន្តែលិខិតឆ្លងដែនរបស់យើងត្រូវបានក្រសួងការបរទេសជូនដំណឹងថា ត្រូវមោឃភាពកាលពីឆ្នាំទៅ។ អីចឹងឥឡូវនេះដើម្បីឲ្យយើងអាចធ្វើដំណើរទៅបានទាល់តែលិខិតឆ្លងដែនរបស់យើងមានសុពលភាពឡើងវិញ។ អីចឹងពួកយើងខ្ញុំ នឹងយកលិខិតនេះដើម្បីផ្ញើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេចស ខេងដើម្បី ឲ្យលោកផ្តល់សុពលភាពឡើងវិញ ហើយយើងផ្ញើតាមរយៈឯកអគ្គរាជទូតខ្មែរប្រចាំទីក្រុងវ៉ាស៊ីនតោនឌីស៊ី»។
ការព្យាយាមវិលត្រឡប់ទៅកម្ពុជាលើកនេះ គឺដោយសារសាលាដំបូងរាជធានីភ្នំពេញគ្រោងបើកសវនាការជំនុំជម្រះសំណុំរឿងឧបឃាតរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន ៩រូប ក្នុងនោះក៏មានលោក សម រង្ស៊ី ផងដែរ នៅថ្ងៃទី១១ វិច្ឆិកានេះ។ តុលាការក៏កោះហៅថ្នាក់ដឹកនាំនិងអតីតសកម្មជនចំនួន៥៩នាក់ដែលភាគច្រើន នៅក្រៅប្រទេសនោះ ឲ្យចូលរួមក្នុងសវនាការ ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៦ខែវិច្ឆិកាខាងមុខ ពាក់ព័ន្ធនឹងសំណុំរឿង «រួមគំនិតក្បត់» និង «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍»។
ប៉ុន្តែស្ថានទូតមិនបើកដំណើរការទេដោយដាក់ស្លាកថា«បិទ»នៅពេលដែលក្រុមមន្ត្រីទាំងនោះមកដល់ស្ថានទូតនៅម៉ោង១០:៣០ព្រឹកនិងរង់ចាំរហូតដល់ជិតម៉ោង១២ថ្ងៃត្រង់។
យោងតាមគេហទំព័ររបស់ស្ថានទូតគឺត្រូវបើកដំណើរការធម្មតានៅថ្ងៃអង្គារនេះលើកលែងតែថ្ងៃច័ន្ទទី៩ ខែវិច្ឆិកាដែលជាថ្ងៃបុណ្យឯករាជ្យជាតិកម្ពុជានិងថ្ងៃពុធទី១១ដែលជាទិវាអតីតយុទ្ធជននៅសហរដ្ឋអាមេរិក។
វីអូអេ បានទាក់ទងលោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជានៅរដ្ឋធានីវ៉ាស៊ីនតោនប៉ុន្តែលោកមិនទាន់ឆ្លើយតប។
យោងតាមមន្ត្រីប៉ូលិសនៃអង្គភាពការពារថ្នាក់ដឹកនាំ (Secret Service) របស់សហរដ្ឋអាមេរិកដែលបានមកសួរនាំក្រុមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិហើយវីអូអេបានឮការឆ្លើយឆ្លងគ្នាដោយផ្ទាល់គឺភ្នាក់ងារប៉ូលិសម្នាក់បានប្រាប់ថាខាងស្ថានទូតបានរាយការណ៍ឲ្យពួកគេជាមុនថាមានបាតុកម្មនៅខាងមុខស្ថានទូត។
អ្នកស្រី មូរ សុខហួរ បានបញ្ជាក់ថាគ្មានបាតុកម្មអ្វីទេក្រៅតែពីការដាក់លិខិតសំណើប៉ុណ្ណោះ៖
«យើងឆ្ងល់ថាថ្ងៃនេះអត់មានអ្វីដែលត្រូវបិទទ្វារទេហេតុអ្វី អីចឹងវាគួរតែក្រសួងកិច្ចការបរទេសនៅព្រះរាជាណាចក្រកម្ពុជាមកសួរខាងវ៉ាស៊ីនតោនឌីស៊ីវិញថាថ្ងៃហ្នឹងបិទទ្វារ មានហេតុមានផលអី?បើសិនជារដ្ឋាភិបាលលោកហ៊ុនសែនថាយើងមានសិទ្ធិស្មើគ្នាជាពលរដ្ឋខ្មែរអត់មានត្រូវការរើសអើងទេហើយអត់មានត្រូវការខ្លាចពលរដ្ឋខ្លួនឯងទេ។ តើនេះជាការខ្លាចពលរដ្ឋខ្លួនឯងឬយ៉ាងម៉េច ឬក៏មានការរើសអើងខាងផ្លូវនយោបាយ»។
បើទោះបីជាមិនបានដាក់លិខិតស្នើសុំដោយផ្ទាល់ប៉ុន្តែពួកគេបានដាក់ចូលក្នុងប្រអប់សំបុត្ររបស់ស្ថានទូតមុនចាកចេញមកវិញ។
លោក ឡុង រី អ្នកតំណាងរាស្ត្របានបញ្ជាក់ថ្លែងថាការស្វះស្វែងរកវិធីវិលត្រឡប់ទៅប្រទេសកម្ពុជាវិញនឹងបន្តទៀតដើម្បីចូលរួមសវនាការដោយផ្ទាល់៖
«យើងមានបំណងចង់ចូលរួម ចង់តទល់ក៏ប៉ុន្តែបើបិទយើងគ្រប់ច្រកល្ហក កប៉ាលហោះជិះមិនបានដីគោកក៏ទៅមិនកើត ដើរក៏ដើរមិនដល់យើងត្រូវធ្វើម៉េច? សូមទាំងអស់គ្នាជួយធ្វើសាក្សី។ ពួកខ្ញុំស្វាមីភក្តិចំពោះបញ្ហានេះហើយក៏ប៉ុន្តែត្រូវគិតកុំយកមធ្យោបាយនយោបាយមកប្រើប្រាស់ច្របូកច្របល់ឲ្យគេពិបាកតាមដាន។ ដូច្នេះពួកយើងនឹងខិតខំរកមធ្យោបាយធ្វើម៉េចទៅតទល់នឹងតុលាការទោះបីយើងដឹងថាតុលាការធ្វើអ្វី មិនត្រឹមត្រូវក៏ដោយក៏ប៉ុន្តែពួកយើងមានសិទ្ធិក្នុងការតវ៉ាស្របតាមរដ្ឋធម្មនុញ្ញដែលមានចែងក្នុងព្រះរាជាណាចក្រកម្ពុជា»។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលនៅក្រៅប្រទេសបានប៉ុនប៉ងមិនបានជោគជ័យម្តងហើយកាលពីខែវិច្ឆិកាឆ្នាំ២០១៩ដើម្បីវិលចូលប្រទេសវិញដោយអ្នកខ្លះបានចូលដល់ត្រឹមតែប្រទេសថៃនិងខ្លះទៀតរួមទាំងលោកសម រង្ស៊ីប្រធានស្តីទីគណបក្សបានទៅដល់ប្រទេសម៉ាឡេស៊ី។
មន្ត្រីនិងសកម្មជនគណបក្សប្រឆាំងនេះបានរត់ភៀសខ្លួនចេញក្រៅប្រទេសជាបន្តបន្ទាប់នៅមុននិងក្រោយពេលតុលាការកំពូលរំលាយគណបក្សនៅខែវិច្ឆិកាឆ្នាំ២០១៧ គឺមុនពេលរៀបចំការបោះឆ្នោតជាតិដែលគណបក្សនេះបានកើនប្រជាប្រិយ៍ភាពយ៉ាងរហ័យក្រោយពីការបញ្ចូលគ្នារវាងគណបក្សសិទ្ធិមនុស្សនិងគណបក្សសមរង្ស៊ី៕