ពលរដ្ឋចំនួន៧៤គ្រួសារ ដែលជាអតីតទាហានខ្មែរក្រហម និងដែលបាននិងកំពុងរស់នៅតំបន់មួយក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានច្រានចោលសំណើរបស់ក្រុមហ៊ុនមួយ ដែលបានយល់ព្រមប្រគល់ដីស្រែចំនួន១ហិកតាកន្លះដល់ពួកគេសម្រាប់មួយគ្រួសារលើដីទំនាស់ ដែលមានទំហំសរុប៦០០ហិកតា។ នេះបើយោងតាមការបញ្ជាក់របស់តំណាងពលរដ្ឋ និងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស។
ក្រុមប្រជាពលរដ្ឋដែលជាអតីតទាហានខ្មែរក្រហមនេះប្រឈមនឹងការបណ្តេញចេញពីផ្ទះសម្បែង ខណៈដែលអាជ្ញាធរខេត្តបន្ទាយមានជ័យបានចេញបញ្ជាជាលើកទី៣ ឲ្យពួកគេចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ឲ្យបានមុនថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។ នៅពេលឱសានវាទផុតកំណត់នោះ អាជ្ញាធរខេត្តបានផ្តើមឲ្យមានការសម្របសម្រួលមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយនៅក្នុងការសម្របសម្រួលនោះ ខាងភាគីពលរដ្ឋដែលជាយោធិនពិការបានទាមទារដីឡូដ៍លំនៅដ្ឋានទំហំ៣០ម៉ែត្រ×៥០ម៉ែត្រ និងដីស្រែ ទំហំ២ហិកតាកន្លះក្នុង១គ្រួសារ។ ក្រុមហ៊ុនយល់ព្រមផ្តល់ជូន១ហិកតាកន្លះ តែពលរដ្ឋប្រកែកមិនទទួលយក។ ភាគីទាំងសងខាងក៏មិនទាន់ត្រូវរ៉ូវគ្នាចំពោះក្បាលដីសម្រាប់លំនៅដ្ឋានផងដែរ។
លោកលី ខ្លី វ័យ៥៣ឆ្នាំ ដែលជាអតីតទាហានខ្មែរក្រហមមួយរូប និងជាតំណាងពលរដ្ឋចំនួន៧៤គ្រួសារនោះ បានប្រាប់ VOA នៅថ្ងៃសុក្រនេះថា ប្រជាពលរដ្ឋបានទាមទារយកស្មើនឹងក្រុមហ៊ុន ដោយទាមទារ២ហិកតាកន្លះ ហើយឲ្យក្រុមហ៊ុន២ហិកតាកន្លះ លើដីទំហំ៥ហិកតាសម្រាប់មួយគ្រួសារ។ លោកអះអាងថា ដីទំហំប្រាំហិកតានេះជាផ្នែកមួយនៃគោលនយោបាយដោះស្រាយទំនាស់ដីធ្លី ដែលរដ្ឋាភិបាលបានសម្រេចផ្តល់ជូនកាលពីពេលមុន។
«បាទ គាត់សម្រេចចិត្តហើយ។ បើមិនបានស្មើគ្នាទេ គាត់អត់ចេញទេ។ ទោះបីគំរាមកំហែងយ៉ាងណាក៏គាត់អត់ចេញដែរ។ គាត់នៅតែតស៊ូនៅលើដីហ្នឹង»។
សេចក្តីជូនដំណឹងមួយ ដែល VOA បានទទួលកាលពីថ្ងៃពុធ បញ្ជាក់ឲ្យដឹងថា លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានស្នើឲ្យពលរដ្ឋដែលមន្ត្រីសិទ្ធិមនុស្សអះអាងថា ជាអតីតទាហានខ្មែរក្រហម រុះរើសំណង់អនាធិបតេយ្យចេញពីដីកម្មសិទ្ធិរបស់ពលរដ្ឋផ្សេងទៀតចំនួន១៤គ្រួសារនៅចំណុចរទេះបាក់ និងដីរបស់ក្រុមហ៊ុនមួយឈ្មោះហៃ សួគ៌ ស្ថិតក្នុងភូមិសាស្ត្រភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
អាជ្ញាធរក៏បានបញ្ជាឲ្យក្រុមគ្រួសារដែលជាអតីតទាហានខ្មែរក្រហម ត្រូវរុះរើសំណង់រោងខ្ទមអនាធិបតេយ្យចេញពីទីតាំងដីរបស់ក្រុមហ៊ុនហៃ សួគ៌ និងដីរបស់បងប្អូនប្រជាពលរដ្ឋ១៤គ្រួសារ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ជាកំហិត។ អាជ្ញាធរបានព្រមានចាត់វិធានការខាងច្បាប់ ប្រសិនបើមាននរណាម្នាក់បង្កសកម្មភាពប្រឆាំងនឹងអាជ្ញាធរ។
លោកលី ខ្លី តំណាងពលរដ្ឋ និយាយបន្ថែមថា សេចក្តីជូនដំណឹងនេះបានធ្វើឲ្យពលរដ្ឋមានការភិតភ័យ ហើយបានសម្រេចចិត្តទាមទារដីស្រែតែ២ហិកតាកន្លះទេ។ លោកអះអាងថា ក្រុមហ៊ុន មកដល់ពេលនេះ គ្មានបណ្ណកម្មសិទ្ធិកាន់កាប់ដីនោះទេ ព្រោះមានតែបង្កាន់ដៃទិញដូរដែលមានការឃុបឃិតពីអាជ្ញាធរមូលដ្ឋាន។
«ដោយសារតែប្រជាពលរដ្ឋ គាត់ជួបការលំបាក និងអាជ្ញាធរខេត្តដែលដាក់លិខិតមកហ្នឹងគឺដាក់លិខិតដោយធ្ងន់ពេក។ ទីមួយគាត់ដាក់ឲ្យរុះរើផ្ទះសម្បែងជាបន្ទាន់នៅថ្ងៃទី១១ ខែកញ្ញា យើងហ្នឹង។ តែដោយសារអ៊ីចេះ យើងគិតឃើញថា ដើម្បីបញ្ចប់ទំនាស់រវាង នែ គូភាគីទាំងពីរ ប្រជាពលរដ្ឋ ហើយនឹងតំណាងក្រុមហ៊ុន អ៊ីចឹង គាត់មិនចង់ឲ្យមានការវែងឆ្ងាយតទៅទៀត គាត់សុខចិត្តថា សម្រួលក៏បានដែរ ក៏ប៉ុន្តែសុំស្មើគ្នា»។
លោកអ៊ិន គង់ជិត មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការលីកាដូ ប្រចាំខេត្តបន្ទាយមានជ័យ និងខេត្តពីរផ្សេងទៀតនៅភាគពាយព្យប្រទេស បានប្រាប់ VOA នៅថ្ងៃសុក្រនេះថា អាជ្ញាធរមូលដ្ឋានត្រូវកាន់ជំហរអព្យាក្រឹត្យក្នុងការដោះស្រាយទំនាស់នេះ ដើម្បីចៀសវាងមិនឲ្យមានអំពើហិង្សាកើតឡើង។
«យើងឃើញថា ភាគីប្រជាពលរដ្ឋហ្នឹង គាត់បានបន្ទន់ឥរិយាបថហើយ គឺពីការទាមទារប្រាំហិកតាមកនៅ២ហិកតាកន្លះ ដោយសារគាត់មានរបប ទទួលបានរបបដីហ្នឹង តាំងពីឆ្នាំ១៩៩៧។ អ៊ីចឹងការទាមទាររបស់គាត់ក៏សមហេតុផលដែរ ហើយចំណែកក្រុមហ៊ុន យើងឃើញថា ការណ៍ដែលគាត់ទិញពីមេបញ្ជាការនោះ គាត់ទិញអត់មានសួរនាំ អត់មានស្រាវជ្រាវថា តើដីហ្នឹងជាដីរបស់របបយោធិន ឬក៏អត់។ គាត់គួរតែស្រាវជ្រាវ»។
ជម្លោះក្នុងទីតាំងឃុំទួលពង្រនេះបានកើតឡើង ក្រោយពីមានការលក់ដូរដីដោយអតីតមេញ្ជាការខ្មែរក្រហមមួយរូបឈ្មោះម៉ៅ គិរី។ នេះបើតាមការបញ្ជាក់របស់លោកអ៊ិន គង់ជិត។
លោកអ៊ិន គង់ជិត រម្លឹកឡើងថា លោកម៉ៅ គិរី បានចាប់ផ្តើមលក់ផ្នែកខ្លះនៃដីទំនាស់មានទំហំ៦០០ហិកតានេះ ឲ្យទៅក្រុមហ៊ុន ដែលនៅឆ្នាំ២០០៩ បានចូលមកបម្រុងធ្វើការងារកសិកម្ម តែត្រូវអាក់ខានវិញ ដោយសារប្រជាជនដណ្តើមយកដីមកវិញ។
នៅលើផ្ទៃដីដែលបានបែងចែកតាំងពីឆ្នាំ១៩៩៧មកឲ្យអតីតទាហានខ្មែរក្រហមទាំង៦០០ហិកតានេះ ក៏មានប្រជាពលរដ្ឋចំនួន១៤គ្រួសារផ្សេងទៀតរស់នៅតំបន់នេះ។ ពួកគេបានទិញយកដីទំនាស់នេះពីអតីតទាហានខ្មែរក្រហមដែលធ្លាប់រស់នៅទីនោះផងដែរ។
លោកទឹម ម៉ន មេឃុំទួលពង្រ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បដិសេធមិនផ្តល់ការអធិប្បាយ។ VOA មិនទាន់អាចសុំការអធិប្បាយពីខាងភាគីក្រុមហ៊ុនហៃ សួគ៌បានទេ នៅថ្ងៃសុក្រនេះ។
លោកអ៊ិន គង់ជិត បញ្ជាក់ថា នៅពេលអាជ្ញាខេត្តបានផ្តើមឲ្យមានការសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីរវាងក្រុមប្រជាពលរដ្ឋ និងក្រុមហ៊ុននោះ កាលពីថ្ងៃព្រហស្បតិ៍ មានទាហានចំនួន៥នាក់បានប្រើហិង្សាលើគ្រូបង្រៀនស្ម័គ្រចិត្តម្នាក់ឈ្មោះគួ ចាន់ អាយុ២៨ឆ្នាំដោយក្រុមទាហានបានវ៉ៃក្បាលគ្រូបង្រៀនម្នាក់នោះ៥ដៃ តែពុំមានរបួសបែកឈាមធ្ងន់ធ្ងរទេ ហើយក្រុមទាហានបានដកហូតទូរស័ព្ទលោកគ្រូម្នាក់នេះថែមទៀតផង។ ពួកគេបានហាមមិនឲ្យប្រជាពលរដ្ឋថតរូបឡើយ ដោយគំរាមដកទូរស័ព្ទ។
ក្រុមទាហានទាំងនោះ គឺស្ថិតក្នុងក្រុមកម្លាំងចម្រុះដែលជាប៉ូលិស ទាហាន និងកងរាជអាវុធហត្ថ មានគ្នាជិត៥០នាក់ ដែលបានចូលទៅក្នុងតំបន់មានទំនាស់នេះ។ ពួកគេមួយចំនួនបានប្រដាប់ដោយអាវុធវែង ខ្លីផងដែរ។
លោកលី ខ្លី តំណាងពលរដ្ឋចំនួន៧៤គ្រួសារនេះ បានបន្ថែមថា ខាងអាជ្ញាធរបានទុកពេលបីថ្ងៃឲ្យពលរដ្ឋពិចារណាទទួលយកដីស្រែទំហំ១ហិកតាកន្លះដែលសម្រេចផ្តល់ឲ្យដោយក្រុមហ៊ុន។
ក៏ប៉ុន្តែលោកថា ពលរដ្ឋបានប្រកែកដាច់ខាតមិនទទួលយកទេ ហើយត្រៀមតទល់ជាមួយខាងក្រុមហ៊ុន បើទោះបីពួកគេត្រូវប្រឈមនឹងអំពើហិង្សាក៏ដោយ។ លោកបញ្ជាក់ទៀតថា ពលរដ្ឋនឹងទៅចូលរួមប្រជុំជាមួយភាគីក្រុមហ៊ុននៅសាលាឃុំទួលពង្រ នៅថ្ងៃចន្ទសបា្តហ៍ខាងមុខនេះ៕