មន្ត្រី​ពាណិជ្ជកម្ម​សហ​ភាព​អឺរ៉ុប​កំពុង​ធ្វើ​បេសកកម្ម​ស្វែង​រក​ការណ៍​ពិត​នៅ​កម្ពុជា​​ដើម្បី​​ពិចារណា​ឡើង​វិញ​​លើ​ការ​​អនុគ្រោះ​​ពន្ធ​​ដល់​​ទំនិញ​​កម្ពុជា

រូបឯកសារ៖ ទង់​ជាតិ​សហភាព​អឺរ៉ុប​នៅ​ខាង​ក្រៅ​ទីស្នាក់ការ​គណៈ​កម្មការ​សហភាពអឺរ៉ុប។ (រូបថត AP)

ក្រុម​សមាជិក​សភា​អឺរ៉ុប​បាន​បន្ត​ព្រួយ​បារម្ភ​អំពី​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​ នៅ​ខណៈ​ដែល​ក្រុម​មន្ត្រី​ពាណិជ្ជ​កម្ម​គណៈ​កម្មការ​សហភាព​អឺរ៉ុប​​​ចាប់​ផ្តើម​បេសក​កម្ម​​ស្វែង​រក​ការណ៍​ពិត​នៅ​កម្ពុជា​ ដើម្បី​ផ្ទៀង​ផ្ទាត់ ​ខ្សែ​បន្ទាត់​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​របស់​កម្ពុជា​ ដើម្បី​ពិចារណា​ឡើង​វិញ​លើ​ការ​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​ទាំងអស់​របស់​កម្ពុជា​លើក​លែង​តែ​អាវុធ ​(EBA)។

ក្រុម​មន្ត្រី​ពាណិជ្ជកម្ម​នៃ​គណៈ​កម្មការ​សហ​ភាព​អឺរ៉ុប​ (Department of Trade of European Commission)​ ​និងសេវា​កិច្ចការ​បរ​ទេស​របស់​អឺរ៉ុប​ ​(European External Action Service)​ ផ្តើម​បេសក​កម្ម​ស្វែង​រក​ការណ៍​ពិត​នៅ​ប្រទេស​កម្ពុជា​ ​ដែល​ធ្វើ​ឡើង​ពី​ថ្ងៃទី​៥ ​ដល់​ថ្ងៃទី​១១​ ខែ​កក្កដា។​ ​បេសក​កម្ម​នេះ​ធ្វើ​ឡើង​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ដើរ​ថយ​ក្រោយ​នៃ​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា ​ពេល​ដែល​គណបក្ស​ប្រឆាំង​ធំ​មួយ​ ​ត្រូវ​បាន​ដកចេញ​ពី​ការ​បោះឆ្នោត​ខាង​មុខ​នេះ។​

បេសក​កម្ម​នេះ​ក៏​ជាផ្នែក​មួយ​នៃ​ការ​ពិនិត្យ​លើ​ការ​គោរព​របស់​កម្ពុជា​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​ដែល​បាន​លើក​តម្កើងក្នុង​ក្របខ័ណ្ឌ​ពាណិជ្ជ​កម្ម​ «អ្វី​ៗ​ក៏​បាន​វៀរ​លែង​តែ​អាវុធ»​(EBA)​ ដែល​ជា​គម្រោង​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​របស់​កម្ពុជា។​ នេះ​បើ​យោង​ទៅ​តាម​លិខិត​របស់​ក្រុម​សមាជិក​សភា​សហភាព​អឺរ៉ុប​ចំនួន​១៨​រូប​ និង​ការ​បញ្ជាក់​របស់​ឯក​អគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា។​

លិខិត​របស់​ក្រុម​សមាជិក​សភា​សហភាព​អឺរ៉ុប​ចុះ​ថ្ងៃទី​៤​ ខែ​កក្កដា​ ដែល​បាន​ផ្ញើ​ជូន​អ្នកស្រី​ Federica Mogherini ​មេដឹកនាំ​គោល​នយោបាយ​ការ​បរទេស​សហភាព​អឺរ៉ុប​ បាន​ចាត់​ទុក​ថា​ «បេសក​កម្ម​នេះជា​ជំហាន​វិជ្ជមាន​មួយ​ដើម្បី​វាយត​ម្លៃ​ថា​ ការ​តាំង​ចិត្ត​នានា ដែល​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ក្រប​ខ័ណ្ឌ​ពាណិជ្ជ​កម្ម​‍ «អ្វី​ៗ​ក៏​បាន​វៀរ​លែង​តែ​អាវុធ»នោះ​ ត្រូវ​បាន​អនុវត្ត​តាម​ ហើយ​យើង​សង្ឃឹម​ថា ​នេះជា​ការ​អនុវត្ត​មួយ​ដើម្បី​តាមដាន​លើ​កិច្ច​ព្រម​ព្រៀង​ជាច្រើន​ទៀត​ដែល​ជា​ផ្នែក​មួយ​នៃ​ក្របខ័ណ្ឌ​នេះ»។​

ក្រុម​សមាជិក​សភា​សហភាព​អឺរ៉ុប​ជាង​១០​នាក់​នោះ​បាន​សរសេរ​ក្នុង​លិខិត​របស់​ពួក​គេ​ក្នុង​ន័យ​ដើម​ថា៖​

«ក្នុង​នាម​ជា​តំណាង​រាស្ត្រ ​យើង​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​វិវត្ត​ខាង​នយោបាយ​ និង​ការ​គាបសង្កត់​ដែល​បាន​បន្ត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា។ ​យើង​ជឿ​ថា​ នឹង​មិន​មាន​ភាព​ស្រប​ច្បាប់​ នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​ដែល​គណបក្ស​ប្រឆាំង​សំខាន់​ត្រូវ​បាន​គេ​ផាត់​ចេញ​តាម​តែ​អំពើ​ចិត្ត​នោះ ​ហើយ​យើង​សូម​គោរព​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​នានា​របស់​អ្នក​នៅ​ក្នុង​បញ្ហា​នេះ​ ដើម្បី​យករឿង​ដែល​គួរឲ្យ​កង្វល់​នេះ​មក​ពិចារណា​ដោយ​យក​ចិត្ត​ទុក​ដាក់»។​

ក្រុម​សមាជិក​សភា​សហភាព​អឺរ៉ុប​ទាំង​១៨​នាក់​នោះក៏​បាន​សម្តែង​ស្វាគមន៍​ចំពោះ​ការ​សម្រេច​ចិត្ត​ទាន់​ពេល​វេលា​របស់​សហ​ភាព​អឺរ៉ុប​ ដើម្បី​ដក​ការ​គាំទ្រ​សព្វ​បែប​យ៉ាង​ ពី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.)។​ ក្រុម​សមាជិក​សភា​សហ​ភាព​អឺរ៉ុបនេះ​រំពឹង​ថា​ ប្រតិភូ​សហ​ភាព​អឺរ៉ុប​ និង​បុគ្គលិក​របស់​ទូតនៃ​ប្រទេស​សមាជិក​នានា​ នឹង​មិន​ចូលរួម​សកម្ម​ភាព​ឃ្លាំ​មើល​ ដែល​អាច​ត្រូវ​បក​ស្រាយ​ដោយ​រដ្ឋាភិបាល​កម្ពុជា​ថា ​ជា​ការ​ធ្វើ​ឲ្យ​ស្របច្បាប់​នៃ​ដំណើរ​ការ​បោះ​ឆ្នោត។​

VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពី​ក្រុម​មន្ត្រី​នៃ​អង្គភាព​ទំនាក់​ទំនង​សាធារណៈ​របស់​ក្រសួង​ពាណិជ្ជ​កម្ម ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ តែពុំ​មាន​មន្ត្រីរូប​ណា​ទទួល​ទូរស័ព្ទទេ។​

លោក​ ​George Edgar​ ​ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ បាន​បញ្ជាក់​ប្រាប់​ VOA ​តាម​សារ​អេឡិច​ត្រូនិក Email​ ថា​ បេសក​កម្ម​នេះ​ជា​ដំណើរ​ទំនាក់​ទំនង​ជាមួយ​អាជ្ញាធរ​កម្ពុជា​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ពាណិជ្ជ​កម្ម​‍«អ្វី​ៗក៏​បាន​វៀរ​លែង​តែ​អាវុធ»​ឬ​(EBA)​នេះ។​

លោក​ ​George Edgar ​បាន​សរសេរ​តាមន័យ​ដើម​ថា៖​

«បេសក​កម្ម​ស្វែង​រក​ការណ៍​ពិត​មួយ​នឹង​ធ្វើ​ឡើង​នៅ​ដើម​ខែ​កក្កដា​នេះ​ នៅ​ក្នុង​បរិបទ​ដែល​ទំនាក់​ទំនង​ជាមួយ​អាជ្ញាធរ​កម្ពុជា​ត្រូវ​បាន​បង្កើន​ឡើង​ក្នុង​ក្របខ័ណ្ឌ ​EBA ​នេះ ​ហើយ​ដើម្បី​សិក្សា​បន្ថែម​អំពី​ស្ថានភាព​ ក្នុង​បញ្ហា​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ការងារ​នៅ​ប្រទេស​កម្ពុជា»។​

លោក​បាន​បន្ថែម​ថា​ គោល​បំណង​នៃ​បេសក​កម្មនេះ​គឺ​ដើម្បី​ប្រមូល​ព័ត៌មាន​ ដើម្បី​ជា​ទុនដល់​ការ​ពិចារណា​បន្ថែម​ និង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​នៅ​ក្នុង​គណៈ​កម្មការ​អឺរ៉ុប​ និង​សេវា​កិច្ចការ​បរទេស​របស់​អឺរ៉ុប ​(European​ Commission​ and the European External Action Service)។​

VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពីលោក​ ​សុខ ឥសាន​ ​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាចរបស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​តែ​ទូរស័ព្ទ​លោក​រោទិ៍​ គ្មាន​អ្នក​ទទួល។​

លោក​ ​អាត់ ធន់​ ​ប្រធាន​សហភាព​ការ​ងារ​កម្ពុជា​បាន​ទទួល​ដំណឹង​តិច​តួច​ពី​ដំណើរ​ទស្សន​កិច្ច​នៃ​ក្រុម​មន្ត្រី​ទទួល​បន្ទុកពាណិជ្ជ​កម្ម​របស់​គណៈ​កម្មការ​សហ​សភាព​អឺរ៉ុប។ ​លោក​មាន​ក្តី​បារម្ភចំពោះ​លទ្ធភាព​នៃ​ការ​ចង់​ព្យួរការ​អនុគ្រោះ​ពន្ធ​ដល់​ទំនិញកាត់​ដេរ​កម្ពុជា។ ​ដូច្នេះ​លោក​សង្ឃឹម​ថា​ ​ភាគី​សហ​ភាព​អឺរ៉ុបនឹង​ធ្វើ​ការ​ថ្លឹងថ្លែង​លើ​ជីវិត​នយោបាយ​ ​និង​ជីវិត​កម្មករ​របស់​កម្ពុជា។​

«ទស្សនៈ​របស់​សហជីព​ ក៏​ដូច​ជា​កម្មករ​យើង​ យើង​អត់​ចង់​ឃើញ​ការ​ផ្តាច់​ពាណិជ្ជ​កម្ម​នេះ​ទេ​ហើយ​បើ​សិន​ជាមាន​រឿង​នយោបាយ​រឿងអី​ ចង់​ឲ្យសហគមន៍​អឺរ៉ុប​ ក៏​ដូច​ជា​រដ្ឋាភិបាល​ ដោះ​ស្រាយ​គ្នា​ ហើយ​បើ​សិន​ជា​មាន​រឿង​កើត​ឡើង​ មិន​គួរ​រឿង​ហ្នឹង​កើត​ឡើង​មុន​ទេ។ ​វាគួរ​តែ​រឿង​ផ្សេងៗ​កើត​ឡើង​មុន។ ​អាហ្នឹង​គួរ​តែ​ជា​វិធាន​ការ​ចុង​ក្រោយ​ ព្រោះ​អា​នេះ​ បើ​ធ្វើ​ទៅ​ វា​ប៉ះពាល់​ទៅ​ដល់​កម្មករ​ផ្ទាល់​តែ​ម្តង​ បាទ»។​

លោក​ ​អាត់ ធន់​ ​មាន​ប្រសាសន៍​បន្ថែម​ថា​ មក​ទល់​ពេល​នេះ​ គ្មាន​ទីផ្សារ​ណា​អាច​រ៉ាប់រង​ទំនិញ​កាត់​ដេរ​ខ្មែរ​បាន​នោះ​ឡើយ។​

លោក​ថ្លែង​ថា៖​

«សហគមន៍​អឺរ៉ុ​បនិង​សហ​រដ្ឋ​អាមេរិក​ហ្នឹង​ បើ​យើង​គិត​មើល​ពី​ទំហំ​ទីផ្សារ​ វា​ហៅ​ចូលជាង​៧០​ភាគ​រយ​ទៅ​ហើយ។​ ហើយ​ទីផ្សារ​ផ្សេង​ទៀត​មានតែ​កាណាដា​ និង​ជប៉ុន​ ចំណែក​ចិន​ គឺ​មិនមែន​ទេ។​ ចិន​គឺ​ជា​ទីផ្សារ​ដែល​ប្រកួតប្រជែង​ពី​កម្ពុជា​ទេ ​គឺ​មាន​ន័យ​ថា​ កម្ពុជា​យើង​នាំ​ចេញ​ប្រហែល​១,៧​ភាគ​រយ​ តែចិន​ហ្នឹង​នាំ​ចេញ​៥៥​ភាគរយ​ពីប្រទេស​ចិន​ទៅ​សហគមន៍​អឺរ៉ុប​ដូច​គ្នា។ អី​ចឹង​ចិន​មិន​មែន​ជា​ប្រទេស​ដែល​យើង​នាំ​ឥវ៉ាន់​ទៅ​ទេ។ ​អីចឹង​ ខ្ញុំគិត​ថា ​ចំពោះ​ការ​នាំ​ចូល​ទៅ​ប្រ​ទេស​ចិន​ យើង​ដូច​ជា​មិនមាន​ការ​អី​ អនុគ្រោះ​អី​ទេ»។​

នៅ​ក្នុង​បញ្ហា​ក្រប​ខ័ណ្ឌ​ពាណិជ្ជ​កម្ម​‍«អ្វីៗ​ក៏​បាន​វៀរ​លែង​តែ​អាវុធ»​នេះ ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​បញ្ជូន​លោក​សុខ ស៊ីផាណា​ បេសក​ជន​ពិសេស​ទៅ​កាន់​សហ​ភាព​អឺរ៉ុប​ដើម្បី​បញ្ចុះ​បញ្ចូល​ ​និង​ទប់ស្កាត់​វិធាន​ការ​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​«គ្រប់​មុខ​ទំនិញ​លើក​លែងតែ​សព្វាវុធ»​ពី​ប្រទេស​កម្ពុជា។​ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា។​

ដំណើរ​ទៅ​កាន់​សហភាព​អឺរ៉ុប​របស់​លោក​ សុខ ស៊ីផាណា​ ដែល​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​កម្ពុជា​ ត្រូវ​បាន​ធ្វើ​ឡើង​ទៅតាម​ការ​បង្គាប់​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន។​ យ៉ាងណា​ក៏​ដោយ​ មកដល់​ពេល​នេះ​មិនទាន់​មាន​សេចក្តី​រាយ​ការណ៍​ណា​មួយ​ពី​លទ្ធផល​និង​សកម្ម​ភាព​នៃ​ទស្សន​កិច្ច​របស់​បេសក​ជន​កម្ពុជា​នៅ​សហភាព​អឺរ៉ុប​នោះនៅ​ឡើយ​ទេ។​

កាលពី​ពាក់​កណ្តាល​ខែ​ធ្នូ ​ឆ្នាំ​២០១៧​ ​សភា​សហភាព​អឺរ៉ុបបាន​បោះ​ឆ្នោត​ទទួល​យក​ការ​ពិចារណា​លើ​ការ​ព្យួរ​កម្មវិធី​អនុ​គ្រោះពន្ធ​ ​ដែល​មាន​ឈ្មោះ​ថា​ EBA​ នេះ​ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ «ការ​ប្រព្រឹត្ត​អាក្រក់​ឡើង​វិញ​នៃ​របប​ផ្តាច់​ការ​នៅ​កម្ពុជា»។​ ការ​ពិចារណារ​របស់​សហភាព​អឺរ៉ុប​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​ព្រមាន​ដាក់​ទណ្ឌកម្ម​នានា​របស់​សហ​រដ្ឋ​អាមេរិកចំពោះ​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជា​ធិបេត្យ​នៅ​កម្ពុជា៕