លោក Steve Bannon អតីតប្រធានផ្នែកយុទ្ធសាស្ត្រនៃសេតវិមាន កាលពីថ្ងៃអង្គារម្សិលមិញ បានបដិសេធមិនឆ្លើយសំណួររបស់ក្រុមសមាជិកសភាដែលកំពុងធ្វើការស៊ើបអង្កេតលើការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៦។
លោក Bannon បានចំណាយពេលអស់ជាច្រើនម៉ោងនៅពីមុខគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់រដ្ឋសភា ដែលជាគណៈកម្មាធិការមួយធ្វើការស៊ើបអង្កេតលើករណីប្រទេសរុស្ស៊ីនេះ។
គណៈកម្មាធិការនេះបានឆ្លើយតបទៅនឹងការបដិសេធរបស់លោក Bannon ដោយចេញដីកាកោះហៅ។ លោក Adam Schiff សមាជិកកំពូលខាងគណបក្សប្រជាធិបតេយ្យនៃគណៈកម្មាធិការនេះ បាននិយាយថា មន្ត្រីសេតវិមានបានណែនាំលោក Bannon កុំឲ្យឆ្លើយសំណួររបស់គណៈកម្មាធិការនេះ។
អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Huckabee Sanders បានប្រាប់អ្នកសារព័ត៌មានថា៖ «គ្មាននរណាម្នាក់លើកទឹកចិត្តលោក Bannon ឲ្យធ្វើអ្វីនោះទេ គឺគ្រាន់តែឲ្យលោកមានតម្លាភាពតែប៉ុណ្ណោះ»។
លោកស្រីបាននិយាយថា រដ្ឋបាលរបស់លោក ត្រាំ បាន «សហការពេញទំហឹងជាមួយនឹងការស៊ើបអង្កេតដែលកំពុងតែបន្តធ្វើទាំងនេះ»។ លោកស្រីបានបន្ថែមថា សភាត្រូវតែប្រឹក្សាជាមួយនឹងសេតវិមានមុនពេលសភាអាចទទួលបានព័ត៌មានសម្ងាត់ណាមួយ។
លោក Adam Schiff បាននិយាយថា លោករំពឹងថាលោក Bannon នឹងបង្ហាញខ្លួនម្ដងទៀតនៅពីមុខគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់រដ្ឋសភា៕