អឺរ៉ុប​កំពុងរួសរាន់​ផ្តល់​រថក្រោះ​ដល់​អ៊ុយក្រែន​ក្នុង​សង្គ្រាម​ដែលចូល​ដល់​ដំណាក់កាល​ដ៏​សំខាន់​មួយ

រូបឯកសារ៖ រថក្រោះ Leopard 2 ត្រូវប្រើនៅក្នុងសមយុទ្ធមួយ នៅក្នុងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១១។

ប្រទេស​អាល្លឺម៉ង់និង​សម្ពន្ធមិត្ត​អឺរ៉ុប​របស់​ខ្លួន​មាន​ផែនការ​នឹង​បញ្ជូន​រថក្រោះ Leopard 2 ប្រមាណ ៨០ គ្រឿង​ ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន​ក្នុងរយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ។ នេះ​បើតាម​ការឱ្យ​ដឹងរបស់រដ្ឋាភិបាល​ក្រុង​ប៊ែរឡាំង​ ដែល​បាន​ប្រកាសពី​ការ​ផ្លាស់ប្តូរ​នយោបាយរបស់​ខ្លួន​ក្នុង​សប្តាហ៍​នេះ​ បន្ទាប់​ពី​មាន​សម្ពាធ​យ៉ាង​ខ្លាំង​ពី​រដ្ឋាភិបាល​អ៊ុយក្រែន ​និង​ដៃគូ​ប្រទេស​លោក​ខាង​លិច​របស់​ខ្លួន​រួច​មក។

រថគ្រោះ Leopard 2 ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ប្រភេទ​រថក្រោះ​ចម្បាំងដ៏​មាន​ថាមពល​បំផុត​ ក្នុង​ពិភពលោក​ និងមាន​លក្ខណៈ​សមស្រប​យ៉ាង​ខ្លាំង​ទៅ​នឹង​ស្ថានភាព​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ។

ចក្រភព​អង់គ្លេស​និង​សហរដ្ឋ​អាមេរិកក៏​កំពុង​បញ្ជូន​រថក្រោះ​ប្រយុទ្ធ​របស់​ខ្លួន​ជា​ច្រើន​គ្រឿង​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន​ផង​ដែរ។ ការសម្រេច​នេះ​បង្ហាញ​ពីជំហាន​ដ៏​សំខាន់​មួយ​ទៀត នៅ​ក្នុង​ការផ្គត់​ផ្គង់​សព្វាវុធរបស់​បណ្តា​ប្រទេស​លោក​ខាង​លិច​ទៅ​ឱ្យ​អ៊ុយក្រែន​ ហើយត្រូវ​បានអង្គការ​អូតង់មើល​ឃើញ​ថា គឺ​ជា​ពេល​វេលា​ដ៏​សំខាន់បំផុត​មួយ​នៅ​ក្នុង​សង្គ្រាម ហើយ​ការណ៍​នេះ​ក៏​នឹងជំរុញ​បណ្តា​ប្រទេស​លោក​ខាង​លិចមួយ​ចំនួន​លូកដៃ​ចូល​កាន់​តែ​ជ្រៅ​ថែម​ទៀត​ទៅ​ក្នុង​សង្គ្រាមនេះ។​

អាល្លឺម៉ង់​មិន​ត្រឹម​តែ​បញ្ជូន​រថក្រោះ ១៤​ គ្រឿង​ ទៅ​ឱ្យ​អ៊ុយក្រែន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បាន​ផ្តល់​ការ​អនុញ្ញាត​ដល់សម្ពន្ធមិត្ត​របស់​ខ្លួនដទៃ​ទៀត​ ឱ្យ​បញ្ជូន​រថក្រោះ Leopard ដែល​ផលិត​ដោយ​ប្រទេស​អាល្លឺម៉ង់​នេះ​ ទៅ​ឱ្យ​អ៊ុយក្រែន​ផង​ដែរ។ រដ្ឋមន្ត្រី​ការពារ​ជាតិអាល្លឺម៉ង់​លោក Boris Pistorius និយាយ​ថា ​អាល្លឺម៉ង់​នឹង​បញ្ជូន​រថក្រោះ​ទៅ​ឱ្យ​អ៊ុយក្រែន​ នៅ​ត្រឹម​ដំណាច់​ខែ​មីនា​ខាង​មុខ​នេះ។

ប្រទេស​ប៉ូឡូញ អេស្ប៉ាញ ន័រវេស ​និង​ប្រទេស​ហ្វាំងឡង់​ និយាយ​ថា ​ពួក​គេ​ក៏​មាន​បំណង​នឹង​បញ្ជូន​រថក្រោះ Leopard 2 ទៅ​ឱ្យ​អ៊ុយក្រែន​ផង​ដែរ។ ទន្ទឹមនឹង​នេះ​ដែរ​ ប្រទេស​កាណាដា​ក៏បាន​ប្រកាសកាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា ​ខ្លួន​នឹង​បញ្ជូន​រថក្រោះ​ប្រភេទ​នេះ ៤ គ្រឿង​ ទៅ​ឱ្យ​អ៊ុយក្រែន​ដែរ។

បន្ថែម​លើ​នេះ​ទៀត ប្រទេស​អ៊ុយក្រែន​នឹង​ទទួល​បានរថក្រោះ Challenger 2 របស់​អង់គ្លេស​ចំនួន ១៤ គ្រឿង ក្នុង​ប៉ុន្មាន​សប្តាហ៍​ឆាប់ៗ​ខាង​មុខ​នេះ​ ហើយ​សហរដ្ឋ​អាមេរិក​ក៏នឹង​បញ្ជូនរថគ្រោះ Abrams របស់​ខ្លួនចំនួន ៣១ គ្រឿង​ ទៅ​ឱ្យ​អ៊ុយក្រែនផង​ដែរ​ នៅ​ពេល​ខាង​មុខ។

កងទ័ព​អ៊ុយក្រែន​ត្រូវការ​ពេលវេលាជា​ច្រើន​សប្តាហ៍ដើម្បី​ហ្វឹកហាត់​ប្រើប្រាស់រថក្រោះ​ទាំង​នេះ។ នេះបើតាម​ការ​បញ្ជាក់របស់​លោក John Lough អ្នក​ស្រាវជ្រាវ​កម្មវិធីអឺរ៉ុប​អាស៊ី​និង​រុស្ស៊ី​នៃ​វិទ្យាស្ថាន​គោលនយោបាយ Chatham House ដែល​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុងដ៍​នៃ​ចក្រភព​អង់គ្លេស៕