តុលាការ​ពន្យារ​ពេល​សវនាការ​អតីត​អ្នក​កាសែត​ខេមបូឌា ដេលី ដោយ​មិន​បាន​ជូន​ដំណឹង

រូបឯកសារ៖ លោក Zsombor Peter (ឆ្វេង) និងលោក អូន ភាព គឺជាអតីតអ្នកយកព័ត៌មានឲ្យកាសែត the Cambodia Daily ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ ដោយតុលាការខេត្តរតនគីរី។ (រូបថតដោយ៖ Ben Woods)

សាលាដំបូង​ខេត្ត​រតនគិរី​ នៅ​ថ្ងៃ​ពុធ​នេះ បាន​សម្រេច​លើក​ពេល​សវនាការ​ជំនុំ​ជម្រះ​ក្ដី​លើ​អតីត​អ្នកយកព័ត៌មាន​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីរ​រូប គឺ​លោក ​អូន ភាព និង​លោក Zsombor Peter ជនជាតិ​កាណាដា។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្ត​រតនគិរី។ ការណ៍​នេះ​នាំ​ឲ្យ​មេធាវី​របស់​អ្នក​កាសែត​ទាំង​ពីរ​នាក់​ ​បង្ហាញ​ការ​ខក​ចិត្ត ដោយសារ​តុលាការ​មិន​បាន​ជូន​ដំណឹង​រូប​លោក​ជា​មុន។

លោក កែវ ពិសុទ្ធ​ អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​រតនគិរី​ បាន​ប្រាប់​ VOA នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​លើក​ពេល​សវនាការ​ជំនុំជម្រះ​ក្ដីនៅ​ថ្ងៃ​នេះ គឺដោយសារអវត្តមាន​ចៅក្រម​ប្រឹក្សា​មួយ​រូប​ក្នុង​ចំណោម​ចៅ​ក្រម​សរុប​៣រូប ដោយសារ​ចៅក្រម​រូប​នោះ​កំពុង​ស្នាក់​នៅ​ក្រៅ​ប្រទេស។

«បាទ បាទ! អា​ហ្នឹង​ត្រូវ​បាន​លើក​ពេល​ហើយ ដោយសារ​មាន​ការ​អវត្តមាន​ពី​ចៅក្រម​ប្រឹក្សា​ លោក​ឈុន ចាន់សីហា។ គាត់​បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា។ ពេល​នេះ​កំពុង​នៅ​ប្រទេស​ឥណ្ឌា​នៅ​ឡើយ»។

លោក​ ពិសុទ្ធ​ បាន​បន្ថែម​ថា ការ​កំណត់​សវនាការ​ជំនុំជម្រះ​នា​ពេល​បន្ទាប់ គឺ​អាស្រ័យ​លើ​លិខិត​កោះ​អញ្ជើញ​ពី​សាលាដំបូង​ខេត្ត​រតនគិរី​ជា​ថ្មី​ម្ដង​ទៀត ដែល​មិន​ទាន់​ដឹង​នៅ​ឡើយ។

អតីត​អ្នកយកព័ត៌មាន​កាសែត​ឌឹ ខេមបូឌា ដេលី ត្រូវ​បានចោទ​ប្រកាន់​ពី​បទ«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»។ លោក អូន​ ភាព ដែល​កំពុង​ស្នាក់​នៅ​សហរដ្ឋ​អាមេរិក និង​លោក Zsombor Peter ដែល​នៅ​ក្រៅ​ប្រទេស​ដែរ បាន​រង​បទ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​ពួកគេ​បាន​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ក្នុង​ឃុំ​មួយ​ក្នុង​ខេត្ត​រតនគីរី កាល​ពី​ខែ​ឧសភា ​ឆ្នាំ​២០១៧ ដើម្បី​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​អំពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ក្នុង​ខែ​មិថុនា ​ឆ្នាំ​ដដែល។ អ្នក​ទាំង​ពីរ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៦ខែ​ទៅ​២​ឆ្នាំ បើ​សិន​តុលាការ​រក​ឃើញ​ថា ពួកគេ​មាន​កំហុស។

លោក សេក សោភ័ណ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ អូន ភាព និង​លោក​ Zsombor Peter បាន​ប្រាប់​ VOA ថា លោក​ខកចិត្ត​ចំពោះ​ការ​លើកពេល​សវនាការកូន​ក្តី​របស់​លោក ដោយ​មិន​មាន​ការ​ជូន​ដំណឹង​ជា​មុន។ លោក​បាន​ធ្វើ​ដំណើរពី​ភ្នំពេញ​ទៅ​ខេត្ត​រតនគិរី​កាល​ពី​ថ្ងៃ​អង្គារ ដើម្បី​ចូលរួម​សវនាការ​នេះ។

«ការ​ជូន​ដំណឹង​ពី​ការ​លើកពេល​ធ្វើ​ឡើង​នៅ​ក្នុង​សវនាការ​តែ​ម្ដង​ ដូចជា​ធ្វើ​ឲ្យ​ខាង​ខ្ញុំ​នេះ​ភ្ញាក់ផ្អើល​ខក​ចិត្ត​ដែរ​ហ្នឹង។ ខំ​ត្រៀម​ ខំ​អី​ហូរហែ​មក​ ហើយ​គិត​ថា បើ​មាន​ការ​ខកខាន​ អវត្តមាន​របស់​ក្រុមប្រឹក្សា​ គួរ​ជូន​ដំណឹង​ប៉ុន្មាន​ថ្ងៃ​មុន​ទៅ កុំ​ឲ្យ​យើង​អស់​ពេល​អស់​អី​ធ្វើ​ដំណើរ​មក​អញ្ចឹង​ណា»។

លោក ស៊ឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ (Adhoc) លើក​ឡើង​ថា ការ​លើក​ពេល​សវនាការ​ជំនុំជម្រះ​ក្ដី​ដោយ​សាលាដំបូង​ខេត្ត​រតនគិរី​នេះ ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​ក្ដី។

«ការ​ដែល​ធ្វើ​ឲ្យ​អវត្តមាន​បែប​នេះ​ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​ច្រើន​។ ទី​មួយ​ទៅ​ដល់​ភាគី​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ក្ដី​រួម​ទាំង​មេធាវី រួម​ទាំង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​ ដែល​ពួកគេ​ធ្វើ​ការ​តាមដាន​ទៅ​លើ​អ្នកសារព័ត៌មាន​ហ្នឹង។ ឧទាហរណ៍​អ្នក​ដែល​គាត់​អញ្ជើញ​ពី​ភ្នំពេញ​ពី​ទី​ឆ្ងាយ​ពី​អី​ទៅ​អញ្ចឹង​ វា​ប៉ះពាល់​ទាំង​ពេល​វេលា​ និង​ការ​ចំណាយ​អ្វី​ផ្សេងៗ​ផង​ដែរ»។

នា​ពេល​ បច្ចុប្បន្ន លោក អូន ភាព វ័យ ៥៥​ឆ្នាំ កំពុង​ភៀស​ខ្លួន​ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​សហរដ្ឋ​អាមេរិក ហើយ​លោក​កំពុង​បម្រើ​ការងារ​នៅ​វិទ្យុ​អាស៊ី​សេរី​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​។ ចំណែក​លោក Zsombor Peter បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា ដោយ​សារ​តែ​ការ​ចោទ​ប្រកាន់​ពី​តុលាការ​នៅ​កម្ពុជា។ ពួកគេ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ និង​យល់​ថា​បទ​ចោទ​នេះ​គឺ​ជា​ការ​គំរាម​ដល់​ពួកគេ និង​អ្នក​សារព័ត៌មាន​ដែល​ហ៊ាន​រាយការណ៍​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស ​និង​បណ្ដាញ​ការពារ​អ្នក​សារ​ព័ត៌មាន​ទាំង​ជាតិ ​និង​អន្តរជាតិ​ ប្រមាណ​ជា​៣៧​ស្ថាប័ន​ ព្រមទាំង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch និង​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំ​ដែន នៅ​ដើម​សប្ដាហ៍​នេះ ​បាន​ជំរុញ​ឲ្យ​តុលាការ​ខេត្ត​រតនគិរី​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​លើ​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប។ ស្ថាប័ន​ទាំង​នោះ​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្ដារ​ឡើង​វិញ​នូវ​សេរីភាព​សារព័ត៌មាន​ផង​ដែរ៕