អតីតអ្នកជំនួយការសន្តិសុខជាតិម្នាក់របស់សេតវិមាន បានបដិសេធកាលពីថ្ងៃចន្ទពុំផ្តល់សក្ខីកម្មនៅក្នុងការស៊ើបអង្កេតការប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែងដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យដែលដៅលើលោកប្រធានាធិបតីដូណាល់ ត្រាំ។
លោក Charles Kupperman ដែលបានបម្រើជាអនុទីប្រឹក្សាសន្តិសុខជាតិរបស់លោក John Bolton បានត្រូវកោះហៅដោយពួកសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្រ្តដើម្បីឆ្លើយសំណួរនៅក្នុងជំនួបដ៏សម្ងាត់អំពីព័ត៌មានដែលលោកមានអំពីថាតើលោកប្រធានាធិបតីត្រាំបានគៀបសង្កត់ប្រទេសអ៊ុយក្រែនឲ្យបើកការស៊ើបអង្កេតដើម្បីជួយលោកខាងនយោបាយដែរឬទេ។
លោក Kupperman បានស្តាប់ការនិយាយទូរស័ព្ទកាលពីថ្ងៃទី២៥ ខែកក្កដា ដែលក្នុងនោះលោកប្រធានាធិបតីត្រាំបានជំរុញឲ្យលោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែនជួយស៊ើបអង្កេតការទាក់ទិនណាមួយដែលអ៊ុយក្រែនមាននៅក្នុងការខំប្រឹងប្រែងដើម្បីផ្តួលលោកក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ ហើយនិងស៊ើបអង្កេត លោក Joe Biden អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកនិងជាគូប្រជែងដ៏សំខាន់ម្នាក់របស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០និងលោក Hunter Biden ដែលជាកូនប្រុសរបស់លោក Biden ដែលបានធ្វើជាសមាជិកក្រុមប្រឹក្សានាយករបស់ក្រុមហ៊ុន Burisma ដែលជាក្រុមហ៊ុនឧស័្មនរបស់អ៊ុយក្រែន។
ការនិយាយទូស័ព្ទដែលលោកប្រធានាធិបតីត្រាំ បានពណ៌នាថា «ជាការល្អបំផុតនោះ» ជាសាច់រឿងដ៏សំខាន់នៃការស៊ើបអង្កេតប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែង។
នៅពេលដែលសេតវិមាន បានបញ្ជាឲ្យលោក Kupperman មិនអើពើនឹងដីការរបស់សភាតំណាងរាស្រ្ត លោកបានដាក់ពាក្យប្តឹងកាលពីថ្ងៃសុក្រសប្តាហ៍មុនឲ្យចៅក្រមសម្រេចថាតើលោកត្រូវធ្វើទៅតាមដីការបស់សភាតំណាងរាស្រ្ត ឬបញ្ជារបស់សេតវិមានដែលប្រាប់ឲ្យលោកមិនផ្តល់សក្ខីកម្ម។ មេធាវីរបស់លោក បាននិយាយថា លោក នឹងធ្វើទៅតាមដីកានោះ ប្រសិនបើតុលាការសម្រេចគាំទ្រសភា៕