លោក Alan Garcia អតីតប្រធានាធិបតីនៃប្រទេសប៉េរូ បានស្លាប់នៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃពុធ បន្ទាប់ពីលោកបានបាញ់ខ្លួនឯងចំក្បាល នៅពេលដែលប៉ូលិសព្យាយាមចាប់ខ្លួនលោកលើបទចោទប្រកាន់ពីការស៊ីសំណូក។
លោក Garcia ដែលមានអាយុ ៦៩ឆ្នាំ បានធ្វើជាប្រធានាធិបតី ២លើក ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩០ ហើយម្តងទៀតពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១១។
លោក Martin Vizcarra ប្រធានាធិបតីនៅពេលបច្ចុប្បន្ននេះរបស់ប្រទេសនៅតំបន់អាមេរិកខាងត្បូងនេះ បានសម្តែងនូវបាសាទចិត្តរបស់លោកនៅលើគណនី Twitter របស់លោក។
លោកប្រធានាធិបតី Vizcarra បានសរសេរថា៖ «ដោយមានការក្តុកក្តួលយ៉ាងខ្លាំងចំពោះការស្លាប់របស់អតីតប្រធានាធិបតីលោក Alan Garcia នេះ។ ខ្ញុំសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោកនិងអ្នកជាទីស្រឡាញ់របស់លោក»។
លោក Garcia បានត្រូវធ្វើការវះកាត់ជាបន្ទាន់នៅឯមន្ទីរពេទ្យក្រុង Lima ដោយការឈឺជំងឺបេះដូង ៣ដង មុនពេលស្លាប់។
លោកបានរងការចោទប្រកាន់ពីការទទួលសំណូកមកពីមហាក្រុមហ៊ុនសំណង់ Odebrecht ដែលជាក្រុមហ៊ុនរបស់ប្រេស៊ីលក្ នុងអំឡុងនៃការសាងសង់រទេះភ្លើងក្រោមដីនៅក្រុងលីម៉ា នៅពេលដែលលោកកាន់តំណែងអាណត្តិទី២។ លោកបានបដិសេធថា លោកពុំបានធ្វើអ្វីខុសនោះទេ។
លោក Garcia បានពោលអះអាងថា លោកជាជនរងគ្រោះនៃការផ្តល់កសិណសាក្សីមិនពិត ដោយសត្រូវខាងនយោបាយដែលបានចោទប្រកាន់លោកពីការទទួលប្រាក់សំណូកចំនួន ១ សែនដុល្លារ ពីក្រុមហ៊ុន Odebrecht ដែលបានចាត់ទុកជាប្រាក់ដើម្បីនិយាយនៅឯសន្និសីទក្នុងប្រទេសប្រេស៊ីល៕