សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ជួយ​ឧបត្ថម្ភ​ទូក​ចែវ​នារី​មួយ​គ្រឿង​ក្នុង​ពិធី​បុណ្យ​អុំទូក​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី

ទូក​ចែវ​នារី ព្រះពៃស្រពណ៌​​មកពី​ខេត្ត​កំពង់ឆ្នាំង​ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ចេញ​ហាត់​សម​ទូក​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ២០១៨ រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។(ទុំ ម្លិះ/VOA)

សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​​បាន​ឧបត្ថម្ភ​ទូក​ចែវ​នារី​មួយ​គ្រឿង​ចំណុះ​៤២​នាក់​ ​មក​ពី​ខេត្ត​កំពង់ឆ្នាំង​ ដើម្បី​អបអរ​ព្រះ​រាជពិធី​បុណ្យ​អ៊ុំទូក​ ​បណ្តែត​ប្រទីប​ ​អក​អំបុក​ ​និង​សំពះព្រះ​ខែ​និង​ដើម្បី​ផ្សព្វផ្សាយ​សារ​អំពី​ការ​លុប​បំបាត់​អំពើ​ហិង្សា​លើស្ត្រី ​និង​កុមារី។

សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ ​នៅ​សប្តាហ៍​នេះ​ បាន​ឧបត្ថម្ភ​ទូកចែវ​នារី​មួយ​គ្រឿង​ដើម្បី​ចូលរួម​នៅ​ក្នុង​ព្រះ​រាជ​ពិធីបុណ្យ​អុំទូក​ ​បណ្តែត​ប្រទីប​ អកអំបុក​និង​សំពះ​ព្រះខែ​ដែល​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ​ ​ចាប់​ថ្ងៃទី​២១​ដល់​ថ្ងៃទី​២៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨។

ឯកអគ្គ​រដ្ឋទូត​ លោក ​George Edgar​ ​ប្រធាន​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ​ការ​ឧបត្ថម្ភ​ជា​លើក​ដំបូង​របស់​សហភាព​អឺរ៉ុប​ គឺ​ដើម្បី​ធានា​នូវ​ភាព​ស្មើភាព​គ្នា​ ដើម្បី​ចូល​រួម​ក្នុង​ការ​កិច្ចការ​សង្គម​ ​រួមទាំង​កាត់​បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រី​និង​កុមារ​ និង​ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​ផង​ដែរ។​

លោក​ ​George Edgar​ ​ត្រូវបាន​គេ​ស្រង់​សម្តី​ក្នុង​ន័យ​ដើម​ថា៖​

«ក្នុង​នាម​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​សហភាព​អឺរ៉ុប​មាន​សេចក្តី​រីករាយ​យ៉ាង​ខ្លាំង​ដែល​បាន​គាំទ្រ​ប្រពៃណី​វប្បធម៌​ដ៏​សំខាន់​នេះ​របស់​ប្រទេស​កម្ពុជា​ ​ព្រម​ទាំង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​នានា​ដើម្បី​ឲ្យ​ស្ត្រី​នៅ​មូលដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា​បាន​ចូលរួម​ការ​អភិវឌ្ឍ​ដើម្បី​ភាព​ស្មើ​គ្នា​ក្នុង​សង្គម»។​

កីឡាការនី​ម្នាក់​ពាក់អាវ​យឺត​ពណ៌លឿង​ដែល​សរសេរថា​ «និយាយ​ថា​ទេ​ចំពោះ​អំពើ​ហិង្សា​លើស្រ្តី» ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ដោយសហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជាកាលពី​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ២០១៨ រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)

ការ​ឧបត្ថម្ភ​របស់​សហភាព​អឺរ៉ុប​នេះ​ ​រួមមាន​ការ​ផ្តល់​ជា​សម្ភារៈ​ និង​អាហារ​សម្រាប់​ក្រុម​កីឡា​ករ​ទូកចែវ​នារី​ឈ្មោះ​ព្រះពៃ​ស្រពណ៌​ ដល់​កីឡាករ​នារី​ចំនួន​ ​៤២​នាក់​ ​មក​ពី​ភូមិ​កំពង់​បា​ស្រូវ​ ​ឃុំ​ជលសា​ ​ស្រុក​ជល​គិរី​ ​ខេត្ត​កំពង់​ឆ្នាំង។​ ​សហ​ភាព​អឺរ៉ុប​ក៏​ឧបត្ថម្ភ​ការ​ស្នាក់​នៅ​ ​និង​ការ​ហាត់​សម​របស់​ទូកចែវ​នារី​ ​ព្រះពៃ​ស្រពណ៌​មុន​ពេល​ចូល​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ដែល​មាន​រយៈពេល​បី​ថ្ងៃ​ ដែល​ចាប់​ពី​ថ្ងៃទី​២១ ខែ​វិច្ឆិកា​ដល់​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា។​ នេះ​គឺ​ជា​ការ​ឧបត្ថម​លើក​ដំបូង​បំផុត​ពី​សហភាព​អឺរ៉ុប​ដើម្បី​ផ្សព្វផ្សាយ​ការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្រ្តី​និង​កុមារ។

ពិធី​ប្រកាស​ការឧបត្ថម្ភ​សម្រាប់​ទូកចែវ​នារី​មួយ​គ្រឿង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃទី​២១​ ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៨​ ​ដោយ​មាន​ការ​ចូលរួម​ពីឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ លោក​ George Edgar​ កីឡាករ​ចំណុះ​ទូក​ និង​មន្ត្រី​កម្ពុជា​ជា​ច្រើន​រូប​ផង​ដែរ។​ ​នៅក្នុង​ការ​ពិធី​នេះ​ដែរ​ កីឡាការិនី​ក៏​បាន​ទទួល​អាវយឺត​ដែល​មាន​សារ​សរសេរ​ថា​ ​«និយាយ​ថា ​ទេ!​ ​ចំពោះ​អំពើ​ហិង្សា​លើស្ត្រី»​ ​សម្រាប់​ប្រើប្រាស់​ពេល​អុំទូក​ផង​ដែរ។

ទើប​តែ​ឡើង​ពី​ទូក​ ក្រោយធ្វើ​ការ​ហាត់​សម​រួច​ ​កីឡាការិនី​ឈ្មោះ​សន ស្រីម៉ាច​ ​អាយុ​៤០​ឆ្នាំ​ ប្រចាំ​ទូកចែវ​ព្រះពៃ​ស្រពណ៌​ដែល​ត្រូវ​បាន​សហភាព​អឺរ៉ុប​ឧបត្ថម្ភ​នេះ​បាន​បង្ហាញ​ពី​ក្តី​រំភើប​អបអរ​ដែល​មាន​ការ​ជួយ​លើក​តម្កើង​សិទ្ធិ ​និង​ការ​ចូល​រួម​របស់​ស្ត្រីនៅ​កម្ពុជា។​

​កីឡាការិនី​ឈ្មោះ​សន ស្រីម៉ាច បាន​និយាយ​ប្រាប់​ ​VOA​ ​ដោយ​ញញឹម​ថា៖​

«មាន​អារម្មណ៍​ថា​ ​ឲ្យ​មាន​នារី​ចែវ​អ៊ីចឹង​ ដូច​មាន​មោទន​ភាព​ដែរ។ ​គេ​ជួយ​លើក​តម្កើង​ស្ត្រី​ខ្មែរ​យើង»។​

កីឡាការិនី​ដដែលនេះ​ក៏​ចង់​ឲ្យ​មាន​ការ​ឧបត្ថម្ភ​ និង​ការ​ចូលរួម​ពី​កីឡាការិនី​ផ្សេងៗ​ទៀត​ក្នុង​ពិធី​បុណ្យ​អុំទូក​ឱ្យ​បាន​កាន់​តែ​ច្រើន​ផង​ដែរ។

ក្នុង​ពិធី​បុណ្យ​អុំទូក​ ​បណ្តែត​ប្រទីប​ ​អកអំបុក​ និង​សំពះ​ព្រះខែ​ក្នុង​ឆ្នាំ​២០១៨​នេះ​ ​មាន​ទូក​នារី​ចំនួន​បួន​ទូក​ដែល​មាន​កីឡាការិនី​ជាង​២០០​នាក់​ប៉ុណ្ណោះ​ ​ក្នុង​ចំណោម​ទូក​សរុប​ចំនួន​២៩៥​ទូក​ និង​កីឡាករ​កីឡាការិនី​សរុប​ចំនួន​១៩.០៧០​នាក់។ ​នេះ​បើយោង​តាម​លោក​ ​ប៊ូ ជុំសេរី​ ​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ពិធី​បុណ្យជាតិ​ និង​អន្ដរជាតិ។

ក្នុង​ពិធីបុណ្យ​ជាតិ​រយៈពេល​បីថ្ងៃ​នេះ​ ​ក្រសួង​មហា​ផ្ទៃ​ក៏​បាន​ត្រៀម​កម្លាំង​ចម្រុះ​ទាំង​ចំហ និង​សម្ងាត់​ជាង​មួយ​ម៉ឺន​បី​ពាន់​នាក់សម្រាប់​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​ ​ខណៈ​ទូក​អុំ​មាន​ចំនួន​កើន​ឡើង​រហូត​ដល់​២៩៥​ទូក ដែល​កាល​ពី​ឆ្នាំ​២០១៧​ ​មាន​តែ​២៧០​ទូក​តែ​ប៉ុណ្ណោះ។​ ​ស្របគ្នា​នោះ​ដែរ​ សាលា​ក្រុង​ភ្នំពេញ​ក៏​បាន​ត្រៀម​បង្គន់​សាធារណៈ​ចំនួន៥៩៧​បន្ទប់​ ​តម្លើង​នៅ​ទីតាំង​ចំនួន​៣១​កន្លែង​ ដាក់​ពង្រាយ​ធុង​សម្រាម​ចំនួន​១.៦៧១​ធុង​ ​នៅ​តាម​ទីតាំង​សំខាន់ៗ​ ​និង​មាន​កម្លាំង​សម្អាត​ចំនួន៨៣៥​នាក់​ ​សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ​បណ្តែត​ប្រទីប​ ​អកអំបុក​ ​និង​សំពះ​ព្រះខែ ដែល​គេ​រំពឹង​ថា ​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ​២​លាន​នាក់​ក្នុង​ឆ្នាំ​២០១៨​នេះ។​

ទូក​ចែវ​នារី ព្រះពៃស្រពណ៌មកពី​ខេត្ត​កំពង់ឆ្នាំង​ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ដោយសហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ចេញ​ហាត់​សម​ទូក​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ២០១៨ រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)

នេះ​ជា​ឆ្នាំ​ទី​បី​ហើយ​ ​ដែល​កម្ពុជា​បាន​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ ​បណ្តែត​ប្រទីប​ ​និង​ ​សំពះ​ព្រះខែ​ អក​អំបុក​ឡើង​វិញ​ បន្ទាប់​ពី​អាក់​ខាន​មិន​បាន​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​មួយ​នេះ​រយៈ​ពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា​ ​កាល​ពី​ឆ្នាំ២០១១​ ​ឆ្នាំ​២០១២​ ​និង​ឆ្នាំ​២០១៣​ ​ក្រោយ​ពី​មាន​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ​ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជា​ង​៣៥០​នាក់​ស្លាប់ ​និង​ដោយ​សារ​ហេតុ​ផល​គ្រោះ​ទឹក​ជំនន់ ​និង​ក្រោយ​ការ​សោយ​ទីវង្គត​របស់​ព្រះ​បរមរតន​កោដ្ឋ​ព្រះ​បាទ​ ​នរោត្តម សីហនុ។​ ​ក្នុង​ឆ្នាំ​២០១៤ ​ពិធី​បុណ្យ​បុណ្យ​អុំទូក​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​វិញ​ ​តែ​ក៏​បាន​ខកខាន​ម្ដង​ទៀត​នៅ​ឆ្នាំ​២០១៥។

លោក​ប៊ូ ជុំសេរី​ ​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ពិធី​បុណ្យ​ជាតិ​ និង​អន្ដរជាតិ ​បាន​និយាយ​ប្រាប់​ ​VOA​ ​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ពុធ​ថា ​ស្ថានភាព​ថ្ងៃទី​១​នៃ​ពិធី​បុណ្យ​អុំទូក​ ​បណ្តែត​ប្រទីប អកអំបុក​ ​និង​សំពះព្រះខែ​ក្នុង​ឆ្នាំ​២០១៨​នេះ​ល្អប្រសើរ​ ​និង​ភាព​រលូន​ល្អ ​រួម​ទាំង​អាកាសធាតុ​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ។​

លោក​បាន​និយាយ​ប្រាប់​ ​VOA​ ​តាម​ទូរសព្ទ​កាល​ពី​ថ្ងៃ​ពុធ​នេះ​ថា៖​

«អូ!​ អត់​មាន​អីទេ​អូន!​ រលូន​ស្រួល​ណាស់​ ទាំង​អាកាស​ធាតុ​ ទាំង​ប្រជាពល​រដ្ឋ​ ​ទាំង​គណៈកម្មការ។ ​បងប្អូន​ទូកអី​មើល​ទៅ​ល្អ​ណាស់​ នៅ​មុខ​វាំង​ ​នៅ​វេទិកា​ហ្នឹង​មក​មើល​នៅ​ព្រះ​អង្គ​ដង្កើរ។​ ​អត់​មាន​អីទេ​អូន​ ​អត់​មាន​បញ្ហា​អីទេ»។​

ប៉ុន្តែ​លោក​បាន​សំណូម​ពរ​បង​ប្អូន​ប្រជាពល​រដ្ឋ ​ទាំង​កីឡាករ ​និង​កីឡាការិនី​ចូល​រួម​សហការ​ ​គោរព​បទ​វិន័យ​ ​និង​ស្រឡាញ់​រាប់​អាន​គ្នា​ទៅវិញ​ទៅមក​ ​កុំ​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា។​

ការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ ​បណ្តែត​ប្រទីប​ អកអំបុក​និង​សំពះ​ព្រះ​ខែ​ឆ្នាំ​២០១៨​ ​នេះខុស​ពី​ឆ្នាំ​មុនៗ ​ដោយ​សារ​កម្ពុជា​បាន​បង្កើត​ទូក​ង​មួយ​ដែល​មាន​ប្រវែង​៨៧,៣​ម៉ែត្រ​ ​ដែល​ជា​ទូក​វែង​ជាង​គេ​បំផុត​ជាប់​ក្នុង​កំណត់ត្រា​ពិភព​លោក​ ហ្គីណេស។​

ក្រៅ​ពី​ការ​ឧបត្ថម្ភ​ទូក​ចែវ​នារី​ដែល​មាន​ចំណុះ​៤២​នាក់​នេះ ​សហភាព​អឺរ៉ុប​បាន​ឧបត្ថម្ភ​គម្រោង​ផ្សេងៗ​ជា​ច្រើន​ទៀត​ក្នុង​ប្រទេស​កម្ពុជា​ ចាប់​ពី​វិស័យ​នេសាទ ​អប់រំ ​កសិកម្ម ​ការ​ប្រែប្រួល​អាកាសធាតុ​ ជំនួយ​ពាក់ព័ន្ធ​នឹង​ពាណិជ្ជ​កម្ម ​រហូត​ដល់​ការ​លើក​កម្ពស់​អភិបាល​កិច្ច​ល្អ ​និង​សិទ្ធិ​មនុស្ស​ ដែល​កំពុង​តែ​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់៕