EU​រក្សា​ជំហរ​ដក​EBA​បើ​ស្ថានភាព​នយោបាយ​មិន​ប្រសើរ​ឡើង

រូបឯកសារ៖ បុរស​ម្នាក់​កាន់​ទង់ជាតិ​សហភាព​អឺរ៉ុប នៅ​ខាង​ក្រៅ​សភា​​អង់គ្លេស​ ក្នុង​ទីក្រុង ឡុងដ៏ កាល​ពី​ថ្ងៃ​ទី៨ ខែមករា ឆ្នាំ២០១៩។ (AP)

កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រី​របស់​អាស៊ាន​និង​​សហភាពអឺរ៉ុប​​​បាន​បញ្ចប់​ទៅ​ដោយ​មានការយល់​ព្រម​បង្កើន​ទំនាក់​ទំនង​ដល់កម្រិត​ដៃគូយុទ្ធសាស្ត្រ​​ ប៉ុន្តែ​មិន​​បាន​​លើក​ឡើង​ពី​​បញ្ហា​កម្ពុជា​​តាម​ការ​ស្នើសុំ​​របស់​​អតីត​គណបក្ស​ប្រឆាំង​ ដែល​ចង់​ឱ្យ​យក​​ជាចំណុច​សំខាន់​មួយ​នៃ​ការពិភាក្សា​​គ្នា​នោះ​ទេ។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​សហភាពអឺរ៉ុប។

ក្រុមរដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​និង​សហភាព​អឺរ៉ុប​បាន​ជួប​ប្រជុំ​គ្នា​លើកទី​២២​ រយៈពេល​មួយ​ថ្ងៃនៅទីក្រុង ប៊្រុចសែល​ ប្រទេស​បែលហ្សិក​ កាលពីថ្ងៃច័ន្ទ​ ដោយ​ផ្តោតលើការពង្រឹង​ទំនាក់​ទំនងនិងសហ​ប្រតិបត្តិការលើ​គ្រប់វិស័យ​។

ក្នុងពេល​ដែល​កិច្ចប្រជុំ​នោះ​កើត​ឡើង​លោក សម រង្ស៊ី ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍មួយថាក្នុងការពិភាក្សា​នោះ​«ប្រទេសកម្ពុជា​ត្រូវ​តែ​ស្ថិត​ក្រោម​ការ​ពិនិត្យ​មើល‍»​ផងដែរ ដោយ​លោក​បាន​លើកឡើង​ពីករណី​ធ្វើ​បាប​អតីត​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ ដូច​ជា​ករណី​លោក​គង់ ម៉ះ ត្រូវ​ចាប់​ខ្លួន​កាលពីថ្ងៃទី​១៦​ខែ​មករា​ដោយគ្រាន់តែ​លោក​ចែក​ផ្សាយ​បន្ត​ពី​ការយក​ពន្ធ​អង្ករ​កម្ពុជា​ដែល​នាំចូល​ទីផ្សារ​សហភាពអឺរ៉ុប។​

សេចក្តីថ្លែងការណ៍​របស់​លោក សម រង្ស៊ី​ បាន​បន្ត​ថា​៖

«ក្រុមរដ្ឋ​មន្ត្រី​សហភាព​អឺរ៉ុប​ត្រូវ​តែ​ទទូច​ថា​ទាំង​សហភាព​អឺរ៉ុប​និង​កម្ពុជា​ត្រូវតែ​គោរព​តាម​ពេញ​លេញ​និង​ទាំង​ស្រុង​តាម​គ្រប់មាត្រា​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ដែលផ្តល់មូលដ្ឋាន​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​និង​ការគោរព​សិទ្ធិ​មនុស្ស​និង​សង្គមកិច្ច»។​

លោកស្រី ​មូរ សុខហួរ ​អនុប្រធានគណបក្ស​សង្គ្រោះជាតិបាន​លើកឡើ​ង​ថា​កិច្ច​ប្រជុំ​ថ្នាក់​អន្តរជាតិ​ដូច​នេះ​គឺជា​កាតព្វកិច្ច​ចាំបាច់​ដែល​ត្រូវ​លើកយក​ករណី​ប្រទេស​សមាជិក​មក​ដោះ​ស្រាយ​ព្រោះវា​ជាការប៉ះពាល់​ដល់​សហគមន៍​ទាំងមូល៖

«យើងក៏ជឿជាក់ដែរថា​បើសិនជា​ប្រទេស​ណាមួយ​ធ្វើ​ឱ្យ​មានការ​អាក់​ខាន​ រាំងស្ទះ នូវ​ការ​វិវត្តន៍នៃ​ការងារ​ នូវការជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ មានការគោរព​គ្នា​ទៅវិញ​ទៅមក​ប្រទេស​នោះ​ច្បាប់​ជា​មិនរួចខ្លួនពីសម្ពាធ​ពី​សហគមន៍​អឺរ៉ុប​ឬ​ពីអាស៊ាន​ទាំងមូលទេ‍»។

លោក​ស្រី​ ម៉ាចា គូស៊ី​ចាន់ស៊ីក ​អ្នកនាំពាក្យ​សហភាព​អឺរ៉ុប​ខាងផ្នែក​គោល​នយោបាយ​សន្តិ​សុខ​និង​កិច្ច​ការ​បរទេស​បាន​ប្រាប់​វីអូអេ​តាម​សារអេឡិកត្រូនិក​ថាកិច្ច​ប្រជុំ​នោះមិន​បាន​ផ្តោត​លើ​ប្រទេស​ណាមួយ​ឡើយដូច្នេះ​ក៏​មិន​បាន​លើក​ឡើង​ពី​ករណី​ប្រទេស​កម្ពុជា​ដែរ។​

លោកស្រី​ ម៉ាចា គូស៊ីចាន់ស៊ីក​ បាន​បន្ថែមទៀតថាសហភាព​អឺរ៉ុប​កត់សម្គាល់​ពីការ​វិវត្តន៍​ថ្មីៗ​នៅ​ប្រទេស​កម្ពុជា​ដែល​ក្នុងនោះ​មាន​ការដោះលែង​អ្នកនយោបាយ សកម្មជន​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌​មាន ក៏​ដូច​ជា​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ជាដើម។ សហភាព​អឺរ៉ុប​ចាត់​ទុក​ថា​វា«ជា​ជំហាន​វិជ្ជមាន‍»ហើយសង្ឃឹម​ថា​«​រដ្ឋាភិបាល​នឹង​ធ្វើ​សកម្ម​ភាព​បន្ថែម​ទៀត‍»។​

លោកស្រី​បន្ថែម​ថា​សហភាព​អឺរ៉ុប​នៅ​រក្សា​ច្រក​ចរចា​បើក​ចំហ​ជាមួយ​កម្ពុជា​ជានិច្ច​និង​បញ្ជាក់​ថា៖

«ប្រសិនបើ​កម្ពុជា​ចាត់​វិធានការ​គួរឱ្យ​ទុក​ចិត្ត​បាន​និង​ជាទីពេញចិត្ត​ដើម្បី​ដោះស្រាយ​យ៉ាង​រហ័ស​នូវ​ស្ថានភាព​ដែល​បាន​បណ្តាល​ឱ្យ​យើង​ចាប់ផ្តើម​ដំណើរការ​ដក​ហូត​ឋានៈ​អនុគ្រោះពន្ធ​ នោះ​សហភាព​អឺរ៉ុប​នឹង​ពិចារណា​សភាពការណ៍​នេះ‍»។​

បើទោះបីជា​កិច្ចប្រជុំរវាងរដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​និងសហភាព​អឺរ៉ុបមិន​បាន​លើកឡើង​ដោយចំពោះលើ​ករណី​ប្រទេស​កម្ពុជា​ប៉ុន្តែ​បញ្ហា​កម្ពុជា​ត្រូវបាន​លើកឡើង​ក្នុង​កិច្ច​ប្រជុំ​ទ្វេភាគី​រវាង​លោកស្រី​ សេស៊ីលៀ ម៉ាល់ស្ត្រុម (Cecilia Malmstrom) ​ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុបជាមួយ​នឹង​លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា។

រូបឯកសារ៖ ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប អ្នកស្រី Cecilia Malmström ថ្លែង​ក្នុង​ទីក្រុង ប៊្រុចសែល។ (AP)

លោកស្រី ​សេស៊ីលៀ ម៉ាលស្ត្រុម ​បាន​បញ្ជាក់​តាម​សារ​ធ្វីតថឺពី​ជំនួប​ជាមួយ​នឹង​លោក​ប្រាក់​ សុខុននៅ​ក្នុង​ទីក្រុង​ប៊្រុចសែល​ថា​៖

«យើង​បាន​ពិភាក្សា​ពី​កិច្ច​ព្រមព្រៀង​EBA ​និង​លទ្ធភាព​ដក​ហូត​ឋានៈ​អនុគ្រោះពន្ធ។ ដោយ​បាន​បញ្ជាក់​ពី​ការព្រួយ​បារម្ភ​របស់​យើង​ពី​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស​ និង​នីតិរដ្ឋ។ សហភាព​អឺរ៉ុបនៅបន្ត​ច្រក​ចរចា​បើក​ចំហ​ដដែល‍»។​

រីឯ​លោក​ប្រាក់ សុខុន ក៏បាន​បញ្ជាក់​តាមទំព័រហ្វេសប៊ុក​របស់​លោក​ដែរ​ថាលោក​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយលោកស្រី សេស៊ីលីលៀ ម៉ាលស្រ្តុម នៅក្រៅកិច្ចប្រជុំលើកទី២២ រដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប​ដែរប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា​ទេ។​

លោកស្រី មូរ សុខហួរ ​បាន​បន្ថែម​ដែរ​ថា៖

«ដូច្នេះ​លោកស្រី សេស៊ីលៀ ម៉ាលស្ត្រុម​ បង្ហាញ​ខ្លួន​កាលពីម្សិលមិញ​នៅ​ចំពោះកម្ពុជា​យើង​ថា​EU ​គេមិន​ដក​ថយ​ទេ​។ ក៏ប៉ុន្តែ​គេនៅតែ​ទុក​ពេល​វេលា​ ទុក​ពេល​ហ្នឹង​ចំហរ​ដើម្បី​ជជែក​គ្នា​ គឺ​មាន​ន័យ​ថា​ទុក​ឱ្យ​របប​លោក​ហ៊ុន សែន​នេះ​បំពេញ​នូវ​អ្វី​ដែល​ជា​លក្ខខណ្ឌ​របស់​EU ​បើសិន​ជាចង់​ប្រើ​ទីផ្សារ​របស់​ EU‍»។​

សហភាព​អឺរ៉ុប​បាន​ចាប់ផ្តើម​ដំណើរ​ការ​ពិនិត្យ​មើល​លទ្ធភាព​ដក​ឋានៈ​អនុគ្រោះពន្ធ​«គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍»(EBA) ​តាំងពីខែ​តុលា​មក​ដោយ​សារតែការដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅកម្ពុជា​ក្រោយពី​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ធ្វើ​ទុក្ខបុកម្នេញ​អ្នកនយោបាយ​អតីត​គណបក្ស​ប្រឆាំង បង្ក្រាប​លើ​បណ្តាញ​ព័ត៌មាន​ឯករាជ្យ និង​អង្គការ​សង្គមស៊ីវិល​នៅ​មុន​ពេល​បោះឆ្នោត​ជាតិ​ខែកក្កដា​ឆ្នាំ​២០១៨។

​សារព័ត៌មាន ​Bloomberg របស់​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ថា​សហភាព​អឺរ៉ុបបានស្នើ​ឱ្យ​រដ្ឋ​សមាជិក​របស់​ខ្លួន​ផ្តល់​ការយល់ព្រម​ត្រឹម​ថ្ងៃទី​២៩​ខែ​មករា​នេះ​ដើម្បី​ព្យួរ​ឋានៈ​អនុគ្រោះពន្ធEBA។

សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​នាំចេញ​ដ៏ធំ​ជាងគេ​បំផុត​របស់​កម្ពុជា​ហើយ ការអនុគ្រោះពន្ធ​ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ប្រាក់​ជិត​៧០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ។ ប៉ុន្តែ​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​សហភាព​អឺរ៉ុប​បាន​ចាប់ផ្តើម​យក​ពន្ធ​អង្ករ​កម្ពុជា​រយៈ​ពេល​៣ឆ្នាំ​ដោយ​សារ​តែ​បរិមាណ​នាំ​ចូល​មាន​ការកើនឡើង​ច្រើន ដែលការណ៍​នេះធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​បង់​ពន្ធ​ចំនួន​៥០​លានដុល្លារ​ក្នុង​មួយឆ្នាំៗ។​

លោក ផៃ ស៊ីផាន​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា​ការចរចាគ្នា​រវាង​កម្ពុជា​និង​សហភាព​អឺរ៉ុប​កំពុង​តែ​ដំណើរការ​ហើយ​រដ្ឋាភិបាល​កម្ពុជា​ត្រៀមខ្លួន​នឹង​បង់ពន្ធ​ដោយ​សារ​តែ​ចំណូល​កើនឡើង​ក្នុង​ប្រទេស​ដែល​ជា​លក្ខខណ្ឌ​មួយ​តម្រូវ​ឱ្យ​ប្រកួតប្រជែង​ស្មើភាព​ជាមួយ​នឹង​ប្រទេស​ដទៃ​ទៀត។

លោក​ ផៃ ស៊ីផាន​ បាន​បន្ថែម​ទៀតថា៖​

«អង្គការ​ពិភពលោក​ ដូច​ជា​ធនាគារពិភពលោក ដូច​ជា​រូបិយវត្ថុ​អន្តរជាតិ​ បាន​វាយ​តម្លៃ​ថា​កម្ពុជា​មាន​ចំណូល​ខ្ពស់​ដែល​ឈរ​លំដាប់​ទីមួយ​នៅ​តំបន់​ អាស្រ័យ​ហេតុ​ដូច្នេះ​វាជា​កត្តា​មួយ​ដែលធ្វើ​ឱ្យ​យើង​មាន​ការ​ពិបាក​ក្នុងការ​ស្វែង​រក​កិច្ច​អនុគ្រោះ​ពន្ធ​ទាំងអស់។ ដូច្នេះ​យើង​នឹង​ប្រឈម​ការបង់ពន្ធ​ខ្លះ​ហើយ​ក៏ប៉ុន្តែ​បង់ពន្ធ​ប៉ុណ្ណា​ដែល​ជា​ភាពអនុគ្រោះ​សម្រាប់​កម្ពុជា​យើង​ទៅមុខ​ទៀត‍»។

ប៉ុន្តែខាងវិស័យ​ឯកជន​មានជំហរ​ផ្សេង​ពីនេះ។ សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ និង​តំណាង​ខាង​វិស័យ​ឯកជន​ផ្សេង​ទៀត មាន​ទាំង​ខាង​សភាពាណិជ្ជ​កម្ម​សហភាព​អឺរ៉ុប ​អ្នក​ផលិត​សម្លៀក​បំពាក់​នៅ​កម្ពុជា​ ​ឬ​ ​GMAC​ ​និង​សហជីពក៏បាន​ផ្ញើ​លិខិត​មួយ​កាលពីថ្ងៃច័ន្ទ​ដែរ ​ជូន​អ្នកស្រី សេស៊ីលៀ ម៉ាលស្ត្រុម ដោយ​បាន​បញ្ជាក់​ឲ្យដឹង​ថា​ ទោះបី​សហ​ភាព​អឺរ៉ុប​មិន​ទាន់​ផ្តល់​សេចក្តី​សន្និដ្ឋាន​ចុង​ក្រោយ​ថា​ ​នឹង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​ពី​កម្ពុជា​ក៏​ដោយ​ ពោល​គឺ​គិត​ចាប់តាំង​ពី​ការ​ប្រ​កាស​ផ្លូវ​ការ​នៃ​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធនេះ​មកនោះ​ ក៏​«ផល​វិបាល​ជា​ច្រើន​នៃ​ការ​សម្រេច​ចិត្ត​នេះ​នឹង​បង្កការ​ខូច​ខាត​ខាង​សេដ្ឋកិច្ច​ធ្ងន់​ធ្ងរមក​លើ​ប្រទេស​កម្ពុជា»​ផង​ដែរ។​

ក្រុម​តំណាង​វិស័យ​ឯកជន​បាន​ឲ្យដឹង​ទៀត​ថា​ ​«ការ​សម្រេចនោះ​នឹង​អាចជា​ការ​មិន​អើពើ​ដល់​ការ​ខិត​ខំយ៉ាង​សម្បើម​របស់​វិស័យ​ឯកជន​កម្ពុជាដើម្បី​ធ្វើ​ឲ្យ​ស្រប​តាម​គុណតម្លៃ​ និង​គោល​នយោបាយ​ជាមួយ​គំរូ​សេដ្ឋកិ​ច្ច​ ដែល​នាំមុខ​ដោយ​សហភាព​អឺរ៉ុប»៕